ភ្នំពេញៈ ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប្រកាស​ដាក់ឱ្យ​ប្រើ​គេហទំព័រ «​កម្ពុជា​ឆ្ពោះទៅ​ឌីជីថល​»​ ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​។​ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​ប្រៃសណីយ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ ២៥ ​ខែតុលា​ និង​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​ ២៦​ ខែតុលា​។​

ក្រសួង​ប្រៃសណីយ៍​លើកឡើង​ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន​ថា​៖ «​ក្នុងទិសដៅ​ជំរុញ​ការអភិវឌ្ឍ​ចំណេះដឹង​ឌីជីថល និង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ប្រកបដោយ​ប្រសិទ្ធភាព ខ្លួន​បានរៀបចំ​កម្មវិធី កម្ពុជា​ឆ្ពោះទៅ​ឌីជីថល (Go Digital Cambodia) ស្របតាម​ទិសដៅ​កំណត់ ក្នុង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥»​។​

តាមរយៈ​កម្មវិធី​នេះ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​បង្កើត​គេហទំព័រ godigital.gov.kh ដែលជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ព័ត៌មាន ទិន្នន័យ ចំណេះដឹង​ឌីជីថល​ចាំបាច់​មាន​ជាអាទិ៍ សុវត្ថិភាព​តាម​ប្រព័ន្ធ​អន​ឡាញ មុខងារ​ឧបករណ៍​ឌីជីថល ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ការទិញ​ទំនិញ​អន​ឡាញ និង​ការយល់ដឹង​ពី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។​

ក្រសួង​បញ្ជាក់ថា​៖ «​សាធារណជន​អាច​ស្វែងរក​ព័ត៌មាន​ថ្មីៗ ពាក់ព័ន្ធ​នឹង​ការធ្វើ​បរិ​វត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា និង​អាច​ចូលរួម​នៅក្នុង​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​នៅ​កម្ពុជា ប្រកបដោយ​បរិ​យាប័ន្ន​»​។​

ក្រៅពី​ប្រកាស​ពី​គេហទំព័រ «​កម្ពុជា​ឆ្ពោះទៅ​ឌីជីថល​» ក្រសួង​បាន ជំរុញឱ្យមាន​ការផលិត​មាតិកា​វីដេអូ​កាន់​តែមាន​ប្រយោជន៍​ដល់​អ្នកទស្សនា​។ ក្រសួង​នេះ​បន្ថែមថា ជាការ​លើកស្ទួយ ដល់​អ្នក​ផលិត​មាតិកា​វីដេអូ ប្រកបដោយ​គំនិត​ច្នៃប្រឌិត ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង​ផលិត​មាតិកា​វីដេអូ​អប់រំ លើ​ប្រធានបទ​ចំនួន ​២ ទី​១ ១ ថ្ងៃ​ ក្នុង​ពិភព​ឌីជីថល និង​ទី​២ វិធី​រក្សា​គណនី​ហ្វេ​ស​ប៊ុ​ក​ឱ្យមាន​សុវត្ថិភាព​។​

សម្រាប់​ប្រធានបទ​ទី​១ បេក្ខជន​តម្រូវឱ្យ​រៀបចំ​មាតិកា​វីដេអូ​ចែករំលែក​បទពិសោធ​ពី​ការប្រើប្រាស់​ឧបករណ៍​/​កម្មវិធី​ឌីជីថល​នានា (Digital Tools) ដែលមាន​ប្រយោជន៍​បម្រើឱ្យ​ការសិក្សា​ឬ​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន​។ សម្រាប់​ប្រធានបទ​ទី​២ បេក្ខជន​តម្រូវឱ្យ​រៀបចំ​ជា​មាតិកា វីដេអូ​ស្តីពី​វិធីសាស្ត្រ​នានា​ក្នុងការ​រក្សា​សុវត្ថិភាព​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

ក្រសួង​ប្រៃសណីយ៍​បញ្ជាក់​ចុងក្រោយ​ថា​៖ «​មាតិកា​វីដេអូ​ចំនួន​៣​ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​សម្រាប់​ប្រធានបទ​នីមួយៗ​នឹង​ទទួលបាន​រង្វាន់​ពី​កម្មវិធី​ពី ១​ លាន ដល់ ៤​ លាន​រៀល​។ ជយលាភី​ទាំងអស់​នឹងមាន​ឱកាស​ក្លាយជា​អ្នក​ផលិត​មាតិកា​អប់រំ​សម្រាប់ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ត្រូវ​អញ្ជើញ​ចូលរួម​កម្មវិធី​ជជែក​សំណេះសំណាល ជាមួយ​តំណាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា​ទៀតផង​»៕