ភ្នំពេញៈ ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​ដើម្បី​ពិនិត្យមើល​ប្រសិទ្ធភាព​ការងារ​របស់ខ្លួន ខណៈ​កិច្ចប្រជុំ​នេះ បាន​ពិនិត្យ​ទៅលើ​លិខិតបទដ្ឋាន​នានា​បន្ថែមទៀត ដើម្បី​តាក់តែង និង​ដាក់ចេញ​សម្រាប់​ពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុងពេល​ខាងមុខ​។​

កិច្ចប្រជុំ​ពិភាក្សា​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែតុលា ដែលមាន​ការចូលរួម​ដោយ​មន្ត្រី​ជំនាញ​មាន​ឋានៈ​ជា​អគ្គនាយករង ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធាន​សាខា ក​.​ប​.​ប​. រាជធានី ខេត្ត និង​សហការី​សរុប​ជាង​៣០ ​រូប នៅ​ទីស្តីការ ក​.​ប​.​ប​. រាជធានី​ភ្នំពេញ​។​

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​.​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៦ ខែតុលា​ថា កិច្ចប្រជុំ​នេះ គឺ​បាន​ពិនិត្យ​ទៅលើ​របាយការណ៍​វឌ្ឍនភាព​របស់​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប​. រួមទាំង​របាយការណ៍​របស់​នាយកដ្ឋាន​ជំនាញ​ទាំង ​៦​ ផងដែរ​។​

ក្រៅពី​ពិនិត្យ​ទៅលើ​សកម្មភាព​ទាំងនេះ លោក បានឱ្យដឹង​បន្តថា មន្ត្រី​ពាក់ព័ន្ធ​ក៏បាន​ពិភាក្សា​ទៅលើ​លិខិតបទដ្ឋាន​នានា​បន្ថែមទៀត ដើម្បី​ព​ន្លឿ​ន​ការតាក់តែង ក្នុងការ​ដាក់ចេញ​សម្រាប់​អនុវត្ត​ក្នុងពេល​ខាងមុខ ដោយ​ធ្វើយ៉ាងណា​ការពារ​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់ និង​ធានា​ដល់​ការប្រកួតប្រជែង​របស់​អាជីវករ​។​

លោកបាន​បញ្ជាក់ថា​៖ «​នេះ​គឺជា​ការប្រជុំ​ដែល ក​.​ប​.​ប បានធ្វើ​ជាប្រចាំ​សប្តាហ៍ ឬ​ប្រចាំខែ​។ អ្វីដែល​យើង​ពិភាក្សា​ក្នុង​ពេលនេះ គឺ​ពិនិត្យមើល​លើ​អ្វីដែល​យើង​បាន​កសាង​នាពេល​កន្លងមក ជាពិសេស​គឺ​បទ​ប្បញត្តិ​ប​ច្ចេ​ទេស​ក្រោម​ច្បាប់ ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន និង​ក្របខ័ណ្ឌ​អន្តរជាតិ​។ យើង​ក៏​ពិភាក្សា​ទៅលើ​ផែនការ​យុទ្ធសាស្ត្រ​មួយចំនួន​ក្នុង​ក្របខ័ណ្ឌ​ជា​ថ្នាក់ដឹកនាំ ដើម្បី​ជា​ធាតុ​ចូលក្នុង​ការអនុវត្ត​ទូទាំងប្រទេស​ផងដែរ​»​។

ជាមួយនឹង​ការពិភាក្សា​នេះ លោក ផាន អូន បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​សហការ​ក្នុង​ការកសាង​ឯកសារ​គតិយុត្ត​ឱ្យបាន​កាន់តែ​លឿន ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ពី​ច្បាប់​ទូទាំងប្រទេស​ឱ្យបាន​កាន់​តែមាន​ប្រសិទ្ធភាព ជាពិសេស​គឺ​ការពង្រឹង​មន្ត្រី​អ្នកអនុវត្ត​ច្បាប់​។​

