
លោក ហ៊ុន សែន ក្នុងពិធីចែកស្រូវពូជនៅខេត្តកំពង់ឆ្នាំង។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារចំៗស្នើទៅកាន់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ឱ្យចេញមុខបកស្រាយបំភ្លឺ ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី ពាក់ព័ន្ធអង្គព្រះមហាក្សត្រថា ជាការប្រមាថព្រះមហាក្សត្រ ឬយ៉ាងណា? ខណៈលោកក៏អំពាវនាវ ឱ្យសមាជិក សមាជិកានៃគណបក្សភ្លើងទៀនគ្រប់ជាន់ថ្នាក់ចាកចេញពីគណបក្សនេះឱ្យបានស្រូតបំផុតតាមតែអាចធ្វើទៅបានដើម្បីចៀសវាងនូវបញ្ហាណាមួយ។
ក្នុងពិធីចែកស្រូវពូជជូនកសិករនៅ ខេត្តកំពង់ឆ្នាំង កាលពី ថ្ងៃទី ២៦ តុលា ឆ្នាំ ២០២២ លោក នាយករដ្ឋមន្រ្តី ថ្លែងថា ប៉ុន្មានថ្ងៃមុនលោក សម រង្ស៊ី បានជេរប្រមាថព្រះមហាក្សត្រ ថែមទាំង បានអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធ ផ្តួលរំលំរាជរដ្ឋាភិបាលទៀតផង។ ឆ្លើយតបទៅនឹងករណីនេះ លោក ហ៊ុន សែន បានថ្លែងដោយបើកចំហ ទៅកាន់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន រួមមានលោក សុន ឆ័យ លោក ថាច់ សេដ្ឋា និងលោក ទាវ វណ្ណុល ឱ្យចេញមកបញ្ជាក់ ថាតើការនិយាយរបស់លោក សម រង្ស៊ី ត្រឹមត្រូវ ឬមិនត្រឹមត្រូវ?
លោកថ្លែងថា៖ «យើងចង់បានការបញ្ជាក់ពីគណបក្សភ្លើងទៀន ឱ្យបានច្បាស់ ថាតើការប្រមាថព្រះមហាក្សត្រ នឹងចាត់ទុកព្រះមហាក្សត្រគ្មានមនសិការជាតិ សូម្បីតែបន្តិច តើត្រឹមត្រូវឬទេ? សង្ឃឹមថា ឯកឧត្តម មេដឹកនាំ នៃគណបក្សភ្លើងទៀន ដែលមានឯកឧត្តម ទាវ វណ្ណុល ថាច់ សេដ្ឋា ស៊ុន ឆ័យ នឹងធ្វើការបញ្ជាក់ជូនជនរួមជាតិឱ្យបានជ្រាបហើយសមាជិក សមាជិកា នៃគណបក្សភ្លើងទៀនទាំងឡាយ សូមចាំពិនិត្យមើលថា តើមេដឹកនាំគណបក្សមានលទ្ធភាពដើម្បីចេញមកអះអាងអំពីបញ្ហា ទាក់ទិនជាមួយការប្រមាថព្រះមហាក្សត្រនេះឬទេ?»។
លោក ហ៊ុន សែន សង្កត់ធ្ងន់ថា រឿងនេះមិនមែនជារឿងតូចតាច និងជារឿងលេងសើចទេហើយសមាជិក សមាជិកានៃគណបក្សភ្លើងទៀន គួរតែត្រូវផ្តាច់ខ្លួនឱ្យបានលឿនបំផុតតាមតែអាចធ្វើបាន ដើម្បីចៀសវាងនូវបញ្ហាណាមួយកើតឡើង។
លោកបន្តថា៖ «នេះជាមុខសញ្ញា ជាគោលដៅ ព្រោះជាកម្លាំងម្ខាងសម្រាប់ការផ្តួលរំលំ រាជរដ្ឋាភិបាល។ អ៊ីចឹងខ្ញុំក៏អំពាវនាវ ឱ្យសមាជិក សមាជិកា នៃគណបក្សភ្លើងទៀន គ្រប់ជាន់ថ្នាក់ ចាកចេញឱ្យបានស្រូតបំផុតតាមតែអាចធ្វើទៅបានពីគណបក្សនេះ»។
លោកសង្ឃឹមថា គណបក្សភ្លើងទៀន នឹងពិចារណា ប្រកបដោយវិចារណញ្ញាណ ទៅជ្រកកោនជាមួយគណបក្សដទៃ។ លោកថា៖ «ដំណើរការប្រជាធិបតេយ្យគឺបែបនេះ បើមិនពេញចិត្តជាមួយគណបក្សប្រជាជនកម្ពុជា ទៅចូលរួមជាមួយគណបក្សដទៃទៅ ហើយបើចង់មក គណបក្សប្រជាជនគឺស្វាគមន៍»។
