ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ក្នុង​ខេត្ត​ទាំង​ ៦​ ជាប់​បឹង​ទន្លេសាប រៀបចំ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​ ៣ ជូន​ពលរដ្ឋ​ឱ្យបាន​មុន​ចូលឆ្នាំ​ខ្មែរ ខណៈ​លោក​អះអាង​ថា នេះ​គឺជា​ការដោះស្រាយ​មួយ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ស្ថិរភាព​ក្នុង​ការរស់នៅ​។

ការប្រកាស​ណែនាំ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​បេសកកម្ម​របស់​លោក​នា​ថ្ងៃទី​ ២៦ ខែតុលា ដើម្បី​ចុះ​ចែក​ស្រូវពូជ​ជូន​កសិករ​រងគ្រោះ​ដោយ​ទឹកជំនន់​ជាង​ ៣ ០០០​ គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង បន្ទាប់ពី​លោក​បាន​ចុះ​បេសកកម្ម​ជា​បន្តបន្ទាប់​នៅក្នុង​ខេត្តសៀមរាប ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង និង​ខេត្តពោធិ៍សាត់​។

ក្នុង​ឱកាស​នោះ លោក​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា​៖ «​ប្រជាពលរដ្ឋ​ខ្លះ​រស់នៅ​តំបន់​ទន្លេសាប​យើង គឺ​មិនមែន​ ១​ ជំនាន់​ទេវា​ច្រើន​ជំនាន់​ហើយ​ចូលដល់​រយ​ឆ្នាំ​ឯណោះ ដែល​តាំងពី​យើង​មិនទាន់​កើត​មាន​ជីដូន​ជីតា​ជីលួត​ជីលា​កើត​នៅ​កន្លែង​ហ្នឹង​។ អ៊ីចឹង​ទេ​ទោះបី​នៅក្នុង​តំបន់ ​២ ឬ​តំបន់​ ៣ យើង​អាច​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​យើង​រស់នៅ​កន្លែង​ហ្នឹង ហើយ​បន្ថែម​ទៅ​ដោយ​ការគិតគូរ​តំបន់​ ៣ កាត់ចេញ​មកជា​តំបន់​ ២ ហើយ​តំបន់​ ២ ​ខ្លះ កាត់ចេញ​ជា​តំបន់​ ១»​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​បានធ្វើ​ការណែនាំ​ឱ្យ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ធ្វើ​កិច្ចការងារ​នេះ​ជាមួយ​នឹង​បណ្តា​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​ម៉េច​ធ្វើឱ្យ​សម្រាប់​ខ្ញុំ​មុន​ចូលឆ្នាំ​ខ្មែរ​។ អ៊ីចឹង​នៅសល់​ប៉ុន្មាន​ខែ​ទៀត​ឱ្យបាន​គ្រប់​»​។

ក្រៅពី​ប្រកាស​បែបនេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អះអាង​ដែរ​ថា នេះ​គឺជា​ការដោះស្រាយ​មួយ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ស្ថិរភាព​ក្នុង​ការរស់នៅ ខណៈ​លោក​បាន​ទទួល​ស្គាល់​ថា បញ្ហា​នេះ​កើតមាន​ភាពស្មុគស្មាញ ក៏​ជា​កំហុស​របស់​លោក​មួយផ្នែក​ផងដែរ​។

លោក​បាន​បញ្ជាក់​ទៀតថា​៖ «​ប៉ុន្មាន​ឆ្នាំ​មុននេះ ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​មាន​កំហុស ដោយសារ​តែ​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​នៅ​ឆ្នាំ​ ២០១២ ដោយ​មិនបាន​យកចិត្ត​ទុកដាក់​រៀបចំ​តំបន់​ ៣ និង​តំបន់​ ២ និង​តំបន់​ ១ ​។ ឥឡូវ​យើង​បាន​រកឃើញ​វិធីសាស្ត្រ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​រស់នៅ​បាន​ផង និង​យើង​ថែទាំ​បឹង​ទន្លេសាប​បាន​ផង​។ តំបន់​ដែល​ប្រជាជន​ធ្លាប់​រស់នៅ​ឱ្យ​គាត់​បន្ត​ការរស់នៅ​តទៅទៀត កុំ​រើ​គាត់​ចេញ ព្រោះ​កន្លែង​នោះ ខ្ញុំ​នៅចាំ​បាន​ថា ខ្ញុំ​ទៅ​ធ្វើ​សាលា​ឱ្យ​ទៀត​។ សាលា​ខ្លះ ធ្វើ​ផុតពី​ទឹក ហើយ​សាលា​ខ្លះ ធ្វើ​បណ្តែត​ទឹក ដូច្នេះ​តើ​យក​គាត់​ទៅណា​?»​។

