ភ្នំពេញៈ គិត​មកទល់​ពេល​​នេះ មាន​ថវិកា​សរុប​ជាង​ ៨០០ ​លាន​ដុល្លារ​អាមេរិក ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់ជូន​ប្រជាពលរដ្ឋ​ តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩​ ដែល​ការអនុវត្ត​រហូតមក​ទល់​ពេលនេះ​មាន​ចំនួន​ ១០ ​ជុំ​ ២៨​ លើក​រួចមកហើយ ដែល​មាន​ប្រជាពលរដ្ឋ​ជាង​ ៧០ ​ម៉ឺន​គ្រួសារ​បាន​ទទួល​។

ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​ឱ្យដឹង​កាលពី​ថ្ងៃទី​ ២៤ ខែតុលា ថា ចាប់ពី​ខែ​មិថុនា ឆ្នាំ​ ២០២០ ​រហូត​ដល់​មកទល់​ខែតុលា ឆ្នាំ​ ២០២២ ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​សរុប​លើ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​នេះ មាន​ចំនួន​ជាង ៣ ៣៤៨ ​លាន​រៀល ឬ​ស្មើនឹង​ជាង​ ៨០០ ​លាន​ដុល្លារ​អាមេរិក​។

ក្រសួង​បានបញ្ជាក់​ឱ្យដឹងថា​គ្រួសារ​ដែល​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​នេះ​មាន​ប្រភេទ​គ្រួសារ​ក្រីក្រ​កម្រិត ​១ និង​កម្រិត​ ២ ដែល​រស់នៅ​ទីប្រជុំជន​ក្នុង​រាជធានី នៅ​ទីប្រជុំជន​ក្រៅ​រាជធានី និង​នៅតាម​ទីជនបទ​ ដែល​មាន​ជាង​ ៧០ ​ម៉ឺន​គ្រួសារ ឬ​ជិត​ ៣ ​លាន​នាក់​។

រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី ​៥ ខែតុលា បាន​ប្រកាស​បន្ត​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ និង​ការដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ​ ដើម្បី​ឆ្លើយតប​នឹង​សម្ពាធ​អតិផរណា​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​អាទិភាព​នៃ​វិធានការ​អន្តរាគមន៍​ជំនួយ​សង្គម​សំដៅ​បន្ត​គាំពារ និង​រក្សា​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ព្រមទាំង​គិតគូរ​បន្ថែម​ក្នុងការ​រៀបចំ​ផ្តល់​ការគាំទ្រ​ដល់​ជីវភាព​របស់​គ្រួសារ​គោលដៅ​ ដែល​ងាយ​រង​ហានិភ័យ​ផងដែរ​។

លោក ​ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​ស្តីពី​ «​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​ ២០២២» ​កាលពីដើម​ខែតុលា​នេះ​ថា​៖ «​រាជរដ្ឋាភិបាល​សម្រេច​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​រហូត​ដល់​ដំណាច់ឆ្នាំ​ ២០២២ ​នេះ និង​បន្ត​ពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​នៅ​រៀងរាល់ ៣ ​ខែម្តង​»​។

លោក​បាន​បញ្ជាក់​ដែរថា ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​នេះ​រួចហើយ ក៏​នឹង​នៅ​បន្ត​ទទួល​ទៀត​ ដើម្បី​ទ្រទ្រង់​ដល់​ជីវភាព​ដែល​មិនទាន់​រួច​ផុតពី​ភាពក្រីក្រ និង​កុំឱ្យ​ធ្លាក់​ដល់​ភាព​ធ្ងន់ធ្ងរ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ ក៏​​បាន​ធ្វើការ​ប៉ាន់ស្មាន​ទុក​ជាមុន​ផងដែរ​ថា យ៉ាងហោចណាស់​ជំនួយ​នេះ​នឹងធ្វើ​រយៈពេល​ប្រមាណ​ជា ​១ ​ឆ្នាំ​ទៀត​យ៉ាងតិច ហើយ​ប្រសិន​បើ​មាន​ការដកថយ ក៏​មិនអាច​ដកថយ​ទាំងស្រុង​ភ្លាមៗ​ផងដែរ គឺអាច​ដកថយ​បន្តិច​ម្តងៗ​។

