បាត់ដំបងៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​រដ្ឋមន្ត្រី​កសិកម្ម​ថ្មី លោក ឌិត ទីណា រក​វិធីសាស្ត្រ​ ឬ​រូបមន្ត​ ដើម្បី​ផលិត​ពូជស្រូវ​ឱ្យ​មាន​គុណភាព ព្រោះ​ពេល​ដែល​រដ្ឋាភិបាល​បញ្ចេញ​ពូជស្រូវ​អស់ពី​ស្តុក ហើយ​ទៅ​ទិញ​ពូជស្រូវ​យក​មក​ស្តុក​ទុក ក៏​មិន​ប្រាកដ​ថា ពូជស្រូវ​នោះ​ជា​ពូជស្រូវ​សុទ្ធ​នោះដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ រំឭក​ទៅដល់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ យើង​គួរ​រក​វិធីសាស្ត្រ រក​រូបមន្ត​ណាមួយ ដែល​សមស្រប​សម្រាប់​ការផលិត​ពូជស្រូវ ក៏ដូចជា​ពូជ​ដំណាំ ជាពិសេស​ផ្ដោតលើ​ការផលិត​ពូជស្រូវ ព្រោះ​ថា យើង​សព្វថ្ងៃនេះ ពេល​ដែល​បញ្ចេញ​ពូជ​អស់​យើង​ទៅ​ទិញ​ពូជ​យក​មក មិន​ប្រាកដ​ពូជ​ហ្នឹង​វា​សុទ្ធ​»​។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ពិធី​សំណេះ​សំណាល និង​ផ្តល់​ស្រូវពូជ និង​ស្បៀងអាហារដល់​កសិករ​ដែល​រងគ្រោះ ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ចំនួន​ជាង​ ១ ​ម៉ឺន​គ្រួសារ នា​ថ្ងៃទី​ ២៤ ខែតុលា​។

លោក​បន្ត​ថា រាជរដ្ឋាភិបាល​បាន​ដក​ពិសោធន៍​ពី​ ១ ​ឆ្នាំទៅ​ ១​ ឆ្នាំ​រួច​មក​ហើយ ដូច្នេះ ចាំបាច់​ត្រូវ​រៀបចំ​ ដើម្បី​ឱ្យមាន​ការផលិត​ពូជស្រូវ ដោយ​ចាប់ផ្តើម​ពី​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋ​ដែល​ត្រូវ​ការប្រមូល​ទិញ​ពូជស្រូវ​ផង ហើយ​ប្រជាពលរដ្ឋ​ក៏​អាច​នឹង​ទិញ​ពូជស្រូវ​សុទ្ធ​ ឬ​ប្រជាពលរដ្ឋ​យក​ស្រូវ​របស់​ពួកគាត់​ទៅ​ដូរ​ជាមួយ​ស្រូវពូជ​ដែល​សុទ្ធ​។

លោក​នាយក​រដ្ឋមន្ត្រី​ប្រាប់​ទៅ​លោក ឌិត ទីណា ដែល​មាន​វត្តមាន​ក្នុង​ពិធី​នោះដែរ​ថា មិនចាំបាច់​ទៅរក​ដី​ដើម្បី​ផលិត​ពូជ ខ្លួនឯង​នោះ​ទេ ព្រោះ​ប្រជាពលរដ្ឋ​ផលិត​ស្រូវ​ស្រាប់​ហើយ តែ​គ្រាន់តែ​ជ្រើសរើស​តំបន់​ណាមួយ​ដែល​មាន​ប្រភពទឹក​គ្រប់គ្រាន់ ហើយ​ដាក់​ពូជស្រូវ​ឱ្យ​ល្អ​សម្រាប់​ឱ្យ​ពួកគាត់​ផលិត​ពូជ​ឱ្យ ហើយ​រដ្ឋាភិបាល​ទិញ​ពូជស្រូវ​ពី​ប្រជាជន​យក​មក​ស្តុក​ទុក​វិញ​។

