
ការចាក់វ៉ាក់សាំងដល់កុមារនៅរាជធានីភ្នំពេញកាលពីឆ្នាំមុន។ ហុង មិនា
ភ្នំពេញៈ ខណៈពេលដែលនៅខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ កម្ពុជានឹងឈានដល់ថ្ងៃគម្រប់៣ឆ្នាំនៃការឆ្លងមេរោគកូវីដ ១៩ ចូលមកក្នុងប្រទេសជាលើកដំបូងនោះ ប្រមុខរាជរដ្ឋាភិបាលនៅតែបន្តអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទទួលយកការចាក់វ៉ាក់សាំងកូវីដ ១៩ ដើម្បីការពារពីមេរោគនេះដែលមិនដឹងថា បញ្ចប់នៅពេលណា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី ២៦ ខែតុលា ក្នុងពិធីចែកស្រូវពូជដល់កសិករជាង៣ពាន់គ្រួសារក្នុងខេត្តកំពង់ឆ្នាំង ដោយលោកបានថ្លែងអំណរគុណនិងកោតសរសើរដល់ប្រជាពលរដ្ឋទាំងអស់ដែលបានរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាលក្នុងការរើបម្រះរហូតឈានដល់ការគ្រប់គ្រងការឆ្លងរាតត្បាតជំងឺកូវីដ១៩នេះនៅក្នុងប្រទេសបាន។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ គឺគម្រប់ ៣ ឆ្នាំ នៃការកើតឡើងនៃជំងឺដ៏កាចសាហាវនេះ ហើយដោយសារតែការខិតខំរបស់បងប្អូនទាំងអស់ទូទាំងប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កូវីដ ១៩ ត្រូវបានគ្រប់គ្រងបាន»។
សូមរំឭកផងដែរថាកម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ ១៩ ដំបូងគេលើជនជាតិចិននៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០។
ទន្ទឹមនឹងនេះដែរ បើតាមការលើកឡើងរបស់លោក ហ៊ុន សែន ប្រទេសកម្ពុជាសូន្យកូវីដ ១៩ ជាថ្មីម្តងទៀតចំនួន ៦ ថ្ងៃជាប់គ្នាផងដែរ ហើយលោកសង្ឃឹមថា ស្ថានភាពដូចនេះនឹងកើតឡើងជាបន្តទៀត ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការត្រួតត្រាបាននូវជំងឺកូវីដ ១៩ នេះ មិនសំដៅតែលើការដឹកនាំរបស់រាជរដ្ឋាភិបាលឬការដឹកនាំរបស់លោកទេ ប៉ុន្តែអ្វីដែលសំខាន់គឺការចូលរួមរបស់ប្រជាពលរដ្ឋតាមរយៈការទទួលយកនូវវិធានការដែលរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានដាក់ចេញ រួមនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ ផង។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «យើងមិនខ្វះទេវ៉ាក់សាំងកូវីដ ១៩ ហើយបើបងប្អូនយើងណាទើបតែចាក់បាន២ដូសសូមទៅទទួលយកដូសទី៣ដោយសារ ២ ដូស វាមិនទាន់គ្រប់គ្រាន់ទេ គឺត្រូវមានដូសជំរុញបន្ថែមទៀតហើយសូមប្រាប់តៗគ្នាថា វ៉ាក់សាំងនេះមិនសម្លាប់យើងនោះទេ តែវាជួយធ្វើឱ្យយើងមិនឈានដល់ភាពធ្ងន់ធ្ងរដល់សុខភាពដែលអាចឈានដល់ការស្លាប់ពេលឆ្លងមេរោគនេះដែរ»។
រយៈពេលប្រមាណជា ៧ ខែហើយ ដែលប្រទេសកម្ពុជា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ដែលនេះជាជោគជ័យមួយដ៏ធំធេងសម្រាប់កម្ពុជា ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកដល់ប្រជាពលរដ្ឋដែរថា៖ «យើងអាចភ្លេចកូវីដ តែកូវីដមិនភ្លេចយើងទេ ហើយវាមិនទៅណាឆ្ងាយពីយើងដែរ បើយើងធ្វេសប្រហែសតែបន្តិច យើងអាចឆ្លងជំងឺនេះបាន»។
យោងតាមគេហទំព័រ Nikkei (COVID-19 Recovery Index) ដែលបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែតុលា បានឱ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមប្រទេសនិងតំបន់ចំនួន ១២១ ដែលស្ថិតក្នុងស្ថានភាពធូរស្បើយពីវិបត្តិនៃការរាតត្បាតដោយមេរោគកូវីដ ១៩។
គេហទំព័រ Nikkei បានលើកឡើងថា ក្នុងចំណោមប្រទេសនិងតំបន់ចំនួន ១២១ ប្រទេសកម្ពុជាបានជាប់ក្នុងចំណាត់ថ្នាក់ទី៤ ដែលទទួលបាន ៧៦,៥ ពិន្ទុ ខណៈដែលប្រទេសវៀតណាមទទួលបាន ៧៥ ពិន្ទុ ដែលជាប្រទេសនាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងស្ថិតក្នុងសភាពធូរស្បើយពីជំងឺរាតត្បាតកូវីដ ១៩។
ទាក់ទងនឹងលទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ ១៩ នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ៩៥,០៩ ភាគរយ ធៀបនឹងប្រជាជនសរុប ១៦ លាននាក់បានចាក់វ៉ាក់សាំង។
ក្រសួងបានបន្តថា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងដូសទី៣ មានចំនួនជាង ១០ លាននាក់ ដូសទី៤ មានចំនួនជាង ៤,៥ លាននាក់ និងដូសទី៥ បានចំនួនជាង ១ លាននាក់៕