ភ្នំពេញៈ​ លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា នា​ថ្ងៃទី​ ២៦ ខែ​តុលា បាន​ចេញ​ដំណើរ​ទៅ​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​​ពិសេស​បន្ទាន់​របស់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន នៅ​ថ្ងៃទី ២៧ តុលា ពាក់ព័ន្ធ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។

កិច្ចប្រជុំ​នេះ នឹង​ពិនិត្យ​មើល​ឡើងវិញ​លើ​វឌ្ឍនភាព​ដែល​សម្រេច​បាន និង​បញ្ហា​ប្រឈម​នានា ក្នុង​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច របស់​អាស៊ាន​ស្តីពី​ប្រទេស​មីយ៉ាន់ម៉ា។

កិច្ចប្រជុំ​ពិសេស​បន្ទាន់​​នេះ ជាការ​បើក​ផ្លូវ​រក​ដំណោះស្រាយ​រួម​ក្នុង​ជំហរ​អាស៊ាន​សម្រាប់​លើក​យក​ដាក់​លើ​តុ​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​នៅ​ខែ​វិច្ឆិកា​ខាងមុខ​នេះ​នៅ​កម្ពុជា។ កិច្ចប្រជុំ​ពិសេស​នេះ នឹង​ធ្វើឡើង​នៅ​លេខាធិការដ្ឋាន​អាស៊ាន​ប្រចាំ​ទីក្រុង​ហ្សាការតា ដែល​នឹង​លើក​យក «កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥​ ចំណុច» ឬ «កុងសង់ស៊ីស ៥ ​ចំណុច» ដែល​ជា​ការ​ព្រមព្រៀង​គ្នា​រវាង​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំង​ ១០ ក្នុង​នោះ​មាន​មីយ៉ាម៉ា​ជា​សាមី​ខ្លួន​​ផងដែល​មាន​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក​ មីន អ៊ុងឡាំង កាលពី​ឆ្នាំ​ ២០២១ ដើម្បី​មាន​លទ្ធភាព​អាច​រក​ច្រក​ចេញ​សម្រាប់​ជម្លោះ​មីយ៉ាន់ម៉ា។ ​នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក​ ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​ថ្លែង​កាលពី​ល្ងាច​ថ្ងៃទី ២៥ ​តុលា​។

លោក​ ជុំ សុន្ទរី​ បាន​បញ្ជាក់​ថា លោក​ ប្រាក់​ សុខុន ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ប្រេសិត​ពិសេស​​របស់​អាស៊ាន​នា​ឆ្នាំ​ ២០២២​ នេះ​​នឹង​បើក​​កិច្ចប្រជុំ​ពិសេស​នេះ​នៅ​ថ្ងៃទី​ ២៧ ខែ​តុលា ដើម្បី​ផ្លាស់ប្តូរ​យោបល់​ និង​ទស្សនៈ​គ្នា​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផ្សេងៗ​ទៀត​លើ​វិបត្តិ​នៅ​ភូមា​។ លោក ​ជុំ សុន្ទរី ​ថ្លែង​ថា៖ «កិច្ច​ប្រជុំ​នៅ​ហ្សាការតា​នេះ​គឺជា​ការ​ផ្លាស់ប្តូរ​ការ​យល់​ឃើញ​ចំពោះ​កិច្ច​ព្រមព្រៀង​​ជា​ឯកច្ឆន្ទ ៥ ​ចំណុច ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ដោះស្រាយ​វិបត្តិ​ភូមា​ក្នុង​​កិច្ចប្រជុំ​កំពូល​អាស៊ាន ​លើក​ទី ៤០ និង​ ៤១ ខាង​មុខ​»។

