ពោធិ៍សាត់ៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​ងើបឈរ​ប្រឆាំង «​ជន​ក្បត់ជាតិ​» ​ដែល​លោក​ចង់​សំដៅ​លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​លោក​លើកឡើង​ថា ជននេះ​បាន​ប្រមាថ​ព្រះមហាក្សត្រ​។

លោក​អំពាវនាវ​ដូច្នេះ ក្នុង​ពិធី​ផ្តល់​ស្រូវពូជ​ប្រមាណ​ជាង ៥១ ​ម៉ឺន​គីឡូក្រាម ដល់​កសិករ​ប្រមាណ​ជាង​ ៥ ០០០​ គ្រួសារ ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់ នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃទី​ ២៥ ខែតុលា​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «២​ ថ្ងៃមុន​នេះ​គេ​មិន​ត្រឹមតែ​ជេរ​ត្រឹម​ខ្ញុំ​ទេ គេ​ជេរ​ព្រះមហាក្សត្រ​របស់​យើង​។ ដូច្នេះ ខ្ញុំ​​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ទាំង​ព្រះសង្ឃ​ទាំង​គ្រហស្ថ​ងើបឈរ​ឡើង​ ដើម្បី​ប្រឆាំង​ជន​ក្បត់ជាតិ​ហើយ​និង​បក្ស​ណា​ដែល​ផ្សារភ្ជាប់​ជាមួយ​ជន​ក្បត់ជាតិ​នេះ​ ដើម្បី​ធានា​​ការពារ​រាជានិយម ការពារ​រាជបល្ល័ង្ក ការពារ​ព្រះមហាក្សត្រ​ការពារ​ឯកភាព សន្តិភាព​នៃ​ទឹកដី​របស់​យើង​»​។

លោក​ ហ៊ុន សែន បន្តថា អ្នក​ទាំងឡាយ​ដែល​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​នឹង​គណបក្ស​ដែល​លោក​ហៅថា «​គណបក្ស​ក្បត់ជាតិ​ក្បត់​សាសនា ក្បត់​ព្រះមហាក្សត្រ​» គួរតែ​ផ្តាច់ខ្លួន​ចេញពី​ «​ក្រុម​ជន​ក្បត់ជាតិ​» ដោយ​លោក​បាន​ព្រមាន​ថា បើ​មិន​ដូច្នោះ​អ្នក​ទាំងនោះ​អាច​ទទួល​រង​នូវ​ផលវិបាក​ផ្សេងៗ​។

លោក​ថា នេះ​មិនមែន​ជា​ការគំរាមកំហែង​នោះទេ ប៉ុន្តែ​វា​ជា​រឿង​ពិត ព្រោះ​នៅក្នុង​ប្រទេស​មួយ​មិនអាច​អនុញ្ញាត​ឱ្យមាន «​បក្ស​ក្បត់ជាតិ​» បានទេ​។

លោក​ ហ៊ុន សែន​បាន​ថ្លែងថា គណបក្ស​ណា​ដែល​ផ្សារភ្ជាប់​ខ្លួន​ជាមួយ «​ជន​ក្បត់ជាតិ​» ដែល​លោក​ចង់​សំដៅ​លោក​ សម រង្ស៊ី ​ចាំបាច់​ត្រូវតែ​ពិនិត្យមើល​ដោយ​តុលាការ​ ហើយ​រដ្ឋាភិបាល​របស់​លោក ក៏​មិន​ទុកឱ្យ «​ជន​ក្បត់ជាតិ​នេះ​»​ នៅ​បន្ត​ការរំខាន​នោះទេ ​ដោយ​លោក​បញ្ជាក់ថា​៖ «​បើ​ជេរ​ត្រឹមតែ​នាយករដ្ឋមន្ត្រី វា​មិន​អី​ទេ ក៏ប៉ុន្តែ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មកវា​ជេរ​មហាក្សត្រ​។ ឥឡូវ​វា​ជេរ​មហាក្សត្រ​ទៀត ហើយ​រហូត​វា​ប្រើពាក្យ​ថា មហាក្សត្រ​គ្មាន​មនសិការ​ជាតិ​សូម្បីតែ​បន្តិច​»​។

លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​អ្នក​ដែល​រស់នៅ​ក្នុង​គណបក្ស​មួយ ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ ហើយ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​លោក​ សម រង្ស៊ី​ ដែល​លោក​ហៅថា «​ជន​ក្បត់ជាតិ​ ៣ ​ជំនាន់​» ឱ្យប្រញាប់​ផ្តាច់ខ្លួន​ចេញ​ហើយ​ទៅ​ចូលរួម​ជាមួយ​បក្សនយោបាយ​ផ្សេងៗ ដោយ​កុំ​នៅ​ជាមួយ​បក្ស​នេះ​។ តែបើ​នៅ​ជាមួយ​បក្ស​នេះ គឺមាន​ហានិភ័យ​ដែល​នឹង​ឈាន​ទៅដល់​ការអនុវត្ត​ច្បាប់ ប្រសិនបើ​រកឃើញ​ថា មាន​ទំនាក់​ទំនង​ជាមួយ​លោក​ សម រង្ស៊ី​។

លោក​ ហ៊ុន សែន ស្វាគមន៍​ពលរដ្ឋ​ក្នុង​ពិធី​ចែក​ស្រូវពូជ​នៅ​ខេត្ត​ពោធិ៍សាត់​នៅ​ថ្ងៃទី​ ២៥ ​តុលា​។ រូបថត SPM

លោក មាជ សុណ្ណារ៉ា មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ យល់​ថា ចំណាត់ការ​របស់​​រដ្ឋាភិបាល លើ​ករណី​លោក​ ​សម រង្ស៊ី ជុំវិញ​ការប៉ុនប៉ង​ធ្វើការ​ផ្តួលរំលំ​រដ្ឋាភិបាល ឬ​ការប្រមាថ​ព្រះមហាក្សត្រ​ជាដើម​នេះ ជា​រឿង​ត្រឹមត្រូវ​ក្នុងនាម​ជា​រដ្ឋាភិបាល​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​មិនចាំបាច់​ធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ និង​ព្រះសង្ឃ​ឱ្យមក​​ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះឡើយ ដែល​លោក​ថា ហាក់​ជា​រឿង​​មិន​សមហេតុ​សមផល​។

លោក មាជ សុណ្ណារ៉ា ​ថា​៖ «​វា​ជា​រឿង​ហួស​ហេតុ​ដែល​រដ្ឋាភិបាល ចង់ឱ្យ​ប្រជាពលរដ្ឋ និង​ស្ថាប័ន​ព្រះសង្ឃ បន្ទរ​លើ​ចំណាត់ការ​របស់ខ្លួន ដែល​វា​ហាក់​បង្ហាញ​ពី​គំនុំ​នយោបាយ​ច្រើនជាង​ទិដ្ឋភាព​ច្បាប់ ព្រោះ​ចំណាត់ការ​រដ្ឋាភិបាល​វា​គ្រប់គ្រាន់​ទៅ​ហើយ​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក​ ឈត ប៊ុនថង មន្ត្រី​ស្រាវជ្រាវ​ផ្នែក​អប់រំ សីលធម៌​សង្គម​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​បញ្ជាក់ថា ក្នុង​កិច្ចការ​នយោបាយ គេ​មិន​ត្រូវយក​តួអង្គ​ព្រះមហាក្សត្រ​មក​ពាក់ព័ន្ធ​នោះឡើយ​។

លោក ​ឈត ប៊ុនថង អំពាវនាវ​ដល់​អ្នកនយោបាយ​នានា ពិចារណា​មុន​ថ្លែង​សារ​នយោបាយ​ណាមួយ ដែល​ចៀសវាង បង្កទំនាស់ និង​ភាព​ប្រេះឆា​គ្នា​នៅក្នុង​សង្គម​។ លោក​ថ្លែងថា​៖ «​អ្នកនយោបាយ​ត្រូវ​ដោះស្រាយ​ជាមួយ​អ្នក​នយោបាយ​គ្នាឯង​ទៅ ហើយ​ផ្លូវច្បាប់​ត្រូវ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ កុំ​យក​មក​ឡូកឡំ​គ្នា​»​។

