
ទូកដចម្លងក្មេងសិស្សសាលានៅភូមិកោះចំរើនទៅរៀន កាលពីមិនទាន់ជួបឧបទ្ទវហេតុលិចទូក។ រូបថត ប៉ូលិស
កណ្តាលៈ ភូមិកោះចំរើន ដែលក្មេងៗកូនអ្នកភូមិចំនួន ១១ នាក់ក្នុងចំណោម ១៥ នាក់ ទើបតែស្លាប់ដោយសារជួបឧបទ្ទវហេតុលិចទូកដកាលពីពេលថ្មីៗនេះ គឺជាភូមិ ១ ក្នុងចំណោមភូមិទាំង ៤ នៃឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
ភូមិនេះស្ថិតនៅភាគអាគ្នេយ៍ក្នុងចម្ងាយជាង ៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ភូមិដែលជាដីកោះហ៊ុមព័ទ្ធទៅដោយទន្លេមេគង្គនេះ មានផ្ទៃដីសរុបជាង ០,៥២ គីឡូម៉ែត្រក្រឡា [ឬជាង ៥២ ហិកតា] និងមានប្រជាពលរដ្ឋសរុបចំនួន ៥២៩ គ្រួសារ [គិតជាចំនួនមនុស្សរាយ ១ ០៩០ នាក់] រស់នៅ និងអាស្រ័យផលដោយពឹងផ្អែកលើមុខរបរកសិកម្មនិងនេសាទ។ ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន រួមទាំងមធ្យោបាយធ្វើដំណើរនៅមានកម្រិត បានធ្វើឱ្យពលរដ្ឋនៅភូមិកោះចំរើន ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ បានជួបប្រឈមការលំបាកយ៉ាងខ្លាំងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងរដូវវស្សា ជំនន់ទឹកទន្លេមេគង្គបានជន់លិចភូមិរបស់ពួកគេ។
លោក ហ៊ាង សយ មេភូមិកោះចំរើន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិកោះចំរើន ភាគច្រើន គឺពឹងអាស្រ័យលើការងារកសិកម្មដាំដុះដំណាំ និងបន្លែរួមផ្សំដូចជា ដាំអំពៅ ពោត សណ្ដែកបាយ ល្ង ស្ពៃ ឆៃថាវ សាលាដ ប៉េងប៉ោះ និងជីរគ្រប់មុខ។ រីឯអ្នកភូមិខ្លះទៀតប្រកបមុខរបរនេសាទត្រី។
លោកសយ បាននិយាយថា៖ «អ្នកភូមិយើងជាមនុស្សឧស្សាហ៍ និងអត់ធន់នៅក្នុងការងារបង្កបង្កើនផល ប៉ុន្តែកង្វះទីផ្សារលក់កសិផល មធ្យោបាយដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ធ្វើឱ្យកសិផលដែលយើងផលិតបានលក់បានតម្លៃទាបបំផុត»។
បើតាមលោកសយ នៅក្នុងរដូវវស្សា អ្នកភូមិកោះចំរើន ធ្វើដំណើរតាមទូក និងកាណូតតូចៗជាលក្ខណៈគ្រួសារ ដោយសារតែទឹកទន្លេមេគង្គបានជន់ឡើងលិចដីភូមិមួយផ្នែកធំ។ ចំណែកនៅក្នុងរដូវប្រាំងវិញ ចាប់ពីពាក់កណ្ដាលខែធ្នូ ដល់ចុងខែមេសា អ្នកភូមិ និងអ្នកដំណើរផ្សេងទៀតអាចធ្វើដំណើរចេញចូលដឹកកសិផលឆ្លងកាត់មកកោះនេះបាន តាមមធ្យោបាយកង់ ម៉ូតូ និងរថយន្ត។ ប៉ុន្តែដើម្បីឡើងទៅដល់ផ្លូវជាតិលេខ ១ គឺត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវលំរបស់ឯកជនមួយ ដែលការឆ្លងកាត់ផ្លូវឯកជននោះ គឺតម្រូវឱ្យពួកគាត់ និងអ្នកដំណើរផ្សេងទៀតត្រូវបង់ប្រាក់ក្នុង ១ ជើង ២០០ រៀល សម្រាប់កង់ ៥០០ រៀល សម្រាប់ម៉ូតូ និង ៣ ០០០ រៀលសម្រាប់រថយន្ត ១ គ្រឿង។