ទាក់ទង​នឹង​ការជួយឧបត្ថម្ភ​ដល់​ជនក្រីក្រ និង​ងាយ​រងគ្រោះ​នេះដែរ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក យង់ ពៅ បាន​លើកឡើង​ដែរ​ថា ការឧបត្ថម្ភ​នេះ​ជា​មូលនិធិ​សង្គមកិច្ច​មួយ​ ដែលជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល ពីព្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ក្នុង​ដំណាក់កាល​កូវីដ ​១៩ ​រយៈពេល​ជាង​ ២ ​ឆ្នាំ​។

លោក​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​នេះ​ជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​ដែល​ធានា​នូវ​ជីវភាព​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​រស់នៅក្នុង​ភាពថ្លៃថ្នូរ​ បើទោះបី​ជា​ក្រ​ ឬ​មាន​ក៏ដោយ ដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវតែ​ជួយ​ពួកគាត់​ ដើម្បី​មាន​ជីវភាព​អាច​រស់​នៅបាន​ក្នុង​កម្រិត​សមរម្យ​មួយ បើទោះបី​ជា​មិនអាច​ធូរធារ​ក៏ដោយ​»​។

លោក យង់ ពៅ បាន​បន្ថែម​ដែរ​ថា ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​នេះ រាជរដ្ឋាភិបាល​មាន​ចំណាត់ការ​ច្បាស់លាស់ ដោយ​ជ្រើសរើស និង​ចែក​បណ្ណ​ក្រីក្រ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដោយ​មិនមាន​ការរើសអើង​លើ​និន្នាការ​នយោបាយ ជាតិ​​សាសនា​ឡើយ ប៉ុន្តែ​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា​។

អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​លោក ឈួរ សុបញ្ញា ធ្លាប់បាន​ពន្យល់​​ថា ការឧបត្ថម្ភ​សាច់ប្រាក់​ដល់​ជនក្រីក្រ​បាន​ចែកចេញ​ជា​ ៣ ​ប្រភេទ គឺ​ជនក្រីក្រ​នៅ​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ ជនក្រីក្រ​នៅ​ទីប្រជុំជន​ក្រៅ​រាជធានី​ភ្នំពេញ និង​ជនក្រីក្រ​នៅ​ជនបទ ហើយ​គ្រួសារ​នីមួយៗ​នឹង​ទទួល​បាន​សាច់ប្រាក់​ទៅតាម​ទំហំ​គ្រួសារ​។

លោក​ថា ជា​មធ្យម​នៅ​ជនបទ​ទទួល​បាន ២០ ​ម៉ឺន​រៀល​ក្នុង ​១ ​ខែ សម្រាប់ ​១ ​គ្រួសារ​។ ចំណែក​អ្នក​នៅ​ទីក្រុង​ជា​មធ្យម​ ៨០ ​ទៅ​ ១០០​ ដុល្លារ​។ ការដែល​ផ្តល់​នេះ មិនមែន​សុខៗ​យើង​ឱ្យ​សាច់ប្រាក់​ខុសគ្នា​ទេ ផ្តល់​នេះ​ផ្អែកលើ​មូលដ្ឋាន​នៃ​ការសិក្សា​លើ​ប្រាក់ចំណូល​។ ​ការសិក្សា​នេះ​មាន​ការចូលរួម​ពី​ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។

ដោយឡែក​ទាក់ទង​នឹង​ស្ថានភាព​នៃ​កូវីដ​ ១៩ នៅក្នុង​ប្រទេស​កម្ពុជា លោក​ ហ៊ុន សែន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​ ២៥ ខែតុលា​ថា កម្ពុជា​មិនមាន​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ក្នុង​រយៈពេល ​៥ ​ថ្ងៃ​ជាប់​គ្នា​នេះ​។

លោក​មានប្រសាសន៍​ថា​៖ «​នេះ​ជា​ភាពជោគជ័យ​មួយ​របស់​កម្ពុជា ជាពិសេស​វិធានការ​ទប់ស្កាត់ ក៏ដូចជា​យុទ្ធសាស្ត្រ​នៃ​ការចាក់​វ៉ាក់សាំង​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​កម្ពុជា​»៕