
ទិដ្ឋភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ រូបថត ហុង មិនា
ភ្នំពេញ/ព្រះសីហនុៈ ក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចទម្លាក់តម្លៃខ្លះ ដើម្បីជួយសម្រួលឱ្យក្រុមហ៊ុនដឹកជញ្ជូន ប្រភេទរថយន្តកុងតឺន័រ មានលទ្ធភាពប្រើប្រាស់ផ្លូវនេះឱ្យមានភាពមមាញឹក ដូចដំណាក់កាលប្រើប្រាស់សាកល្បង ខណៈការប្រើប្រាស់សាកល្បងជិតដល់ថ្ងៃបញ្ចប់ ពោលគឺនៅមិនដល់ ១ សប្ដាហ៍ទៀតឡើយ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោកហ៊ាង សុធាយុត្តិ បានឱ្យដឹងនៅថ្ងៃទី ២៤ តុលាថា ការសម្រេចបញ្ចុះតម្លៃខ្លះពីសំណាក់ក្រុមហ៊ុនធ្វើឡើង ក្រោយកិច្ចប្រជុំមួយរវាងក្រសួងសាធារណការ និងក្រុមហ៊ុនចិន China Road and Bridge នាពេលថ្មីៗនេះ។
លោកថា៖ «យើងបានដឹកនាំប្រជុំជាមួយក្រុមហ៊ុនជជែកលើតម្លៃដែលកើតចេញពីបញ្ហាមួយចំនួន ដូចជា ការអូស ស្ទូច សណ្តោង ក្នុងករណីរថយន្តជួបឧប្បតិ្តហេតុអ្វីមួយ និងតម្លៃនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ក្រសួងបានចរចាឱ្យក្រុមហ៊ុនធ្វើការបញ្ចុះតម្លៃ ហើយជាលទ្ធផលក្រុមហ៊ុនក៏សម្រេចទម្លាក់ខ្លះ»។
បើតាមលោកហ៊ាង សុធាយុត្តិ ជានីតិវិធីក្រុមហ៊ុនកំណត់តម្លៃ រីឯក្រសួងមានភារកិច្ចពិនិត្យ និងគាំទ្រ ហើយការប្រកាសផ្សព្វផ្សាយពីតម្លៃប្រើប្រាស់ផ្លូវ និងតម្លៃអូស ស្ទូច សណ្តោង នឹងប្រកាសនាពេលឆាប់ៗ ក្រោយភាគីទាំង២សម្រេចលើតួលេខរួមនៃតម្លៃ។
លោកបញ្ជាក់ថា៖ «បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវល្បឿនលឿន អាចមើលតម្លៃនៅច្រកចូលបិទជាប់ប៉ាណូពណ៌ខៀវខាងស្ដាំដៃ»។
គួរជម្រាបថា ការគិតគូរពីតម្លៃ នៃការប្រើប្រាស់ផ្លូវល្បឿនលឿន កើតមានបន្ទាប់ពីវិស័យឯកជន និងពលរដ្ឋទូទៅស្ទាក់ស្ទើរប្រើប្រាស់ ព្រោះមិនទាន់មានលទ្ធភាពចំណាយលើថ្លៃប្រើប្រាស់។ លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាស្វាគមន៍ចំពោះការគិតគូររបស់ក្រសួង មកលើវិស័យដឹកជញ្ជូនឯកជន ហើយក្រុមហ៊ុនឯកជនកំពុងយកចិត្តទុកដាក់លើការត្រួតពិនិត្យគុណភាព និងបច្ចេកទេសយានយន្ត។
លោកថា៖ «យើងត្រៀមប្រើប្រាស់ផ្លូវល្បឿនលឿនដោយសុវត្ថិភាទាំងអ្នកបើកបរ និងការគិតគូរលើការតកន្ទុយសណ្តោងហើយយើងសង្ឃឹមថា រដ្ឋាភិបាលនឹងសម្របសម្រួលបញ្ចុះតម្លៃដឹកជញ្ជូនឱ្យសមស្រប»។ បើតាមអ្នកជំនួញរូបនេះ រថយន្តកុងតឺន័រ ឆ្លងកាត់ផ្លូវល្បឿនលឿនទៅវិញទៅមក មានតម្លៃ ១២០ ដុល្លារ។
