ភ្នំពេញៈ ក្រោម​ខ្យល់​ជំនោរ​ដ៏​រំភើយ​នៃ​មាត់​ទន្លេ​ចតុ​មុខ​ មនុស្ស​ម្នា​ជាច្រើន បាន​មក​លេង​កម្សាន្ត​នៅ​មុខ​ព្រះបរ​មរាជ​វាំង​។ អ្នកខ្លះ​បាន​នាំ​កូនៗ​ដេញចា​ប់​សត្វ​ព្រាប​កំពុង​ស៊ី​ចំណី ដែលគេ​បោះ​ឱ្យ​នៅ​លើ​វាល​ស្មៅ ចំណែក​ខ្លះទៀត បាន​នាំគ្នា​ថត​រូប​យ៉ាង​សប្បាយ​ក្អាក​ក្អាយ​ជាមួយ​ក្រុម​គ្រួសារ​ មិត្ត​ភក្ដិ និង​បង​ប្អូន ដោយ​មិន​សូវ​ខ្វល់​ពី​កា​រកក​ស្ទះចរាច​រណ៍​តាម​ដង​ផ្លូវ ដ៏​មមា​ញឹក នា​រសៀល​ទន់​ទេរ នៅ​ពី​ខាង​មុខ​ព្រះអង្គ​ដង​កើ​ប៉ុន្មាន​ឡើយ​។​

​បើ​ចោល​ភ្នែក​ទៅ​មើល​ក្រុម​មនុស្ស ដែល​បាន​ដើរ​កម្សាន្ត ​នៅ​ខាងមុខ​ព្រះ​បរម​រាជវាំង​ទាំង​នោះ គេ​ចាប់​អារម្មណ៍​ឃើញ​ក្រុម​ជាង​ថត​រូប ឈ​រជើង​ត្រៀប​ត្រា រំពៃ​រក​អ្នក​មក​ទទួល​សេវា​កម្ម​ថតរូប ហើយ​នា​វេលា​ទើប​តែ​ម៉ោង​៣​រសៀល​ប៉ុណ្ណោះ ប៉ុន្តែ​ផ្ទៃ​មេឃ​ហាក់​អាប់​អួ​រក​កល់​នឹង​ភ្លៀង ​ហាក់​បង្ហាញ​ពី​ភាព​ស្រពាប់​ស្រពោន​របស់​បុរស​ជា​ជាង​ថត​រូប​ម្នាក់ ដែល​កំពុង​អង្គុយ​លើ​សួន​ច្បារ​មុខ​ព្រះ​បរម​រាជ​វាំង​។​

​អង្គុយ​ដោយ​ទឹក​មុខ​ស្រងូត​ស្រងាត់ អូស​ទូរស័ព្ទ​មិន​សូវ​ខ្វល់​ពី​ដំណើរ​របស់​មនុស្ស ​លោក ប៉ោ ចម្រើន ​ហាក់​អស់​សង្ឃឹម​លើ​អាជីព​របស់​ខ្លួន ដោយ​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ដូច​មុន ព្រោះ​អាជីព​ជា​ជាង​ថត​រូប នៅ​មុខ​ព្រះ​បរមរាជ​វាំង ដើម្បី​ចិញ្ចឹម​អាត្មា និង​ដោះ​ស្រាយ​ជីវភាព​របស់​លោក បាន​ជួប​បញ្ហា ដោយ​សារ​ជាង​ថតរូប កាន់​តែ​ច្រើន ចំណែក​អ្នក​ថត បែរ​ជា​ថម​ថយ​ធ្វើឱ្យ​មុខ​របរ​ធ្លាប់​រកបាន​ប្រាក់​ចំណូល​សម​រម្យ​មួយ​នេះ ​កាន់​តែ​ជួប​ហានិ​ភ័យ និង​មាន​ការ​លំបាក ក្នុង​ការ​រ​កលុយ​ទៅ​ផ្គត់​ផ្គង់​ដល់​គ្រួសារ​។​

