
កុមារនៅក្នុងតំបន់ជនបទចុងគ្នៀស ក្នុងខេត្តសៀមរាប ដើរទៅសាលារៀនក្រោមកម្ដៅថ្ងៃ។ ហេង ជីវ័ន
ភ្នំពេញៈ មូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) បានធ្វើការអំពាវនាវទៅដល់រដ្ឋាភិបាលនៃប្រទេសនានាធ្វើការការពារកុមារពីភយន្តរាយអាកាសធាតុ បន្ទាប់ពីអង្គការនេះបានធ្វើការសិក្សាថ្មីមួយដែលបង្ហាញថា កុមារជាង ៥០០ លាននាក់ កំពុងប្រឈមមុខនឹងរលកកម្តៅខ្ពស់ជាញឹកញាប់ ក្នុងនោះមានកុមារកម្ពុជាចំនួនប្រមាណ ២,២ លាននាក់ផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វ កាលពីថ្ងៃទី ២៦ ខែតុលា បានឱ្យដឹងថា កុមារចំនួន ៥៥៩ លាននាក់ កំពុងប្រឈមមុខនឹងរលកកម្តៅខ្ពស់ជាញឹកញាប់ រួមទាំងកុមារកម្ពុជាចំនួនប្រមាណ ២,២ លាននាក់ ដែលបានធ្វើឱ្យអង្គការនេះទាមទារឲ្យមានការចាត់វិធានការជាបន្ទាន់ ដើម្បីបង្កើនមូលនិធិសម្រាប់ធ្វើការបន្ស៊ាំដើម្បីការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះ ពីរលកកម្តៅកាន់តែអាក្រក់ឡើងៗ និងគ្រោះមហន្តរាយអាកាសធាតុផ្សេងៗទៀត។
ការសិក្សាថ្មីមួយរបស់យូនីសេហ្វបង្ហាញថា៖ «កុមារចំនួន ៥៥៩ លាននាក់ ឬ មា្នក់ក្នុងចំណោម៤នាក់ នាពេលបច្ចុប្បន្ន កំពុងរងផលប៉ះពាល់ពីរលកកម្តៅខ្ពស់ដែលកើតទ្បើងជាញឹកញាប់។ លើសពីនេះ មានកុមារចំនួន ៦២៤លាននាក់ ឬម្នាក់ក្នុងចំណោម ៣ នាក់ បានរងផលប៉ះពាល់ពីបាតុភាពកម្តៅខ្ពស់ ដែលយ៉ាងហោចណាស់ ១ ក្នុងចំណោមរលកកម្តៅខ្ពស់ចំនួន ៣ រង្វាស់»។
រលកកម្តៅខ្ពស់ចំនួន ៣ រង្វាស់នោះ រួមមានរលកកម្តៅខ្ពស់រយៈពេលយូរ, ភាពធ្ងន់ធ្ងរនៃរលកកម្តៅខ្ពស់ ឬសីតុណ្ហភាពក្តៅខ្លាំង។
អង្គការយូនីសេហ្វបានបញ្ជាក់ថា៖ «ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលកំពុងទទួលរងផលប៉ះពាល់ផងដែរ ដោយមានកុមារចំនួន ២,២ លាននាក់ ឬ ៣៧,១% នៃចំនួនកុមារសរុបក្នុងប្រទេស កំពុងប្រឈមនឹងរលកកម្តៅខ្ពស់ជាញឹកញាប់»។
សេចក្តីប្រកាសព័ត៌មាននេះបានបន្ថែមថា រលកកម្តៅបង្កគ្រោះថ្នាក់ដល់កុមារជាពិសេស ដោយសារពួកគេមិនអាចសម្របសីតុណ្ហភាពរាងកាយបានដូច មនុស្សពេញវ័យបាន។ កុមារប្រឈមមុខនឹងរលកកម្តៅកាន់តែច្រើន ហើយពួកគេកាន់តែប្រឈមនឹងបញ្ហាសុខភាពកាន់តែច្រើនផងដែរ។
បញ្ហាសុខភាពទាំងនោះរួមមានដូចជាជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺហឺត និងជំងឺសរសៃឈាមបេះដូង។ ទារក និងកុមារតូចៗងាយនឹងបាត់បង់ជីវិតបណ្តាលមកពីការកើនឡើងនៃកម្តៅ។ រលកកម្តៅក៏អាចប៉ះពាល់លើបរិស្ថាន សុវត្ថិភាព អាហារូបត្ថម្ភ ទឹកប្រើប្រាស់ ការអប់រំ និងជីវភាពរស់នៅនាពេលអនាគតរបស់កុមារផងដែរ។
