ភ្នំពេញៈ ​អង្គការ​អុក​ស្វាម (OXFAM) បាន​ចេញ​ផ្សាយ​គោល​នយោបាយ​សង្ខេប​មួយ​ស្តីពី​ការ «ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើកាតព្វ​កិច្ច​ផ្នែក​គោល​នយោ​បាយ​ឱ្យ​កាន់​តែខ្លាំង​ចំពោះវិ​ស័យ​ហិរញ្ញវត្ថុ​របស់​អាស៊ាន» ដោយ​ជំរុញ​ឱ្យ​ពង្រឹង​កាតព្វ​កិច្ច​ផ្នែក​គោល​នយោបាយ​ហិរញ្ញវត្ថុ​ ដើម្បី​ការពារ​សិទ្ធិ​ស្ត្រីនៅ​ក្នុង​តំបន់​អាស៊ាន។

ក្រោម​ជំនួយ​របស់​ហិរញ្ញវត្ថុ​យុត្តិធម៌​អាស៊ី (FFA) និង​កម្មវិធី​លើក​កម្ពស់ យេន​ឌ័រ និង​ការ​វិនិយោគ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​វិស័យក​សិ-ពាណិជ្ជ​កម្ម​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (GRAISEA)​ គោល​នយោ​បាយ​នេះ​នឹង​ត្រូវ​ដាក់​ជូន​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​ជាប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២ នៅមុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នាខែ​វិច្ឆិកា​ខាង​មុខ​។​

អនុសាសន៍​នៅ​ក្នុង​គោល​នយោបាយ​នេះ​ត្រូវ​បាន​សំយោគ និង​សម្រិត​សម្រាំង​ក្នុងអំឡុង​កិច្ចសន្ទនា​ពហុភា​គី ដែល​បាន​រៀប​ចំឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​ប្រធាន​បទ «ការ​ពង្រឹង​ ហិរញ្ញវត្ថុ​ប្រក​ប​ដោយ​ចីរភាព ​និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​តំបន់​អាស៊ាន» កាល​ពីខែ​កន្លង​ទៅ។

តំណាង​ពីរាជរដ្ឋាភិបាល​កម្ពុជា សមាជិក​សភា​ជាតិ និង​វិស័យ​ឯក​ជន និង​សង្គម​ស៊ីវិល​នៅក្នុង​តំបន់​អាស៊ាន បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​សន្ទនា​នេះ ដើម្បី​ពិនិត្យ​មើល​រួម​គ្នា​លើការ​រក​ឃើញ ​និងអ​នុសាសន៍​សំខាន់ៗ​ពី​របាយ​ការណ៍​រួម​ក្រោម​ចំណង​ជើង​ថា ​«Harvesting Inequality​៖​ ផល​ប៉ះពា​ល់សង្គម​ពីការ​វិនិយោគ​របស់​ស្ថាប័ន​ហិរញ្ញវ​ត្ថុ​ទៅ​ក្នុង​វិស័យ​កសិ​-ពាណិជ្ជកម្ម​នៅ​តំបន់​អាស៊ី»​។

លោក​ស្រី ​Bernadette Victorio ប្រធាន​កម្មវិធី​ FFA ថ្លែង​ថា អនុសាសន៍​ផ្នែក​គោល​នយោ​បាយ​អំពាវ​នាវ​ឱ្យ​វិស័យ​ហិរញ្ញ​វត្ថុ និង​ថ្នាក់​ដឹក​នាំអាស៊ាន​គិត​គូរ​ដើម្បី​កាត់​បន្ថយ ហានិភ័យ​សង្គម និង​គ្រោះ​ថ្នាក់​នៅក្នុង​វិស័យ​កសិ​-​​ពាណិជ្ជ​កម្ម​តាម​រយៈ​ផ្តោត​ការ​យក​ចិត្ត​ទុ​ក​ដាក់​លើ កាតព្វ​កិច្ច​ផ្នែក​គោល​នយោបាយ​ឱ្យកាន់​តែ​ខ្លាំង និង​ការ​វាយ​តម្លៃ​ផល​ប៉ះពា​ល់។

