
ក្រុមអ្នកស្ម័គ្រចិត្តភីស ខ័រ របស់អាមេរិក ដែលបានមកដល់កម្ពុជា។ រូប ភីស ខ័រ កម្ពុជា
ភ្នំពេញៈ ក្រុមអ្នកស្ម័គ្រចិត្តថ្មីរបស់ទីភ្នាក់ងារ ភីស ខ័រ (Peace Corps) នៃសហរដ្ឋអាមេរិក ចំនួន ៣៥ នាក់ ត្រូវបានបញ្ជូនមកកម្ពុជា ដើម្បីបំពេញការងារស្ម័គ្រចិត្ត សម្រាប់បណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេស ដល់សិស្សានុសិស្សនៅតាមសាលារៀននៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ Peace Corps ចុះថ្ងៃទី ២៥ តុលា ឱ្យដឹងថា បន្ទាប់ពីបានអាក់ខានអស់រយៈពេល ២ ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ជាសកលមក ទីភ្នាក់ងារភីស ខ័រ នៅកម្ពុជាបានចាប់ផ្តើមបេសកកម្ម ឡើងវិញ និងបានបញ្ជូនអ្នកស្ម័គ្រចិត្តចំនួន ៣៥ នាក់ ជនជាតិអាមេរិក ដើម្បីមកបំពេញការងារនៅទូទាំងប្រទេសកម្ពុជា។ បច្ចុប្បន្ន ក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ បានមកដល់កម្ពុជា ដើម្បីត្រៀមខ្លួនទៅបំពេញការងារនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ បេសកកម្មលើកនេះ ធ្វើឡើងតាមរយៈគម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេស។
សេចក្តីប្រកាសបញ្ជាក់ថា៖ «អ្នកស្ម័គ្រចិត្តរបស់ភីស ខ័រ សហការ ជាមួយគ្រូបង្រៀនកម្ពុជា នឹងបង្រៀនរួមគ្នាជាភាសាបរទេសដល់សិស្សានុសិស្សកម្ពុជា ចាប់ពីថ្នាក់បឋមសិក្សា និងថ្នាក់វិទ្យាល័យ និងនៅស្ថាប័នគ្រូបង្រៀន»។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy បញ្ជាក់ក្នុងសេចក្តីប្រកាសថា៖ «យើងមានសេចក្តីរីករាយណាស់ ដែលអ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ត្រឡប់មកប្រទេសកម្ពុជាវិញ។ បេសកកម្ម ជាសកលរបស់ទីភ្នាក់ងារ Peace Corps គឺសន្តិភាពពិភពលោក និងមិត្តភាព ហើយអ្នកស្ម័គ្រចិត្តទាំងនោះ នឹងបំពេញបេសកកម្មនេះតាមរយៈការងាររបស់គេ»។
លោកបន្តថា ក្នុងនាមរូបលោកផ្ទាល់ជាអតីតអ្នកស្ម័គ្រចិត្ត នៃទីភ្នាក់ងារ Peace Corps គឺបានយល់ពីតម្លៃដែលអ្នកស្ម័គ្រចិត្តទាំងនេះបានធ្វើក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ថា ការចូលរួមរបស់អ្នកស្ម័គ្រចិត្តទីភ្នាក់ងារ ភីស ខ័រ នាពេលនេះ នឹងរួមចំណែកដល់ការលើកកម្ពស់គោលនយោបាយអប់រំនៅកម្ពុជា។
លោកថា៖ «ស្វាគមន៍ និងលើកទឹកចិត្តចំពោះកិច្ចសហការវិជ្ជមាន រវាងក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍យុវជន និងកម្មវិធីសិក្សាផ្សេងទៀតដែលស្របនឹងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ក្នុងន័យចូលរួមលើកកម្ពស់គុណភាពយុវជនសម្រាប់ការចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតាមគ្រប់រូបភាព»។
