
លោក នេត្រ ភក្ត្រា (កណ្ដាល) និងមន្ត្រីខេត្ត ក្នុងយុទ្ធនាការ “បញ្ឈប់ការជួញដូរសត្វព្រៃ” នៅខេត្តមណ្ឌលគិរីពីថ្ងៃទី ២២ តុលា។ រូបថត ឡាយ សាមាន
មណ្ឌលគិរីៈ យុទ្ធនាការ “បញ្ឈប់ការជួញដូរសត្វព្រៃ” ដែលជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យ ត្រូវបានធ្វើឡើងជាលើកដំបូងក្នុងទឹកដីខេត្តមណ្ឌលគិរី ក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលសម្បូរដោយធនធានធម្មជាតិនិងសត្វព្រៃក្នុងតំបន់ការពារធម្មជាតិ។
យុទ្ធនាការនេះធ្វើឡើងរយៈពេល ៦ សប្តាហ៍ ដោយចាប់ផ្តើមកាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ ដែលមានកិច្ចសហការរវាងក្រសួងបរិស្ថានជាមួយអង្គការ WWF ខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើ និងដៃគូសំខាន់ៗមួយចំនួនទៀត។
ការរៀបចំយុទ្ធនាការនេះក្នុងគោលបំណងលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ក្នុងខេត្តមណ្ឌលគិរីឱ្យចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ដោយបញ្ឈប់ការលក់ដូរមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃក្នុងភោជនីយដ្ឋានរបស់ខ្លួននិងចូលរួមផ្សព្វផ្សាយឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។
យុទ្ធនាការនេះបានដាក់ចេញនូវពាក្យស្លោកជាច្រើន និងបានដង្ហែក្បួននៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីដោយលើកបដាថា “ការបរិភោគសាច់សត្វព្រៃនាំហានិភ័យដល់សុខភាព” “ការបរិភោគសាច់សត្វព្រៃបង្កហានិភ័យដល់ខ្លួនអ្នក ក្រុមគ្រួសាររបស់អ្នក ជីវិតសត្វព្រៃ និងធនធានធម្មជាតិរបស់យើង” “ម្ហូបសាច់សត្វព្រៃ ១ ចាន អាចបង្កហានិភ័យធ្ងន់ធ្ងរជាច្រើន” “សត្វព្រៃត្រូវរស់នៅក្នុងព្រៃ” “ពលរដ្ឋល្អមិនបរិភោគសាច់សត្វព្រៃ” ជាដើម។
រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ដែលដឹកនាំយុទ្ធនាការនេះបានថ្លែងថា យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃគឺផ្លែផ្កាដែលកើតចេញពីយុទ្ធនាការអន្ទាក់សូន្យ ដែលបានធ្វើឡើងនៅរយៈពេល ៦ ខែ នៅក្នុងខេត្តចំនួន៦ដែលមានតំបន់ការពារធម្មជាតិ ហើយទទួលបានលទ្ធផលជាវិជ្ជមាន។
លោកបន្តថា យុទ្ធនាការនេះ ផ្តោតសំខាន់ទៅលើម្ចាស់ភោជនីយដ្ឋាន ហើយសង្ឃឹមថា សកម្មភាពទាំងនេះ នឹងចូលរួមលើកកម្ពស់ការយល់ដឹងជាសាធារណៈនូវហានិភ័យសុខភាពពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃជាពិសេសផ្លាស់ប្តូរផ្នត់គំនិតពលរដ្ឋដែលនិយមហូបសាច់សត្វព្រៃ។