លោក​ស្រីថ្លែង​ថា​៖ «កង្វះ​វឌ្ឍន​ភាព​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ហិរញ្ញវត្ថុ ​ដែល​ប្រកាន់​ខ្ជាប់​នូវ​បទ​ដ្ឋាន និង​អនុសញ្ញា​អន្តរ​ជាតិ រួមផ្សំ​នឹង​ភាព​ទន់​ជ្រាយ​នៃ​តុល្យភាព​អំណាចនៅ​ថ្នាក់​តំបន់ និង​តាម​ប្រទេស​នីមួ​យៗ បន្ត​ផ្តល់​លទ្ធភាព​ឱ្យ​មានការ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ និង​សិទ្ធិ​ស្រ្តី​ជារឿយៗ​»។

លោក​ស្រី ​Bernadette​ បន្ថែម​ថា​ រដ្ឋាភិបា​ល និង​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅអា​ស៊ានត្រូវ​មាន​ការប្តេជ្ញា​ចិត្ត និង​ប្រឹង​ប្រែង​បន្ថែម​ទៀត​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ដែល​គោរព ​និង​លើកតម្កើង​អនុសញ្ញា​សិទ្ធិមនុស្ស​អន្តរ​ជាតិ និង​ស្តង់ដា​​ពិភព​លោក​លើហិរញ្ញ​ប្បទាន​ប្រកប​ដោយ​ការទទួល​​ខុស​ត្រូវ​។

គោល​នយោ​បាយ​សង្ខេប​នៅ​ក្នុង​របាយ​ការណ៍ ​Harvesting Inequality របស់ FFA-GRAISEA បាន​លើក​ឡើង​ទៀត​ថា៖ «បើទោះ​ជារដ្ឋាភិបាល​បាន​រៀប​ចំ​ឱ្យមាន និង​ដាក់​ចេញ​នូវ​បទ​ប្បញ្ញត្តិ​ស្តីពី​សិទ្ធិការ​ងារ និង​សម​ភាព​យេន​ឌ័រ​ក៏ដោយ លក្ខខណ្ឌ​ការងារ​រប​ស់​កម្មករ​ក្នុង​វិស័យម្ហូប​អាហារ និង​កសិកម្ម ​[នៅ​អាស៊ី]​ មិន​ទាន់​មាន​ស្មើគ្នា​នៅ​ឡើយ​ទេ»​។

របក​គំហើញ​នៅ​ក្នុង​របាយ​ការ​ណ៍គោល​នយោបាយ​សង្ខេប​នេះ​អះអាង​ថា ស្ថាប័ន​ហិរញ្ញវ​ត្ថុ​ពិតជា រួ​មចំណែក​បង្កើត​ឱ្យ​មាន​វិសម​ភាព​តាម​រយៈ​ការ​អនុវត្ត «មិន​បានល្អ លើនិរន្តរភាព​ផ្នែក​សមភា​ពយេន​ឌ័រ សិទ្ធិ​ការ​ងារ តម្លា​ភាព និង​គណនេយ្យ​ភាព» បើទោះជា​បរិយាប័ន្ន ហិរញ្ញវត្ថុ​ត្រូវ​បាន​សម្រេច​យ៉ាង​ល្អប្រសើរ​ក៏ដោយ​។

របាយ​ការណ៍ Harvesting Inequality​ របស់ FFA-GRAISEA រក​ឃើញ​ថា​ ក្នុង​ចំណោម​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​មាន​ឥទ្ធិពល​ហើយ​សកម្ម​នៅ​តាម​បណ្តា​ប្រទេស​អាស៊ី ចំនួន​ ៥៤ មាន​ ១៣ ដែល​ទទួល​បាន​ពិន្ទុជា​មធ្យម​ទាប ពោល​គឺ ២/១០ សម្រាប់​សម​ភាព​យេន​ឌ័រ សិទ្ធិ​មនុស្ស សិទ្ធិការ​ងារ តម្លា​ភាព និង​គណនេយ្យ​ភាព។ នេះបើ​ផ្អែក​លើ​លក្ខណ​វិនិច្ឆ័យ​នៃ​វិធី​សាស្ត្រ អន្តរ​ជាតិ​នៃមគ្គុទ្ទេសក៍​ហិរ​ញ្ញវត្ថុ​ប្រកប​ដោយ​យុត្តិធម៌​ (​FFG​I)។

