ភ្នំពេញៈ ការប្រកួត​ប្រជែង​ជំនាញ​ថ្នាក់ជាតិ​លើក​ទី​៨ ឆ្នាំ​ ២០២២​ មាន​បេក្ខជន​ចូលរួម​ជាង​ ៦០ ​រូប ​លើ​មុខជំនាញ​ចំនួន​ ៨ ហើយ​បេក្ខជន​ជយលាភី ​នឹងមាន​ឱកាស​ចូលរួម​ប្រកួតប្រជែង​ជំនាញ​ជា​អន្តរជាតិ​។ មន្ត្រី​អះអាងថា កម្មវិធី​នេះ នឹង​ជួយ​លើកកម្ពស់​ការអភិវឌ្ឍ​គុណភាព​ជំនាញ​បច្ចេកទេស វិជ្ជាជីវៈ និង​លើក​តម្លៃ​ការងារ​របស់​យុវជន និង​កម្មករ​ជំនាញ​នៅ​កម្ពុជា​។

នៅ​ថ្ងៃទី​ ២៤ តុលា ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បានប្រកាស​បើក​ការប្រកួត​ប្រជែង​ជំនាញ​ថ្នាក់ជាតិ​លើក​ទី​៨ ឆ្នាំ​ ២០២២ ​ដោយមាន​បេក្ខជន​ចំនួន​ ៦១ ​នាក់ មកពី​ ១៣ ​គ្រឹះស្ថាន ដែល​បាន​ចូលរួម​ប្រកួតប្រជែង​លើ​មុខជំនាញ​ចំនួន ​៨ នៅ​សួន​អប់រំ​បណ្តុះបណ្តាល ​បច្ចេកទេស ​និង​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ​។​

របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (អ.ប.វ.)​ ឱ្យដឹងថា ​ការប្រកួត​ប្រជែង​ជំនាញ​ថ្នាក់ជាតិ​នេះ ​មាន​រយៈពេល ​៥ ​ថ្ងៃ ​គិត​ចាប់ពី​ថ្ងៃទី​ ២៤-២៨ ​ខែតុលា ​ឆ្នាំ​ ២០២២ ​ហើយ​បេក្ខជន​ជាប់​ចំណាត់ថ្នាក់​ទទួលបាន​មេដាយ ​នឹងត្រូវ​ទទួលបានរ​ង្វាន់​លើក​ទឹកចិត្ត​ពី​រាជរដ្ឋាភិបាល ​ក្នុងនោះ​មេដាយ​មាស​ត្រូវ​ទទួលបាន​រង្វាន់​ចំនួន​ ៣​ លាន​រៀល ​មេដាយប្រាក់​ទទួលបាន​ប្រាក់រង្វាន់​ ២ លាន​រៀល ​និង​មេដាយ​សំរឹទ្ធទទួលបាន​រង្វាន់​ ១ លាន​រៀល​។​

លោក​ ហ៊ីង ស៊ីដេត ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន អ.ប.វ. ​និង​ជា​ប្រធាន​គណៈ​កម្មការ​រៀបចំ​ថ្លែងថា ​ក្រៅពី​អត្ថប្រយោជន៍​ទាំងនេះ​ បេក្ខជន​ជយលាភី ​ដែល​ឈ្នះ​ក្នុងការ​ប្រកួតប្រជែង ​នឹងមាន​ឱកាស​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ជំនាញ​ជា​អន្តរជាតិ ​ថ្នាក់​តំបន់ ​និង​សកលលោក​តំណាងឱ្យ​កម្ពុជា​ផងដែរ​។

លោក​ឱ្យដឹងថា ​ការប្រកួត​ប្រជែង​ជំនាញ​ថ្នាក់ជាតិ​នេះ ​គឺ​ដើម្បី​ជំរុញ​ការប្រកួតប្រជែង​ជំនាញ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​យុត្តិធម៌ ​ដែល​កម្មវិធី​នេះ ​នឹងចូលរួម​លើកកម្ពស់​ការអភិវឌ្ឍ​គុណភាព​ជំនាញ​បច្ចេកទេស ​និង​វិជ្ជាជីវៈ​ និង​លើក​តម្លៃ​ការងារ​របស់​យុវជន ​និង​កម្មករ​ជំនាញ​នៅ​កម្ពុជា​។​

លោក​ថា​៖ «កម្មវិធី​នេះ​នឹងចូលរួម​ពង្រឹង និង​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ ​រវាង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​សាធារណៈ ​ឯកជន ​និង​អង្គការ​មិនមែន​រាជរដ្ឋាភិបាល​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ​។ វា​ ក៏​ផ្តល់​ជា​មធ្យោបាយ​ទទួលស្គាល់​គុណភាព​ សមត្ថភាព ​សម្រាប់​ការងារ​ល្អប្រសើរ​របស់​ពលករ​ជំនាញ»។​

