ភ្នំពេញៈ ​រដ្ឋមន្រ្ដី​ក្រសួង​ប្រៃស​ណីយ៍ និង​ទូរគ​មនាគមន៍​លោក ជា វ៉ា​ន់ដេ​ត ថ្លែង​ថា ក្រុម​​ការងារ​ជំនាញ​ក្រសួង​ពាក់​ព័ន្ធ​កំពុង​សិក្សា​នៅតាម​ការដ្ឋាន​ ដើម្បី​រៀបចំ​ដំឡើង​បង្គោល​សេវាទូរស័ព្ទ និង​អ៊ីន​ធើណិតក្នុង​សហគមន៍​តំ​បន់​ការ​ពារ​ធម្មជាតិ បន្ទាប់​ពី​ក្រសួង​ប្រកាស​សាង​សង់​ស្ថានី​យ​អង់​តែន​ចំនួន ១០០ បន្ថែម​​​ទៀត ​កាលពីថ្ងៃទី ១៤ ខែ​កក្កដា ឆ្នាំ​ ២០២២ ​​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្រ្ដី ហ៊ុន សែន។

លោក ជា វ៉ាន់​ដេត ថ្លែង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ នៅថ្ងៃទី​ ២៦ ខែតុលា​​ថា៖ «​ការ​រៀបចំ​ដំឡើងប​ង្គោល​សេវាទូ​រស័ព្ទ និង​​អ៊ីន​ធើណិត នៅ​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ដើម្បី​ឆ្លើយ​តប​ទៅនឹង​គោល​នយោបា​យរបស់​ក្រសួង ក្នុង​​ការ​ផ្ដល់​សេវា​ទូរគមនាគមន៍​នៅ​តាម​តំបន់​ដាច់​ស្រយាល ដល់​ប្រជាពលរដ្ឋ និង​ទេសច​រ​គឺកំ​ពុង​សិក្សា​នៅ​តាម​​ការដ្ឋាន​ដោយ​ក្រសួង​ពាក់​ព័ន្ធ​»។

យោង​តាម​ប្រសាសន៍​ណែនាំ​របស់​លោក​នាយក​រដ្ឋ​មន្រ្ដី ដើម្បី​ពង្រឹង​គុណ​ភាព និង​វិសាល​ភាព សេវា​ទូរ​គមនា​គមន៍ សម្រាប់ភ្ញៀវ​ទេស​ចរណ៍​ជាតិ និង​អន្តរ​ជាតិ ក្រសួង​ប្រៃស​ណីយ៍ និងទូ​រគ​មនា​គម​ន៍​ កាល​ពីថ្ងៃទី ១៤ ខែកក្កដា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ប្រកាស​សាងសង់​ស្ថានីយ​អង់តែន​ចំនួន ១០០ បន្ថែម​ទៀត ដើម្បី​​លើក​កម្ពស់​គុណភាព​សេវា នៅ​តាម​គោលដៅ​ទេសចរណ៍​អាទិភាព និង​តំបន់​ទេសចរណ៍​ដាច់ស្រយាល ដែល​កំពុង​ប្រឈម​បញ្ហា​សេវា និង​អ៊ីន​ធឺណិត​ប្រើប្រាស់​នេះ​។

ក្រសួង​បញ្ជាក់​ថា៖ «គម្រោង​សាង​សង់​ស្ថានីយ​អង់តែន ចំនួន ១០០ នេះ ដោយ​ប្រើប្រាស់​ថវិកា​របស់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល ព្រមទាំង​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ ក្រសួង​បរិស្ថាន ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និ​ង​ប្រតិ​បត្តិករ​ទូរស័ព្ទ​ចល័ត ដើម្បី​ពង្រឹង​គុណភាព​សេវា​ដល់​គោលដៅ​ទេសចរណ៍​អាទិភាព និង​តំបន់​ទេសចរណ៍​ដាច់​ស្រយាល»។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន ការ​សាងសង់​ស្ថានីយ​អង់តែន​បន្ថែម​នេះ ​គឺ​ស្រប​នឹង​យន្តការ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​មាន​ក្រុម​ការងារ​ពង្រឹង​គុណភាព​សេវា​នៅ​តាម​តំបន់​ចំនួន ៥ នៅ​ទូទាំង​ប្រទេស និង​ក្រុម​ការងារ​ចំនួន ៨ សម្រាប់​ចុះ​ពង្រឹង​គុណភាព​សេវា​នៅ​តាម​បុរី​ក្នុង​រាជធានី​ភ្នំពេញ កំពុង​អនុវត្ត​ការ​ងារ​​យ៉ាងសកម្ម ក្នុង​ការ​វាស់ស្ទង់​គុណភាព​សេវា​នៅ​តាម​ភូមិសាស្ត្រ​ទូទាំង​ប្រទេស​។