យ៉ាងណាក្តី​លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ចាត់ទុក​ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី​ក្នុង​ការហៅ​ឱ្យ​ពលរដ្ឋ និង​ព្រះសង្ឃ​ទូទាំង​ប្រទេស ងើបឡើង​ប្រឆាំង​លោក សម រង្ស៊ី នេះ​ថា ជា​រឿង​ត្រឹមត្រូវ​មួយ​ក្នុង​ការបង្ហាញ​ទៅកាន់​សាធារណជន​ថា ស្ថាប័ន​រដ្ឋាភិបាល គោរព និង​ការពារ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ស្ថាប័ន​អង្គ​ព្រះមហាក្សត្រ ស្ថាប័ន​រាជានិយម​កម្ពុជា ដែល​មិន​អនុញ្ញាត​ឱ្យ​មានការ​ប្រមាថ ឬ​ជាន់ឈ្លី​ណាមួយ​ឡើយ​។

លោក​បាន​ថ្លែងថា​៖ «​វា​ជាការ​បង្ហាញ​ពី​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការពារ​របប​រាជានិយម ដូច​អ្វីដែល​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ជាតិ​»​។

លោក ​ផៃ ស៊ីផាន បន្ថែមថា សម្រាប់​ការអំពាវនាវ​នេះ​មិន​ត្រឹមតែ​ស្ថាប័ន​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ​ ដែល​មាន​តួនាទី​ការពារ​អង្គ​ព្រះមហាក្សត្រ និង​របបរាជានិយម​ចំណែក​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ក៏មាន​កាតព្វកិច្ច​ការពារ​ផងដែរ​។

ចំណែក​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក សម រង្ស៊ី បាន​និយាយ​ប្រមាថ​ព្រះមហាក្សត្រ ហើយ «​ការប្រមាថ​ដ៏ធ្ងន់ធ្ងរ​» របស់​លោក សម រង្ស៊ី ចំពោះ​ព្រះមហាក្សត្រ​ជា​ទង្វើ​ក្បត់ជាតិ សាសនា និង​ព្រះមហាក្សត្រ ដែល​ប្រជា​ជាតិខ្មែរ​មិនអាច​ទទួល​យក​បានឡើយ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ ទង្វើ​នៃ​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​របស់​លោក សម រង្ស៊ី ចំពោះ​អង្គ​ព្រះមហាក្សត្រ ជា​ទង្វើ​ក្បត់ជាតិ ដែល​មិនអាច​អត់ឱន​ឱ្យ​បាន​ជាដាច់ខាត ហើយ​ត្រូវតែ​ផ្តន្ទាទោស​ឱ្យ​ធ្ងន់ធ្ងរ​បំផុត​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​»​។

លោក គិន ភា បន្ថែមថា​៖ «​ប្រជាជន​ខ្មែរ​ទូទាំង​នគរ​គោរព​ស្រឡាញ់​អង្គ​ព្រះមហាក្សត្រ និង​ចាត់ទុក​ព្រះ​អង្គជា​ម្លប់​ដ៏ត្រជាក់ ​សម្រាប់​កូនចៅ​បណ្តា​ប្រជានុរាស្ត្រ​ខ្មែរ​ទូទាំង​នគរ​។ ដូច្នេះ បុគ្គល​ដែល​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ គឺជា​បុគ្គល​ជាន់ឈ្លី និង​ប្រមាថ​ចំពោះ​ប្រជាជន​ទូទាំង​នគរ គឺជា​រឿង​ដែល​ឈឺចាប់​បំផុត​ សម្រាប់​ប្រជាជន​ទូទាំង​នគរ​»​។

គួររំឭកថា កាលពី​ថ្ងៃទី​ ២៤ ខែតុលា ឆ្នាំ ​២០២២ ក្រសួង​យុត្តិធម៌​កម្ពុជា បានចេញ​ញត្តិ​ថ្កោលទោស ដែល​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ចាត់វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ទៅលើ​លោក​ សម រង្ស៊ី ចំពោះ​ការប្រមាថ​លើ​ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី ​ហើយ​និង​មាន​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ជា​លក្ខណៈ​បុគ្គល និង​ស្ថាប័នរដ្ឋ​នានា​ជាបន្តបន្ទាប់​លើ​ករណីនេះ​៕