យុវតីម្នាក់ដែលបានជជែកគ្នានៅតុបាយអាហារថ្ងៃត្រង់ ១ កន្លែងក្នុងរាជធានីភ្នំពេញ និយាយជាមួយមិត្តភក្តិគេថា ដ្បិតតែផ្លូវល្បឿនលឿនរួមចំណែកកាត់បន្ថយការធ្វើដំណើរក៏ពិតមែន តែបញ្ហាតម្លៃ នឹងក្លាយជាឧបសគ្គ សម្រាប់ពលរដ្ឋខ្មែរដែលមានលទ្ធភាពមធ្យមដូចគ្រួសារនាង។ ប៉ុន្តែពេលចូលទៅជិតសុំសម្ភាសផ្លូវ កញ្ញាបានបដិសេធ ដោយបន្ថែមថា៖ «បងអាចស្រង់អ្វីដែលខ្ញុំនិយាយមុននេះយកទៅចុះផ្សាយបាន»។
បើគ្មានការប្រែប្រួលទេ ការសាកល្បងផ្លូវល្បឿនលឿន នឹងត្រូវបិទបញ្ចប់នៅចុងខែតុលានេះ ហើយបន្ទាប់មកក៏ចូលដល់ការប្រើប្រាស់ដោយតម្រូវឱ្យបង់ថ្លៃជាមួយនឹងការប្រកាសដាក់ឱ្យប្រើប្រាស់នៅដើមខែវិច្ឆិកា។ ៣សប្ដាហ៍ ក្រោយការដាក់ការសាកល្បងចរាចរណ៍ ផ្លូវហាយវ៉េនេះមានភាពមមាញឹកខ្លាំងដោយទទួលបានចំនួនយានយន្តជាលក្ខណៈទេសចរណ៍៧០ភាគរយនិងរថយន្តដឹកទំនិញ ៣០ ភាគរយ ដោយក្នុង ១ ថ្ងៃ មានយានយន្តជិះកាត់រង្វង់ ១ ម៉ឺនគ្រឿង និង ១ ម៉ឺន ៥ ពាន់គ្រឿង រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ គិតជាសរុប ចំនួនយានយន្តកើនឡើងដល់ជាង ១៩ ម៉ឺនគ្រឿង បានចរាចរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គិតត្រឹមថ្ងៃទី ១៥ ខែតុលា។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ហើយវាគឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងចិន ក្រោមក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ការងារសាងសង់ផ្លូវល្បឿនលឿនប្រវែង ១៨៧ គីឡូម៉ែត្របានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ ២០១៩ ដែលមានតម្លៃ២ពាន់លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់បាននិយាយថា គម្រោងនេះបានបង្កើតការងារជាង ៣ ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា ហើយវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស នៅពេលដែលវាបានបើកសម្រាប់ការធ្វើចរាចរណ៍។
ប្រវែង ១៨៧ គីឡូម៉ែត្រ ផ្លូវល្បឿនលឿននេះមានទទឹង ២៤.៥ ម៉ែត្រ មានផ្លូវ ២ ដែលមានសួនច្បារនៅកណ្តាល។ យានយន្តនឹងអាចធ្វើដំណើរក្នុងល្បឿន ១០០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ដោយចំណាយពេលត្រឹមតែ ២ ម៉ោងក្នុងការធ្វើដំណើររវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ខណៈដែលអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ត្រូវចំណាយពេលចាប់ពី ៥ ម៉ោងឡើងទៅ៕