សេចក្តី​សង្ខេប​គោល​នយោ​បាយ លើក​ឡើង​នូវ​អនុសាសន៍​ផ្នែក​គោល​នយោបា​យ​ទូលំ​​ទូលា​យចំនួ​ន៤​ដល់​បណ្តារ​ដ្ឋស​មាជិក​អាស៊ាន​រួម​មាន​ទី១​ រៀប​ចំបង្កើត​វត្ត​ករ​សាស្ត្រ​ចីរភាព​ហិរញ្ញវត្ថុ​ដែល​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​ស្តង់​ដាសង្គម​ ទី២​ ពង្រឹង​យន្តការ​អនុវ​ត្ត ដើម្បី​ធានា​ថា គោល​ការណ៍​ណែនាំ​ថ្នាក់​ជាតិ​ និង​តំបន់​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​យ៉ាង​ពេញ​លេញ។​

អនុសាសន៍​ទី​៣ ​គឺអនុ​ម័ត​បទប្បញ្ញត្តិ​ជាតិស្តីពី​កាតព្វ​កិច្ចផ្នែ​កគោល​នយោ​បាយសិទ្ធិ​មនុស្សជាតិ​សម្រាប់​វិស័យ ឯក​ជន និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ស្រប​តាម​គោល​ការណ៍​ណែនាំ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី ធុរ​កិច្ច និង​សិទ្ធិ​មនុស្ស​ (UNGPs) និង​គោល​ការណ៍​ណែនាំ​របស់​អង្គការ​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិការ​សេដ្ឋ​កិច្ច និង​ការ​អភិវឌ្ឍ ​(OECD) ​សម្រាប់​សាជីវកម្ម​ពហុ​ជាតិ​សាសន៍​។

ចំណែក​អនុ​សាសន៍​ទី​៤ ធ្វើឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​លទ្ធ​ភាព​ទទួល​បាន​ឥណ​ទាន និង​ផលិត​ផល​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​។

នៅ​ក្នុង​អនុសាសន៍​នីមួយៗ សេចក្តី​សង្ខេប​គោល​នយោបាយ​ផ្តល់​អនុសាសន៍​ជាក់​លាក់​ចំពោះ​បរិបទ​របស់​កម្ពុជា​។

លោក​ស្រី ភាណ សោភ័ណ តំណាង​អង្គការ​អុក​ស្វាម ប្រចាំ​កម្ពុជា​សម្តែង​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ដាក់​ជូន​សេចក្តី​សង្ខេប​គោល​នយោបាយ​ស្តីពីការ​ផ្តល់​ហិរញ្ញប្ប​ទាន​ប្រកប​ដោយ​ចីរ​ភាព និង​បញ្ហា​យេន​ឌ័រ​ក្នុង​វិស័យ​កសិ-ពាណិជ្ជ​កម្ម​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជាប្រធាន​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​ ២០២២។

លោក​ស្រីថ្លែង​ថា៖ «អនុសាសន៍​ទាំង​នេះ គឺជាគន្លឹះ​ក្នុង​ការ​កាត់​បន្ថយ​កិច្ច​ប្រតិ​បត្តិ ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សង្គម ជាពិសេស​នៅក្នុង​វិស័យ​កសិ-ពាណិជ្ជ​កម្ម​នៅ​អាស៊ី ដូច​ជា​ការរើស​អើង​ផ្នែក​យេន​ឌ័រ ភាព​ក្រីក្រ​រ៉ាំរ៉ៃ ប្រាក់​ឈ្នួល​ទាប ជំងឺ របួស និង​ការ​កេង​ប្រវ័ញ្ច​ នានា»។

អង្គការ​អុកស្វាម​អំពាវ​នាវ​ឱ្យ​រាជ​រដ្ឋាភិបាល​របស់​រដ្ឋសមាជិក​អាស៊ាន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធានា​ថា សិទ្ធិ​កសិករ និង​កម្មករ​ជា​ស្រ្តី និង​ក្រុម​ជន​បាត់​បង់​ឱកាស​ផ្សេង​ទៀត​នៅក្នុង​វិស័យ​កសិ-ពាណិជ្ជ​កម្ម​ត្រូវបាន​ការពារ​៕