តាម​ការប្រកាស​របស់​អគ្គនាយកដ្ឋាន ​អ.ប.វ. ​មុខជំនាញ​ទាំង​ ៨ ​ដែល​រៀបចំ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ​ រួមមាន​ជំនាញ​ត​បណ្តាញ​អគ្គិសនី ​ជំនាញ​រៀប​ឥដ្ឋ ​ជំនាញ​ផ្សារ ជំនាញ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ធុរកិច្ច ​ជំនាញ​រចនា​គេហទំព័រ ​ជំនាញ​រចនា​ក្រាហ្វិក ​ជំនាញ​រៀប​ការ៉ូ ​និង​ជំនាញ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិកម្ម​។​

លោក​ មុត ​ចិន្តា​ នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយរៀង ​ដែល​បាន​បញ្ជូន​បេក្ខជន​ម្នាក់​ចូលរួម​ការប្រកួត​ផ្នែក​អគ្គិសនី ​ថ្លែងថា ​ការប្រកួត​ប្រជែង​ថ្នាក់ជាតិ​នេះ ​មាន​សារៈសំខាន់​ណាស់ ​សម្រាប់​អង្គភាព​បណ្តុះបណ្តាល​នីមួយៗ ​ដើម្បី​បង្ហាញ​សមត្ថភាព ​ស្នាដៃ ​និង​ចំណុចខ្លាំង​របស់​ខ្លួន ​តាមរយៈ​បេក្ខជន​ចូល​ក្រកួត​នីមួយៗ​។​

លោក​បន្តថា​ បើទោះជា​ការចូលរួម​របស់​បេក្ខជន​មិនបាន​ឈ្នះ​ក្នុង​លំដាប់​ជយលាភី​ក៏​អាច​ទទួលបាន​បទពិសោធ ​ហើយ​ស្ថានប័ន​បណ្តុះបណ្តាល​នីមួយៗ ​ក៏បាន​ដឹង​ពី​ចំណុចខ្លាំង ​និង​ចំណុខ​ខ្សោយ​ពួកគេ ​ដើម្បី​យកទៅ​ពង្រឹង​សមត្ថភាព ​និង​កែលម្អ​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​ដល់​សិស្ស​ក្រោយៗ​ទៀត​ផង​ដែរ​។

លោក​ប្រាប់ថា​៖ «យើង​បាន​បញ្ជូន​បេក្ខជន​យើង​ម្នាក់ ដែល​យើង​បាន​សម្រិតសម្រាំង​ទៅ​ក្រ​កួត​ផ្នែក​អគ្គិសនី​។ មហិច្ឆតា​យើង ​ចង់បាន​លេខ​ល្អ ​តែបើ​មិនបាន​ យើង​នឹង​ដឹង​ពី​ចំណុច​ដែល​ត្រូវ​កែតម្រូវ​សមត្ថភាព​របស់​សិស្សៗ​យើង​។ លទ្ធផល​ក្នុងពេល​ខាងមុខ ​យើង​មិនទាន់​ដឹង​ទេ តែ​នៅពេល​ចប់​ការប្រកួត ​យើង​នឹង​ដឹង​ពី​សមត្ថភាព​សិស្ស​របស់​យើង»។​

ក្នុង​រយៈពេល ៥​ ឆ្នាំ​ចុង​ក្រោយនេះ​ ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​បណ្តុះបណ្តាល​ជំនាញ​រយៈពេល​ខ្លី​ដល់​សិក្ខាកាម​ដោយ​ឥតគិតថ្លៃ​ជា​មធ្យម​ប្រមាណ​ ៣ ​ម៉ឺន​នាក់ ​ក្នុង​ ១ ​ឆ្នាំៗ ​ហើយ​សរុប​រយៈពេល​ ៥​ ឆ្នាំ​ចុង​ក្រោយនេះ​ មាន​សិក្ខាកាម​ សរុប​យ៉ាងតិច​ ១៥ ​ម៉ឺន​នាក់ ​បានទទួល​ការបណ្តុះបណ្តាល​ជំនាញ​ខ្លី​ពី​ក្រសួង​ទៅលើ​ជំនាញ​បច្ចេកទេស ​និង​វិជ្ជាជីវៈ​នៅតាម​គ្រឹះស្ថាន ​និង​វិទ្យាស្ថាន​បច្ចេកទេស​ទូទាំង​ប្រទេស​៕