លោកថា៖ «កិច្ចការងារនេះ ដើម្បីបំពេញបន្ថែមទៅលើអ្វីដែលយើងបានខិតខំប្រឹងប្រែង ហើយនេះជាដំណាក់កាលទី២ ដែលបានធ្វើ ហើយសម្រាប់ខេត្តមណ្ឌលគិរី យើងមានការចូលរួមច្រើនដែលមានភោជនីយដ្ឋានរហូតដល់៣២ ប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃទេ។ អ៊ីចឹងរយៈពេលយើងធ្វើក្នុងខេត្តនេះជាការចាប់ផ្តើមដំបូងនៃយុទ្ធនាការនេះរយៈពេល ៦ សប្តាហ៍ ដោយសារខេត្តនេះគឺជាគោលដៅទេសចរណ៍សំខាន់»។
ជាមួយគ្នានេះដែរ លោកបានថ្លែងអំណរគុណចំពោះម្ចាស់ភោជនីយដ្ឋាន ដែលបានចូលរួមមិនលក់សាច់សត្វព្រៃដោយចាត់ទុកថា ការចូលរួមនេះគឺជាការចាំបាច់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធនាការនេះ។លោកបន្តថា យុទ្ធនាការអន្ទាក់សូន្យគឺបានល្បីខ្ទរខ្ទារទៅដល់បណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ដោយទទួលបានការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហារួមគ្នា។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រោយពីមានយុទ្ធនាការនេះ យើងសង្កេតឃើញថា ស្ថានភាពជារួម កម្រិតបង្ក្រាប និងទប់ស្កាត់ មានសកម្មភាពកើនឡើងខ្លាំង ខណៈមន្ត្រីពាក់ព័ន្ធបានចុះឃ្លាំមើល តាមមើលភោជនីយដ្ឋាន និងបានរឹបអូសសាច់សត្វព្រៃដើម្បីកម្ទេចចោល។ក្នុងរយៈពេល១៨ខែមកនេះអាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបការជួញដូរសាច់សត្វព្រៃចំនួន ១ ៣៥៣ គីឡូក្រាម ក្នុងខេត្តមណ្ឌលគិរី ដោយមិនរាប់បញ្ចូលខេត្តផ្សេង។
អភិបាលរងខេត្តមណ្ឌលគិរី លោក ចាន់ រតនា ប្តេជ្ញា និងគាំទ្រចំពោះយុទ្ធនាការនេះ ហើយលោកនឹងបន្តផ្សព្វផ្សាយនៅតាមបណ្តារដ្ឋបាលស្រុក ក្រុង ដើម្បីឱ្យការអនុវត្តទទួលបានជោគជ័យរួមគ្នាក្នុងការរក្សាសត្វព្រៃឱ្យគង់វង្ស។
លោកថា៖ «កន្លងមកធ្លាប់ដាក់ចេញយុទ្ធនាការជាច្រើន និងបានកសាងសំណុំរឿងបុគ្គលមួយចំនួនទៅតុលាការពាក់ព័ន្ធការជួញដូរសត្វព្រៃ។ ម្យ៉ាងទៀត អាជ្ញាធរក៏ខិតខំការពារជម្រកសត្វព្រៃតាមរយៈការដើរល្បាត ព្រោះបើអត់ការពារជម្រកសត្វ ស្មើនឹងអត់បានធ្វើអ្វីទាំងអស់»។
លោកបន្តថា មួយរយៈចុងក្រោយនេះ ការអភិរក្សសត្វព្រៃនៅស្រែពកមានភាពប្រសើរ រីឯតំបន់អភិរក្សនៅកែវសីមា និងកោះញែក ឃើញវត្តមានដំរីជាង ២០ក្បាលផងដែរ។
លោក អ៊ុំ សាម៉ន ម្ចាស់ហាង “រ៉ាម៉ន ផាប់” ក្នុងខេត្តមណ្ឌលគិរី ដែលបានចូលរួមមិនលក់សាច់សត្វព្រៃបានថ្លែងថា ការដែលមិនលក់សាច់សត្វព្រៃ គឺដើម្បីរក្សាសត្វព្រៃឱ្យសម្បូរឡើងវិញនិងទាក់ទាញភ្ញៀវទេសចរ។
