ភ្នំពេញៈ គិត​មកដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ជាង ​១២​ លាន​នាក់ ​បាន​ទទួល​អត្តសញ្ញាណប័ណ្ណ ក្នុងនោះ​អត្តសញ្ញាណប័ណ្ណ​ត្រូវផុត​សុពលភាព​នា​ចុងឆ្នាំ​ ២០២២ មាន​ជាង​ ៨០​ ម៉ឺន​នាក់ ហើយ​មន្ត្រី​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​ហួស​សុពលភាព​ប្រញាប់​ទៅ​បន្ត​សុពលភាព​ថ្មី​។

ទិន្នន័យ​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ស្ដាប់​របាយការណ៍​ស្ដីពី​អត្តសញ្ញាណប័ណ្ណ​ ដែល​ផុត​សុពលភាព ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​មានការ​ចូល​ពី​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មហាផ្ទៃ លោក នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និង​លោក កង សាខន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម កាលពី​ថ្ងៃទី​ ២៥ ខែតុលា ឆ្នាំ ​២០២២ ​។

នាពិធី​នោះ លោក ស ខេង បាន​គូសបញ្ជាក់​ថា កិច្ចប្រជុំ​នេះ​គឺជា​កិច្ចការ​ចាំបាច់ ដើម្បី​ស្ដាប់​របាយការណ៍ និង​រក​ដំណោះស្រាយ ប្រសិនបើ​មាន​បញ្ហា​ប្រឈម ទាក់ទង​នឹង​ការ​ផុត​សុពលភាព​អត្តសញ្ញាណប័ណ្ណ ស្រប​ពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កំពុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​។

លោក​ កង សាខន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បានឱ្យ​ដឹងថា គិត​មកដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ជាង​ ១២ ​លាន​នាក់​បាន​ទទួល​អត្តសញ្ញាណប័ណ្ណ ក្នុងនោះ​អត្តសញ្ញាណប័ណ្ណ​ត្រូវផុត​សុពលភាព​នា​ចុងឆ្នាំ​ ២០២២ មាន​ជាង​ ៨០​ ម៉ឺន​នាក់ ខណៈ​ជា​មធ្យម​បាន​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ប្រមាណ ៣ ​ពាន់​នាក់​ក្នុង​ ១ ​ថ្ងៃ​។

លោក​បន្តថា​៖ «​ចំនួន​អត្តសញ្ញាណប័ណ្ណ​ផុត​សុពលភាព​អាច​បន្ត​កើនឡើង​ដល់​ច្រើនជាង ​១​ លាន​នាក់ បើ​គិត​ដល់​ខែកក្កដា ឆ្នាំ​ ២០២៣ និង​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​មាន​អត្តសញ្ញាណប័ណ្ណ​ត្រូវ​ផុត​សុពលភាព​នាពេល​ខាងមុខ​នោះ មួយ​ចំនួន​បាន​ទទួល​មរណភាព​មួយ​ចំនួន​ជាប់​ពន្ធនាគារ និង​មួយចំនួនធំ​បាន​ធ្វើ​ចំណាកស្រុក​»​។

សម្រាប់​វិធានការ​ដោះស្រាយ​ចំពោះមុខ​នេះ​លោក កង សាខន បាន​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីឱ្យ​ពលរដ្ឋ​បាន​ដឹងថា អត្តសញ្ញាណប័ណ្ណ​ដែល​ខ្លួន​កំពុង​ប្រើប្រាស់​នោះ​ជិត​អស់​សុពលភាព ហើយ​ចូលរួម​បំពេញ​នីតិវិធី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ឡើងវិញ​។

សេចក្តី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ចុះ​ថ្ងៃទី​ ២១ ខែតុលា​បានឱ្យ​ដឹងថា អត្តសញ្ញាណប័ណ្ណ​សញ្ញាតិ​ខ្មែរ​គំរូ​ថ្មី មាន​សុពលភាព​ត្រឹម​​រយៈពេល​ ១០ ​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​​ផ្តល់​។ ដូច្នេះ អត្តសញ្ញាណប័ណ្ណ​ដែល​បានផ្តល់​ជូន​ប្រជាពលរដ្ឋ​តាំងពី​ខែមិថុនា​ឆ្នាំ​ ២០១២ បាន​អស់​សុពលភាព​ប្រើប្រាស់​ជា​បណ្តើរៗ​ចាប់ពី​ខែ​មិថុនា ឆ្នាំ ​២០២២ នេះ​តទៅ​។

ដើម្បី​ធានា​នូវ​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​សេវា​ផ្សេងៗ ជាពិសេស​សិទ្ធិ​នយោបាយ​ក្នុងការ​ប្រើប្រាស់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សម្រាប់​កាន់​ទៅ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី ​៧ ឆ្នាំ​ ២០២៣ ខាងមុខ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​អស់​សុពលភាព ឬ​សុពលភាព​នៅសល់​តិចជាង​ ឬ​ត្រឹម​រយៈពេល​ ៩០ ​ថ្ងៃ សូម​អញ្ជើញ​ទៅ​បំពេញ​បែបបទ​ប្តូរ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថ្មី នៅ​តាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ឬ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ឬ​ច្រក​ចេញចូល​តែមួយ​ក្រុង ស្រុក ខណ្ឌ ឬ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប បានឱ្យ​ដឹងថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០-២២ មាន​រយៈពេល ៥០ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២០ ខែតុលា រហូតដល់​ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២២។

ទាក់ទង​នឹង​ការចុះឈ្មោះ​បោះឆ្នោត​លោក សោម សូរីដា អ្នកនាំពាក្យ គជប ថ្លែងថា សម្រាប់​រយៈពេល ​៤ ថ្ងៃ​នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត គឺ​កិច្ចការ​នេះ​បាន​ដំណើរការ​ទៅ​ដោយ​រលូន​ល្អ ក្នុង​បរិយាកាស​សុខ​សុវត្ថិភាព​ និង​មាន​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ​។ លោក​ថា​៖ «​ក្នុង​រយៈពេល​ ៤ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី ២០ រហូត​មកដល់​ថ្ងៃទី​ ២៣ ខែតុលា គជប បាន​ចុះឈ្មោះ​បោះឆ្នោត​សរុប​ចំនួន ៦៤ ៣២៥ នាក់ (​ស្រី ៣២ ៦៦៨ នាក់​)»​។

ទន្ទឹមនឹង​ការចុះឈ្មោះ​បោះឆ្នោត​ជូន​ប្រជាពលរដ្ឋ​នេះដែរ គជប ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​នៅ​ក្នុង​នោះ​ក៏​មាន​ការលុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​សរុប​ចំនួន​ ២៩ ២០៦ នាក់ ហើយ​ប្រជាពលរដ្ឋ​ដែល​មក​កែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន ៣ ៥៣២ នាក់​។ ចំណែក​ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់​លំនៅ​ចូលក្នុង​ឃុំ​សង្កាត់​ថ្មី ដែល​ពីមុន​នៅក្នុង​ឃុំ​សង្កាត់​ចាស់​មាន​ចំនួន​ ១៩ ២២០ ​នាក់​៕