​បុរស​មាឌ​ដំបង ​សម្បុរ​ស្រអែ​ម លោក ប៉ោ ចម្រើន បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ថត​រូប​នៅទី​នេះ ជាង​៩​ឆ្នាំ​មក​ហើយ គឺ​តាំងពី​ថត​ ១ ​ប៉ុស្តិ៍​ ១ ៥០០ ​រៀល ដល់​ ១​ ប៉ុស្តិ៍​ ២​ ម៉ឺន​រៀល​។ ពីមុន ​កាល​មិនសូវ​មាន​ជាង​ថត គឺ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​អី ថត​មួយ​ភ្លែ​តៗ​ទេ បាន​ ៤០ ​ទៅ ​៦០ ​ម៉ឺន​រៀល​ ហើយ​ថ្ងៃ​ធម្មតា ​យ៉ាង​ហោច​ណាស់​ក៏បាន ​២០ ​ម៉ឺន​រៀល​ដែរ​ ប៉ុន្តែ​ពេល​នេះ​អ្នក​ថតបាន​កើន​ឡើង​ពី​ប្រមាណ​ ៣០​ នាក់ ​ទៅ​ជិត​ ៦០ ​នាក់ ​ហើយ​បើ​មាន​បុណ្យ​ទាន​វិញ គឺ​ជាង​ថត នៅ​ពេញ​ហ្នឹង​តែ​ម្តង​អ៊ីចឹង​វា​ពិបាក​ណាស់​»​។​

​បន្ថែម​ពីលើ​ការកើន​ឡើង​នៃ​ចំនួន​ជាង​ថត នៅមុខ​ព្រះ​បរម​រាជ​វាំង លោក ​ប៉ោ ចម្រើន បាន​អះ​អាង​ថា សម័យ​បច្ចេក​វិទ្យា​ទំនើប ពិសេស​ការ​កើន​ឡើង​នៃ​ចំនួន​អ្នកប្រើ​ប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូនបាន​ក្លាយ​ជា​របត់​ថ្មី​មួយ​ទៀត ដែលកំពុង​ដើរតួ​ជំនួស​កាមេរ៉ា​របស់គាត់ហើយ​បាន​ញាំញីជីវភាព​អ្នក​ថតរូប​នៅមុខព្រះបរមរាជ​​វាំងកាន់តែ​មានការ​លំបាកក្នុងការ​រកប្រាក់​ចំណូល​។​

«​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន ពិត​ជា​បាន​ជះ​ឥទ្ធិពល​ដល់​មុខរបរ​អ្នក​ថតរូប​នៅមុខ​វាំង ព្រោះ​នៅពេល​យើង​ទៅ​សួរ​ភ្ញៀវ​ដែល​មក​លេង​នៅ​ទីនេះ​គាត់​បង្ហាញ​អា​ភ្នែក​៣​មកវិញ ដល់​អ៊ីចឹង​យើង​មាន​តែ​ដើរ​ចេញ​។

និយាយ​ទៅ សព្វ​ថ្ងៃនេះ​មាន​តែ​អ្នក​មក​ពី​ខេត្ត​ទេ ដែល​គាត់​នៅ​ថត​រូប ដោយ​កា​ម៉េ​រា ពេល​គាត់​មក​លេង​នៅទី​នេះ ចំណែក​អ្នក​នៅ​ភ្នំពេញ​វិញ គឺ​ភាគ​ច្រើន គេ​ប្រើ​អា​ភ្នែក​៣ ថត​ខ្លួន​ឯង​ហើយ​»​។​នេះ​បើ​តាម​ការ​បញ្ជាក់​ពី ​លោក ​ប៉ោ ចម្រើន​។

អ្នកប្រកបរបរថតរូប ពេលកំពុងថតរូបឱ្យបុរសម្នាក់ជាមួយកូនគាត់នៅមុខព្រះបរមរាជវាំង កាលពីពេលកន្លងមក។ហេង ជីវ័ន