ក្រសួង​បញ្ជាក់ថា ការ​អនុវត្ត​ការងារ​នេះក៏ដើម្បី​ជំរុញ​កាតព្វកិច្ច​របស់​ប្រតិបត្តិករ​ក្នុង​ការ​សាងសង់​ស្ថានីយ​អង់​តែន​​បន្ថែម សំដៅ​ធ្វើឱ្យ​សេវា​ទូរគមនា​គមន៍​មាន​គុណភាព​និង​គ្របដណ្ដប់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

«ការ​សាងសង់​អង់តែន​នេះ​ធ្វើ​ឡើង យោងតាម​ប្រសាសន៍​ណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍ ផែនការ ស្ដារ​និង​លើក​ស្ទួយវិស័យ​ទេសចរណ៍​កម្ពុជា​​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺកូវីដ ១៩ កាល​ពី​ថ្ងៃទី ១៤ ខែ​កក្កដា ឆ្នាំ ២០២២»។ នេះ​បើតាម​ការ​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​។

លោក ហ៊ុន សែន បាន​ថ្លែង​​ក្នុង​ពិធីនោះថា រាល់​កម្មវិធី​នានាលោក​តែង​តែ​ប្រើ​ទូរស័ព្ទដៃ ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណប ជំនួស​ឱ្យ​ការ​ប្រើប្រាស់ Wifi ដោយសារ​តែ​សេវា​អ៊ីនធឺណិត Wifi យឺត​ពេក មិនអាច​ប្រើប្រាស់​បាន ដោយ​លោក​ស្នើ​ឱ្យ​ក្រុមហ៊ុន​នានា​ពង្រឹង​សេវា​អ៊ីនធឺ​ណិត​ឡើងវិញ។

លោកថ្លែង​​ថា៖ «សូម​ក្រុមហ៊ុន​នានា និង​វិស័យ​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​សេវា​ទូរស័ព្ទ​អ៊ិនធឺណិត សេវា​ត្រូវតែ​ពង្រឹង តាម​តំបន់​ទេសចរណ៍ ក្នុង​ក្រុង និង​តាម​ជនបទ ព្រោះគេ​ត្រូវ​ទាក់ទង​ធ្វើ​ការងារ គេ​ដើរលេង​ផង​ធ្វើការផង»។

បើតាម​ក្រសួង​ប្រៃសណី​យ៍ កាលពីពេលថ្មីៗនេះ ក្រុម​ការងារ​ក្រសួង​ពាក់ព័ន្ធ​បា​ន​និង​កំពុង​រៀប​ចំដំ​ឡើង​បង្គោល​សេវា​ទូរស័ព្ទ និងអ៊ីន​ធើ​ណិត នៅ​ក្នុង​សហ​គមន៍​តំបន់​ការពារ​ធម្ម​ជាតិ បឹង​ភ្លោះ យ៉ាក​អោម​ យ៉ាក​ការ៉ា ស្ថិត​នៅ​ស្រុក​លំផាត់​ ខេត្តរតន​គិរី​។

ក្រសួង​បញ្ជាក់​ថា នេះគឺ​ជាការឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​របស់​ក្រសួង​ប្រៃសណីយ៍ ក្នុង​ការ​ផ្ដល់​សេវា​ទូរគ​មនា​គមន៍​​នៅ​តាម​តំបន់​ដាច់​ស្រយាល និង​ស្រប​តាម​គោល​នយោបា​យ​របស់​ក្រសួង​បរិ​ស្ថាន​ដែល​ផ្ដល់​សេវា​នៅតា​មតំបន់​ការពារ។

លោក សូ វិសុទ្ធី រដ្ឋលេខា​ធិការ និង​ជាអ្នក​នាំពាក្យ ក្រសួង​ប្រៃសណីយ៍ ដែល​កំពុង​បំពេញ​បេសក​កម្ម​នៅប្រទេស​ឥណ្ឌ បាន​បញ្ជាក់​នៅថ្ងៃទី ២​៦ តុលា​ដែរថា លោកនឹង​ឆ្លើយតប​លម្អិត​លើ​ដំណើការ​ ​រៀបចំ​ដំឡើង​បង្គោល​សេវាទូរស័ព្ទ និង​អ៊ីន​ធើណិត​ក្នុង​សហគមន៍​តំ​បន់​ការ​ពារ​ធម្មជាតិ​បន្ថែម​ទៀត​ឆាប់ៗនេះ៕