លោកថា៖ «ចាប់តាំងពីខ្ញុំបើកហាងអស់រយៈពេល ៦ ឆ្នាំនេះមក អតិថិជន តែងតែសួរនាំថាមានលក់សត្វព្រៃធ្វើម្ហូបនេះ ម្ហូបនោះទេ ដូច្នេះខ្ញុំសម្រេចចិត្តដាក់ស្លាកថា ភោជនីយដ្ឋានរបស់ខ្ញុំគឺមិនលក់សាច់ព្រៃដាច់ខាត។ អតិថិជនភាគច្រើនសួររកមាន សាច់ឈ្លូស ប្រើស ជ្រូកព្រៃឬអត់? ប៉ុន្តែភ្ញៀវដែលមកសួររកសាច់សត្វព្រៃនៅហាងខ្ញុំ គឺតិចបំផុត ដោយសារខ្ញុំបានដាក់ស្លាកនៅខាងមុខហាងរួចជាស្រេច»។
ជាមួយគ្នានេះ លោកអំពាវនាវដល់ភ្ញៀវទេសចរ ភោជនីយដ្ឋានផ្សេង ក្នុងខេត្តមណ្ឌលគិរីក៏ដូចជាពលរដ្ឋក្នុងខេត្តឱ្យបញ្ឈប់ការហូបសាច់សត្វព្រៃគ្រប់ប្រភេទ ព្រោះអាចប្រឈមផ្លូវច្បាប់និងអាចបណ្តាលឱ្យកើតជំងឺផ្សេងៗផង។
លោកបានបញ្ជាក់ថា ស្ទើរតែរាល់ពេល មានគេតេមកសួរថា ចង់បានសាច់ព្រៃ ឬទេ? ប៉ុន្តែលោកតែងតែបដិសេធ។ លោកថា៖ «នៅពេលយើងបដិសេធមិនលក់សាច់សត្វព្រៃ មានភ្ញៀវមួយចំនួនតូចបង្ហាញការមិនពេញចិត្តនៅកន្លែងយើង និងបានដើរចេញ។ អ្នកខ្លះដែលធ្លាប់ចូលហាងខ្ញុំ គាត់បានប្រាប់ថា នៅខេត្តមណ្ឌលគិរី បើអត់លក់សាច់សត្វព្រៃដូចជា ហាងអត់ទាន់សម័យ ពេលខ្លះខ្ញុំមានអារម្មណ៍ថា អត់មានយោបល់អីនិយាយជាមួយគាត់ដែរ»។
លោក សេង ទៀក ប្រធានអង្គការ WWF លើកឡើងថា យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃគឺជាផ្នែកមួយ ក្រោមឆត្រនៃយុទ្ធនាការអន្ទាក់សូន្យ ក្រោមការដោះស្រាយបញ្ហារួម ព្រោះការរៀបចំយុទ្ធនាការអន្ទាក់សូន្យអស់រយៈពេល ៦ ខែ និង ៦ ខេត្តកន្លងមកនេះ ទទួលបានជោគជ័យលើសពីការរំពឹងទុក។
លោកថា៖ «យុទ្ធនាការអន្ទាក់សូន្យ បានផ្តល់សារៈសំខាន់ដល់ប្រជាពលរដ្ឋ ជាពិសេសសាធារណជនទាំងអស់ជាង៣លាននាក់ដែលបានទទួលសារស្តីពីសារៈសំខាន់នៃសត្វព្រៃនៅក្នុងប្រទេសកម្ពុជា»។ ក្នុងនោះអ្នកទទួលសារផ្ទាល់តាមរយៈនៅទីលានមានជាង៣ពាន់នាក់ ដោយឡែកអ្នកចូលរួមតាមបណ្តាញសង្គមនានាជាង ១ លាន ៥ សែននាក់។
លោកបន្តថា ក្នុងរយៈពេល ៦ ខែនេះ ក្រុមការងារ WWF បានចងក្រងអត្ថបទពាក់ព័ន្ធសត្វព្រៃមានជាង ៦១០ អត្ថបទ និងបានវាយតម្លៃយុទ្ធនាការអន្ទាក់សូន្យ។ ជាក់ស្តែងនៅខេត្តស្ទឹងត្រែងប្រជាពលរដ្ឋចំនួន ១៣ ម៉ឺននាក់ ឬប្រហែល ៨០ ភាគរយ នៃប្រជាជនក្នុងខេត្តបានទទួលសារស្តីពីយុទ្ធនាការអន្ទាក់សូន្យ។