ទោះជាបែបណាប្រជាពលរដ្ឋនៅភូមិកោះចំរើន លោក យ៉ុង ផានិត អាយុ ៤២ ឆ្នាំ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា លោក និងអ្នកភូមិកោះចំរើន រីករាយបង់ប្រាក់ទៅដល់ផ្នែកឯកជន ដែលបានសាងសង់ផ្លូវនោះ ព្រោះវាបានបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ក្នុងការធ្វើដំណើរ និងដឹកកសិផលទៅលក់នៅទីផ្សារ។
លោកបញ្ជាក់ថា៖ «បើយើងមិនជួយបង់លុយឱ្យគេទេ តើគេបានលុយពីណាមកផ្គត់ផ្គង់ជីវភាពគ្រួសារគេ បើដីដែលគេចំណាយសម្រាប់ធ្វើផ្លូវនោះគឺជាដីចម្ការរបស់គ្រួសារគេផ្ទាល់ ហើយតម្លៃដែលគេទារនោះក៏មិនថ្លៃណាស់ណាដែរ»។
ចំណែក អ្នកស្រី វ៉ា រដ្ឋា ដែលរស់នៅក្នុងភូមិកោះចំរើនផងដែរនោះនិយាយថា ជាច្រើនឆ្នាំមកនេះគ្រួសាររបស់អ្នកស្រីក៏ដូចជាអ្នកភូមិកោះចំរើនទាំងមូល បានចូលរួមសហការជាមួយអាជ្ញាធរភូមិឃុំ ដោះស្រាយនូវបញ្ហាទុក្ខលំបាកជាច្រើន ដូចជាចូលរួមកសាង និងលើកកម្ពស់ផ្លូវលំនៅក្នុងភូមិ និងកសាងសាលាបឋមសិក្សា ១ ខ្នង សម្រាប់ឱ្យកុមារតូចៗបានសិក្សារៀនសូត្រ។
អ្នកស្រីថ្លែងថា៖ «បើទោះជាជីវភាពអ្នកភូមិយើងនៅមានកម្រិត ប៉ុន្តែពួកយើងតែងតែចូលរួមគ្រប់ដំណើរការអភិវឌ្ឍន៍ទាំងអស់ជាមួយអាជ្ញាធរមូលដ្ឋាន ព្រោះពួកយើងចង់ឱ្យគ្រប់សេវាសាធារណៈទាំងអស់ នៅជាប់យ៉ាងប្រកៀកជាមួយសហគមន៍របស់ពួកយើង»។ បើតាមអ្នកស្រី រដ្ឋា ដើម្បីឱ្យគ្រប់សេវាសាធារណៈទាំងអស់បានមកនៅប្រកៀកនឹងប្រជាសហគមន៍កោះចំរើនទៅបានលុះត្រាតែមានការអភិវឌ្ឍស្ពាន ១ ខ្សែចូលទៅកាន់ភូមិនេះ។ ប៉ុន្តែក្ដីស្រមៃនេះ អាចក្លាយទៅជាការពិតបាន លុះត្រាតែមានការជួយជ្រោមជ្រែង និងជំរុញដោយផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ស្រដៀងគ្នានេះ លោក ប៊ុត សុវត្តិ ដែលទើបតែបាត់បង់កូនស្រីជាទីស្រឡាញ់ម្នាក់កាលពីពេលថ្មីៗនេះ ដោយសារឧបទ្ទវហេតុលិចទូកថ្លែងថា កន្លងមកអ្នកភូមិរបស់លោករួមទាំងអាជ្ញាធរភូមិ-ឃុំ បានធ្វើញត្តិស្នើសុំតាមរយៈអាជ្ញាធរស្រុកលើកដែក ទៅអាជ្ញាធរខេត្តកណ្ដាល និងអង្គភាពនៃស្ថាប័នពាក់ព័ន្ធនានា សូមឱ្យជួយសាងសង់ស្ពាន ១ ខ្សែ ដើម្បីតភ្ជាប់ភូមិកោះចំរើនទៅកាន់តំបន់ទីប្រជុំជន និងសម្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀនប្រកបដោយសុវត្ថិភាព។