​សំឡេង​អ៊ូអរ​នៃ​ទីប្រជុំជន​ហាក់​លុប​លើ​សំឡេង​ឪពុក​កូន​ ២ ​ក្នុងបន្ទុក​រូបនេះ​បាត់​ទៅហើយ​ តែ​ដើម្បី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ លោក ប៉ោ ចម្រើន នៅតែ​អាច​បង្ហាញ​ឱ្យ​អ្នក​មក​កម្សាន្ត​នៅ​ខាង​មុខ​ព្រះ​បរមរាជ​វាំងមើល​ឃើញ​ថា គាត់​ជា​អ្នក​ថតរូប​ស៊ី​ឈ្នួល​ម្នាក់​ដែល​មាន​ចំណេះ​ជំនាញ​ច្បាស់​លាស់​។ដោយ​មាន​ប្រពន្ធ​ជា​អ្នក​ប្រកប​របរ​លក់​អាហារ​សម្រន់​នៅមុខ​ព្រះ​បរម​រាជ​វាំង​ដែរ​នោះ​លោក​ចម្រើន បាន​លើក​ឡើង​ថា អាជីព​ជាជាង​ថត​នេះលោក​ស្រឡាញ់​ខ្លាំង​ណាស់​។​

​យ៉ាង​ណា​ក៏ដោយ ការ​ប្រឹង​ប្រែង​រក​ប្រាក់​កម្រៃ​នៅខាង​មុខ​ព្រះបរម​រាជ​វាំង​របស់​ប្តី​ប្រពន្ធ​មកពី​ខេត្ត​ព្រៃវែង ​១ គូ​នេះ មិន​អាចឱ្យ​ជីវិត​គ្រួសារ​របស់​ពួក​គាត់​រស់នៅ​បាន​សុខ​ស្រួល​ទេ​។ «​ប៉ុន្មាន​ឆ្នាំនេះ​ពិបាក​ណាស់ ណា​មួយ​កូ​វីដ​ផង ប្រពន្ធ​កូនខ្ចី​ផង ខ្ញុំ​ចង់​បែក​ទ្រូង​ហើយ គឺ​ទើបតែ​ឥឡូវ​ឃើញ​ស្ថាន​ភាព​ល្អ​បន្តិច​វិញ​។ ចំណែក​ការ​ថតរូប​របស់ខ្ញុំ ​ខែ​ណា​រក​បាន​ គឺ​ទូទាត់​ការ​ហូប​ចុក និង​ចំណាយ​ផ្សេងៗ​រួច​ហើយ​ អាច​សល់​ ៤០០ ​ទៅ​ ៥០០​ ដុល្លារ​ដែរ ​ប៉ុន្តែ​បើ​ខែ​រក​មិនបាន​វិញ គឺ​បាន​ត្រឹម​ម៉ា​រស់ៗ​ទេ​»​។​

​ទោះ​បីជា​យ៉ាង​ណា ​លោក ប៉ោ ​ចម្រើន មិន​បោះ​ចង់​ឆ្នាំង​បាយ​ចាស់​នេះ​ទេ ប៉ុន្តែ​លោក ​ក៏​មិនឱ្យ​កូន​ទាំង ​២ ​នាក់ ចាប់​យក​អាជីព​ជាង​ថត​នេះ​ដូច​គ្នា ដោយ​លោក​បាន​ទម្លាយ​ថា មុខរបរ​ជាង​ថត​នេះ ពេល​ខ្លះ​ក៏​មិន​ថ្លៃថ្នូរ​ដែរ គឺត្រូវធ្វើ​មុខ​ក្រាស់ ​តាម​សួរ​ភ្ញៀវ​ត្រឹកៗ តែបើ​មិន​ធ្វើ​បែប​នេះ ក៏​មិនអាច​រក​អតិថិ​ជន​បាន​ដែរ ដ្បិត​អី​អ្នក​ថត​មាន​ច្រើន និង​មាន​ការ​ប្រជែង​គ្នា​ខ្លាំង ដោយ​អ្នក​ខ្លះ​ស៊ូ​នៅ​កណ្តាល​ថ្ងៃ​ក្តៅ​ហែង ឱ្យតែ​រក​បាន​អ្នក​ថត​។​

