
ទិដ្ឋភាពសិស្សកំពុងប្រឡងឌីប្លូម ក្នុងបន្ទប់ ១ ក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង កាលពីថ្ងៃទី ២៥ ខែតុលា។ រូបថត សហការី
ភ្នំពេញៈ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ រយៈពេល ២ ថ្ងៃ បានបញ្ចប់ទៅដោយរលូនខណៈក្រសួងអប់រំ បានចេញសេចក្តីណែនាំប្រតិបត្តិស្ដីពីវិធាន-ការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ២០២២។
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួង អប់រំ យុវជន និងកីឡា បានថ្លែងកាលពីថ្ងៃទី ២៥ តុលាថា សម្រាប់ការប្រឡងឌីប្លូមរយៈពេល ២ ថ្ងៃគឺថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែតុលា សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ បានបញ្ចប់ទៅដោយរលូន តាមការគ្រោងទុក ក្រោមកិច្ចសហការពីគណៈគ្រប់គ្រងគ្រប់មណ្ឌលប្រឡង បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ក៏បានឱ្យដឹងដែរថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ រយៈពេល ២ ថ្ងៃនៅក្នុងភូមិសាស្រ្ដខេត្តកំពង់ចាម គឺបានដំណើរការល្អ មិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ ទោះបីជាមេឃបានធ្លាក់ភ្លៀងបន្តិច ប៉ុន្ដែមិនរាំងស្ទះដល់ការប្រឡងឡើយ។
លោកថា៖ «គណៈមេប្រយោគ និងគណៈកម្មការរៀបចំការប្រឡង បានចុះត្រួតពិនិត្យគ្រប់មណ្ឌលប្រឡងទាំងអស់ចំនួន ១២៤ ហើយការប្រឡងរបស់សិស្សបានអនុវត្តទៅបានដោយរលូន»។
លោកគង់ សំនៀង អគ្គនាយករងនៃគ្រឹះស្ថានសិក្សា Westline Education Group បានឱ្យដឹងថា សាលារៀនវេសឡាញ៍បានរៀបចំការប្រឡងឌីប្លូមតាំងពីខែកក្កដា ឆ្នាំ ២០២២ មកម្ល៉េះ តាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ។ ចំណែកគ្រឹះស្ថានសិក្សាឯកជនមួយចំនួនទៀត ក៏បានរៀបចំការប្រឡងដោយខ្លួនឯងជាមុនរួចហើយដែរតាំងពីអំឡុងខែកក្កដា ឆ្នាំ ២០២២។ លោកថ្លែងថា៖ «សម្រាប់ការប្រឡងដោយខ្លួនឯងរបស់សាលាឯកជនយើង គឺយើងបានធ្វើតាមការណែនាំរបស់ក្រសួងអប់រំ ដែលមានវិញ្ញាសាប្រឡងចេញដោយគណៈកម្មការមួយនៅការិយាល័យកណ្ដាល និងមានការត្រួតពិនិត្យពីមន្ទីរអប់រំ។ មានន័យថា យើងរៀបវិញ្ញាសាហើយ យើងប្រគល់ជូនមន្ទីរអប់រំត្រួតពិនិត្យ»។
ក្រសួងអប់រំនៅថ្ងៃទី ២៥ តុលា បានចេញសេចក្តីណែនាំប្រតិបត្តិ ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង នៅថ្ងៃទី ៥ ធ្នូ ២០២២ ក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាព អំឡុងពេលនៃដំណើរការប្រឡង។
ក្រសួងណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិ តាមរយៈការបង្កើតយន្តការ អនុគណៈកម្មការទទួលបន្ទុកការងារសុខភាព។ ក្នុងនោះគណៈប្រយោគទូទាំងប្រទេស ត្រូវចាត់តាំងអនុគណៈកម្មការទទួលបន្ទុកការងារសុខភាពដែលមានតួនាទី និងភារកិច្ចដូចជាតាមដាន និងវាយតម្លៃលើស្ថានភាព ការរក្សាអនាម័យ និងសុវត្ថិភាពមណ្ឌលសំណេរ មណ្ឌលកំណែ និងមណ្ឌលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ តាមដាន និងវាយតម្លៃលើដំណើរការអនុវត្តវិធានសុខភាពនិងសុវត្ថិភាព ចំពោះបេក្ខជន និងគណៈមេប្រយោគជាដើម៕