នៅកម្ពុជា បើទោះជាការកើនឡើងនៃកម្តៅផែនដីនៅក្នុងពិភពលោកមានកម្រិតត្រឹម ១,៧ ដឺក្រេ ឬទាបជាងក៏ដោយ ក៏កុមារកម្ពុជាទាំងអស់នឹងទទួលរងនូវរលកកម្តៅក្នុង ១ ឆ្នាំ ខ្ពស់ជាងស្ថានភាពនាពេលបច្ចុប្បន្នចំនួន ៤,៥ ដង ក្នុងនោះកុមារ ៥៥,៧% នឹងជួបប្រទះនឹងសីតុណ្ហភាពខ្ពស់ខ្លាំង ដែលក្នុងនោះមានចំនួនច្រើនជាង ៨៣ ថ្ងៃ ក្នុង ១ ឆ្នាំ នឹងមានសីតុណ្ហភាពប្រចាំថ្ងៃក្តៅលើសពី ៣៥ អង្សាសេ។ នេះបើយោងតាមអង្គការយូនីសេហ្វ។
ប្រភពដដែលនេះបានបន្តថា បើកម្តៅផែនដីកើនឡើងដល់ ២,៤ ដឺក្រេ នោះមិនមែនត្រឹមតែ ១០០% នៃកុមារកម្ពុជាដែលប្រឈមនឹងរលកកម្តៅលើសពី ៤,៥ ដងក្នុង ១ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែជាង ៨៧,២% នៃពួកគេពិតជាជួបប្រទះទៅនឹងស្ថានភាពសីតុណ្ហភាពខ្ពស់ខ្លាំង ជាក់ជាមិនខាន។
យូនីសេហ្វបានសង្កត់ធ្ងន់ថា៖ «ការណ៍នេះមានន័យថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសទី២១ ក្នុងពិភពលោកដែលទទួលរងផលប៉ះពាល់ខ្លាំងពីបាតុភាពនេះ។ របាយការណ៍មួយរបស់យូនីសេហ្វដែលចេញផ្សាយកាលពីឆ្នាំ២០២១ បានរកឃើញរួចមកហើយថា កម្ពុជាជាប្រទេស ១ ក្នុងចំណោមប្រទេសចំនួន ៥០ ដែលមានហានិភ័យខ្ពស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ»។
លោក អានៀរបាន ឆាតឺរជី តំណាងស្តីទីនៃអង្គការយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថា បម្រែបម្រួលអាកាសធាតុកំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងសុខុមាលភាពកុមារកម្ពុជារួចទៅហើយ ប៉ុន្តែរបាយការណ៍នេះ បង្ហាញថានៅពេលអនាគត ប្រទេសកម្ពុជានឹងក្លាយជាប្រទេស១ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរបំផុតក្នុងពិភពលោក។
លោកបានថ្លែងថា ៖ «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហា ប្រឈមនៃបម្រែបម្រួលអាកាសធាតុ និងការពារបរិស្ថាន។ សសរស្តម្ភសំខាន់នៃការងារនេះគឺកិច្ចសហការ ជាមួយក្រសួងសំខាន់ៗ ដើម្បីវាយតម្លៃគ្រោះថ្នាក់ និងបង្កើតសេវាកម្ម និងប្រព័ន្ធដែលធន់នឹងអាកាសធាតុ»។
តំណាងស្តីទីរូបនេះ ក៏បានបន្ថែមដែរថា យូនីសេហ្វកំពុងធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាថា កុមារបានរៀនសូត្រអំពីបម្រែបម្រួលអាកាសធាតុ និងចំណាត់ការវិជ្ជមានដែលខ្លួនអាច អនុវត្តបាន ដើម្បីការពារសហគមន៍ខ្លួនពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងការសឹករេចរឹលនៃបរិស្ថាន។
ទន្ទឹមនឹងនេះ យូនីសេហ្វបានធ្វើការអំពាវនាវទៅដល់រដ្ឋាភិបាលនានាការពារកុមារពីភយន្តរាយអាកាសធាតុដោយកែសម្រួលសេវាសង្គមឆ្លើយតប ដូចជា ទឹកស្អាតនិងអនាម័យ, សុខភាព, ការអប់រំ, អាហារូបត្ថម្ភ, កិច្ចគាំពារសង្គម និងការការពារកុមារ ដើម្បីផ្តល់ការការពារដល់កុមារ និងយុវជន។