​បុរស​វ័យ​ ៣១ ​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ប្តូរ​អាជីព​នេះ​ទេ ព្រោះ​យើង​មាន​កំណើត​ក៏ដោយ​សារ​វា​ដែរ ហើយ​ខ្ញុំ​និយាយ ១​ ម៉ាត់​ទៅ​ចុះ ទឹកដី​ព្រះអង្គ​ដង​កើ​នេះ ស័ក្តិ​សិទ្ធិ​ណាស់​ នៅតែ​អាច​រក​លុយ​បាន ត្រឹម​ចិញ្ចឹម​ប្រពន្ធ​កូន​រស់ ​មិនឱ្យ​យើង​ស្លាប់​នោះ​ទេ​។ ប៉ុន្តែ​ចំពោះ​កូន​របស់ខ្ញុំ​ទាំង​ ២​ នាក់​នេះ ខ្ញុំ​ឱ្យ​គាត់​រៀន គឺ​មិនឱ្យ​ដើរ​តាម​គន្លង​ឪពុក​នោះ​ទេ ​ព្រោះ​រយៈ​ពេល​ជាង​៩​ឆ្នាំនេះ ប្តី​ប្រពន្ធ​ខ្ញុំ ហត់​ខ្លាំង​ណាស់ ដូច្នេះ​ខ្ញុំ​មិន​ចង់​កូនៗ​របស់​ខ្ញុំ​មាន​វាសនា​ដូច​ពួក​ខ្ញុំ​នោះ​ទេ​»​។​

​ស្រដៀង​គ្នា​នេះ ​ស្ដ្រី​ជា​អ្នក​ថតរូប​មកពី​តំបន់​អ្នក​លឿង​ឈ្មោះ ស្រី​លក្ខណ៍ ​ដែល​ប្រើ​ជំនាញ​ជា​អ្នក​ស៊ី​ឈ្នួល​ថតរូប​ នៅមុខ​ព្រះ​ប​រម​រាជវាំងអស់​​ពេល​ជាង​ ១០ ​ឆ្នាំ​មក​ហើយ​ដែរ​នោះ ​បាន​លើក​ឡើង​ថា ពលរដ្ឋ​ដែល​មក​កម្សាន្ត​នៅ​មុខ​ព្រះប​រមរាជ​វាំង​គឺភាគ​ច្រើនពេញ​និយម​ប្រើ​ស្មាត​ហ្វូន​ស៊េរី​ទំនើប ​ដើម្បី​ថត​រូប​ភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​។​

ទោះ​ជាចុង​សប្តាហ៍​ មាន​ភ្ញៀវ​មក​លេង​កម្សាន្ត​ច្រើន​មែន ប៉ុន្តែ​ស្ត្រី​វ័យ​ ៣១ ​ឆ្នាំ​រូបនេះ បែរជា​ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​ចំណូល​ និង​គ្មាន​អ្នក​ទេសចរ​ណា​ចាប់​អារម្មណ៍​ទទួល​សេវា​កម្ម​ថតរូប​របស់​អ្នកស្រី​ទៀតឡើ​យ ហើយ​ថ្ងៃ​ខ្លះ​ស្ទើ​រតែ​គ្មាន​ភ្ញៀវ​តែម្តង​។ស្រី​លក្ខណ៍​និយាយ​ថា​៖«​បញ្ហា​របស់​អ្នក​ថតរូប​នៅ​មុខ​ព្រះ​ប​រម​រាជ​វាំងគឺមាន​ការ​ធ្លាក់​ចុះ​ដោយ​សា​​រស្មាត​ហ្វូត​នេះ​ឯង គឺ​គេ​លែង​សូវ​ថត​រូបដោយ​កា​មេ​រ៉ា​ទៀត​ហើយ​»​។​

