
អ្នកជំនាញ IMF កំពុងតែចែករំលែកបទពិសោធដល់មន្ត្រីគយកម្ពុជា ពីបច្ចេកទេសស៊ើបអង្កេត ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងសិក្ខាសាលាពីថ្ងៃទី ២៤ តុលា។ រូបថត GDC
ភ្នំពេញៈ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI) ថ្លែងថា កម្ពុជាបាននិងកំពុងរំកិលខ្លួនបន្តិចម្ដងៗក្នុងការរំដោះខ្លួនចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសមានហានិភ័យខ្ពស់ ខាងអំពើលាងលុយកខ្វក់បន្ទាប់ពីកម្ពុជាស្ថិតនៅក្នុងពណ៌នេះអស់រយៈពេល ៣ ឆ្នាំជាប់គ្នា ពី ២០២០ ដល់ឆ្នាំ ២០២២ តាមរយៈការកំណត់របស់ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF)។
លោកបន្តថា៖ «ការវិវត្តជាវិជ្ជមាន ស្ដែងឡើងតាមរយៈ ការដាក់ចេញនូវគោលការណ៍គតិយុត្ត ការបង្កើតអគ្គនាយកដ្ឋានដែលដឹកនាំប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ ការបង្កើតកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិ និងក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ ហើយថ្មីៗនេះមានការបង្កើតគណៈកម្មការអន្តរក្រសួង ដឹកនាំដោយក្រសួងយុត្តិធម៌ប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ ខណៈដែលអង្គភាពប្រឆាំងអំពើពុករលួយក៏មានវគ្គបណ្ដុះបណ្ដាល និងបង្រៀនពីរបៀបស៊ើបអង្កេតដល់នាយកដ្ឋានពន្ធដារ ពីការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់នេះដែរ»។
បើតាមលោក ប៉ិច ពិសី ទោះជាមានការរវិវត្តជាវិជ្ជមាន ប៉ុន្តែកម្ពុជានៅធ្វើមិនទាន់ អនុវត្តឱ្យបានពេញលេញតាមអនុសាសន៍មួយចំនួន របស់ក្រុមការងារហិរញ្ញវត្ថុ FATF នៅឡើយទេ ទើបជាហេតុធ្វើឱ្យកម្ពុជាស្ថិតនៅក្នុងពណ៌ប្រផេះ។
លោកបន្ថែមថា៖ «ទោះបីយើងមានគោលការណ៍គតិយុត្តក៏ដោយ ប៉ុន្តែការអនុវត្តច្បាប់នៅមានកម្រិតដូចជាការស៊ើបអង្កេត ការចាប់ខ្លួន ការដាក់ទោសលើអ្នកពាក់ព័ន្ធឬជនសង្ស័យ ទាក់ទងបទឧក្រិដ្ឋ លាងលុយយើងនៅខ្សោយ»។
ចំណុចខ្សោយរបស់កម្ពុជាមួយទៀតគឺការចែករំលែក ព័ត៌មានសម្ងាត់ ទាក់ទងបទឧក្រិដ្ឋទៅដល់ប្រទេសដទៃ ព្រោះជាទូទៅការធ្វើកិច្ចការងារនេះ ត្រូវការកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិ ហើយសមត្ថភាពមន្ត្រីកម្ពុជានៅមានកម្រិត។
ទោះជាយ៉ាងណាលោកប៉ិច ពិសី លើកទឹកចិត្តដល់រដ្ឋាភិបាល ឱ្យបង្កើនល្បឿនបន្ថែមទៀត ដើម្បីទាញកម្ពុជាចេញពីពណ៌ប្រផេះសម្រាប់ការវាយតម្លៃនៅឆ្នាំ ២០២៣ បើពុំដូច្នោះទេវាអាចប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគនៅកម្ពុជា។ លោកថា៖ «វិស័យដែលមានហានិភ័យខ្ពស់ពីអំពើលាងលុយនេះរួមមាន ល្បែងកាស៊ីណូ អចលនទ្រព្យ ការវិនិយោគបែបស្រមោលដែលមិនមានការចុះបញ្ជីត្រឹមត្រូវ»។
ការកត់សម្គាល់របស់លោក ប៉ិច ពិសី ចំពេលដែលតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំពុងតែចែករំលែកបទពិសោធដល់មន្ត្រីគយកម្ពុជា ពីបច្ចេកទេសស៊ើបអង្កេត ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងសិក្ខាសាលារួមគ្នាមួយ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង IMF ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលជប៉ុន ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២។
លោក Stephen Cox ទីប្រឹក្សាកិច្ចការគយរបស់ IMF ប្រចាំកម្ពុជា និង លោក Tom Hansan ទីប្រឹក្សា IMF ផ្នែកកិច្ចការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម បានលើកប្រធានបទសំខាន់ៗដូចជា បច្ចេកទេសវិភាគ និងស៊ើបអង្កេតហិរញ្ញវត្ថុ ការរៀបចំផែនការសម្រាប់ធ្វើការស៊ើបអង្កេត ការកំណត់សញ្ញាណបទល្មើសសម្អាតប្រាក់ក្រោមរូបភាពពាណិជ្ជកម្ម បច្ចេកទេសស៊ើបអង្កេត និងចាប់យកផលនៃបទល្មើសជាដើម។
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ជាអ្វីដែលរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តកិច្ចការនេះ ព្រោះកម្ពុជាបានចូលជាសមាជិកក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (Asia/Pacific Group on Money Laundering-APG) ក្នុងឆ្នាំ ២០០៤។
តាមរយៈសមាជិកភាពនេះ កម្ពុជាត្រូវអនុវត្តកាតព្វកិច្ចប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មជាប្រចាំ ស្របតាមបញ្ហានិងវិធានការថ្មីៗ ដែលកំណត់ដោយ APG និងក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF)។
បើនិយាយពីយុទ្ធនាការប្រឆាំងការលាងលុយកខ្វក់នៅកម្ពុជាកម្ពុជាមានសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឬការលាងលុយកខ្វក់ តាំងពីឆ្នាំពី ២០២០ មកម្ល៉េះ ប៉ុន្តែគ្មានចំណាត់ថ្នាក់ល្អប្រសើរឡើយ។
ដោយសារតែបែបនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអនុប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) ធ្លាប់លើកឡើងថា របៀបរបបការងារមួយច្បាស់លាស់សម្រាប់ការប្រឆាំងការសម្អាតប្រាក់នៅតាមក្រសួងស្ថាប័ននានាគឺជាគន្លឹះដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ទាំងចំពោះមុខ ទាំងសម្រាប់រយៈពេលវែងទៅថ្ងៃមុខ។ ជាមួយគ្នានេះលោករដ្ឋមន្ត្រីយុត្តិធម៌ តែងរំឭកមន្ត្រីក្រោមឱវាទជាពិសេសមន្ត្រីតុលាការត្រូវពង្រឹងការទប់ស្កាត់បទល្មើសសម្អាតប្រាក់។
មាត្រា ១ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលប្រកាសឱ្យប្រើកាលពីអំឡុងខែមិថុនា ឆ្នាំ ២០២០ បានចែងថា៖ «ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»៕
វីដេអូ៖