លោក Mikel Herrington ប្រធាននៃទីភ្នាក់ងារ Peace Corps ប្រចាំនៅកម្ពុជា ថ្លែងថា លោកពិតជាមានក្តីរំភើបក្នុងការក្លាយជាចំណែកប្រវត្តិសាស្ត្រមួយ នៃការវិលត្រឡប់មកកម្ពុជាវិញ នៃអ្នកស្ម័គ្រចិត្តរបស់ ភីស ខ័រ។
លោកថ្លែងថា៖ «ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ បុគ្គលិកនៃទីភ្នាក់ងារ Peace Corps នៅទូទាំងពិភពលោក បានធ្វើការដើម្បីពង្រឹងគ្រឹះនៃទីភ្នាក់ងារនេះ។ ឥឡូវនេះ ពួកយើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដំណើរការឡើងវិញនូវសកម្មភាពការងាររបស់អ្នកស្ម័គ្រចិត្តរបស់យើង ជាមួយដៃគូរបស់យើងនៅតាមសហគមន៍នៅកម្ពុជា និងជាមួយបុគ្គលិកនៃស្ថានទូតរបស់យើង»។
តាមរយៈគម្រោងបណ្តុះបណ្តាល គ្រូ និងបង្រៀនភាសាអង់គ្លេស នៃអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ ភីស ខ័រ បានធ្វើការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញអាទិភាពផ្នែកអប់រំរបស់កម្ពុជា។
គម្រោងនេះ នឹងពង្រឹងជំនាញក្នុងការគិត និងផ្នែកភាសាអង់គ្លេស របស់សិស្ស និស្សិត គ្រូ និងសមាជិកសហគមន៍នៅកម្ពុជា ដើម្បីឱ្យពួកគេមានឱកាសទទួលបានឱកាសសម្រាប់ខ្លួនគេផ្ទាល់ ក្នុងអាជីព និងក្នុងការសិក្សា។
ក្នុងអំឡុងពេលធ្វើអន្តរកម្មឡើងវិញចុងក្រោយរបស់គម្រោងក្នុងឆ្នាំ ២០១៩ សហគ្រូបង្រៀនកម្ពុជា ៤៨ ភាគរយ បានអភិវឌ្ឍនូវវិធីសាស្ត្របង្រៀនភាសាអង់គ្លេសរបស់ពួកគេ ហើយសិស្ស ៣ ៣១៧ នាក់ បានបង្ហាញពីភាពប្រសើរឡើងនៃជំនាញភាសាអង់គ្លេសលើការវាយតម្លៃក្រៅផ្លូវការ និងផ្លូវការ។ ទីភ្នាក់ងារ Peace Corps បានស្វាគមន៍ក្រុមអ្នកស្ម័គ្រចិត្តទី១ របស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ ២០០៧ ដែលគិតរហូតមកដល់ពេលនេះ មានចំនួន ៧១៤ នាក់ហើយ ដោយធ្វើការនៅតាមគម្រោងសិក្សាអប់រំ ផ្នែកភាសាអង់គ្លេស និងកម្មវិធីអប់រំសុខភាព បានដំណើរការពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៨ ។
ទីភ្នាក់ងារ Peace Corps របស់សហរដ្ឋអាមេរិក បង្កើតក្នុងគោលបំណងកសាងសមត្ថភាពទាំងមនុស្សប្រុសស្រី នៅប្រទេសដែលមានការពាក់ព័ន្ធ និងសហរដ្ឋអាមេរិក ហើយជួយលើកកម្ពស់ការយល់ដឹងពីគ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត តាមរយៈការចុះធ្វើការងារដោយស្ម័គ្រចិត្តតាមសហគមន៍ក្រីក្រនានា។ អ្នកស្ម័គ្រចិត្តទាំងនោះ នឹង ត្រូវបង្រៀនភាសារបស់ប្រទេសដែលនឹងត្រូវបំពេញការងារ រៀនពីបច្ចេកទេសផ្សេងៗ និងវប្បធម៌ យ៉ាងហោចណាស់រយៈពេល ២ ខែ មុននឹងពួកគេអាចធ្វើដំណើរទៅរស់នៅតាមគេហដ្ឋានដែលបានកំណត់ទុក៕