​យ៉ាង​ណា​ក៏ដោយ ​អ្នក​ថត​រូ​ប​មុខ​វាំងដែលមា​ន​ជំនាញ​បន្ត​ពី​បងប្អូន​រូបនេះ​ ហាក់​មិន​ទាន់​បង្ហាញ​ការបាក់​ទឹក​ចិត្ត សម្រាប់​មុខរបរ​មួយ​នេះឡើ​យ ​ហើយ​បងប្អូន​មកពី​តំបន់​អ្នក​លឿង ខេត្ត​កណ្តាល​ចំនួន​ ១០ ​នាក់​ទៀត​របស់​ស្រី​លក្ខណ៍​ ក៏បាន​ប្រើ​មុខ​របរ​ជា​អ្នក​ថតរូប​នៅមុខ​ព្រះ​បរម​រាជ​វាំង ដើម្បី​រកប្រាក់​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ​ដូច​គ្នា​។​

​ដោយ​ពាក់​មួក​ក្រណាត់​មាន​របាំង​បិទ​មុខ​ជិត ស្រី​លក្ខណ៍​ បាន​បញ្ជាក់​៖ «​កាល​ពីមុន របរ​នេះ​អាច​រក​ចំណូល​បាន​គួរសម សម្រាប់​ចិញ្ចឹម​គ្រួសារ​ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ត្រឹម​ ១ ​ក្រពះ​។ តែ​ទោះ​បីជា​យ៉ាងណា ខ្ញុំ​មិន​ទាន់​គិត​ថា ​នឹង​ឈប់​ថតរូប​នៅ​ទីនេះ ពេល​ណា​នោះ​ទេ ​ព្រោះ​នៅ​រកបាន​ខ្លះ​ដែរ មិន​ទាន់​មាន​ហានិ​ភ័យ​ខ្លាំង​ពេក​ទេ​។ តែ​ប្រហែល​ជា ​១០ ​ឆ្នាំ​អី​ទៀត គេ​មាន​ទូរ​ស័ព្ទ​ប្រើ​អស់​ហើយ ហើយ​គេ​ក៏​លែង​ថត​កា​មេរ៉ា នៅ​មុខ​វាំង​ទៀត​នោះដែ​រ អ៊ីចឹង​ ១០​ឆ្នាំក្រោយ​ខ្ញុំ​ប្រហែល​នៅ​ផ្ទះ​ហើយ​»​។

​ងាក​ទៅ​មើល​ក្រុម​យុវតី ​៤​ នាក់ ដែល​បាន​មក​លេង​នៅ​មុខ​ព្រះបរម​រាជវាំង​វិញ គឺ​ឃើញ​មាន​កាន់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ពេញដៃ ហើយ​ពួកគេ​បាន​នាំគ្នា​ថតរូប​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​សប្បាយ​រីករា​យ ដោ​យ​មិន​ខ្វល់​ពី​ក្រុម​ជាង​ថតរូប​ ដែល​ដើរ​ក្បែរ​នោះ​ទេ​។ ក្នុងនោះ​យុវតី សាន ស្រី​នី​ត បាន​និយាយ​ទាំង​ទឹក​មុខ​ស្រស់​បស់​ថា រូ​បថត​ដែល​ចេញពី​ការ​មេ​រ៉ា​ជាង​ថត រូប​ស្អាត​ជាង​ការថត​ទូរ​ស័ព្ទ​ខ្លួន​ឯង តែ​ការ​ថត​រូប​ដោយ​ទូរ​ស័ព្ទ អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​កញ្ញា ​និង​ថត​បាន​គ្រប់​ពេល​វេលា ​និង​ទីកន្លែង​។​

​និស្សិត​ឆ្នាំ​ទី​១ នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ចរូបនេះ​បាន​ថ្លែង​ថា​៖ «​និយាយ​ទៅ​កា​មេរ៉ា​ពួក​គាត់​ដឹង​តែ​ស្អាត​ជាង​ទូរស័ព្ទ​របស់​យើង​ហើយ ​ប៉ុន្តែ​ពួក​ខ្ញុំនៅតែ​ចង់​ប្រើ​ទូរ​ស័ព្ទ​ ព្រោះ​វា​មិន​ចាំបាច់​ចំណាយ​ច្រើន ហើយ​យើង​ឃើញ​ថា អ្នក​ផ្សេង​ទៀតក៏បាន​ប្រើទូរស័ព្ទ​ថត​ដោយ​ខ្លួន​ច្រើន​ជាង​ការទ​ទួល​សេវា​កម្ម​ថត​របស់​ជាង​ថត​ផងដែរ​»​។​

