កណ្ដាលៈ​ ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា កុមារ​តូចៗនៅ​ខេត្ត​កណ្តាល​ជា​ទូទៅ​បរិភោគ​អាហារ​និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព​ក្នុង​អត្រា​កើន​ឡើង​ពី​ជាង​ ៤៥ ​ភាគ​រយ ក្នុង​ចំណោម​កុមារ​អាយុ​ចន្លោះ​ ១០​ ដល់ ១៤ ខែ ​ដល់​ ៧៩ ​ភាគរយ​ ក្នុង​ចំ​ណោម​កុមារ​អាយុ​ចន្លោះ ​១៥​ ដល់ ​១៩ ​ខែ ខណៈ​អាហារ​និង​ភេសជ្ជៈ​មិនល្អ​ចំពោះ​សុខ​ភាព​ដែល​ត្រូវ​បាន​បរិភោគ​ច្រើន​ជាង​គេ​ គឺមាន​ទឹក​ដោះ​គោ​ផ្អែម​ និង​នំ​ដែល​មាន​រស​ជាតិ​ផ្អែម និង​ប្រៃ។

ការ​រក​ឃើញ​នេះ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី​ការ​បរិភោគ​អាហារ​និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព​ក្នុង​អំ​ទ្បុង​ពេល​នៃ​ការ​ផ្តល់​អាហារ​បន្ថែម​កុមារ​នៅ​តំបន់​ជន​បទ​ និងពាក់​កណ្តាល​ទីប្រជុំជន​ក្នុង​ខេត្ត​កណ្តាលនៅ​សណ្ឋា​គារ​សាន់​វេ​ដែល​រៀបចំ​ដោយ​អង្គ​ការ​ហេ​ទ្បែ​ន ខេ​ល​ល័​រ តាម​រយៈ​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​ការ​ចិញ្ចឹម​ទារក​និង​កុមារ​ (ARCH)​ សហ​ការ​ជាមួយ​ក្រសួង​សុខាភិ​បាល​។

ការ​ស្រាវ​ជ្រាវ​របស់​អង្គការ​ហេ​ទ្បែ​ន ខេល​ល័​រ បាន​អះអាង​ថា អាហារ​ដែល​កុមារ​នៅ​ក្នុង​ខេត្ត​កណ្តាល ​បាន​បរិភោគ​ត្រូវ​បាន​បែង​ចែក​ជា​ចំណាត់​ថ្នាក់ ​៨​ ក្រុម ដោយ​ផ្អែក​តាម​សូច​នាករ​ស្តីពី​ការ​ចិញ្ចឹម​ទារក​ និង​កុមារ​តូច​របស់​អង្គការ​ WHO ហើយ​​ក្នុង​នោះ​អាហារ​និង​ភេសជ្ជៈ​៣​ប្រភេទ​បន្ថែម​ទៀត​ ត្រូវ​បាន​កំណត់​ឡើង ​រួមមាន​ ផលិត​ផល​ជំនួស​ទឹក​ដោះ​ម្តាយ ផលិត​ផល​អាហារ​បន្ថែម​និង​អាហារ ​និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព។

ការ​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ទៀត​ថា «កុមារ​តូចៗនៅ​ខេត្ត​កណ្តាល​ជា​ទូទៅ​បរិភោគ​អាហារ​និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព​ក្នុង​អត្រា​កើន​ឡើង​ពី ៤៥,៥​ ភាគ​រយ ​ក្នុង​ចំណោម​កុមារ​អាយុ ១០-១៤ ខែ ដល់​ ៧៩​ ភាគរយ ក្នុង​ចំណោម​កុមារ​​អាយុ​ ១៥-១៩ ខែ។ អាហារ និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព​ដែល​ត្រូវ​បាន​បរិភោគ​ច្រើន​ជាង​គេគឺ​មាន​ទឹក​ដោះ​គោ​ផ្អែម និង​នំ​ដែល​មាន​រស​ជាតិ​ផ្អែម និង​ប្រៃ។ ពាក់​កណ្តាល​នៃ​កុមារ​អាយុ ​១៥-១៩ ​ខែ កំពុង​បរិភោគ​ទឹកដោះ​គោ​ផ្អែម ហើយ​ជាង ​១ ​ភាគ​ ៣ ​នៃ​កុមារ​​អាយុ​នេះ កំពុង​បរិ​ភោគ​នំ​ដែល​មាន​រស​ជាតិ​ផ្អែម​ និង​ប្រៃ»។