បើតាម​លោក ផាន អូន កាលពី​ថ្ងៃទី​ ១៨ ខែតុលា ឆ្នាំ ​២០២២ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ទើបតែ​បាន​ជួប​ជាមួយ​ក្រុមហ៊ុន សហគ្រាស​ចំនួន ​១៩ ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​អាចមាន​លក្ខណៈ​បំភាន់​និង​ភូតកុហក​អ្នកប្រើប្រាស់​។ លោក មើលឃើញថា តាម​ការត្រួតពិនិត្យ មានការ​ផ្សព្វផ្សាយ​លក់​ផលិតផល​របស់​ធុរជន​មួយចំនួន​នៅតែ​បំពាន​ទៅនឹង​ច្បាប់ ដែល​ទាមទារ​ឱ្យមាន​ការតាក់តែង និង​ពង្រឹង​អនុវត្ត​ច្បាប់​បន្ថែមទៀត ដើម្បីឱ្យ​ប្រាកដថា គ្មាន​ការផ្សាយពាណិជ្ជកម្ម ឬ​ការអះអាង​នានា មាន​ខ្លឹមសារ​បំភាន់​និង​ភូតកុហក ធ្វើឱ្យ​អ្នកប្រើប្រាស់​ភាន់ច្រឡំ​។​

លោកបានឱ្យដឹង​ដែរ​ថា​៖ «​មុននឹង​ឈានដល់​កិច្ចប្រជុំ​រវាង គ​.​ជ​.​ក​.​ប​. និង​ក្រុមហ៊ុន សហគ្រាស​នេះ អគ្គនាយកដ្ឋាន​ ក​.​ប​.​ប​. បាន​ប្រើប្រាស់​យន្តការ​សម្របសម្រួល​ជាមួយ​ធុរជន ដែល​បានធ្វើការ​ផ្សាយពាណិជ្ជកម្ម ​ឬ​ការអះអាង​នានា មាន​ខ្លឹមសារ​បំភាន់​និង​ភូតកុហក ធ្វើឱ្យ​អ្នកប្រើប្រាស់​មានការ​ភាន់ច្រឡំ ដោយបាន​ណែនាំ​ជាច្រើនលើក​ច្រើនសា​ដល់​ធុរជន​ផ្ទាល់ ព្រមទាំង​ទុកពេល​វេលា​ឱ្យ​កែតម្រូវ​នូវ​អត្ថបទ​ផ្សាយពាណិជ្ជកម្ម​របស់ខ្លួន​។ យើង​នឹងធ្វើ​ការបកស្រាយ​ទៅកាន់​ក្រុមហ៊ុន​-​សហគ្រាស​ទាំង ១៩ នេះ ជា​លើកចុងក្រោយ មុននឹង​ឈានដល់​ការចេញ​សេចក្តីសម្រេច​ចុងក្រោយ​»​។​

ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​នេះដែរ កាលពី​ថ្ងៃទី ១៥ តុលា អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បានប្រកាសថា ខ្លួន​ពុំបាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ណា​មិនមាន​អនុលោមភាព​នោះទេ ក្រោយ​មន្ត្រី​ជំនាញ សាខា ក​.​ប​.​ប​. សាខា​ខេត្តកណ្ដាល បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​នៅ​តាម​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៨​ ទីតាំង​បន្ថែម កាលពី​ថ្ងៃទី​ ២៤ ខែតុលា​។ តែ​យ៉ាងណា​ក្នុង​ថ្ងៃ​ដដែល​នោះ មន្ត្រី​ជំនាញ ក​.​ប​.​ប​. បាន​រកឃើញ និង​ដកហូត​ទំនិញ​ចម្រុះ​ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាង​ ២០​ គីឡូក្រាម នៅ​ខេត្តតាកែវ ។​

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​អះអាងថា​៖ «​ដើម្បី​ទប់ស្កាត់​ចរាចរណ៍​ទំនិញ​ខូចគុណភាព​ និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ធានា​ឱ្យ​ការធ្វើ​ធុរកិច្ច​ដោយ​សុចរិត​នៅលើ​ទីផ្សារ ធានា​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ និង​ការពារ​ផលប្រយោជន៍​ជូន​អ្នកប្រើប្រាស់ មន្ត្រី​ស៊ើបអង្កេត​សាខា ក​.​ប​.​ប​. បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ ឃ្លាំង​ស្ដុក និង​ម៉ា​ត​»៕