​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ក្រុម​យុវតី​ខាង​លើស្ត្រី​មេផ្ទះ​ម្នាក់​សុំ​មិន​ប​ញ្ចេញ​ឈ្មោះ​បាន​ទៅ​លេង​កម្សាន្ត​នៅ​មុខ​ព្រះ​បរមរាជ​វាំង​នា​ល្ងាច​ថ្ងៃ​ចុង​សប្តាហ៍ ក្រោម​ទិដ្ឋភាព​អ៊ូអរ ​និង​មាន​មនុស្សម្នា​ប្រដេញ​គ្នា​ថត​រូប​ និង​កម្សាន្ត​ផ្សេងៗ​។ គាត់​បាន​លើក​ឡើង​ថា​៖ «​សម័យ​នេះ​ហើយ​មិន​ចាំ​បាច់​ផ្តិតរូប​អី​ទេ ផូស្ត​តែ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទៅ​បាន​ហើយ​»​។​

​និយាយ​បណ្ដើរ​យ​កដៃ​សៀត​សក់​បណ្ដើរ ​អ្នកស្រី ​យល់ថា​ ពេលនេះ​ជា​សម័យ​បច្ចេក​វិទ្យា​ហើយ ​មិនចាំបា​ច់​ត្រូវការ​ជាង​ថតរូប​ឡើយ​។ «​ជំនាន់​មុន​មនុស្ស​ម្នា​ពិតជា​ត្រូវការ​រូប​ភាព ដើម្បី​ទុកជា​អនុ​ស្សាវ​រី​យ៍ តែ​ឈានដល់​សម័យ​ឌីជី​ថល​នេះ មនុស្ស​មាន​ស្មា​ត​ហ្វូ​ន​ផ្ទាល់​ខ្លួន ​ដើម្បី​ប្រើ​ប្រាស់​ជា​ប្រយោ​ជន៍​ផ្សេងៗ ​ថែ​មទាំងថ​ត​បាន​ច្រើន​ប៉ុស្តិ៍ ច្រើន​ស្ដាយ​ល៍ និង​ចំណេញ​ថវិកា​»​។​

​យ៉ាង​ណា​មិញ អ្នក​ថតរូប​ឯករាជ្យ ​លោក ម៉េង គឹម​ឡុង បាន​លើក​ឡើង​ក្នុង​រឿងរ៉ាវ​នេះ​ថា​ បញ្ហា​ប្រឈម​ទៅនឹង​ការងារ​ជា​អ្នក​ថតរូប​នេះ គឺ​មិន​មែន​មាន​ត្រឹម​តែ​អ្នក​ថតរូប​នៅ​មុខ​ព្រះបរម​រាជវាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ថតរូប​ទូទៅ​ជា​អាជីព ក៏បាន​ជួប​បញ្ហា​បែប​នេះ​ផង​ដែរ​។

​លោក​បាន​និយាយ​ថា​៖ «​សម្រាប់​ខ្ញុំ អ្វីដែល​បាន​យល់​ឃើញ គា​ត់​ត្រូវមាន​ការច្នៃ​ប្រឌិត ​ព្រោះ​យើង​ដឹង​ស្រាប់​ហើយ​ថា មនុស្ស​សព្វ​ថ្ងៃ គេ​ចង់បាន​រូប​ស្អាត ​តាម​ស្តាយល៍​របស់​គេ ​តាម​ទូរ​ស័ព្ទ ដែល​គេ​មាន​ជម្រើស​ច្រើន​តាម​កម្ម​វិធី​ផ្សេងៗ​ ឬ​កាត់​រូប​ឱ្យ​ស្អាត ​ហើយ​យើង​ត្រូវ​ផ្លាស់​ប្តូរ​អ្វីដែល​គេ​គិត​ថា ​មិន​ស្អាត​ដូចជា​ការ​ថតរូ​បដែល​ឈរ​នឹង​មួយ​កន្លែង​ នៅ​ទីតាំង​ណាមួយ​នៅ​ពី​ខាង​ក្រោយ​។ ហ្នឹង​ហើយ​ជា​បញ្ហា​ដែល​យើង​ត្រូវ​ផ្លាស់​ប្តូរ​ចេញ​»​។​