យ៉ាង​ណា​ក្ដី ការ​ស្រាវ​ជ្រាវ​នេះ ក៏បាន​ណែនាំ​ដល់​អាណា​ព្យា​បាល​ឱ្យ​ចៀស​វាង​នូវ​អាហារ​មួយ​ចំនួន ដែល​ជា​អាហារ និង​ភេស​ជ្ជៈ​ផ្អែម និង​អាហារ​មិនល្អ​ដល់​ខុស​ភាព​កុមារ​ចន្លោះ​ពី​អាយុ​ ៦ ទៅ ២៣ ខែ ដែល​អាច​នឹង​បង្ក​ឱ្យមាន​ជំងឺ​ដល់​កុមារ​ក្នុង​ពេល​ប​ច្ចប្ប​ន្ន និង​អនា​គត​ ខណៈ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ណែនាំ​ឱ្យ​កុមារ​ក្នុង​ចន្លោះ​អាយុ​នេះ គួរ​ទទួល​ទាន​បន្លែ និង​ផ្លែ​ឈើ​ឱ្យ​បាន​គ្រប់​គ្រាន់ និង​ត្រឹម​ត្រូវ​។

តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ «ចំពោះ​អា​ហារ និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព គឺ​សំដៅ​ទៅលើ​អាហារ​ និង​ភេសជ្ជៈ​ទាំង​ឡាយ​ណា​ដែល​វេច​ខ្ចប់​លក់​ជា​លក្ខណៈ​ពាណិជ្ជ​កម្ម ឬ​ម៉ាក​ផលិត​ផល​សម្រាប់​ប្រើប្រាស់​ទូទៅ ​រួមមាន ​នំ នំ​ស្រួយ នំ​កញ្ចប់​រស​ជាតិ​ផ្អែម ប្រៃ ទឹកដោះ​គោ​ផ្អែម ភេសជ្ជៈ​រស​ជាតិ​សូកូឡា ឬ​ស្រូវ​សាលី ទឹក​ផ្លែ​ឈើ និង​មី​កញ្ចប់ ព្រោះ​អាហារ និង​ភេស​ជ្ជៈ​ទូទៅ​ទាំង​នេះ ​មាន​កម្រិត​ជាតិ​ស្ករ និង​អំបិល​បន្ថែម​ខ្ពស់ ជា​ពិសេស​គឺ​សារ​ធាតុ​ខ្លាញ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព»។

ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ បាន​ប្រើ​ប្រាស់​ទិន្ន​ន័យ​ពី​ការ​ស្ទង់​មតិ​ដោយ​ការ​តាម​ដាន​ជាប់​លាប់​តាម​ដំណាក់​កាល​ ដែល​បាន​ធ្វើ​ឡើង​នៅ​ស្រុក​ខ្សាច់​កណ្តាល ​ខេត្ត​កណ្ដាល​ នៃ​ប្រទេស​កម្ពុជា​ដែល​ជា​តំបន់​ជន​បទ​ និង​ពាក់​កណ្តាល​ទីប្រជុំ​ជន។ ក្នុង​នោះ​អ្នក​ថែទាំ​កុមារ​អាយុ​ពី​ ១០​ ខែ​ដល់​ ១៤​ ខែ​ ចំនួន​ ៥៦៧ ​នាក់ ត្រូវបាន​ជ្រើស​រើស និង​ធ្វើការ​សម្ភាស ចាប់ពី​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៦ នៅ​ពេល​កុមារ​ទាំង​នោះ មាន​អា​យុ​ដល់​ ១៩ ​ខែ។

លោក ហ៊ូ គ្រើន នាយក​រង​អង្គការ​ហេ​ទ្បែ​ន ខេ​ល​ល័​របាន​ថ្លែង​ថា អាហា​រូបត្ថម្ភ​ល្អ ពិត​ជាមាន​សារៈសំ​ខាន់​ណាស់​សម្រាប់​ការ​លូត​លាស់​និង​ការ​អភិវឌ្ឍ​របស់​ទា​រក និង​កុមារ។ ប៉ុន្តែ​លោក​ថា ទោះបី​មាន​ភ័ស្តុ​តាង​វិទ្យា​សាស្ត្រ​យ៉ាង​ច្រើន​អំពី​សារៈ​សំខាន់​នៃ​របប​អាហារ​សុខ​ភាព ក៏​ជា​លទ្ធ​ផល​បាន​រក​ឃើញ​ថា មាន​កុមារ​អាយុ​ពី ៦ ​ទៅ ២៣ ​ខែដល់​ទៅ ៥០​ ភាគ​រយ មិនបាន​បរិភោគ​អាហារ​ចម្រុះ​ស្តង់​ដា​អប្ប​បរមា​តាម​ការ​ណែនាំ​របស់​អង្គ​ការ​សុខភាព​ពិភព​លោក​នោះ​ទេ។

