
ការប្រឡងឌីប្លូមនៅខេត្តកណ្ដាលនៅថ្ងៃទី ២៤ តុលា។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ នៅថ្ងៃទី១ ដែលចាប់ផ្តើមកាលពីព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ គឺបានបញ្ចប់ទៅដោយរលូនតាមការគ្រោងទុក ខណៈមានបេក្ខជនសរុបមានចំនួន ១៧៤ ៧២៦ នាក់ ស្រី ៩៥ ១២៧ នាក់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ២៤ ខែតុលាថា ថ្ងៃទី ១ (២៤ តុលា ២០២២) នៃដំណើរការប្រឡងឌីប្លូមបានបញ្ចប់ទៅដោយរលូនតាមការគ្រោងទុក ក្រោមកិច្ចសហការពីគណៈគ្រប់គ្រងគ្រប់មណ្ឌលប្រឡង បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ។
លោកថ្លែងថា៖ «សូមបេក្ខជនប្រឡងទាំងអស់បន្តអនុវត្តគោលការណ៍ប្រឡងគោរពច្បាប់ចរាចរណ៍ពេលធ្វើដំណើរទៅមក និងអនុវត្តវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន»។
លោក សុវាចា បានឱ្យដឹងដែរថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម័យប្រឡងនៅឆ្នាំនេះមានបេក្ខជនសរុប ១៧៤ ៧២៦ នាក់ ស្រី ៩៥ ១២៧ នាក់។ ក្នុងនោះ សិស្សចំណេះទូទៅ ១៧៣ ៤៦៦ នាក់ ស្រី ៩៤ ៨៧៦ នាក់។ សិស្សស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់។ សិស្សបំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់។ សិស្សគថ្លង់ ២៩ នាក់ ស្រី ៩ នាក់។ សិស្សពិការភ្នែក ១៩ នាក់ ស្រី ៥ នាក់ ដោយបានប្រឡងនៅតាមមណ្ឌលសរុប ១ ៧២៣ ស្មើនឹង ៧ ៨១៦ បន្ទប់។
លោកបានបញ្ជាក់ថា៖ «ដំណើរការប្រឡងគឺប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តជាអ្នករៀបចំដដែលដោយរក្សាយន្តការដូចឆ្នាំកន្លងមក»។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានឱ្យដឹងថាសម្រាប់ដំណើការប្រឡងនៅតាមមណ្ឌលក្នុងរាជធានីភ្នំពេញ សាលារៀនបានរៀបចំដំណើការប្រឡងដោយរលូនដោយមានមន្ដ្រីអនុរក្សក្នុងការត្រួតពិនិត្យការប្រឡងនេះ។
លោកថ្លែងថា៖ «សម្រាប់ដំណើរការប្រឡង គឺមិនមានបញ្ហាអ្វីមួយកើតឡើងទេ គឺបានប្រព្រឹត្តទៅដោយរលូន។ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម័យប្រឡង ២៤ តុលា ២០២២ ក្នុងរាជធានីភ្នំពេញយើងមានមណ្ឌលប្រឡងសរុប ៦៣ មណ្ឌល ត្រូវជា ៧៥០ បន្ទប់ និងបេក្ខជនសរុប ១៧ ៩៥៦ នាក់ ស្រី ៩ ២០៥ នាក់»។
យុវតី គង់ឆេង ស្រីនាង សិស្សរៀនថ្នាក់ទី ៩ នៅអនុវិទ្យាល័យ សោម ឯម ធ្មា ខេត្តស្វាយរៀង បានឱ្យដឹងថា សម្រាប់ការប្រឡងថ្ងៃទី ១ ពេលព្រឹក គឺប្រឡងលើវិញ្ញាសាតែងសេចក្ដី គីមីវិទ្យា និងផែនដីវិទ្យា។
នាងប្រាប់ថា៖ «ការប្រឡងមិនសូវលំបាកទេ ដោយសារអនុរក្សត្រួតពិនិត្យការប្រឡង សុទ្ធតែលោកគ្រូ អ្នកគ្រូដែលបង្រៀននៅសាលាផ្ទាល់ ហើយវិញ្ញាសាប្រឡងវិញពួកខ្ញុំធ្វើរួចបានច្រើន។
ប៉ុន្ដែឃើញថាមុខវិជ្ជាលំបាកមានតែគីមីវិទ្យា ១ ទេនៅព្រឹកនេះ»។
បើតាមក្រសួងអប់រំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ក្រសួងអប់រំយុវជន និងកីឡាបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡងចាប់តាំងពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។
ក្រសួងបានឱ្យដឹងថា សម្រាប់ការប្រឡងឆ្នាំនេះមានរយៈពេល ២ ថ្ងៃពេញ ចាប់ពីថ្ងៃទី ២៤ ដល់ ២៥ ខែតុលា ឆ្នាំ ២០២២ ។ សម្រាប់ការប្រឡងថ្ងៃទី ១ ឬថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ ពេលព្រឹកគឺប្រឡងលើវិញ្ញាសា តែងសេចក្តី គីមីវិទ្យា ផែនដី និងបរិស្ថានវិទ្យា។ ពេលរសៀល រូបវិទ្យា ភូមិវិទ្យា សីលធម៌ ពលរដ្ឋវិទ្យា។
សម្រាប់ការប្រឡងថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ពេលព្រឹក ប្រឡងលើវិញ្ញាសា គណិតវិទ្យា និងការសរសេរតាមអាន។ ពេលរសៀលប្រឡងលើវិញ្ញាសា ជីវវិទ្យា ប្រវត្តិវិទ្យា និងភាសាបរទេស។
ក្រសួងបញ្ជាក់ថាសម្រាប់ការប្រកាសលទ្ធផលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ៕