ខេត្តព្រៃ​វែងៈ ត្រូវបាន​ប្រកាស​ទទួលបាន​ជយ​លាភី​ជា​ខេត្ត​ទី២ ក្នុងការ​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាស​កាល ​(ODF)​ បន្ទាប់ពី​ខេត្តស្វាយ​រៀង បាន​សម្រេច​គោលដៅ​នេះ​ដំបូង​គេ​ ដែល​មានន័យថា គ្រប់​គ្រួសារ​សុទ្ធតែ​មាន​បង្គន់​អនាម័យ​ប្រើ​ប្រាស់ ខណៈ​ខេត្ត​កណ្តាល បានបញ្ចប់​ដោយ​ជោគជ័យ ODF ក្នុង​ក្របខ័ណ្ឌ​ផ្ទៃក្នុង​ខេត្ត​បាន ១០០ ភាគរយ។

នៅ​ថ្ងៃទី​ ២៥ ខែតុលា​ រដ្ឋបាលខេត្ត​ព្រៃវែង បាន​ប្រារព្ធ​ពិធី​ជយលាភី​ខេត្ត​ទី២ ក្នុងការ​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាស​កាល ដោយមាន​ការ​ដង្ហែក្បួន​ និង​ជួបជុំ ​ដើម្បី​អបអរ​ការ​ទទួល​បាន​ជោគជ័យ​នេះ ដោយមាន​ការចូលរួម​ពី​អង្គការ​ជាតិ និង​អន្តរ​ជាតិ ព្រមទាំង​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ។

ការ​ប្រារព្វ​ពិ​ធី​ជយលាភី​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ បាន​ប្រកាស​ទទួល​ស្គាល់​ ដែល​ជាផ្នែក​មួយ​នៃ​​កម្មវិធី​លើកកម្ពស់​អនា​ម័យ​ជន​បទ​កម្ពុជា (CRSHIP) ដែល​អង្គការ​ភ្លែ​ន​អន្តរជាតិ ជាទី​ភ្នាក់ងារ​ប្រតិបត្តិ (EA) នៃ​មូលនិធិ​អនាម័យ​សកល​ឆ្នាំ ២០១១-២០២២ចូលរួម។

តាមរយៈ​ជោគ​ជ័យ​នេះ​ នឹងមាន​ប្រជាពលរដ្ឋ​ជាង​ ១​ លាន​នាក់ ​ក្នុង​ខេត្ត​ព្រៃវែង​មកពី ១ ១៣៩ ភូមិ ១១៦ ឃុំ និង ១២ ស្រុក និង​ក្រុង ១ មាន​បង្គន់​អនាម័យ​ប្រើប្រាស់​គ្រប់​គ្រួសារ ដែលជា​ការផ្លាស់ប្តូ​រវិ​ជ្ជ​មាន​របស់​ខេត្ត​ក្នុងការ​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាសកាល (ODF)។ នេះ​បើតាម​​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា។

អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានឱ្យដឹង​បន្ថែម​ថា ខេត្ត​ព្រៃវែង​ស្ថិតក្នុង​ចំណោម​ខេត្ត​ទាំង ១១ ដែល CRSHIP ចាប់ផ្តើម​ធ្វើការ​ដោយ​មានការ​គ្រប​ដណ្តប់​អនាម័យ​តិចជាង​ ៥០ ភា​គរយ។ កម្មវិធី​នេះ​លើកកម្ពស់​ការប្រើប្រាស់​ប​ង្គ​ន់​អនាម័យ​ជា​ប្រចាំ ការ​លាងដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត​ដោយ​សុវត្ថិភាព តាមរយៈ​អនាម័យ​សរុប​ដែល​ដឹកនាំ​ដោយ​សហគមន៍ ការ​លាង​សម្អាត​នៅក្នុង​សាលារៀន និង​ការពង្រឹង​សមត្ថភាពរ​បស់​រដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​អនា​ម័យ ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង។

អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា រំពឹងថា ខេត្ត​ត្រូវ​បន្តធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ និង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​គ្រប់​កម្រិត រួមមាន​អាជ្ញាធរ ស្ថាប័ន​ពាក់​ព័ន្ធ វិស័យ​ឯកជន​ និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​សម្រួល​ដល់​សកម្មភាព​អភិវឌ្ឍន៍​មូលដ្ឋាន ជាពិសេស​ដើម្បី​ធានា​និរន្តរភាព​នៃ ODF នៅ​គ្រប់​ស្រុក និង​ឃុំ ដើម្បី​សម្រេច​បាន ODF កម្រិត​ខ្ពស់ បន្ថែមទៀត។

លោក យី គឹម​ថា​ន នាយក​រង​ប្រចាំ​ប្រទេសអង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា មាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៥ តុលា​ថា សមិទ្ធផល​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន ដោយ​ធ្វើការ​យកចិត្តទុកដាក់​នៅ​រាល់​កម្រិតផ្សេងៗគ្នា ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​បង្កើត​ការរៀបចំ​ស្ថាប័ន​អនុវត្ត​ប្រព័ន្ធ​ត្រួតពិនិត្យ​អនាម័យ បង្កើត​ការចូលរួម​សហគមន៍ បង្កើត​ទីផ្សារ​អនាម័យ ឧបត្ថម្ភ​ធនដល់​គ្រួសារ​ក្រីក្រ និង​អ្នក​ងាយ​រងគ្រោះ។ លោក​ថា តួនាទី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួង​អភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត មន្ទីរ​អភិវឌ្ឍន៍​ជនបទ អាជ្ញាធរ​ស្រុក អាជ្ញាធរ​ឃុំ និង​ភូមិ មាន​សារៈសំខាន់​ណាស់​ក្នុងការ​ធានាបាន​ជោគ​ជ័យ​នេះ​នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​ដទៃៗ​ទៀត។

លោកបញ្ជាក់​ថា៖ «ការផ្លាស់​ប្តូ​រទម្លាប់ និង​ការអ​នុវត្ត​នូវ​ទម្លាប់​ថ្មី​មិន​ងាយ​ស្រួល​នោះ​ទេ វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំង​ណាស់។ ការបញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាសកាល កាត់បន្ថយ​ជំងឺ​កុមារ និង​កង្វះ​អាហារូប​ត្ថម្ភ​ដែលជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ ការរៀន​សូត្រ​របស់​កុមារ និង​ឱកាស​សេដ្ឋកិច្ច​នៅពេល​ខាងមុខ។ ជាពិសេស​សម្រាប់​ក្មេង​ស្រី និង​ស្ត្រី​ជួយ​លុបបំបាត់​នូវ​ឧបសគ្គ​ចំពោះ​សេចក្តី​ថ្លៃថ្នូរ និង​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​នៅពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ឬ​នៅ​ពេល​យប់»។

បន្ថែម​ពីនេះ​លោក យី​ គឹម​ថា​ន បាន​លើក​ឡើង​ទៀត​ថា ការ​ប្រកាស​ពី​ភាពជោគជ័យ​របស់​ខេត្តព្រៃ​វែង ​គឺជា​ជំ​ហាន​ទី២ បន្ទាប់ពី​ខេត្ត​ស្វាយរៀង បាន​ទទួល​ជោគជ័យ​នេះ​ក្នុងការ​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) ជា​លើកដំបូង ហើយ​​ក្រសួង​អភិវឌ្ឍន៍​ជន​បទ គ្រោង​នឹង​ធ្វើឱ្យ​សម្រេច​បាន​នូវ​ខេត្ត​គោល​ដៅ​ចំនួន​ ៣ ផ្សេង​ទៀត​ គឺ​ខេត្ត​កណ្តាល​ ខេត្ត​កំពង់​ឆ្នាំង​ និង​ខេត្ត​កំពង់​ស្ពឺ នៅ​ឆ្នាំ ២០២៣​ ខាង​មុខ​។

លោក​បញ្ជាក់​បន្ថែម​ថា៖ «សម្រាប់​គោល​ដៅ​អង្គការ​ភ្លែ​ន​វិញ ក្រៅពី​ចូលរួម​ជាមួយ​ក្រសួង​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការ​បន្ទោ​បង់​នេះ អង្គការ​ភ្លែ​ន​ក៏មាន​ខេត្ត​ចំនួន​៣ទៀត​ដូចជា ខេត្ត​រតនគីរី ស្ទឹង​ត្រែង និង​ខេត្ត​សៀម​រាប ដើម្បី​ធ្វើការ​គាំទ្រ​ឱ្យ​ខេត្ត​ទាំង​អស់​នោះ​បញ្ឈ​ប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​»។