ជាមួយ​នឹង​ការផ្តល់​ជូន​នេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​អំពាវនាវ​កុំឱ្យ​ប្រជាពលរដ្ឋ​បន្ត​កាប់​ព្រៃ​លិចទឹក​ទៀត ខណៈ​លោក​ណែនាំ​ឱ្យ​ការ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ត្រូវ​បូក​បន្ថែម​ ១០ ​ភាគរយ​ពីលើ​ដី​ដែល​បាន​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ​ជាក់ស្តែង ដើម្បីឱ្យ​ពលរដ្ឋ​អាចមាន​ដី​សាធារណៈ​រួម​សម្រាប់​ប្រកបរបរ​ចិញ្ចឹម​ជីវិត​បន្ថែម​ពី​ដី​លើ​ដែល​ពលរដ្ឋ​ធ្លាប់​កាន់កាប់​។

លោក​ថ្លែងថា​៖ «​ប៉ុន្មាន​ឆ្នាំ​មកនេះ ពលរដ្ឋ​របស់​យើង​រស់នៅ​ដោយ​មិន​ប្រាកដប្រជា​ថា​តើ​អញ​នៅ​រស់នៅ​កន្លែង​ណា​ទៀត​? ឥឡូវ​ថ្ងៃនេះ ខ្ញុំ​បញ្ជូន​សារ​ជាក់លាក់​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅក្នុង​ទន្លេសាប​។ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​សុំ​យកមក​វិញ​នូវ​ដី​ដែល​ទន្ទ្រាន​ដោយ​អ្នក​មាន​អំណាច ឬ​អ្នក​ខិលខូច​ទាំងឡាយ​ដែល​មិនមែន​ជា​ភូមិករ ចាស់​តែប៉ុណ្ណោះ ហើយ​ត្រូវ​ដាំ​កូនឈើ​មកវិញ ដើម្បី​ឱ្យទៅជា​ព្រៃ​លិច​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​»​។

លោក​ សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មិនអាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​បានទេ នៅ​ថ្ងៃទី​ ២៦ តុលា ដោយសារតែ​ទូរស័ព្ទ​ទាក់ទង​បាន ប៉ុន្តែ​គ្មាន​ការឆ្លើយតប​។

កាលពី​ថ្ងៃទី​ ២៨ ខែវិច្ឆិកា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់ ចំពោះ​ការលួច​កាប់​ទន្ទ្រាន ព្រៃ​លិចទឹក និង​វាតទី​យក​ដី​នៅតាម​បឹង​ទន្លេសាប បន្ទាប់ពី​ដីព្រៃ​លិច​ទឹក​រាប់ម៉ឺន​ហិកតា​ត្រូវ​កាប់​ទន្ទ្រាន​។

បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ធំជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​បណ្តោយ​ប្រមាណ ១១៦ ​គ.ម ទទឹង​ប្រមាណ​ពី​ ៣​ គ.ម ទៅ ៣៣ គ.ម និង​មាន​ឆ្នេរ​ប្រវែង​ប្រមាណ ៤៨២ ​គ.ម នៅ​រដូវប្រាំង​។ បឹង​ទន្លេសាប គឺជា​បេះដូង​នៃ​ប្រទេស​កម្ពុជា ដែល​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ទាំង​លើ​ផ្នែក​សង្គម សេដ្ឋកិច្ច វប្បធម៌ និង​បរិស្ថាន​។ បឹង​ទន្លេសាប​បាន​ស្រូបយក​ទឹកជំនន់​ពី​ទន្លេ​មេគង្គ​ប្រមាណ​ជា ២០ ​ភាគរយ ប្រចាំឆ្នាំ​។