​ទោះ​បីជា​យ៉ាង​ណា អ្នក​ថតរូប​ឯករាជ្យ​វ័យ​ក្មេង រូបនេះ បាន​មើល​ឃើញ​ថា​ ការផ្លាស់ប្តូរ​របត់រ​បស់​មនុ​ស្ស​ជំនាន់​ថ្មី ដែល​ពឹង​តែ​ទៅលើ​ការ​ថត​រូប ដោយ​ស្មា​ត​ហ្វូ​ន ហើយ​មិន​ផ្តិត​រូបភាព​ទុក​នេះ ក៏​អាច​នឹង​ធ្វើឱ្យ​ពួក​គេ បាត់​បង់​រូប​ភាព​នៅក្នុ​ង​ឯកសារ​ជា​ច្រើន​នៅក្នុង​ផ្ទះ នៅ​ពេល​ដែល​ទូរស័ព្ទ​វា​ខូចគឺ​យើង​បាត់​បង់​អស់ដែ​ល​មិន​ដូច​ពីមុន​អាច​បន្សល់ទុក​រូបភាព​តៗ​គ្នា​ឱ្យ​កូនចៅ​មើល​បាន​ឡើយ​។​

​លោក​ម៉េង គឹម​ឡុង បាន​បន្ថែម​ថា​៖«​វា​ពិបាក​ដោយ​សារ​ទី​១ ការ​ផ្លាស់ប្តូ​រ​របស់​ម​នុស្ស ​ហើយ​ទី​២ អាស្រ័យ​ទៅលើ​​ការច្នៃ​ប្រឌិត​របស់​អ្នក​ថតរូប​ដើម្បី​ទាក់​ទាញ​​អ្នកដទៃ​។ គាត់​អាច​បន្ថែម​នូវ​អ្វី​ម្យ៉ាង​ ដែល​អាច​ទាញ​ចំណាប់អា​រម្មណ៍ អ៊ីចឹង​ពេល​អ្នក​ដែល​ទៅ​ដល់​មុខ​វាំង​ហ្នឹង​គេ​ឃើញ​ទៅគេ​ចង់​ថត​ចង់​ផ្តិត​រូប​ដូច្នេះ​ជា​គំនិត​របស់ខ្ញុំ​គាត់​គួរ​ស្វែង​យល់​បន្ថែម​ទៀត​ប៉ុន្តែ​បើ​មិន​ដូច្នេះ​ទេថ្ងៃ​ណា​មួយ​មនុស្ស​នឹង​លែង​ទៅ ​ដើម្បី​ថតរូប​នៅ​ទីនោះ​ហើយ​»​។​

​ទន្ទឹម​នឹង​នេះ លោក ​វន ពៅ ប្រធាន​សមា​គម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ បាន​ទទួល​ស្គាល់​ថា ប្រព័ន្ធ​ឌីជីថល ​ពិតជា​បាន​ធ្វើឱ្យ​​មុខ​របរ​អ្នក​ថត​រូបបាត់​បង់​ចំណូល​។ដូច្នេះ​ប្រសិន​បើមិន​បង្កើត​សហ​គមន៍​សហជីព​រប​ស់​ខ្លួន ​ក្រុម​អ្នក​ថតរូប ​មិនអាច​ការពារ​ប្រយោ​ជន៍ និង​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​ខ្លួន​បាន​នោះ​ទេ​។