ជាមួយ​គ្នា​នេះ នាយប់​ថ្ងៃ​ទី​ ២៥ ខែ​តុលា​ ប្រធាន​អាស៊ាន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​បញ្ជាក់​ថា អាស៊ាន​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការកើន​ឡើង​នៃ​អំពើ​ហិង្សា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នាពេល​ថ្មីៗ​នេះ​រួមទាំង​​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ពន្ធនាគារ​អ៊ិនសេន ការ​វាយប្រហារ​គ្នា​ក្នុង​រដ្ឋការ៉ែន​ និង​សេចក្តី​រាយការណ៍​ថ្មីៗ​បំផុត ស្តីពី​ការវាយ​ប្រហារ​តាម​អាកាស​នៅ​រដ្ឋ​កាជីន​ចំ​លើ​ទីប្រជុំជន​ស៊ីវិល​ដែល​បណ្តាល​ឱ្យ​​​មាន​អ្នក​រងរបួស​ និង​ស្លាប់​ជាច្រើន​នាក់​។ «យើង​មាន​ក្តី​សង្វេគ​ជា​ពន់ពេក​ចំពោះ​កំណើន​អ្នកស្លាប់ និង​របួស​កាន់តែ​ច្រើន​ឡើង​និង​ការរងទុក្ខ​វេទនា​ដ៏​ធំធេង​របស់​ប្រជាជន​សាមញ្ញ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។

សេចក្តី​ថ្លែងការណ៍​ដដែល​បន្ថែម​ថា៖ «​យើង​កត់​សម្គាល់​ឃើញ​ដោយ​ភ័យព្រួយ​នូវការ​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​ក្នុង​រយៈពេល​ថ្មីៗ​នេះ​ដែល​មិន​ត្រឹម​តែ​ធ្វើឱ្យ​ស្ថានភាព​មនុស្សធម៌​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​កាន់តែ​យ៉ាប់យ៉ឺន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ផ្ទុយ​នឹង​ស្មារតី​នៃ​​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ​៥ ​ចំណុច​របស់​អាស៊ាន​ និង​ធ្វើឱ្យ​ប៉ះពាល់​ផងដែរ​ដល់​កិច្ច​ប្រឹងប្រែង​របស់​បេសកជន​ពិសេស​នៃ​​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា ក្នុងការ​នាំមក​នូវ​វឌ្ឍនភាព​សម្រាប់​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​​ជា​ឯកច្ឆន្ទ​ ៥​ ចំណុច​នេះ»​។

អាស៊ាន​ជំរុញ​យ៉ាង​ខ្លាំង​ឱ្យ​មាន​ការ​អត់ធ្មត់​ជា​អតិបរមា​ និង​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា​ព្រម​ទាំង​អំពាវនាវ​ជាបន្ទាន់​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ភាគី​ដែល​មាន​កម្លាំង​ខ្លាំងក្លា​លើ​មូលដ្ឋាន​ជាក់​ស្តែង​ឱ្យ​ចាត់​វិធានការ​ជាក់លាក់ ដើម្បី​បង្ក​លទ្ធភាព​ឱ្យមាន​កិច្ច​សន្ទនា​ប្រកប​ដោយ​បរិយាប័ន្ន​និង​ស្ថាបនា​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ការបង្រួបបង្រួម​ជាតិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​ដើម្បី​សន្តិភាព​សន្តិសុខ​ និង​ស្ថិរភាព​ក្នុង​តំបន់​។

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ពេលនេះ គឺ​ដើម្បី​ដាស់​សតិ​ដល់​ភាគី​ជម្លោះ​នៅ​មីយ៉ាន់ម៉ា ជាពិសេស​ក្រុម​របប​សឹក​របស់​លោក​ មីន អ៊ុងឡាំង ដែល​តែងតែ​ផ្គើន​នឹង​វិធានការ​របស់​អាស៊ាន​ក៏ដូចជា​សហគមន៍​អន្តរជាតិ នាពេល​កន្លង​មក។

លោក​ថ្លែង​ថា​៖ «នេះ​ជា​ការ​ផ្គើន​របស់​របប​សឹក​ភូមា​ចំពោះ​អាស៊ាន ជា​ពិសេស​កម្ពុជា​ដែល​នឹង​ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ខែ​វិច្ឆិកា​ខាងមុខ។ ការ​ផ្គើន​លើក​នេះ​បីដូចជា​ការ​ផ្គើន​​លើក​មុន​ដែល​ខណៈ​ពេល​មុន​កិច្ចប្រជុំ​មក​ដល់​ដែល​បាន​កាត់ទោស​ប្រហារ​ជីវិត​សកម្មជន​នយោបាយ​ភ្លាមៗ​ ហើយ​លើក​នេះ​បាន​សម្លាប់​ប្រជាជន​ស្លូតត្រង់​ប្រមាណ​ ​៥០ នាក់ ក្នុង​ពិធី​ជួបជុំ​មួយ​»។