លោក​ថ្លែងថា​៖ «​ធ្វើ​យ៉ាង​ដូច្នេះ វា​ធានា​ថា ថ្ងៃក្រោយ​យើង​មាន​លទ្ធភាព​ផ្គត់ផ្គង់​ពូជស្រូវ ដែល​ស្រប​ទៅ​តាម​តំបន់​នីមួយៗ​ព្រោះ​ពូជ​ខ្លះ​យើង​យក​មក​មិនមែន​ជា​ពូជ​នៅក្នុង​ខេត្ត​បាត់ដំបង​ទេ​។ យើង​យក​ពី​ខេត្ត​ផ្សេង​។ អ៊ីចឹង​ទេ យើង​អាច​នៅ​បង្កើត ១ ​ខេត្ត ឧទាហរណ៍​ថា ខេត្ត​បាត់ដំបង​ត្រូវការ​ស្តុក​នៅទីនេះ​ប៉ុន្មាន​ពាន់​តោន​? អ៊ីចឹង​យើង​អាច​បង្កើត​នៅ​កន្លែង​ផលិត​ពូជស្រូវ​មួយ​ត្រឹមតែ​ ១​ ពាន់​ហិកតា​ដែល​មាន​ប្រជាជន​ ៥០០ ​គ្រួសារ​។ ឧទាហរណ៍​អ៊ីចឹង សម្រាប់​ផលិត​ពូជស្រូវ​ឱ្យ​យើង ហើយ​ដែល​ជួនកាល​អាច​វិស័យ​ឯកជន​គេ​ចូលរួម​ ដើម្បី​នឹង​រៀបចំ​ឱ្យ​គាត់ គេ​ហៅថា ដូច​កិច្ចសន្យា​»​។

លោក​ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក្នុង​ពិធី​ផ្តល់​ពូជស្រូវ​ដល់​កសិករ​នៅ​ខេត្តបាត់ដំបង​ពីថ្ងៃ​ ២៤ ​តុលា​។ រូប SPM

ទិន្នផល​នៃ​ការបង្កបង្កើន​ផល​ក៏​ផ្តើម​ចេញ​ពី​ការប្រើ​ពូជស្រូវ​ត្រឹមត្រូវ​ហើយ​បញ្ហា​នេះ គឺ​លោក​បាន​ប្រឹងប្រែង​អស់​ពាក់កណ្ដាល​ជីវិត​របស់​លោក ដើម្បី​កែប្រែ​ឥរិយាបថ​ប្រជាជន​កម្ពុជា​ក្នុង​ការប្រើ​ពូជ​ស្រូវ​ឱ្យបាន​ត្រឹមត្រូវ​។ លោក​អះអាង​ថា ចាប់តាំងពី​លោក​ធ្វើ​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​ ១៩៨៥ លោក​បាន​ធ្វើ​កិច្ចការ​ដែល​សំខាន់​ជាងគេ​គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រជាពលរដ្ឋ​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​។

លោក ហ៊ុន សែន លើកឡើង​ថា​៖ «​អ៊ីចឹង​ទេ​ឥឡូវ​ហ្នឹង​ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​ឥរិយាបថ​ហើយ ក៏ប៉ុន្តែ​បញ្ហា​ស្ថិត​ត្រង់​ថា គុណភាព​របស់​ពូជ គឺ​មិនទាន់​គ្រប់គ្រាន់​ទេ ជាពិសេស​នៅពេល​ដែល​យើង​មាន​បញ្ហា​ [​បែបនេះ​] យើង​ក៏​ឆក់កណ្ដៀត​ពី​កន្លែង​នេះ​ពី​កន្លែង​នោះ​យក​មក​ចែក​ឱ្យ​គាត់​នៅ​បាត់ដំបង​។ អ៊ីចឹង​ទេ យើង​គួរតែ​រក​វិធី​។ [​ឧទាហរណ៍​] ថា បាត់ដំបង យើង​ផលិត​ [​ពូជស្រូវ​] នៅ​បាត់ដំបង អាច​សមស្រប​ជាមួយ​ផ្ទៃដី​របស់​ខេត្ត​បាត់ដំបង​ផង ខេត្ត​បន្ទាយមានជ័យ​ផង ខេត្ត​ពោធិ៍សាត់​ផង​»​។