លោកនាយករដ្ឋមន្រ្តី បន្តថា បច្ចុប្បន្នកម្ពុជា កំពុងដំណើរការទៅតាមប្រជាធិបតេយ្យ ប៉ុន្តែមានគេ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលដោយប្រដាប់អាវុធទៅវិញដែលករណីនេះមិនអាចទទួលយកបានទេ ត្រូវតែកម្ចាត់នូវនយោបាយជ្រុលនិយមនៃជនក្បត់ជាតិ។ គេដែលលោក ហ៊ុន សែន ចង់សំដៅគឺលោក សម រង្ស៊ី។
លោកបញ្ជាក់ថា៖ «អ្នកណាក៏ដោយដែលទាក់ទងជនក្បត់ជាតិ (សម រង្ស៊ី) មួយនេះ គឺអ្នកនោះនឹងទទួលផលកម្មបែបណា តើរាជរដ្ឋាភិបាលនឹងធ្វើបែបណា?រឿងនេះមិនមែនជារឿងអង្ករកំប៉ុងទេ គឺជារឿងធំណាស់សម្រាប់ប្រទេសជាតិ»។
លោក ហ៊ុន សែន ក៏បានរំឭកផងដែរថា ច្បាប់ស្តីពីគណបក្សនយោបាយមិនឱ្យមានទំនាក់ទំនងជាមួយទណ្ឌិតឡើយ បើពុំនោះទេអ្នកផ្សារភ្ជាប់ទំនាក់ទំនងជាមួយទណ្ឌិត នឹងនាំឱ្យមានបញ្ហាដល់ខ្លួន។ លោកថា៖ «អស់លោកកុំនិយាយថា នេះជាការគំរាមកំហែង ប៉ុន្តែត្រូវដឹងថា ខ្ញុំជារាជរដ្ឋាភិបាល ខ្ញុំត្រូវមានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារព្រះមហាក្សត្រ ការពាររាជានិយម រាជបល្ល័ង្ក ខ្ញុំមិនអាចឱ្យអ្នកបំពានបានទេ។ ខ្ញុំមានសិទ្ធិចោទជាសំណួរសម្រាប់សួរទៅអស់លោក ព្រោះស្ថិតនៅក្នុងបញ្ហាទាក់ទងសង្ស័យអំពីការធ្វើភេរវកម្ម បង្កចលាចល ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងផ្តួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ បើមិនមានសេចក្តីថ្លែងការណ៍របស់ (សម រង្ស៊ី) ក៏គ្មានរឿងនេះកើតឡើងដែរ»។
លោក ហ៊ុន សែន បញ្ជាក់ថា មូលហេតុដែលលោក ចោទសួរបែបនេះទៅកាន់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដោយសារគណបក្សមួយនេះបង្កើតឡើងដោយ( សម រង្ស៊ី)។ លោកចោទសួរថា៖ «ថាតើគណបក្សនេះផ្តាច់គ្នាហើយឬនៅ? បញ្ហាស្ថិតនៅត្រង់កន្លែងនេះ»។
ជាមួយគ្នានេះដែរ លោក ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តការបោះឆ្នោតជូនគណបក្សប្រជាជនបន្តទៀតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខ។ លោកបញ្ជាក់ថា៖ «គឺជាការបោះឆ្នោតយ៉ាងសំខាន់បំផុត សង្ឃឹមថា ប្រជាជននឹងគាំទ្របោះឆ្នោតឱ្យមកគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សនេះ ជាគណបក្សដែលទ្រទ្រង់ នូវស្ថិរភាពរបស់ជាតិ បើគ្មានគណបក្សនេះទេ សង្គ្រាមនឹងផ្ទុះផ្អើលទឹកផ្អើលដីនៅកម្ពុជាភ្លាម ព្រោះមានអ្នកប៉ុនប៉ង បង្កើតឡើងនូវសង្គ្រាម ដូចជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនៅឆ្នាំ ២០២៣»។
អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ជំហររបស់គណបក្សភ្លើងទៀនគឺត្រូវគោរពបំផុត និងចៀសវាងមិនឱ្យប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រឡើយ គឺយើងត្រូវគោរពទាំងអស់គ្នា។ លោកថា៖ «យើងគោរពរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលរបស់ប្រទេស ព្រោះយើងទាំងអស់គ្នាស្ថិតនៅក្រោមម្លប់ ក្រោមរដ្ឋធម្មនុញ្ញ ចៀសវាងកុំឱ្យមានការរំលោភបំពានទៅលើច្បាប់ ឬស្ថាប័នដែលត្រូវហាមឃាត់ដោយច្បាប់»។
យ៉ាងណាមិញ លោកចាត់ទុកការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី នាពេលនេះថា ពុំមែនជាការគំរាមកំហែងនោះទេ ប៉ុន្តែលោកសប្បាយចិត្តទៅវិញដែលបើកចំហឱ្យមានការជជែកពិភាក្សាលើរឿងនេះ។ លោកបញ្ជាក់ថា៖ «ខ្ញុំយល់ថា ជាការល្អ លទ្ធិប្រជាធិបតេយ្យ យើងត្រូវធ្វើបែបនេះមានការអីយើងលើកឡើងត្រង់ទៅត្រង់មក ដើម្បីជជែក រកខុសត្រូវ ហើយយើងខ្ញុំរីករាយបកស្រាយជូនទៅតាមអ្វីដែលនាយករដ្ឋមន្រ្តី បានស្នើ និងបញ្ជាក់ពីជំហរគណបក្សនេះ ហើយយើងខ្ញុំនឹងធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការ លាយលក្ខណ៍អក្សរ បញ្ជាក់ឱ្យបានច្បាស់លាស់ នៅពេលឆាប់ៗនេះ»។
លោកក៏បានគូសបញ្ជាក់ផងដែរថា គណបក្សភ្លើងទៀន បានទទួលការអនុញ្ញាតពីក្រសួងមហាផ្ទៃ ធ្វើសកម្មភាពក្នុងក្របខ័ណ្ឌជាគណបក្សនយោបាយ និងមានរចនាសម្ព័ន្ធត្រឹមត្រូវ អត់មានពាក់ព័ន្ធ ឬទទួលបង្គាប់បញ្ជាពីនរណាទេ គឺធ្វើសេចក្តីសម្រេចដោយខ្លួនតែម្តង។
លោក សម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសអស់ ១ ជីវិត ក្រោមបទចោទប្រកាន់ពីបទ«ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីមួយផ្នែក» និងត្រូវបានចោទប្រកាន់និងផ្តន្ទាទោសក្នុងសំណុំរឿងជាច្រើនផ្សេងទៀត។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ លោក គិន ភា បានលើកឡើងថា គោលបំណងការបង្កើតគណបក្សគឺដើម្បីបោះឆ្នោត ដូច្នេះបើសិនជាគណបក្សភ្លើងទៀន មិនជាប់ពាក់ព័ន្ធជាមួយនឹងទណ្ឌិតណាទេ គណបក្សមិនមានអ្វីត្រូវខ្លាចទេ ប៉ុន្តែគាត់ត្រូវរកភាពស្អាតស្អំឱ្យខ្លួនឯង និងជម្រះមន្ទិលផ្សេងៗ។
លោកបន្តថា ព្រោះ ទោះបីជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទៅបង្កើតគណបក្សផ្សេង ឬទៅចូលរួម ជាមួយគណបក្សផ្សេង ក៏គង់តែមានបញ្ហា បើសិនជាថ្នាក់ដឹកនាំនោះ នៅតែបន្តមានទំនាក់ទំនងជាមួយទណ្ឌិតណា-មួយ។ លោកថា៖«បើសិនជាពួកគាត់នៅតែមានការពាក់ព័ន្ធជាមួយទណ្ឌិតណាមួយដែលច្បាប់ហាមឃាត់ ក៏គណបក្សដែលគាត់បង្កើតថ្មី ឬគណបក្សដែលទៅចូលរួមនោះក៏នៅតែមានបញ្ហាដូចគ្នា ព្រោះនេះជាបញ្ហាផ្លូវច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានកំណត់។ អ៊ីចឹងទោះបីជាគាត់ទៅកន្លែង-ណាក៏ដោយ បើគាត់នៅបន្តមានទំនាក់ទំនងជាមួយទណ្ឌិតណាមួយដែលជាប់បម្រាម គឺគង់តែមានបញ្ហាដូចគ្នា»៕