​ភ្នំពេញៈ មូលនិធិ​មុទិតា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​.) បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ជាតិ​នានា រៀបចំ ព្រះរាជ​កម្មវិធី «១០០​ ព្រះវស្សា នៃ​ព្រះបិតា​ឯករាជ្យ​ជាតិ​» ដែល​គ្រោង​នឹងធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​ ៣១ ខែតុលា និង​ទី ​១ ខែវិច្ឆិកា នៅ​សាល​មហោស្រព​ចតុមុខ​មង្គល ដែល​ត្រូវជា​ខួប​គម្រប់ ១០០ ​ព្រះវស្សា ​នៃ​ទិវា​ប្រសូត​របស់​ព្រះ​បរម​រតន​កោដ្ឋ ប៉ុន្តែ​មិនមាន​ការបើក​ឱ្យចូល​រួម​ជា​សាធារណៈ​ទេ​។​

ព្រះរាជ​កម្មវិធី​នេះ នឹង​ប្រព្រឹត្តឡើង​ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពស់​ខ្ពស់​ជាទីបំផុត​របស់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​។​

យោងតាម​សេចក្តីជូនដំណឹង​រួមគ្នា​របស់​មូលនិធិ​មុទិតា និង​ស​.​ស​.​យ​.​ក ស្តីពី​ការរៀបចំ​ព្រះរាជ​កម្មវិធី «១០០ ​ព្រះវស្សា នៃ​ព្រះបិតា​ឯករាជ្យ​ជាតិ​» បានឱ្យដឹងថា ព្រះរាជ​ពិធី​នេះ ត្រូវបាន​រៀបចំ​បែងចែក​ជា​សកម្មភាព​ចំនួន​ ៣ ​ធំៗ​ដែល​ក្នុងនោះ​មាន​ពិធីរាប់បាត្រ ការតាំងពិព័រណ៍​សាទរ​ស្នា​ព្រះ​ហ​ស្ថ​ព្រះ​បរម​រតន​កោដ្ឋ និង​ទស្សនីយភាព​នៃ​ព្រះរាជ​កម្មវិធី​នេះ​។​

ប្រភព​ដដែល​បាន​បញ្ជាក់ថា​នៅ​ថ្ងៃទី​ ៣១ ខែតុលា វេលា​ម៉ោង​ ៧ ​និង​ ៣០ ​នាទី​ព្រឹក នៅ​មណ្ឌល​សួនច្បារ​ខាងកើត​វិមានឯករាជ្យ ខាងមុខ​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ នឹងមាន​ការយាង ​និង​និមន្ត​ព្រះសង្ឃ​គោចរ​បិណ្ឌ​បាត្រ ចំនួន​ ១០០​ អង្គ​ផងដែរ​។​

មូលនិធិ​មុទិតា និង​ស​.​ស​.​យ​.​ក បានឱ្យដឹងថា៖ «​ការរៀបចំ​ព្រះរាជ​កម្មវិធី​ ១០០ ​ព្រះវស្សា​នៃ​ព្រះបិតា​ឯករាជ្យ​ជាតិ​នេះ ក្នុង​គោលបំណង​រំឭក​ដល់​ព្រះ​គុណូបការៈ និង​សម្តែង​នូវ​មនោសញ្ចេតនា​ចងចាំ​ជានិច្ច​គ្មាន​ថ្ងៃ​បំភ្លេចបាន ប្រកបដោយ​សេចក្តី​កតញ្ញូ​កតវេទី ចំពោះ​ព្រះមហា​ករុណា​ទិ​គុណ ដ៏​ធំធេង​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​បុព្វហេតុ​ទាមទារ​ឯករាជ្យ​ជូន​ប្រជាជាតិ ការកសាង​ជាតិ និង​ការ​បង្រួម​បង្រួម​ជាតិ​»​។​

ទាក់ទង​នឹង​ព្រះរាជ​កម្មវិធី​នេះ សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ដែលជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ព្រះ​ស្ថាបនិក​មូលនិធិ​មុទិតា បានលើកឡើង​ក្នុង​កិច្ចសន្ទនា​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី​ ២៥ ខែតុលា​ថា នេះ​គឺជា​ព្រះរាជ​កម្មវិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​រំឭក​ដល់​ថ្ងៃ​ប្រសូត​គម្រប់​ ១០០ ​ព្រះវស្សា ​របស់​ព្រះបិតា​ឯករាជ្យ​ជាតិ​។​

សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី​មានបន្ទូលថា៖ «​ព្រះរាជ​កម្មវិធី​នេះ គឺ​ខ្ញុំ​បាន​គិតគូរ​តាំងពី​ខែតុលា ឆ្នាំ​ ២០២១​ មកម្ល៉េះ ដោយ​យល់ឃើញថា​នៅ​ឆ្នាំ​ ២០២២​ នេះ​គឺជា​ខួប​ ១០០​ ព្រះវស្សា​របស់​ព្រះបិតា ដោយ​ចង់​រំឭក​ពី​ស្នា​ព្រះ​ហ​ស្ថ​វិស័យ​សិល្បៈ ដែល​ព្រះអង្គ ក្នុង​ព្រះជន្ម​គង់នៅ ព្រះអង្គ​តែងតែ​លើកស្ទួយ​វិស័យ​សិល្បៈ ក្រៅពី​ការដឹកនាំ​ប្រទេសជាតិ​របស់​ព្រះអង្គ​»​។​