លោក​បន្ថែមថា​៖ «​យើង​សិក្សា​បែងចែក​តំបន់​ដាំដុះ បែងចែក​តំបន់​ដែល​ត្រូវដាក់​ពូជ​ឱ្យ​វា​ត្រូវ​។ អ៊ីចឹង សូម​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថ្មី​នេះ​សិក្សា​ជាមួយ​នឹង​ផ្នែក​ពាក់ព័ន្ធ​របស់ខ្លួន ហើយ​ជាមួយ​នឹង​ផ្នែក​ដែល​ពាក់ព័ន្ធ​ខាងក្រៅ ដូចជា​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ដែល​ទទួល​បន្ទុក​អំពី​ការត្រៀម​ស្បៀង​បម្រុង​នេះ​។ តើ​យើង​គួរ​ធ្វើ​ម៉េច​ដើម្បី​ដោះស្រាយ​ពូជ​នេះ​ សម្រាប់​ប្រជាពលរដ្ឋ​? បើសិនជា​យើង​មាន​ពូជ​ល្អ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ពូជ​មិនល្អ​នោះ គាត់​យក​ស្រូវ​របស់​គាត់ មក​ដូរ​ពូជ​ជាមួយ​យើង​»​។

លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​ថ្លែង​ក្នុង​ពិធី​នេះ​ថា ចាប់ពី​ថ្ងៃទី​ ២៨ ខែកញ្ញា មក ជំនន់​ទឹកភ្លៀង​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ ៥០២​ ភូមិ ក្នុង​ ៩១ ​ឃុំ សង្កាត់ នៃ​ ១៤ ​ក្រុង ស្រុក ក្នុង​ខេត្ត​បាត់ដំបង និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជិត​ ៣​ ម៉ឺន​គ្រួសារ​ក្នុង​នោះបាន​ជម្លៀស​ប្រជាជន​មក​ទីទួល​សុវត្ថិភាព​ជាង​ ១ ០០០ ​គ្រួសារ​។

លោក​បន្ដថា គ្រោះទឹកជំនន់​នេះ​បាន​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ជាង ​៤ ​ម៉ឺន​ហិកតា ដោយ​ខូចខាត​ជាង​ ២ ​ម៉ឺន​ហិកតា និង​ប៉ះពាល់​ដំណាំ​រួមផ្សំ​ផ្សេងៗ​ចំនួន​ជាង​ ៣ ​ម៉ឺន​ហិកតា ដោយ​ខូចខាត​ជាង​ ១ ​ម៉ឺន​ហិកតា ខណៈ​ផ្ទៃដី​ដែល​អាច​ស្តារ​ឡើងវិញ​បាន​ដោយ​មាន​ប្រភពទឹក​មាន​ចំនួន​ជាង​ ១​ ម៉ឺន​ហិកតា ដែលមាន​ជាង​ ១ ​ម៉ឺន​គ្រួសារ​។

ការប្រើប្រាស់​ពូជស្រូវ​ច្រើន ថ្នាំ​ប៉ូវ​ច្រើន និង​ជី​សម្លាប់​សត្វ​ចង្រៃ​ក្នុង​បរិមាណ​ច្រើន​ទំនង​ជា​ដើមចម​ ដែល​ធ្វើឱ្យ​ថ្លៃដើម​នៃ​ការផលិត​ស្រូវ​នៅ​ភូមិ​ក្រួស ឃុំ​អន្លង់រុន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង មាន​តម្លៃ​ថ្លៃ​។ នេះ​គឺជា​ការវាយតម្លៃ​បឋម​ពី​មន្ដ្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម និង​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង នាឱកាស​ដែល​លោក ​ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួង​កសិកម្ម បាន​ចុះទៅ​ជួប​សំណេះ​សំណាល​ជាមួយ​កសិករ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ភូមិ​ក្រួស ឃុំ​អន្លង់រុន ស្រុក​ថ្មគោល នា​ថ្ងៃទី​ ២៣ ខែតុលា​។