ចំណែកនៅខេត្តរតនគិរី តាមរយៈការសិក្សាស្រាវជ្រាវដោយសាកសួរផ្ទាល់លើប្រជាពលរដ្ឋដែលមិនបានកំណត់ជាមុន គឺយើងចាប់សួរនៅតាមផ្លូវតែម្តង ក្នុងនោះ ក្នុងចំណោមប្រជាជន ៩៤ នាក់ មាន ៦៨ ភាគរយបាននិយាយថា បានទទួលសារពីយុទ្ធនាការអន្ទាក់សូន្យ។
លោកបានបញ្ជាក់ថា ការចូលរួមរបស់ម្ចាស់ភោជនីយដ្ឋាន មិនលក់សាច់សត្វព្រៃ គឺជារឿងសំខាន់ហើយ ក្រសួងបរិស្ថានក៏បានលើកទឹកចិត្ត ដោយផ្តល់វិញ្ញាបនបត្រសរសើរដល់ពួកគាត់ផងដែរ។
លោក សេង ទៀក ឱ្យដឹងថា ប្រទេសកម្ពុជា យើងជាប្រទេសឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលឆ្លើយតបទៅនឹងរបាយការណ៍ប្រជាសាស្ត្រ ដែលចេញពីដែនជម្រកសត្វព្រៃ។
លោកថា៖ «នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ មានវិបត្តិអន្ទាក់ដូចកម្ពុជាដែរ អន្ទាក់ជាង ១២,៣ លានអន្ទាក់ ដែលគំរាមកំហែងសត្វព្រៃនៅក្នុងតំបន់ អ៊ីចឹងមានតែប្រទេសកម្ពុជាមួយទេ ដែលដោះស្រាយមុនគេ ឈានមុនគេ ដែលបង្ហាញពីភាពដឹកនាំរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាអន្ទាក់»។
ក្រោមកិច្ចខិតខំប្រឹងប្រែងរួមនេះ លោកក៏បានត្រូវអញ្ជើញធ្វើវាគ្មិន សម្រាប់ចែករំលែកបទពិសោធស្តីអំពីយុទ្ធនាការអន្ទាក់សូន្យ ជូនទៅក្រុមតំណាងការងាររបស់អង្គការ WWF នៅតំបន់អាស៊ី ផងដែរ។
លោកថា៖ «WWF ដែលជាអង្គការអន្តរជាតិ ដែលមានការិយាល័យរបស់ខ្លួនជាង ១០០ ប្រទេស ក្នុងពិភពលោក អ៊ីចឹងកាលណាមានការផ្តួចផ្តើមគំនិតល្អៗ អង្គការ WWF មានការចែករំលែកពីការអនុវត្ត។ អ៊ីចឹងការផ្តួចផ្តើមយុទ្ធនាការអន្ទាក់សូន្យនេះ គឺបានបង្ហាញច្រើនចំណុចជាវិជ្ជមាន ពីការដឹកនាំ គ្រប់គ្រង និងការដោះស្រាយពីវិបត្តិអន្ទាក់»។
លោក សេង ទៀក ថា៖ «ខ្ញុំចង់បញ្ជាក់ចំណុចសំខាន់ ១ ទៀតថា យុទ្ធនាការអន្ទាក់សូន្យនេះ បានបង្ហាញពីវប្បធម៌ការធ្វើការរួមគ្នា តម្កល់ផលប្រយោជន៍រួម ការធ្វើការរួមគ្នានេះគឺមានការចូលរួមរវាងស្ថាប័នរដ្ឋ ឯកជន សង្គមស៊ីវិល នេះជាវប្បធម៌មួយធ្វើការរួមគ្នាដោះស្រាយបញ្ហារួម»។
លោកបន្តថា មូលហេតុដែលរៀបចំយុទ្ធនាការ បញ្ឈប់ការជួញដូរសត្វព្រៃ នៅខេត្តមណ្ឌលគិរី ដោយសារខេត្តនេះនៅបន្តមានការលួចលក់ដូរសត្វព្រៃច្រើន។
លោកថា៖«យោងរបាយការណ៍សិក្សាស្រាវជ្រាវរបស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) នៅក្នុងឆ្នាំ ២០១៨ សាច់សត្វព្រៃនៅមានការដាក់លក់នៅតាមបណ្តាផ្លូវជាតិ ទីរួមខេត្ត ឬនៅតាមផ្សារនិងភោជនីយដ្ឋានមួយចំនួន»។