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិត​ថា យ៉ាង​ហោច​ណាស់​ក៏​អាជ្ញាធរ​រដ្ឋ​យកចិត្ត​ទុកដាក់​ការដោះ​ស្រាយ​ ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​ពួក​គាត់​ផងដែរ​»​។ លោក​បាន​បន្ត​ថា ក្រុម​ជាង​ថត​ទាំង​អស់ ​មាននៅ​ក្នុង​សមា​គម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ហើយ​ប្រជា​ជន​ប្រមាណ ​៥-១០​ ភាគ​រយ នៃ ​១ ​លាន ​៦ ​សែន​នាក់ បាន​ចូល​ក្នុង​សមា​គម ​ដែល​ស្ថិត​ក្រោម​ការគ្រប់​គ្រងរបស់​លោក​។​

​ប្រធាន​សមាគម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​រូបនេះ​គាំទ្រ​ឱ្យមាន​ការ​បង្កើត​សមាគ​មដើម្បី​ចរចា​ទៅ​អាជ្ញា​ធរ​រដ្ឋ​ដើម្បី​ការពារ​ប្រយោ​ជន៍ ឬ​ទាមទា​រ​ឱ្យ​អាជ្ញា​ធរ​រៀបចំ​យន្ត​នា​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​។ បើ​មាន​ភ្ញៀវ​ទេសចរ​ គាត់​អាច​រកប្រាក់​ចំណូលដែល​សម​រម្យ​ជាង​នេះ​តាម​គោល​នយោ​បាយ​របស់​រដ្ឋ ឬ​គោល​នយោ​បាយ​ទាក់​ទង​ទៅនឹង​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ ឬ​គ្រឹះស្ថាន​មីក្រូហិ​រញ្ញវត្ថុ​របស់រ​ដ្ឋ​ណា​មួយ មានការ​ប្រាក់​ទាប​បំផុត ជា​កត្តា​ផ្តល់​ឱកាស​ឱ្យ​អាជីវករ​ទាំង​អស់​អាច​ខ្ចីលុយ​រដ្ឋ ​ក្នុង​ការ​បង្កើត និ​ង​ពង្រីក​មុខ​របរ​របស់​ពួក​គាត់​។​

​លោក​បាន​បញ្ជាក់ថា​​៖ «​វា​ជា​ការល្អ ​ប្រសិនបើ​ពួកគា​ត់​បង្កើត​សមា​គម​​ខ្ញុំ​គិត​ថា​ ចំណុច​នេះ វា​អាច​ទៅដ​ល់​លឿន ​ព្រោះ​ក្រុម​ជាង​ថត​រូប នៅមុខ​ព្រះ​បរម​រាជ​វាំង អាច​មាន​សិទ្ធិ ​មាន​ឆន្ទៈ​ក្នុងការ​បង្កើត​សមាគ​ម​ឯករាជ្យ​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់ ​ឬ​ចូល​ក្នុង​សមា​គម​របស់ខ្ញុំ​​ក៏បាន ដើម្បី​ការពារ​ប្រយោ​ជន៍​របស់​គាត់​»​។​

​បើ​ផ្អែក​ទៅតាម​ការ​លើក​ឡើង​រប​ស់​ជាង​ថត​រូបនៅ​មុខ​ព្រះបរម​រាជ​វាំងក៏​ចង់ឱ្យ​មានការ​ចងក្រង​ជា​សមា​គម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង​ដែរ​ ដោយ​ពួកគេបា​ន​លើក​ឡើងថា​៖«​យើង​ពិត​ជា​ចង់​បង្កើត​ឱ្យមាន​សមាគម​ដើម្បី​ជួយ​សម្រួល​ទៅដល់​មុខរបរ​របស់​ពួក​យើង និង​ថែរក្សា​ការងារ​ថត​រូប​នៅ​ខាង​មុខ​ព្រះបរម​រាជ​វាំង​នេះ សម្រាប់​ទៅ​ដល់​អ្នក​ជំនាន់​ក្រោយ​ទៀត​»៕

រាយ​ការណ៍​បន្ថែម​ដោយ​ បឿ សុភា , ឡាក់ ច័ន្ទ​តារា , ហាក់ អ៊ី​ឌី , អ៊ុក ចាន់​ធី​ដា, និង​ វង្ស លី​លី