ការចុះ​ជួប​កសិករ​នេះ​គឺ​ដើម្បី​ស្វែងយល់ និង​វាយតម្លៃ​ពី​ផ្ទៃដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ ដែល​រង​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​នេះ​។ ក្នុង​ដំណើរ​ចុះ​ជួប​កសិករ​នេះ លោក ងិន ឆាយ បាន​សាកសួរ​ប្រជាពលរដ្ឋ ដើម្បី​ស្វែងយល់​អំពី​ថ្លៃដើម​នៃ​ការផលិត​ដំណាំ​ស្រូវ​របស់​ពួកគាត់ ដោយ​បាន​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រាប់​ចាប់​តាំងពី​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់ សមាគម​ទទួល​បន្ទុក​ផ្គត់ផ្គង់​ទឹក​ដល់​ដំណើរការ​កសិកម្ម ព្រមទាំង​ឈ្មួញ​អ្នកបញ្ជា​ទិញស្រូវ​ពី​ប្រជាកសិករ​ផងដែរ​។

ស្ថានភាព​ជាក់ស្ដែង​នៅក្នុង​ភូមិសាស្ត្រ​នៃ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ដែល​ក្រៅតែពី​រង​ផលប៉ះពាល់​ ដោយសារ​ជំនន់​ទឹកភ្លៀង ក៏មាន​បញ្ហា​ខ្យង​ក្រហម​បំផ្លាញ​ស្រូវ​ផងដែរ​។ បើតាម​ការពន្យល់​របស់​កសិករ គឺ​ដោយសារ​តែ​បញ្ហា​ខ្យង​ក្រហម​នេះ ពួកគាត់​ត្រូវ​បង្ខំចិត្ត​ប្រើ​ពូជស្រូវ​ច្រើន ដើម្បី​កាត់កង​ជាមួយ​ការបំផ្លាញ​របស់​សត្វ​ខ្យង​ចង្រៃ​នេះ​។ ជា​លទ្ធផល ពួកគាត់​ត្រូវ​ចំណាយ​កាន់តែច្រើន​នៅក្នុង​ដំណាក់កាល​ដាក់​ជីបំប៉ន ហើយ​នៅតែ​ត្រូវ​ប្រើ​ថ្នាំ​កម្ចាស់​សត្វល្អិត​ចង្រៃ​ថែមទៀត​។

លោក​ ងិន ឆាយ បានផ្ដល់​អនុសាសន៍​ពន្យល់​កសិករ​អំពី​បច្ចេកទេស​នៃ​ការដាំដុះ​ដំណាំ​ស្រូវ​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ទទួលបាន​ប្រសិទ្ធផល​ខ្ពស់ ដើម្បី​ធ្វើ​យ៉ាងណា​កាត់បន្ថយ​ការចំណាយ​ជា​អតិបរមា និង​ទទួលបាន​មកវិញ​នូវ​ផលចំណេញ​ច្រើន​ជាង​មុន​។ អនុសាសន៍​របស់​លោក ងិន ឆាយ គ្របដណ្ដប់​តាំងពី​ការជ្រើសរើស​ពូជស្រូវ ការប្រើប្រាស់​ជី ព្រមទាំង​វិធីសាស្ត្រ​មួយ​ចំនួន​ សម្រាប់​កាត់បន្ថយ​ខ្យង​ក្រហម​ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​ថ្នាំ​សម្លាប់សត្វ​ចង្រៃ ដែល​ប្រសិន​បើ​ធ្វើបាន​វា​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​កសិករ​បាន ​១ ​កម្រិត​ដែរ​៕