ភ្នំពេញៈ​ ក្រសួង​ទេសច​រណ៍ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​សង្គម​ស៊ីវិល និង​យុវជន​ប្រមាណ​ ៥០០​ នាក់ នឹង​ជួបជុំ​គ្នា​ដើម្បី​អបអរ​ទិវា​ទេស​ចរណ៍​ពិភព​លោក​ឆ្នាំ​ ២០២២ ​អម​ជាមួយ​ទិវា​ពិភព​លោក​ស្អាត ​ក្រោម​ប្រធាន​បទ​ការគិត​គូរ​ឡើង​វិញ​ពី​ទេស​ចរណ៍ ​ដើម្បី​រួមគ្នា​សម្អាត​បរិស្ថាន​។​

​តាម​របៀប​វារៈ​របស់​ក្រសួង​ទេស​ចរណ៍បាន​ឱ្យដឹង​ថា កា​រជួបជុំ​នេះនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៨ ​ខែតុលា ​នៅ​សួន​ច្បារ​តេ​ជោ​មាស​ តេ​ជោ​យ៉ត ខណ្ឌ​ដូន​ពេញ ​រាជ​ធានី​ភ្នំពេញ ​ដែលមាន​អ្នក​ចូលរួម​ប្រមាណ​ ៥០០ នាក់​មកពី​ក្រសួង​ស្ថា​ប័ន​រដ្ឋ អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ ប្រជា​ពលរដ្ឋ​ យុវ​ជន និង​បណ្តា​អង្គ​ការ​ដៃគូ​ជា​ដើម​។​

​របៀប​វារៈ​ដដែលបាន​បញ្ជាក់​ថា ​«​មាន​មតិ​បើក​កម្ម​វិធី​ដោយ​លោក ​ហួត ហៃ អភិបាល​រង​រាជធានី​ភ្នំពេញ​។ មាន​ការ​អាន​សា​រលិខិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​អបអរ​សាទ​រ​ទិវា​ទេស​ចរណ៍​ពិភព​លោក​ឆ្នាំ​ ២០២២ ក្រោម​ប្រធាន​បទ​ការ​គិត​គូរ​ឡើង​វិញ​ពី​ទេស​ចរណ៍ដោយ​លោក​ ម៉ម វាសនា ​ទីប្រឹក្សា​ក្រសួង​ទេសចរណ៍និង​ជា​ប្រធាន​មន្ទីរ​ទេស​ចរណ៍​រាជ​ធានី​ភ្នំពេញ​»​។​

​លោក ​ថោង រដ្ឋ​សក្តិ អគ្គ​នាយកនៃ​អគ្គនា​យកដ្ឋាន​អភិវឌ្ឍ​ន៍ផ​លិ​ផល​ទេស​ចរណ៍ និង​សហ​ប្រ​តិបត្តិ​ការ​អន្តរ​ជាតិ​នៃ​ក្រសួង​ទេស​ចរណ៍​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៧ តុលា​ថា ការ​រៀបចំ​ការ​ជួបជុំ​ដើម្បី​ប្រារព្ធទិវា​នេះ​ គឺជា​ការ​ចូល​រួម​មួយ​របស់​អាជ្ញា​ធរ​និង​ដៃគូ​ពាក់​ព័ន្ធ​ ដើម្បី​ចូល​រួម​អប់អរ​ទិវា​ទេស​ចរណ៍​ពិភព​លោកដែល​ភាគី​ពាក់​ព័ន្ធត្រូវ​រួមគ្នា​ពេញ​ ១ ឆ្នាំ​ ដើម្បី​គិត​គូរ​ឡើង​វិញ​ពី​ទេស​ចរណ៍​ក្រោយ​វិបត្តិ​កូ​វីដ​ ១៩​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ខ្លឹមសារ​នេះ គឺ​សា​លា​រាជធានី​ភ្នំពេញ ​បាន​យក​ឱកាស​នេះ ដើម្បី​រួមគ្នា​សម្អាត​បរិស្ថាន ​ក្នុងន័យ​ផ្សព្វ​ផ្សាយ​វិស័យ​ទេស​ចរណ៍​នៅ​កម្ពុជា​។ តាម​ន័យ​ក្រសួង​ទេសចរណ៍ ទិវា​ពិភព​លោក​ស្អាត គឺ​ធ្វើ​ម៉េច​ឱ្យ​ប្រទេស​កម្ពុជា​យើង ​ជាពិសេស​ទីក្រុង​ភ្នំពេញ​យើង​មាន​សោ​ភ័ណ​ល្អ​ឡើង​វិញ​ដោយ​ការសម្អាត​មិន​ឱ្យមាន​សំរាម​ ត្រូវមាន​ធុង​សំរាម​។ ស្អាត​នេះ គឺ​សំដៅ​ទៅ​ស្អាត​សូម្បី​បញ្ហា​អសន្តិ​សុខ​សង្គម ក៏​យើង​ត្រូវ​សម្អាត​ដែរ​»​។​

​កា​លពី​ថ្ងៃទី ​៣​ ខែ​តុលា ក្រសួង​ទេស​ចរណ៍បាន​រៀបចំ​ប្រារព្ធ​ទិវា​ទេសច​រណ៍​ពិភ​ពលោក​ឆ្នាំ​ ២០២២ ​នៅក្រោម​ប្រធាន​បទ ការ​គិត​គូរ​ឡើង​វិញ​ពី​ទេស​ចរណ៍ ដែល​មាន​រំលេច​អំពី​ការប្រែ​ប្រួល ​និង​និន្នាការ​ទេស​ចរណ៍​ពិភ​ពលោក​ក្រោយ​វិបត្តិ​កូ​វីដ​ ១៩​​។