លោក​ យង់ ពៅ បន្ថែម​ថា អាស៊ាន​​គួរ​ហ៊ាន​ឈាន​ជើង​ ១ ​ជំហាន​ទៀត ដែល​គេ​អាច​ប្រើ​វិធីសាស្រ្ត​ព្យួរ​សមាជិកភាព​របស់​ភូមា ជា​បណ្តោះអាសន្ន​សិន​ដែល​គេ​មិន​ដែល​ឃើញ​មាន​ក្នុង​ប្រវត្តិសាស្រ្ត​​អង្គការ​តំបន់​នេះ​​​ឡើយ ដើម្បី​បង្ខំ​ឱ្យ​របប​សឹក​គោរពតាម កុងសង់ស៊ីស​ទាំង ៥ របស់​អាស៊ាន​។

ស្រដៀង​គ្នា​នេះ​ដែរ លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ ​និង​សន្តិភាព ថ្លែងថា អាស៊ាន​អាច​ធ្វើការ​រួមគ្នា​លើការ​​ដាក់​ទណ្ឌកម្ម​ដល់​ថ្នាក់​ដឹកនាំ​កំពូល​នៃ​របប​សឹក ឬ​អាច​រួមគ្នា​ជាមួយ​អង្គការ​សហប្រជាជាតិ​ក្នុងការ​ស្នើឱ្យ​ចាត់​ទុក​វិបត្តិ​ភូមា ជា​បញ្ហា​អន្តរជាតិ បន្ថែម​លើ​បញ្ហា​តំបន់ ដែល​អាច​ដាក់​សម្ពាធ​ដល់​របប​សឹក និង​ភាគី​ពាក់ព័ន្ធ​បាន ​១​ កម្រិត​ទៀត​។

លោក​ ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​នៃ​​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI​)​ ​ថ្លែងថា កិច្ចប្រជុំ​បន្ទាន់​មួយ​នេះ​អាច​ធ្វើការ​ផ្តោតសំខាន់​ទៅលើ​ការត្រួតពិនិត្យ​ឡើង​វិញ​លើ​ចំណុច​ឯកច្ឆន្ទ​ទាំង​ ៥ និង​ចរចា​អំពី​លទ្ធភាព​ និង​គោលបំណង​អំពី​ការធ្វើដំណើរ​ទស្សនកិច្ច​លើក​ទី៣​ របស់​ប្រេសិត​ពិសេស​អាស៊ាន​ទៅ​​មីយ៉ាន់ម៉ា។

លោក​ពន្យល់​ពី​បញ្ហា​នៃ​កុងសង់ស៊ីស​ដូច្នេះ​ថា​៖​ «​ការចរចា​សន្តិភាព​នៅ​​មីយ៉ាន់ម៉ា​ដែល​សឹងតែ​ធ្វើឱ្យ​រដ្ឋ​សមាជិក​ដទៃ​ទៀត​របស់​អាស៊ាន​ អស់​ទំនុកចិត្ត​ទៅលើ​ចំណុច​ឯកច្ឆន្ទ​ទាំង​ ៥ និង​មាន​​ការលើក​ឡើង​អំពីការ​ដាក់​ចេញ​នូវ​​ចំណុច​ដោះស្រាយ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​មីយ៉ាន់ម៉ា​»។

គួរបញ្ជាក់​ផង​ដែរ​​ថា កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៤០ និង​ ៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ប្រព្រឹត្ត​​ទៅ​ចាប់ពី​ថ្ងៃទី ៨​ រហូតដល់​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា​ នៅ​រាជធានី​ភ្នំពេញ។ របប​យោធា​ភូមា​​ដែល​ដឹកនាំ​ដោយ​លោក​ មីន​ អ៊ុងឡាំង ​បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ប្រជាជន​ស្លូតត្រង់ រហូតមាន​ការ​ប្រហារ​ជីវិត​ក្រុម​អ្នក​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា និង​បាន​ចាប់​លោកស្រី អ៊ុងសាន ស៊ូជី ដាក់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ថែម​ទៀត បន្ទាប់​ពី​លោក ​មីន​ អ៊ុង​ឡាំង ​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុង​ សានស៊ូជី កាលពី​ថ្ងៃ​ទី ១ កុម្ភៈ ឆ្នាំ ២០២១៕