លោក សុវត្តិ និយាយថា៖ «គិតមកទល់ពេលនេះ ខ្ញុំ និងអ្នកភូមិកោះចំរើន រួមទាំងអាជ្ញាធរភូមិ-ឃុំ បានត្រឹមតែក្ដីស្រមៃប៉ុណ្ណោះ។ ថ្មីៗនេះកូនស្រីរបស់ខ្ញុំម្នាក់ និងកូនៗរបស់អ្នកភូមិមួយចំនួនទៀត បានលង់ទឹកស្លាប់ដោយសារតែទូកដ ដែលពួកគេជិះឆ្លងពេលត្រឡប់ពីសាលារៀនបានលិច»។
កាលពីព្រលប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ មានករណីទូកដ ផ្ទុកអ្នកដំណើរដែលភាគច្រើនជាក្មេងៗសិស្សសាលា ដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំបានលិចនៅចំណុចភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ ក្នុងឧបទ្ទវហេតុនោះ សិស្សសាលាប្រុស-ស្រីចំនួន ១១ នាក់ ក្នុងចំណោម ១៥ នាក់បានស្លាប់។
លោក សុវត្តិ បន្ថែមថា៖ «ថ្វីបើពេលនេះកូនស្រីរបស់ខ្ញុំបានស្លាប់ ប៉ុន្តែខ្ញុំនៅតែចង់បានឱ្យរដ្ឋាភិបាល ជួយកសាងស្ពាន ១ ខ្សែសម្រាប់អ្នកភូមិយើងខ្ញុំ ព្រោះដរាបណានៅមិនទាន់មានស្ពានឆ្លង ការធ្វើដំណើររបស់ពួកយើងនៅតែគ្មានសុវត្ថិភាព ជាពិសេសស្ត្រីមានផ្ទៃពោះ និងក្មេងៗជាសិស្សសាលា»។
ទន្ទឹមនឹងនេះ លោក ហេង ហ៊ុន នាយកសាលាបឋមសិក្សា ហ៊ុន សែន កោះចំរើន ដែលមានកូនប្រុសម្នាក់ ស្ថិតក្នុងហេតុការណ៍នៃគ្រោះថ្នាក់លិចទូកផងដែរនោះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដោយរំឭកដល់គ្រាមួយ ដែលភរិយារបស់លោក មានអាការឈឺពោះសម្រាលកូន នៅពេលយប់ដ៏មានភ្លៀងធ្លាក់ខ្លាំង។ វាជាយប់នៃរដូវវស្សា។ ពួកគាត់ព្យាយាមធ្វើដំណើរកាត់ភ្លៀង ដោយទទូរក្រណាត់តង់កៅស៊ូ ពីផ្ទះទៅកំពង់ទូកដ ក្នុងចម្ងាយផ្លូវដ៏ប៉ប៉ិចប៉ប៉ាច់ជាង ១០០ ម៉ែត្រ ដើម្បីឱ្យម្ចាស់ទូកដ ជួយចម្លងទៅកាន់មន្ទីរពេទ្យ។
លោកថ្លែងទាំងភាពក្ដុកក្ដួលថា៖ «ការធ្វើដំណើរតាមទូក ក្នុងពេលយប់អ្រធាត្រដែលមានភ្លៀងខ្យល់ និងទឹករលកធំៗ វាមិនងាយស្រួលនោះទេ។ ចាប់ពីពេលនោះមក ឱ្យតែមានកិច្ចប្រជុំនៅក្នុងភូមិ ពួកយើង តែងតែលើកសំណូមពរដល់អាជ្ញាធរឱ្យជួយធ្វើស្ពានជូនដល់អ្នកភូមិយើង ដើម្បីងាយស្រួលធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ»។
លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា រដ្ឋបាលស្រុកលើកដែក បានកំណត់ទីតាំងសម្រាប់គម្រោងសាងសង់ស្ពានជូនអ្នកភូមិកោះចំរើនរួចហើយ និងបានដាក់របាយការណ៍លម្អិតអំពីគម្រោងសាងសង់ស្ពាននោះទៅថ្នាក់ខេត្ត និងថ្នាក់ជាតិរួចរាល់ហើយដែរ ។
លោកបានគូសបញ្ជាក់ថា៖ «គម្រោងយើងមានអស់ហើយ ទីតាំងដីសម្រាប់គម្រោងសាងសង់ស្ពាននោះ ក៏បានកំណត់រួចហើយដែរ នៅតែរង់ចាំការវាយតម្លៃ និងអនុម័ត ពីគណៈកម្មការចម្រុះថ្នាក់ជាតិប៉ុណ្ណោះ។ ប៉ុន្តែបើតាមខ្ញុំដឹងគណៈកម្មាធិការថ្នាក់ជាតិនឹងចេញសេចក្ដីសម្រេចនៅចុងឆ្នាំនេះ ហើយនៅក្រោយទទួលបានសេចក្ដីសម្រេចពីគណៈកម្មាធិការថ្នាក់ជាតិ រដ្ឋបាលស្រុករបស់យើង នឹងចាប់ផ្ដើមបើកដំណើរការការដ្ឋាននៃគម្រោងសាងសង់ស្ពានឆ្លងទៅកោះចំរើននោះភ្លាមៗ គឺយ៉ាងយូរនៅមុនពេលបុណ្យចូលឆ្នាំថ្មី ២០២៣ ខាងមុខនេះ»។
បើតាមលោក ចន្ទវិទ្យា ទីតាំងនៃគម្រោងដែលត្រូវសាងសង់ស្ពាន ១ ខ្សែនោះ គឺនៅចំណុចកណ្ដាលរវាង ភូមិកោះចំរើន និង ភូមិអំពិលទឹក។ ប៉ុន្តែក្នុងដំណាក់កាលនេះ រដ្ឋបាលខេត្តកណ្ដាល តាមរយៈរដ្ឋបាលស្រុកលើកដែក បានសម្រេចផ្ដល់នូវអាវពោងការពារសុវត្ថិភាពដល់សិស្ស និងអនុញ្ញាតឱ្យលោក ខៀវ សំផន ដែលមានទូកធំ និងរឹងមាំជាងគេ នៅក្នុងភូមិកោះចំរើន ជាអ្នកទទួលខុសត្រូវក្នុងការដឹកចម្លងអ្នកភូមិ និងសិស្សសាលាទៅសាលារៀន។
ថ្វីបើយ៉ាងដូច្នេះក្ដីកុមារី វី ចាន់បូរា អាយុ ១២ ឆ្នាំ ដែលរួចពីស្លាប់ក្នុងករណីលិចទូក កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ នៅតែទទូចសុំឱ្យអាជ្ញាធរ ជួយធ្វើស្ពាន ១ ខ្សែជូនដល់អ្នកភូមិកោះចំរើនរបស់នាងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
កុមារីរូបនេះ បាននិយាយថា៖ «ទោះបីជានៅពេលនេះ មានទូកធំ និងមានសុវត្ថិភាព ប៉ុន្តែខ្ញុំនៅតែភ័យខ្លាច។ នៅពេលឡើងជិះទូកទៅសាលារៀនម្តងៗ អារម្មណ៍របស់ខ្ញុំនៅតែនឹកឃើញ ដល់ហេតុការណ៍លិចទូកដ៏អាក្រក់នោះ ពីព្រោះសំឡេងរបស់មិត្តខ្ញុំស្រែកហៅឱ្យជួយនៅពេលកំពុងលង់ទឹក ហាក់នៅឮជាប់នឹងត្រចៀករបស់ខ្ញុំនៅឡើយ។ ខ្ញុំចង់បានស្ពានមួយ ដើម្បីងាយស្រួលធ្វើដំណើរទៅរៀន និងដើម្បីបំបាត់ភាពភ័យខ្លាចទាំងនេះ»៕