ដើម្បី​អបអរ​សាទរ​ប្រារព្ធ​ទិវា​ទេស​ចរណ៍​ពិភព​លោក​ឆ្នាំ​ ២០២២ និង​ផ្សព្វ​ផ្សាយ​ទេសចរណ៍​កម្ពុជា​ក្រសួង​ទេស​ចរណ៍​បាន​រចនា​ផ្ទាំង​រូប​ភាព​ផ្សព្វ​ផ្សាយ (Poster) អម​ជា​មួយ​រូបភាព​តំបន់​គោល​ដៅ​ទាក់ទា​ញ​ទេសច​រណ៍​កម្ពុជា​រួមទាំង​ជំរុញ​ឱ្យ​ស្ថា​ប័ន​ពាក់​ព័ន្ធ​រួមគ្នា​ ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​សក្តានុ​ពល​របស់​ក​ម្ពុ​ជា​ផង​ដែរ​។

​កញ្ញា ​ភាព ច័ន្ទ​ជាលីន ជំនួយ​ការ​ផ្នែក​ទីផ្សារ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម នៃ​អង្គការ​សម្អាត​ទន្លេ​សមុទ្រ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ទិវា​ឆ្នាំនេះ គឺ​ផ្តោត​សំខាន់​ទៅលើ​ការ​ងើប​ឡើង​វិញ​នូវ​វិស័យ​ទេស​ចរណ៍ ​ហើយ​ដើម្បីឱ្យ​វិស័យ​នេះ​ងើប​ឡើង​វិញ​ក្រោយ​បញ្ហា​កូ​វីដ​ ១៩ ​គឺត្រូវធ្វើ​យ៉ាង​ណា​ឱ្យ​ប្រទេស​កម្ពុជា​ស្អាត​។ តាម​រយៈ​បរិស្ថាន​ស្អាត​ហើយ​មាន​ខ្យល់​បរិសុទ្ធនឹង​ជួយ​ឱ្យ​វិស័យ​ទេស​ចរណ៍​មាន​ការ​រីក​ចម្រើន ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​កាន់​តែ​ច្រើន​។

​កញ្ញា​បញ្ជាក់​ថា​៖ «​ដើម្បី​ឱ្យ​ប្រទេស​យើង​ស្អាត​ទាល់​តែ​យើង​ចូលរួម​សម្អាត​ទាំង​អស់គ្នាហើយ​ការ​ប្រារព្ធទិ​វា​នេះ​ប​ញ្ចូល​គ្នា គឺជា​សារ​មួយ​ដើម្បី​ឱ្យបង​ប្អូន​ប្រជា​ពលរដ្ឋ​យើង​បាន​យល់​ដឹង ហើយ​ចូលរួម​ថែរក្សា​បរិស្ថាន​យើង​ទាំងអស់​គ្នា​»។

​កញ្ញា​បាន​បន្ថែម​ថា ការសម្អាត​បរិស្ថាន​មិន​ត្រឹម​តែត្រូវធ្វើនៅ​ក្នុង​ទឹក​ប៉ុណ្ណោះ​ទេ ការរួម​សម្អាត​បរិស្ថាន​នៅ​លើ​គោក ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ផង​ដែរ​ ដែល​ទាម​ទារ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែររួមគ្នា​សម្អាត​បរិស្ថាន និង​អនា​ម័យ​ឱ្យបាន​គ្រប់ៗ​គ្នា​។​

​តាម​របាយ​ការណ៍​រប​ស់​ក្រសួង​ទេស​ចរណ៍​បាន​ឱ្យដឹង​ថា រយៈ​ពេល ​៩ ​ខែឆ្នាំ​ ២០២២ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ជាង​ ១​ លាន​នាក់​កើន​ឡើង​ ៨៦១ ​ភាគ​រយ​ បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​ ខណៈ​ទេសចរ​ផ្ទៃក្នុង​ធ្វើដំណើរ​កម្សាន្ត​ក្នុង​ប្រទេស​មាន​ទេសចរ​ជាតិ​សរុប​ ៨,៤៤​ លាន​នាក់​កើន​ឡើង​ក្នុង​អត្រា ​២៤៧​ ភាគរយ​ និង​ទេសចរ​បរទេស​ផ្ទៃក្នុង​ប្រមាណ​ ១,២​ លាន​នាក់​កើន​ឡើង​ក្នុង​អត្រា​ប្រមាណ​ ៦០៥​ ភាគ​រយ​ ធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០២១​។

​ចំពោះ​សប្ដាហ៍​ទី​៣​ ខែ​តុលា​នេះ គិត​ចាប់​ពី​ថ្ងៃទី​ ១៧ ដល់​ថ្ងៃទី​ ២៣ ខែតុលា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​ ៥៣ ​ម៉ឺន​នាក់​ដែល​ក្នុង​នោះ​ភ្ញៀវ​ជាតិ​ ៥០៥ ១១៧​ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃ​ក្នុង​ ២៧ ​៣៣៨​ នាក់​។ ក្នុង​រយៈ​ពេល​នេះ​ ខេត្ត​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​គេ​ គឺ​ខេត្ត​ពោធិ៍​សាត់​មាន​ចំនួន​ ១៣៧ ​៧៣៧ ​នាក់​ និង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ ១២៩ ១៤៧ ​នាក់​៕