ភ្នំពេញៈ តំណាង UNESCO ប្រចាំ​នៅ​កម្ពុជា បាន​ស្នើសុំការ​គាំទ្រ​ពីលោក​ឧបនា​យក​រដ្ឋ​មន្ត្រី ស ខេង​​​ លើ​គម្រោង​ផ្ដល់​ការបណ្ដុះ​បណ្ដាល​ដល់កង​កម្លាំង​នគរបាលកម្ពុជា​ ពាក់ព័ន្ធ​នឹងអក្ខរកម្មឌីជី​ថល និងបណ្ដា​ញ​សង្គម។

ការស្នើនេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង លោក Sardar Umar Alam តំណាង​អង្គការ​យូណេ​ស្កូ (UNESCO) ប្រចាំ​នៅកម្ពុជា​និង​លោក ស ខេង កា​លពីថ្ងៃទី​ ២៥ ​ខែតុ​លា ឆ្នាំ​ ២០២២​។

នៅក្នុង​ជំនួប​នោះ លោក Sardar Umar Alam បាន​សរសើរ​រាជ​រដ្ឋាភិបាល​កម្ពុជា លើការងារ​បង្កា​រទប់​ស្កាត់​​ជំងឺ​កូវី​ដ ​១៩ រួម​ទាំង​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ជន ខណៈដែល​លោកសង្កេត​ឃើញ​យុទ្ធ​នាការ សុខា​ភិបាល​មួយ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​ស្មើភាព និង​គ្មាន​ការរើស​អើង។ លោក​ប្រាប់​លោក​ ស ខេង​ ថា រូប​លោក​ផ្ទាល់​ក៏ទទួល​បាន​ចាក់​វ៉ាក់​សាំង ដូស​ទី​៥ រួច​ហើយផ​ងដែរ​។

លោក​បន្ត​ថា ក្នុង​រយៈ​ពេល​ ២ ​ឆ្នាំចុង​ក្រោយ​នេះ យូណេស្កូ បាន​ផ្ដោតលើកា​រអ​ប់រំអក្ខរកម្ម​តាម​រោងច​ក្រ និង​អនុវត្ត​កម្មវិធី​អប់​រំកម្រិត​មូល​ដ្ឋាន​តាម​អ៊ីនធើ​ណែត និង​បាន​ពង្រីកវិសាល​ភាពការងារ​ពាក់ព័ន្ធកា​របញ្ចេញ​មតិ និង​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មា​នក្លែ​ងក្លាយ​។ បណ្ដាញ​សង្គម​បច្ចុប្បន្ន បាន​ផ្លាស់ប្ដូររ​បៀបទទួល​ព័ត៌មា​នរ​បស់​​សា​ធារ​ណជន ហើយ​ក៏បង្កើត​ជាប​ញ្ហាស្មុគ​ស្មាញដល់អ្ន​កប្រើ​ប្រាស់ និង​រាជរដ្ឋា​ភិបាល​ដែរ។​

លោក Sardar Umar Alam បន្តថា​៖«ក្នុង​នោះបណ្ដាញ​សង្គម ក៏បង្កើ​តជាផលប៉ះ​ពាល់​ផ្សេង​ទៀត ដូច​ជា​បទ​ល្មើស​បច្ចេក​វិទ្យា​ជាដើម។ យូណេ​ស្កូ បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​កងកម្លាំង​នគរបាល​កម្ពុជា​ពាក់​ព័ន្ធ​នឹង​អក្ខរកម្ម​ឌីជីថល និងប​ណ្ដាញ​សង្គម​ដើម្បីប្រ​ឆាំងព័ត៌​មានមិន​ពិត និង​ព័ត៌មាន​ប្រកប​ដោយ​ការ​រើស​អើង​»។

អង្គការ យូណេ​ស្កូ មាន​ធន​ធាន និង​ចង់ស្នើ​សុំពិនិត្យ​លទ្ធភាព​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ ជាមួយ​ក្រសួង​មហា​ផ្ទៃ លើការ​ងារ​បណ្ដុះ​បណ្ដាល​មន្រ្តីនគរ​បាល​កម្ពុជា និង​រៀបចំផ្ដល់​ជំនួយ​ចាំបាច់ផ្សេង​ទៀត ដើម្បី​គាំទ្រដ​ល់​ការងា​រអ​ប់រំឌី​ជីថ​ល​។

លោក Sardar Umar Alam បាន​ប្រាប់​លោក​ស ខេង​លម្អិត អំពី​កម្មវិធី​អប់​រំ​តាម​ប្រព័ន្ធ​អ៊ីន​ធើណិត​ដោយ​ឥត​គិត​ថ្លៃជូន​ប្រជា​ជន​ចាប់ពី​អាយុ​ ១៤ ​ឆ្នាំ​ឡើង​​។