បើតាមរបាយការណ៍នេះ ភោជនីយដ្ឋានគឺជាអ្នកណែនាំ ផ្សព្វផ្សាយ និងជំរុញឱ្យមានការបរិភោគសាច់សាច់ព្រៃទៅឱ្យអតិថិជនរបស់ខ្លួន។ របាយការណ៍នេះក៏បានលើកឡើងថា អ្នកនិយមហូបសាច់សត្វព្រៃ គឺមានអាយុពី ៣៥ ទៅ ៦០ ឆ្នាំ ជាពិសេសអ្នកមានស្ថានភាពចំណូលគ្រាន់បើ និងចេញទៅតាមខេត្ត ឬមូលដ្ឋានផ្ទាល់ដែលចង់សាករសជាតិ។
ក្នុងរបាយការណ៍បន្តថា ភាគច្រើនអ្នកភ្លក្សដែលជាអតិថិជនយល់ថា គាត់មិនមែនជាផ្នែកមួយនៃការជួញដូរសត្វព្រៃទេ គាត់យល់ថា គាត់មិនមែនជាអ្នកខុស ហើយគាត់អត់យល់ថាហូបសាច់សត្វព្រៃផ្តល់ហានិភ័យយ៉ាងណាដល់សុខភាពទេ។
លោក សេង ទៀក ថ្លែងថា៖ «នេះជាកត្តានិងមូលហេតុដែលជំរុញឱ្យអង្គការ និងក្រសួងបរិស្ថាន និងអង្គការដៃគូផ្តោតយុទ្ធនាការទៅលើជាពិសេសអ្នកផ្តល់សេវានៅតាមភោជនីយដ្ឋាន រមណីយដ្ឋាន សណ្ឋាគារមួយចំនួន»។
ម្ចាស់អាហារដ្ឋាន ១ កន្លែង ឈ្មោះ យាន យឿន អាយុ ៤២ ឆ្នាំ បានអំពាវនាវដល់អតិថិជនទាំងអស់ដែលមកលេងនៅខេត្តមណ្ឌលគិរី សូមបដិសេធហូបសាច់សត្វព្រៃ ខណៈលោកប្តេជ្ញាមិនលក់សាច់សត្វព្រៃដូចគ្នា។
លោកថា៖ «ធ្លាប់មានគេយកសាច់សត្វព្រៃមកលក់ឱ្យខ្ញុំ ប៉ុន្តែខ្ញុំមិនបានទិញទេ ព្រោះមន្ទីរបរិស្ថាន ហៅខ្ញុំទៅប្រជុំរហូតពាក់ព័ន្ធរឿងនេះ»។
អនុប្រធានមន្ទីបរិស្ថានខេត្តមណ្ឌលគិរីលោក រ័ត្ន សុវណ្ណ ឱ្យដឹងថា លោកនៅតែបន្តលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋាន ក្នុងខេត្តមណ្ឌលគិរីឱ្យចូលរួមប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃ ខណៈលោកបានដាក់ចេញវិធានការផ្សព្វផ្សាយទៅដល់សាធារណៈឱ្យបានទូលំទូលាយផងដែរ។
ខេត្តមណ្ឌលគិរី ជាខេត្តស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជាដែលមានផ្ទៃដីតំបន់ការពារប្រមាណ ១,១ លានហិកតា ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតតំបន់ការពារធម្មជាតិចំនួន ៦ កន្លែង ។
ទោះបីខេត្តមណ្ឌលគិរីមានសក្តានុពលធម្មជាតិ ព្រៃឈើ និងសត្វព្រៃ ក៏តំបន់នេះមានបញ្ហា ដែលជះឥទ្ធិពលអវិជ្ជមានទៅក្នុងការអភិរក្សធនធានធម្មជាតិ ដូចជាការបរបាញ់សត្វ ការដាក់អន្ទាក់ និងការកាប់រានព្រៃឈើធ្វើជាកម្មសិទ្ធិ អនាធិបតេយ្យ ជាពិសេសទៅលើការដាក់អន្ទាក់។
លោក រ័ត្ន សុវណ្ណ ឱ្យដឹងថា រយៈពេលជិត ១ ឆ្នាំនេះ លទ្ធផលដែលមន្ទីរ និងក្រុមការងារចល័តអនុវត្តគឺ សង្គ្រោះសត្វព្រៃបាន ៧ ក្បាល និងសាច់សត្វចម្រុះចំនួន ១៧ គីឡូក្រាម សត្វងាប់ ១ ក្បាល និងធ្វើកិច្ចសន្យាម្នាក់ ពិន័យអន្តរការណ៍ ១ ករណី រឹបអូសម៉ូតូ ៤ គ្រឿង រថយន្ត ១ គ្រឿង ឈើចំនួន ១៨ ដើម និងឈើបន្ទះចំនួន ១៧១ បន្ទះ អប់រំប្រជាពលរដ្ឋចំនួន ៣៧៨ នាក់ ត្រួតពិនិត្យរថយន្តតាមដងផ្លូវ ៦០ គ្រឿង ទីផ្សារ និងរមណីយដ្ឋាន ៣៥លើក។
នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី លោក អ៊ូ សុភក្តី បានថ្លែងថា យុទ្ធនាការនេះជាការរួមចំណែកដល់ការការពារធនធានធម្មជាតិ និងអភិរក្សជីវចម្រុះដែលកំពុងរងការគំរាមកំហែង។
លោកថា៖ «ការបំផ្លាញព្រៃឈើបែបអនាធិបតេយ្យ គឺជាបំផ្លាញជម្រកសត្វព្រៃ ដោយសារកំណើនប្រជាពលរដ្ឋ តម្រូវការដីកសិកម្មសម្រាប់បង្កបង្កើនផល តម្លៃដីកើនឡើង កត្តាចំណេះដឹងពលរដ្ឋនៅមានកម្រិត ជាកត្តាសំខាន់ជំរុញដល់ការកើនឡើងនូវសកម្មភាពបរបាញ់សត្វព្រៃនិងជួញដូរសត្វព្រៃនិងការនិយមចូលចិត្តបរិភោគសត្វព្រៃ»។
លោកសង្ឃឹមថា ក្រោយពីបានចូលរួមយុទ្ធនាការនេះ សមាជិក សមាជិកាទាំងអស់នឹងបានយល់បន្ថែមទៀតពីសកម្មភាពជាក់ស្តែងនៃការជួញដូរសត្វព្រៃនិងហានិភ័យបណ្តាមកពីការបរិភោគសាច់សត្វព្រៃ។
ពលរដ្ឋ ១ រូប ដែលដើរចេញពីផ្ទះ មកមើលការដង្ហែក្បួនយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃ ក្នុងក្រុងសែនមនោរម្យ លោក សុខ សម្បត្តិ អាយុ ៥៣ ឆ្នាំ បានថ្លែងទាំងទឹកមុខសប្បាយរីករាយថា លោកពិតជាត្រេកអរដែលឃើញមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ការពារសត្វព្រៃ ស្របពេលដែលសត្វព្រៃកំពុងរងគ្រោះ។
លោកសង្ឃឹមថា តាមរយៈយុទ្ធនាការនេះ នឹងជ្រួតជ្រាបដល់ពលរដ្ឋឱ្យឈប់លក់ ហូប និងជួញដូរសត្វព្រៃ។ លោកថា៖«អូនអើយ បើពីមុនវិញសាច់សត្វព្រៃដាក់លក់ពេញផ្សារ នៅតាមដងផ្លូវក៏មានដែរ ហើយនៅនេះគេនិយមហូបសាច់សត្វព្រៃ ប៉ុន្តែក្រោយពីមានការណែនាំ ចុះផ្សព្វផ្សាយអប់រំពីអាជ្ញាធរ ដូចលែងសូវមានលក់បែបអនាធិបតេយ្យហើយ បើមានក៏លួចលាក់ដែរ មិនបើកចំហដូចមុនទេ»។
អង្គការ WWF ដែលធ្វើការលើកកិច្ចការពារបរិស្ថាន និងអភិរក្សសត្វព្រៃបានឱ្យដឹងថា ប្រមាណជាង ៦០ ភាគរយ ក្នុងចំណោមជំងឺឆ្លងប្រភេទថ្មី ដែលស្រដៀង ឬគ្រោះថ្នាក់ជាងជំងឺកូវីដ ១៩ សុទ្ធសឹងតែជាជំងឺឆ្លងពីសត្វមកមនុស្ស។
អង្គការនេះបានលើកឡើងថា នៅពេលអ្នកបរិភោគម្ហូបសាច់សត្វព្រៃ ១ ចាន ក្រៅពីការប្រឈមនឹងហានិភ័យសុខភាពចំពោះខ្លួនឯង អ្នកក៏អាចបង្កហានិភ័យដល់អ្នកដទៃផងដែរ។ ដូចគ្នានេះដែរ ការបរបាញ់ ការដឹកជញ្ជូន ការជួញដូរ និងការកែច្នៃ សុទ្ធសឹងតែជាកត្តាបង្កឱកាសសម្រាប់ការប៉ះពាល់សត្វព្រៃដោយផ្ទាល់ និងអាចចម្លងមេរោគមកមនុស្សទាំងអស់៕