ភ្នំពេញៈ ​តំណាង​សិទ្ធិមនុស្ស​កម្ពុជា​បាន​ចូលរួម​ដឹកនាំ​កិច្ចសន្ទនា​អាស៊ាន​-​សហភាព​អឺរ៉ុប​ស្តីពី​គោលនយោបាយ​សិទ្ធិមនុស្ស​លើក​ទី​ ៤ ​ជាមួយ​អាយឆា​ឥណ្ឌូនេស៊ី និង​សហភាព​អឺរ៉ុប​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​រយៈពេល​ ៣​ ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២៤​ ដល់​ថ្ងៃទី ​២៦ ​តុលា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន​ និង​សហភាព​អឺរ៉ុប​លើ​វិស័យ​សិទ្ធិមនុស្ស​។ នេះ​បើតាម​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក)។

កិច្ចប្រជុំ​នេះ លោក ជិន ម៉ាលីន អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ធ្វើជា​តំណាង​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (អាយឆា AICHR) ​ដោយបាន​ចូលរួម​ដឹកនាំ​កិច្ចសន្ទនា​អាស៊ាន-​សហភាព​អឺរ៉ុប​ស្តីពី​គោលនយោបាយ​សិទ្ធិមនុស្ស​លើក​ទី​ ៤ ជាមួយ​អាយឆា-​ឥណ្ឌូនេស៊ី និង​សហភាព​អឺរ៉ុប​ដែលជា​សហប្រធាន​។

លោក ជិន ម៉ាលីន បានឱ្យ​ដឹងថា​៖ «​កិច្ច​ពិគ្រោះ​យោបល់​នេះ​​ធ្វើឡើង​រយៈពេល​ ៣ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​ ២៤ ដល់​ថ្ងៃទី​ ២៦ ខែ​តុលា ឆ្នាំ​ ២០២២ ដោយ​មាន​ការចូលរួម​ពី​ប្រតិភូ​អាស៊ាន ប្រតិភូ​សហភាព​អឺរ៉ុប សង្គម​ស៊ីវិល និង​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី​»​។

គ.ស.ម.ក បានឱ្យ​ដឹងថា ក្នុង​កិច្ចសន្ទនា​នេះ លោក ជិន ម៉ាលីន បាន​ថ្លែង​សុន្ទរកថា​បើក​ធ្វើជា​វាគ្មិន​ដឹកនាំ និង​សម្របសម្រួល​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​លើ​ប្រធានបទ​នានា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន និង​អឺរ៉ុប រួមទាំង​លទ្ធភាព​នៃ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប​ក្នុង​ការលើក​កម្ពស់​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​ទាំង​ ២ ​។

ក្រៅពីនោះ លោក ជិន ម៉ាលីន ក៏មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក Eamon Gilmore តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ផងដែរ ដោយបាន​ពិភាក្សា​អំពី​ទិដ្ឋភាព​ទូទៅ ស្ថានភាព​សិទ្ធិ​មនុស្ស និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សិទ្ធិមនុស្ស​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​។ ​នេះ​បើតាម គ.ស.ម.ក។

លោក ម៉ាលីន បាន​បញ្ជាក់ថា​៖ «​សូម​យក​ខ្លឹមសារ​នេះ​​ជាបឋម​សិន សម្រាប់​ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្ទនា​អាស៊ាន​-​សហភាព​អឺរ៉ុប​យើង​នឹង​ប្រកាស​នៅពេល​បញ្ចប់​កិច្ចសន្ទនា​នេះ​»៕