យូនីសេហ្វបានបន្តថា ៖ «រដ្ឋាភិបាលនានាត្រូវត្រៀមលក្ខណៈឲ្យកុមារ និងយុវជនសម្របខ្លួន និងចេះរស់នៅក្នុងពិភពលោកមួយដែលមានបម្រែបម្រួលអាកាសធាតុ ដោយត្រូវអប់រំពួកគេអំពីបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការបណ្តុះបណ្តាលជំនាញបៃតង និងកាលានុវត្តភាពក្នុងការចូលរួមបង្កើត និងផ្តល់ធាតុចូលដ៏មានឥទ្ធិពល លើការតាក់តែងគោលនយោបាយស្តីពីអាកាសធាតុ»។
យោងតាមរបាយការណ៍ថ្មីមួយរបស់យូនីសេហ្វដែលមានចំណងជើងថា «ឆ្នាំត្រជាក់បំផុតនៃជីវិតកុមារ៖ ការការពារកុមារពីផលប៉ះពាល់អាក្រក់ទៅៗនៃរលកកម្តៅ» បានប៉ាន់ប្រមាណថា នៅឆ្នាំ ២០៥០ កុមារនៅទូទាំងពិភពលោកចំនួន ២,០២ ប៊ីលាននាក់ប្រឈមមុខនឹង រលកកម្តៅជាញឹកញាប់ ហើយមានប្រទេសចំនួន ២៣ រួមទាំងប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេស ដែលកុមារមានការប្រឈមខ្ពស់បំផុត។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កម្ពុជាគឺជាប្រទេស១ក្នុងចំណោមប្រទេសភាគីនៃអនុសញ្ញា UNFCCC ចំនួន ៤៩ ដែលបានដាក់ជូននូវយុទ្ធសាស្ត្រនេះទៅកាន់លេខាធិការដ្ឋានអនុសញ្ញា UNFCCC គិតត្រឹមពេលបច្ចុប្បន្ន ហើយជាប្រទេសអភិវឌ្ឍន៍តិចតួចទី២ ដែលបានដាក់ជូនយុទ្ធសាស្ត្រនេះដោយកំណត់ គោលដៅច្បាស់លាស់សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។
លោកថា ប្រការនេះបញ្ជាក់អំពីសក្ខីភាពមួយថ្មីទៀតលើការប្តេជ្ញាចិត្តដ៏រឹងមាំសង្គតិភាព និងមានឆន្ទៈនយោបាយខ្ពស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា៖ «ទោះបីកម្ពុជា ចូលរួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្តី តែតាមរយៈយុទ្ធសាស្ត្រនេះ កម្ពុជាបានបង្ហាញឆន្ទៈ និងជំហររបស់ខ្លួនក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ផ្អែកតាមគោលការណ៍ ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន»។
ជាមួយគ្នានេះដែរ លោកក៏បានបន្ថែមដែរថា កន្លងទៅនេះមានការឃើញនូវការកើនឡើងកម្តៅដែលធ្វើឱ្យមានការប៉ះពាល់ដល់ក្មេងៗ ហើយក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា រួមនឹងក្រសួងបរិស្ថាន ក៏បានធ្វើការណែនាំទៅតាមសាលានានាឱ្យមានការកង្ហារ បង្កើតកន្លែងលម្ហផងដែរ។
លោកបានប្រាប់ថា៖ «ក្នុងនោះ ក្រសួងបរិស្ថានបានបង្កើតឱ្យមានការប្រកួតប្រជែងសាលាមេត្រីបរិស្ថានដែលធ្វើឱ្យសាលាទាំងនោះមានភាពបៃតង ដើមឈើ លម្ហបៃតង និងមានផាសុកភាពផងដែរ ដែលទាំងនេះក៏ជាយន្តការក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ»៕