​ជាមួយគ្នា​នោះដែរ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​ស​.​ស​.​យ​.​ក​.)​ ក៏បាន​លើកឡើង​ឱ្យដឹង​ដែរ​ថា ស​.​ស​.​យ​.​ក​. មា​នក​ត្តិ​យស​ដែល​ខាង​មូលនិធិ​មុទិតា​ផ្តល់ឱកាស​ដ៏​វិសេសវិសាល​នេះ​ក្នុង​ការចូលរួម​រៀបចំ​នូវ​ព្រះរាជ​កម្មវិធី​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

លោក​បាន​ថ្លែងថា ៖«​ពួកយើង​នឹងធ្វើ​ការខិតខំ​ប្រឹងប្រែង លះបង់ និង​មានការ​ទទួលខុសត្រូវ​ក្នុងការ​រៀបចំ​ព្រះរាជ​ពិធី​នេះ ឱ្យបាន​ស័ក្តិ​សមជា​ទម្រង់​ផង ឱ្យបាន​ជោគជ័យ​តាមរយៈ​ការអនុវត្ត​នូវ​ការប្រព្រឹត្ត​ទៅដោយ​រលូន​ផង ហើយ​និង​អត្ថន័យ​នៃ​ព្រះរាជ​កម្មវិធី​ឱ្យ​ជ្រួតជ្រាប​កាន់តែ​ទូលំទូលាយ​ផងដែរ​»​។​

លោក ហ៊ុន ម៉ា​នី ក៏បាន​បញ្ជាក់ដែរថា ព្រះរាជ​កម្មវិធី​នេះ មិនមាន​ការចូលរួម​ពី​សាធារណជន​នោះទេ ដោយសារតែ​ទីតាំង​សម្រាប់​ប្រារព្ធ​ព្រះរាជ​កម្មវិធី​នេះ​មាន​កម្រិត ហើយ​ព្រះរាជ​កម្មវិធី​នេះ​មាន​ការយាង​ចូលរួម​ដោយ​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ព្រះ​មាតា​ជាតិខ្មែរ រួម​នឹង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​កម្ពុជា​ ផងដែរ​។​

លោក​បាន​បន្ថែមថា ៖ «​យើង​សុំ​ធ្វើការ​អធ្យាស្រ័យ ហើយ​ទោះបីជា​មិនមាន​ការចូលរួម​ដោយផ្ទាល់ តែ​សុំឱ្យ​មានការ​តាមដាន​តា​មរយៈ​សារព័ត៌មាន​ផ្សេងៗ​និង​សូមឱ្យ​ចូលរួម​គោរព និង​អបអរសាទរ​នៃ​ព្រះរាជ​កម្មវិធី​១០០​ព្រះវស្សា​នៃ​ព្រះបិតា​ឯករាជ​ជាតិ​ផងដែរ​»​។​

សូម​រំឭក​ផងដែរ​ថា ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា បានរៀបចំ​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី១០០ នៃ​ការ​ប្រសូត​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​ផងដែរ ដោយបាន​រំឭក​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ព្រះរាជ​សកម្ម​ភាពជា​ប្រវត្តិសាស្ត្រ​របស់​ព្រះអង្គ​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​មិត្តភាព​រវាង​ចិន​-​កម្ពុជា​។​

ជាមួយគ្នានេះដែរ ក្រុមព្រះ​សុរិយា​នឹង​រៀបចំ​ប្រារព្ធ​នូវ​កម្មវិធី «​មួយ​ម៉ឺន​អាល័យ លើក​ទី​៦» ក្រោម​ប្រធានបទ​«​ថ្វាយ​ព្រះរាជ​អាល័យ​និង​រំឭក​ខួប ១០០ ​ព្រះវស្សា ព្រះរាជ​សម្ភព​»​នៃ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា​សិល្បៈ​ភាពយន្ត​ខ្មែរ​ព្រះ​បរម​រតន​កោដ្ឋ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ផងដែរ​។

កម្មវិធី​នេះ នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​ ២ ដល់ទី ​៤ ខែវិច្ឆិកា ឆ្នាំ ​២០២២ ​នេះ នៅ​សាល​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC)​ នៅក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រាជធានី​ភ្នំពេញ ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​។​

ប្រធាន​ក្រុមព្រះ​សុរិយាលោក យាង វណ្ឌី បាន​ប្រាប់ថា ការរៀបចំ​កម្មវិធី​នេះ​ឡើង​ដើម្បី​ជាការ​តបស្នង​ព្រះមហា​ករុណា​ទិ​គុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះបិតា​សិល្បៈ​ភាពយន្ត​ខ្មែរ​៕