ដូច​ការ​ស្រាវ​ជ្រាវ​នេះ​បាន​បង្ហាញ​ស្រាប់ លោកអះអាង​ថា មាន​កុមារ​កម្ពុ​ជា​ច្រើន​នាក់ បាននិង​កំពុង​បរិភោគ​អាហារ​កែ​ច្នៃ​ដែល​មាន​សារ​ជាតិ​ចិញ្ចឹម​តិច​តួច និង​អាហារ​ដែល​មាន​ជាតិ​ស្ករ អំបិល និងជាតិ​ខ្លាញ់​មិន​ល្អ​ក្នុង​កម្រិត​ខ្ពស់។

លោក​បាន​បញ្ជាក់​ថា៖​ «យើង​បាន​ឃើញ​នូវ​លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​យើង។ ការ​សិក្សា​បាន​រកឃើញ​ថា កុមារ​បរិភោគ​អា​ហារ​ និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព​មាន​ការ​កើន​ឡើង​គួរឱ្យ​ព្រួយ​បារម្ភ។ ម្យ៉ាង​ទៀត​យើង​រក​ឃើញ​ថា ការ​បរិភោគ​បន្លែ និង​ផ្លែ​ឈើមាន​សារ​ជាតិ​ចិញ្ចឹម​ខ្ពស់​នៅ​មាន​កម្រិត​ទាប។យើង​ក៏​រក​ឃើញ​ផង​ដែរ​ថា មាន​ការ​ប្រើ​ប្រាស់​ផលិត​ផល​ជំនួស​ទឹក​ដោះ​ម្តាយ​យ៉ាង​ច្រើន​លើស​លប់​លើ​កុមារ​អាយុ ១០ ដល់​ ១៧ ​ខែ»។

លោក ​ហ៊ូ គ្រើន រំពឹងថា ការ​ស្រាវ​ជ្រាវ​នេះ គឺជា​ភ័ស្តុ​តាង​មួយ​សម្រាប់​អាណា​ព្យា​បាល​ធ្វើការ​ពិចារ​ណានៅ​ពេល​ទារក​មាន​អាយុ​ចាប់​ពី ៦ ខែ​ឡើង​ទៅ​ ព្រោះ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​មិន​អាច​បំពេញ​នូវ​សេចក្តី​ត្រូវការ​របស់​ទា​រក​សម្រាប់​ការ​លូត​លាស់ និង​ការ​អភិវឌ្ឍ​របស់​ពួក​គេ​បានទេ។ ដូច្នេះ​អំឡុង​ពេល​នេះ​តម្រូវ​ឱ្យ​អ្នក​ថែទាំ​កុមារ​ផ្តល់​អាហារ​បន្ថែម​ដែល​មាន​លក្ខណ:​ចម្រុះ​មុខ ហើយ​មាន​សារ​ជាតិ​ចិញ្ចឹម និង​បរិមាណ​គ្រប់​គ្រាន់ប្រកប​ដោយ​សុវត្ថិភាព​បន្ថែលើទឹក​ដោះ​ម្តាយ ដែល​ផ្ទុយ​ពីការផ្តល់​របប​អាហារ​មិន​បាន​ល្អ​សម្រាប់​កុមារ​នៅ​អំឡុង​ពេល​នេះ​នឹងធ្វើ​ប៉ះ​ពាល់​ដល់​សុខ​ភាព និង​អា​ហា​រូប​ត្ថម្ភ​របស់​ពួក​គេ។

តាម​លទ្ធ​ផល​នៃ​ការ​អង្កេត​ប្រជា​សាស្ត្រ​និង​សុខ​ភាព​កម្ពុជា​ឆ្នាំ ២០២២ បង្ហាញ​ថា កុមារ​កម្ពុជា​អាយុ​ពី ៦-២៣ ​ខែ ប្រមា​ណ​ ២៨​ ភាគ​រយ ​បាន​ប្រើ​ប្រាស់​ភេសជ្ជៈ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​និង​កុមារ​កម្ពុជា​អាយុ​ពី ៦-២៣ ​ខែ​ប្រមាណ ២១​ ភាគ​រយ​ បាន​ប្រើ​ប្រាស់​អាហារ​មិនល្អ​ចំពោះ​សុខ​ភាព​នា​ពេល​កន្លង​មក។

លោក​ស្រី ប្រាក់ សោភ័ណ​នារី រដ្ឋ​លេខាធិ​ការ​ក្រសួង​សុខាភិ​បាល បាន​លើក​ឡើង​ថា បើទោះបី​កម្ពុ​ជាមាន​គោល​នយោ​បាយ​មួយ​ចំនួន​សម្រាប់​អនុវត្ត​លើ​ការ​គ្រប់​គ្រង​ផលិត​ផល​ចិញ្ចឹម​ទារក និ​ង​កុមារ​ក៏ដោយ​ ក៏​នៅ​មិន​ទាន់​មាន​បទ​ប្បញ្ញត្តិ និង​ស្តង់​ដា​ផលិត​ផល​អាហារ​ជាក់​លាក់​សម្រាប់​កុមារ​នៅ​ឡើយ។ ​

