
លោក សម រង្ស៊ី ប្រធានស្តីទីអតីត គណបក្សសង្គ្រោះជាតិ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ចេញអធិបញ្ជាឱ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ពីបទប្រមាថចំពោះព្រះមហាក្សត្រ តាមបទល្មើសដែលមានចែងក្នុងមាត្រា ៤៣៧ ស្ទួននៃក្រមព្រហ្មទណ្ឌទៅលើឈ្មោះ សម រង្ស៊ី ប្រធានស្តីទីអតីត គណបក្សសង្គ្រោះជាតិ ដែលនិរទេសទៅក្រៅប្រទេស ករណីប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងលិខិតចុះហត្ថលេខា ដោយលោក កើត រិទ្ធ ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ដែលជម្រាបជូនលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើអធិបញ្ជាឱ្យចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ថា ក្នុងវីដេអូ ១ ដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ ឈ្មោះ សម រង្ស៊ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថា «មិនមានមនសិការជាតិ និងក្បត់ជាតិ»។
លិខិតសង្កត់ធ្ងន់ថា៖ «សម្ដី ដែលឈ្មោះ សម រង្ស៊ី បាននិយាយនៅក្នុងវីដេអូ ដែលត្រូវបាន និងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្ដាញសង្គមនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស»។
ក្រសួងយុត្តិធម៌ ចាត់ទុកទង្វើរបស់លោក សម រង្ស៊ី គឺជាការរំលោភបំពានមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ដែលចែងថា៖ «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ»។ អំពើនេះក៏ត្រូវបានកំណត់ជាបទប្រមាថចំពោះអង្គព្រះមហាក្សត្រ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ នៃមាត្រា ៤៣៧ ស្ទួននៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងមាត្រា ៤៣៧ ស្ទួននេះ ការប្រមាថចំពោះអង្គព្រះមហាក្សត្រត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១-៥ ឆ្នាំ និងពិន័យជាប្រាក់ពី ២ ទៅ ១០ លានរៀល។
ក្រសួងយុត្តិធម៌បញ្ជាក់ថា ការស្នើឱ្យចាត់វិធានការនេះ ដោយយោងមាត្រា ៧ នៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាចប្តឹងបរិហារទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ឬព្រះរាជអាជ្ញាអមសាលាដំបូងអំពីបទល្មើស ដែលខ្លួនបានដឹង អាចធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរ ដែលត្រូវដាក់បញ្ចូលក្នុងសំណុំរឿង ឱ្យអគ្គព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ ឬធ្វើសេចក្តីសន្និដ្ឋានយ៉ាងណាតាមការដែលរដ្ឋមន្ត្រីយល់ឃើញថា ជាការគួរ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា ក្នុងនាមជាអង្គការសង្គមស៊ីវិល ជាពិសេស អង្គការសិទ្ធិមនុស្ស គឺធ្វើការដោយឈរលើគោលការណ៍ក្នុងការជំរុញ និងលើកកម្ពស់លើវិស័យសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ឆ្ពោះទៅរកនីតិរដ្ឋ។ ប៉ុន្តែបើមើលរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា ត្រង់មាត្រា ៧ កថាខណ្ឌទី៣ បានចែងច្បាស់ហើយថា អង្គព្រះមហាក្សត្រ មិនអាចបុគ្គលណា ឬជនណារំលោភបំពានបានទេ។
លោកថ្លែងថា៖ «អ៊ីចឹងក្នុងនាមសង្គមស៊ីវិលនៅតែជំរុញឱ្យមានការអនុវត្ត គោរពរដ្ឋធម្មនុញ្ញ និងអនុវត្តតាមផ្លូវច្បាប់»។
សម្រាប់ចំណាត់ការផ្លូវច្បាប់លើលោក សម រង្ស៊ី លោក អំ សំអាត បញ្ជាក់ថា ការធ្វើអធិបញ្ជាឱ្យរឹតបន្តឹងចំពោះលោក សម រង្ស៊ី នាពេលនេះមិនមានអ្វីចម្លែកទេ ព្រោះពីមុនៗក៏ធ្លាប់ឃើញបែបនេះដែរ។
លោក អំ សំអាត បញ្ជាក់ថា៖ «យើងជាអង្គការសង្គមស៊ីវិល ចង់ឃើញបរិយាកាសបោះឆ្នោតឆ្នាំ ២០២៣ ខាងមុខ បរិយាកាសមួយល្អប្រសើរ ហើយការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ការប្រកួតប្រជែងដោយស្មើភាព»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានបន្ថែមថា៖ «អ៊ីចឹង យើងជាអង្គការសង្គមស៊ីវិល គ្រាន់តែអំពាវនាវទៅរាល់អ្នកនយោបាយទាំងអស់ ត្រូវប្រកាន់ក្រមសីលធម៌ ត្រូវគិតពីឧត្តមប្រយោជន៍ជាតិ និងប្រយោជន៍ ប្រជាពលរដ្ឋជាធំ»៕
វីដេអូ៖