លោក​បន្ត​ថា​៖ «យូណេស្កូ​មាន​គម្រោង​ពង្រី​ក​កម្មវិធី​នេះ (អប់រំ​ឌីជីថល) ទៅដល់​រោង​ចក្រ និងព​ន្ធនា​គារ។ យើង​ស្នើសុំ​សម្ដេច​ឱ្យមាន​ការ​ជួប​គ្នា​រវាង​មន្រ្តី​ជំនាញ​ដើម្បី​អនុវត្ត​គម្រោង​នេះ​»។

លោក​ឧបនា​យករដ្ឋ​មន្ត្រី ស ខេង បាន​អរគុណ​ដល់​អង្គការ យូណេ​ស្កូ ដែល​បាន​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ជាច្រើន​ឆ្នាំ និង​ច្រើន​វិស័យ។ ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេសនា​នា​សុទ្ធ​តែជួប​ប្រទះនឹង​បញ្ហា ក្នុង​វិស័យ​ឌីជីថល​។

លោកបន្ត​ថា៖ «ជា​គោល​ការណ៍ រាជ​រដ្ឋាភិបាល​បាន​លើក​ទឹក​ចិត្ត​ឱ្យពលរដ្ឋ​បញ្ចេញ​មតិ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ រាជ​រដ្ឋាភិបា​លក៏ត្រូវ​ទប់​ស្កាត់​រាល់​មតិទាំង​ឡាយ​ណា ដែល​នាំឱ្យប៉ះ​ពាល់​ដល់ ផល​ប្រយោ​ជន៍​សង្គម​ដែរ។ បញ្ហា​នេះទាម​ទារឱ្យ​មាន​ការ​ចែង​ច្បាស់​រវាងព័ត៌​មាន​ក្លែង​ក្លាយ និង​ព័ត៌មាន​ពិត​»។

លោក​បន្តថា បណ្ដាញ​សង្គមក៏បាន​បង្កើត​ឱកាស​ឱ្យជន​ខិល​ខូច​បង្កើត​ជាបទ​ល្មើស​ផ្សេងៗ ដូច​ជាការ​ឆបោក និង​ការ​លួច​លុយ​តាម​ប្រព័ន្ធ​អនឡាញ។

ពាក់ព័ន្ធ​នឹង​ឌីជីថល​នេះ លោក​ក៏មានផេក​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន ហើយ​បើក​ចំហ​ឱ្យពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង ដែល​ក្នុង​នោះក៏មាន​បណ្ដឹង​លើបទ​ល្មើស ពាក់​ព័ន្ធ​នឹង​បច្ចេ​កវិទ្យា ដូច​ជា​ការបោក​ប្រាស់​តាម​បណ្ដាញ​អនឡាញ​ដែរ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា សមត្ថ​ភាព​មន្រ្តី​ក្នុង​ការដោះ​ស្រាយ​បញ្ហានេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​។

លោក ស ខេង បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍ ចំពោះ​គំនិត​ផ្ដូច​ផ្ដើម​របស់​តំណាង​អង្គការ​យូណេស្កូ និង​បាន​សន្យា​ចាត់​មន្រ្តី​ជំនាញ​ឱ្យ​ធ្វើ​កិច្ច​សហ​ប្រតិការ​លើ​ការងារ​នេះ​ជាមួយ​អង្គការ យូណេ​ស្កូ។

កម្ពុជា​បា​ន​ចូល​ជាសមាជិក​អង្គ​ការ យូណេ​ស្កូ កាល​ពី​ឆ្នាំ ​១៩៥១ ដែល​ជាឆ្នាំបង្កើត​អង្គការ​អន្តរជាតិ​ ១​ នេះ​ ប៉ុន្តែ​កិច្ច​សហការ​ជាមួយ​គ្នា​ក៏ធ្លា​ប់បានអាក់​ខាន​មួយរយៈ​ធំ ដោយ​សារ​ស្ថាន​ភាព​សង្គ្រាមផ្ទៃ​ក្នុង​របស់​កម្ពុជា។

ចាប់​តាំង​ពីបើក​ការិយាល័យ​ឡើង​វិញ​នៅកម្ពុជា​ឆ្នាំ​ ១៩៩១ យូណេស្កូ បាន​ជួយ​កម្ពុជាលើវិ​ស័យវប្បធម៌​ អប់រំ ព័ត៌​មាន និង​សារគម​នាគមន៍ វិទ្យាសាស្រ្ត​ធម្មជា​តិ សង្គម​សាស្រ្ត និង​មនុស្ស​សាស្រ្ត​៕