លោក​ស្រី​បាន​បន្ត​ថា កា​រខ្វះ​ខាត​នោះ​ គឺ​សំដៅ​ទៅ​លើ​បទប្បញ្ញត្តិ​និង​ស្តង់​ដា​លើ​សមាស​ភាព​ផលិត​ផល​អាហារ​បន្ថែម កម្រិត​គ្រឿង​ផ្សំ​ផលិត​ផល​អាហារ​បន្ថែម​កម្រិត​បរិមាណ​សារ​ជាតិ​ចិញ្ចឹម ការ​ផ្សព្វ​ផ្សាយ​លក់​ផលិត​ផល ការ​អះអាង​លើ​ផល​ប្រយោជន៍​អាហា​រូបត្ថម្ភ​និង​បទ​ប្បញ្ញត្តិ​លើ​ការ​អនុវត្ត​ប្រើ​ប្រាស់​ស្លាក​សញ្ញា​ផលិត​ផល​អាហារ​បន្ថែម​ជា​ដើម។

លោក​ស្រីចាត់​ទុក​ថា កង្វះ​នូវ​បទ​ប្បញ្ញត្តិ​និង​ស្តង់​ដា​ផលិត​ផល​ទាំង​នេះហើ​យដែល​អាច​បង្ក​ធ្វើឱ្យ​មាន​ការ​លំបាក​ដល់​អ្នក​ផលិត​ក្នុង​ស្រុក អ្នក​ប្រើ​ប្រាស់ ពិសេស​អ្នក​ថែទាំ​កុមារ ហើយក៏​អាច​ធ្វើឱ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សុខ​ភាព និង​សុវត្ថិ​ភាព​ទារក​ និង​កុមារ​ផង​ដែរ។

លោក​ស្រីបាន​បញ្ជាក់​ថា៖ «ផល​ប៉ះ​ពាល់​នៃ​ចំណុច​ខ្វះ​ចន្លោះ​លើ​បទប្បញ្ញត្តិ ​និង​ស្តង់​ដា​ផលិត​ផល​អាហារ​កុមារ​ អាច​មាន​​ទំហំ​ធំធេង ​និង​ធ្ងន់​ធ្ងរ ប្រសិន​បើ​យើង​មើល​រំលង និង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។ តាម​រយៈ​លទ្ធផល​នៃ​ការសិ​ក្សា​ស្រាវ​ជ្រាវ​លើ​ការ​បរិភោគ​អាហារ និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព​ ក្នុងអំឡុង​ពេល​នៃ​ការ​ផ្តល់​អាហារ​បន្ថែម​នេះគឺជា​ជំហាន​ចាប់​ផ្តើម​ដ៏​សំខាន់​បំផុត ​ដើម្បី​កំណត់​ជំហាន​បន្ទាប់​របស់​យើង​ក្នុងការ​ពិចា​រណាលើ​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នៃ​អត្រា​ដ៏​ខ្ពស់​ក្នុង​ការ​ប្រើ​ប្រាស់​ផលិត​ផល​ជំនួស​ទឹក​ដោះ​ម្តាយ»។

បន្ថែម​ពីនេះ លោកស្រីបាន​ពន្យល់​ថា អាហា​រ និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព​ទារក​និង​កុមារ​តូចៗ ​គឺជា​ចំណុច​អាទិ​ភាព​ដ៏​សំខាន់​​រួម​មាន គោល​នយោ​បាយ ​និង​កម្មវិធី​ដែល​គួរ​ផ្តោត​លើ​ការជំរុញ​និង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​អាហា​រូបត្ថម្ភ​ទារក​និង​កុមារ​ដោយ​បង្កើន​ការ​ទទួល​ទាន​អា​ហារ​ដែល​ល្អ​ចំពោះ​សុ​ព​ភាពអាហារ​សម្បូរ​សារ​ជាតិ​ចិញ្ចឹម​​ខ្ពស់​និង​អាហារ​ដែល​អាច​រក​បាន​ងាយ​ស្រួល​ក្នុង​សហ​គមន៍​ក្នុង​អំឡុង​ពេល​នៃ​ការផ្ដល់​អា​ហារ​បន្ថែម​ដល់​កុមារជា​ពិសេស បន្លែ​ និង​ផ្លែ​ឈើ​៕