វិសាលភាព​របស់​បឹង​ទន្លេសាប​មានការ​ប្រែប្រួល​ទៅតាម​រដូវកាល​។ នៅ​រដូវប្រាំង បឹង​ទន្លេសាប​មាន​ផ្ទៃក្រឡា​ប្រមាណ ២៥០ ០០០ ​ហិកតា ជម្រៅ​ពី ១-២ ​ម៉ែត្រ ហើយ​នៅ​រដូវវស្សា បឹង​មាន​ផ្ទៃក្រឡា​ប្រមាណ ១ ៥០០ ០០០ ហិកតា ជម្រៅ​ពី ៨-១១ ​ម៉ែត្រ​។ មាឌ​ទឹក​បឹង​ទន្លេសាប​នៅ​រដូវវស្សា​បាន​មកពី​ទន្លេមេគង្គ ៦២% និង ៣៨% ទៀត​បាន​មកពី​បណ្តា​ស្ទឹងធំៗ​ដែល​នៅ​ជុំវិញ​ចំនួន​ ១១​។ ផ្ទៃក្រឡា​បឹង​ទន្លេសាប​នៅ​រដូវវស្សា​មាន​ទំហំ​ធំ​ជាង​រដូវប្រាំង​ប្រមាណ​ពី ៥ ទៅ​ ៦ ​ដង​។ នេះ​បើតាម​អង្គការ FACT​។

កាលពី​ថ្ងៃទី​ ២៧ ខែ​ឧសភា ឆ្នាំ​ ២០២២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កែសម្រួល​ផ្ទៃដី​ទំហំ​ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពី​តំបន់​ ៣ បញ្ចូលមក​តំបន់​ ២ នៃ​តំបន់​បឹង​ទន្លេសាប​ស្ថិត​ក្នុង​ភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និង​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ១ ៦៥៨ ​គ្រួសារ​សម្រាប់​ប្រើប្រាស់ និង​អាស្រ័យ​ផល​។ បន្ថែម​ពីនេះ នៅ​ថ្ងៃទី​ ៣១ ខែឧសភា ឆ្នាំ​ដដែល​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​សម្រេច​កាត់​ដី​អភិរក្ស​តំបន់​បឹង​ទន្លេសាប​ជាង ​៦ ០០០ ហិកតា​បន្ថែមទៀត​ពី​តំបន់​ ៣ ​បញ្ចូល​ទៅ​តំបន់​ ២ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ និង​បន្ទាយមានជ័យ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​អាស្រ័យ​ផល​ឡើងវិញ​។

លោក យុក សេងឡុង នាយក​ប្រតិបត្តិ​អង្គការ FACT បាន​ថ្លែង​ថា វិធានការ​របស់លោក​នាយករដ្ឋមន្ត្រី​ក្នុង​ការដោះស្រាយ​បញ្ហា​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប គឺមាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​។ យ៉ាងណា​លោក ចាត់ទុកថា វិធានការ​ទាំងនេះ គឺ​បាន​ចូលរួម​កំណត់​ឱ្យ​បាន​ច្បាស់​ជាថ្មីទៀត​ទៅលើ​តំបន់​អភិរក្ស និង​តំបន់​ដែល​ត្រូវ​បាន​ការពារ ដោយ​បែងចែក​ឱ្យ​ច្បាស់​ពី​តំបន់​ដែល​ពលរដ្ឋ​កំពុង​អាស្រ័យ​ផង​។

លោក​បាន​បញ្ជាក់ថា​៖ «​ជាទូទៅ​នេះ​ជា​ពេលវេលា​ដែល​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​តំបន់​ហ្នឹង ដែល​មាន​តំបន់​ ២ និង​តំបន់​ ៣ ព្រោះ​កន្លែង​ខ្លះ​មាន​ក្នុង​អនុក្រឹត្យ​ចាស់ ដែលមាន​យូរ​ឆ្នាំ​មកហើយ ហើយ​ស្ថានភាព​បច្ចុប្បន្ន មាន​ការប្រែប្រួល​។ ជួនកាល​ក្នុង​ប្លង់ ជា​ដី​អភិរក្ស​ដែល​មាន​ទឹក តែ​ជាក់ស្តែង​មិនមាន​ទេ ដែល​ប្រជាពលរដ្ឋ​បានរស់នៅ​អាស្រ័យផល​»​។ លោក​ថា ការធ្វើ​បច្ចុប្បន្នភាព និង​ការកែប្រែ​នានា​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នេះ នឹង​ធ្វើឡើង​ដោយមាន​សុក្រឹតភាព និង​តម្លាភាព ដើម្បី​ឆ្លុះបញ្ចាំង​ពី​បច្ចុ្បន្នភាព​នៅ​មូលដ្ឋាន​ឱ្យ​ប្រាកដថា កន្លែង​ណា​ជា​កន្លែង​អភិរក្ស​ពិតប្រាកដ និង​កន្លែងណា​ដែល​ពលរដ្ឋ​អាច​រស់នៅ​អាស្រ័យ​ផល​ពិតប្រាកដ​៕