បាត់ដំបងៈ លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង បាន​ថ្លែង​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី ២៣ ​តុលា​ថា ការងារ​បង្ក្រាប​បទល្មើស​នានា​នៅក្នុង​ខេត្ត រួមមាន​ការបង្ក្រាប​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ ដូចជា បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ គឺ​មាន​ការ​ថយចុះ​ជា​បន្តបន្ទាប់។ ចំពោះ​បញ្ហា​ទំនាស់​ដីធ្លី ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ក៏​រដ្ឋបាល​ខេត្ត​បាន​​ខិតខំ​ទប់ស្កាត់​មិនឱ្យ​មាន​ការកើតឡើង​ថ្មី និង​បាន​ខិតខំ​បន្ត​ដោះស្រាយ​ទំនាស់​នានា​ដែល​នៅ​សេសសល់​ជា​បន្តទៀត។

ការ​លើក​ឡើង​របស់​លោក​អភិបាល​ខេត្ដ​ដូច្នេះ ធ្វើឡើង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល រវាង​លោក ហ៊ុន សែន ជាមួយ ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់​ថ្នាក់​ជាង ២ ពាន់​នាក់ នៅ​ក្នុង​ខេត្ត​បាត់ដំបង។

ក្រៅពី​ការបង្ក្រាប​បទល្មើស​នានា លោក សុខ លូ បញ្ជាក់​បន្ថែម​ថា រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ខិតខំ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ដើម្បី​រួមគ្នា​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​បាន​ល្អ​ប្រសើរ​។

ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្ដ្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​នៃ​ខេត្ត​បាត់ដំបង ដែល​បាន​ខិតខំ​បម្រើ​ការងារ​អភិវឌ្ឍន៍​ខេត្ត និង​ទាក់ទាញ​ការ​វិនិយោគ​​ថ្មីៗ​ជា​បន្តបន្ទាប់។ លោក​ ហ៊ុន សែន​ ក៏បាន​ថ្លែង​ដោយ​មោទនភាព​ចំពោះ​ភាព​ជោគជ័យ​នៃ​ការ​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ របស់​​ប្រទេស​កម្ពុជា តាមរយ:​ការ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ប្រកប​ដោយ​ប្រសិទ្ធភាព ដែល​ធ្វើឱ្យ​កម្ពុជា​មាន​ឱកាស​​​បើក​ដំណើរការ​ប្រទេស​ជាតិ​ឡើង​វិញ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី។

ទន្ទឹម​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ទៅដល់​មន្ត្រី​រាជការ​ទាំងអស់​អំពី​ការ​ទទួល​ខុសត្រូវ​របស់​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ឆ្នាំ​នេះ ដែល​កិច្ចប្រជុំ​នេះ​នឹង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​មេដឹកនាំ​ពិភពលោក​សំខាន់ៗ​ផង​ដែរ។

បន្ថែម​ពីនេះ លោក​ ហ៊ុន សែន​ បាន​ថ្លែង​រំឭក​ដល់​មន្ត្រី​ទាំង​អស់ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដោយ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរកម្ម ប្លន់ ការជួញដូរ​គ្រឿង​ញៀន​ជាដើម ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ធានា​ដល់​សុវត្ថិភាព​នៃ​ការរស់នៅ និង​ការ​ប្រកបរបរ​ការងារ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ។ ទន្ទឹម​នឹង​​នេះ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការ​ផ្តល់​នូវ​សេវា​សាធារណៈ រួមមាន​សេវា​តម្រូវ​ការចាំបាច់​ទាំងឡាយ និង​សេវា​សំណូមពរ​នានា​ជូន​ប្រជាពលរដ្ឋ ឱ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព៕