
ទិដ្ឋភាពនៃផ្នែក ១ របស់រាជធានីភ្នំពេញ ដែលមានអគារខ្ពស់ៗ និងទឹកទន្លេ។ រូបថត ហុង មិនា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម សម្រាប់ប្រភេទអាជីវកម្មផ្សេងៗក្នុងវិស័យទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីសេចក្តីណែនាំរបស់រដ្ឋាភិបាល។
សេចក្តីប្រកាសព័ត៌មានស្តីពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា នាថ្ងៃទី ២៥ តុលា បញ្ជាក់ថា ក្រោយពីប្រទេសកម្ពុជា បានសម្រេចបើកពេញលេញឡើងវិញនូវគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច គឺសកម្មភាពធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា ជាពិសេសវិស័យសំខាន់ៗ រួមមាន វិស័យកាត់ដេរ-វាយនភណ្ឌ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានសម្ទុះងើបឡើងវិញយ៉ាងល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងខ្ពស់នៃការប្រើប្រាស់ និងការនាំចេញ។
ដោយឡែក សម្រាប់វិស័យទេសចរណ៍ ទោះបីជាចំនួនភ្ញៀវទេសចរមានការកើនឡើងក៏ដោយ ប៉ុន្តែកំណើននេះនៅមានកម្រិតនៅឡើយ ជាមួយនឹងបរិការណ៍បច្ចុប្បន្ន ដែលកំពុងនៅប្រឈមនឹងកត្តាហានិភ័យសង្គម-សេដ្ឋកិច្ចមួយចំនួនផ្សេងទៀត ដែលបន្តផ្តល់ផលប៉ះពាល់ដល់និរន្តរភាព សម្រាប់ប្រតិបត្តិការជាច្រើនក្នុងវិស័យទេសចរណ៍។
រដ្ឋាភិបាលកម្ពុជាលើកឡើងថា៖ «ដើម្បីបន្តជំរុញលំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈដ៏លំបាកនេះ»។
ក្រោមកិច្ចសហការយ៉ាងទូលំទូលាយជាមួយវិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ថែមសម្រាប់វិស័យទេសចរណ៍ ដោយបានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែមសម្រាប់អាជីវកម្មផ្សេងៗក្នុងវិស័យទេសចរណ៍។
សេចក្តីប្រកាសបញ្ជាក់ថា៖ «លើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករចំពោះសណ្ឋាគារផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២២»។
អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ ឆ្នាំ ២០២២ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មានសកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។
អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ យ៉ាងយឺតបំផុតឱ្យបានមុនដំណាច់ខែមីនា ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាស។
រដ្ឋាភិបាលកម្ពុជា បន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទានពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់ផងដែរ។
រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំ នូវស្ថានភាពនៃជំងឺកូវីដ១៩ លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌសកល តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺនេះ ក៏ដូចជាការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធសកល ក្នុងបរិបទថ្មីៗ មកលើវិស័យសំខាន់ៗ ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់ផងដែរ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា មិនមានការរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍នៅទូទាំងប្រទេស រយៈពេល ៥ ថ្ងៃជាប់ៗគ្នាផងដែរ ចាប់តាំងពីថ្ងៃទី ២០-២៤ តុលា ឆ្នាំ ២០២២ ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលនៅតែបន្តជំរុញឱ្យប្រជាពលរដ្ឋទាំងអស់អនុវត្តនូវវិធានការការពារខ្លួនពីការឆ្លងមេរោគនេះឱ្យបានត្រឹមត្រូវដដែលផងដែរ៕