ពាក់​ព័ន្ធ​នឹង​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាស​កាល​នេះ កាលពី​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២​ រដ្ឋបាល​ខេត្ត​កណ្តាល ក៏​បាន​ប្រកាស​ដែរ​ថា ខេត្ត​នេះ​បានសម្រេចបញ្ចប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល (ODF) ក្នុង​ក្រប​ខ័ណ្ឌផ្ទៃក្នុង​ខេត្ត​បាន​ ១០០ ភាគ​រយ។

មន្ទីរ​អភិវឌ្ឍន៍​ជន​បទខេត្ត​កណ្តាល​បាន​ឱ្យ​ដឹង​ថា ស្ថានភាព​អនាម័យ​បរិស្ថាន​នៅក្នុង​ខេត្តឆ្នាំ ​២០២២ ជាក់​ស្ដែង តាម​ខ្នង​ផ្ទះ មាន​បង្គន់​ប្រើប្រាស់ ១០០ ភាគ​រយ​ ក្នុងនោះ​ខ្នង​ផ្ទះ​ប្រើ​បង្គន់​ផ្ទាល់ខ្លួន​មាន ៩៥,៤ភាគរយ និង​ខ្នង​ផ្ទះ​ប្រើ​បង្គន់​រួមគ្នា ​មាន ៤,៦ ​ភាគ​រយ។ ដោយ​ឡែក​ចំពោះ​មូលដ្ឋាន​ក្រុង ស្រុក គឺ​ខេត្ត សម្រេច​បញ្ចប់​ការ​បន្ទោបង់ ពាសវាល​ពាស​កាល (ODF) ១០០​ ភាគ​រយ​ក្នុង​ចំណោម​ ១១ ​ក្រុង-ស្រុក មាន​ ១២៧ ឃុំ-សង្កាត់ ស្មើ​នឹង ១ ០១០ ភូមិ។

លោក គង់​ សោ​ភ័ណ្ឌ អភិបាលខេត្ត​កណ្តាលបាន​និយាយ​ថា នេះ​គឺជា​ការប្រឹង​ប្រែង​របស់​ក្រុមការងារ ​បច្ចេក​ទេស ជំ​នាញ អាជ្ញាធរ គ្រប់​មូលដ្ឋាន ស្ថាប័ន​ពាក់​ព័ន្ធ បាន​ចូលរួម សហការគ្នា ធ្វើឱ្យ​សម្រេចបាន​នូវ​ការបញ្ចប់​ការ​បន្ទោបង់ ពាស​វាល​ពាស​កាល (ODF) ក្នុង​ក្រប​ខ័ណ្ឌ ផ្ទៃ​ក្នុង​ខេត្តបាន ១០០ ភាគ​រយ។

ក្នុងនោះ​ លោក​ក៏បាន​ណែនាំ​បន្ថែម​ថា៖ «អាជ្ញាធរ​គ្រប់​មូលដ្ឋាន គ្រប់​ស្ថាប័ន ត្រូវ​អប់រំ​ផ្សព្វផ្សាយ​នៅតាម​សា្ថ​ប័ន សហគ​មន៍ សាលារៀន មន្ទីរពេទ្យ វត្ត​អា​រា​ម និង​កន្លែង​ផ្តល់​សេវាកម្មផ្សេងៗទៀត​ឱ្យបាន​ទូលំ​ទូលាយ ដោយ​ប្រកាន់ខ្ជាប់ អនា​ម័យ ​បរិស្ថាន​ស្អាត ​និងត្រូវ​ចេះ​វេច​ខ្ចប់​សំរាម កាក​សំណល់​រឹង​ឱ្យបាន​ត្រឹមត្រូវ​ និង​មាន​ធុងសំរាម ​ចៀសវាង​ ការ​ចោល​សំរាម​ពាសវាល​ពាស​កាល​»៕