ភ្នំពេញៈ ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​ ប្រគល់ Table​t​s ជាង ៥០០ គ្រឿង ដល់​អាជ្ញា​ធរ​រាជធានី ខេត្ត​ទាំង​២៥ ទូទាំង​ប្រទេស សម្រាប់​ប្រើប្រាស់​ក្នុងការ​ប្រមូល​ព័ត៌​​មាន​លើ​វិស័យ​សន្តិសុខ​ស្បៀង អាហា​​រូបត្ថម្ភ អនាម័យ និង​ទឹក​ស្អាត ដែល​នេះ គឺ​ជា​ជំនួយ​ក្នុង​ការបង្កើត​ប្រព័ន្ធ​ប្រុងប្រយ័ត្ន និង​វិធានការ​ឆ្លើយតប​ឱ្យ​ទាន់​ពេលវេលា និង​ចំ​គោលដៅ។

កម្មវិធី​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី ២៧ តុលា នាទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី ដោយ​មាន​ការចូលរួម​ពី​តំណាង​អាជ្ញាធរ​រាជធានី​ ខេត្ត​ទាំង​ ២៥ និង​មន្ត្រី​បង្គោល​ថ្នា​ក់ស្រុក រួម​នឹង​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍ក្រោម​ការគាំទ្រ​ដោយ​អង្គ​​​ការ GIZ តាម​រយៈ​គម្រោង ​MUSE​F​​O។

លោក សុខ ស៊ីឡូ អគ្គលេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ​ថ្លែងថា ការ​ផ្តល់នូវ Tablets ទាំង​អស់​នេះនឹង​បង្ក​ភាព​ងាយ​ស្រួ​ល​ក្នុងការ​បំពេញ​ការងារ​ប្រមូល​ទិន្នន័យ​សន្តិសុខ​ស្បៀង​នៅ​ថ្នាក់ក្រោម​ជាតិ ដើ​ម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រ​ព័​ន្ធគ្រប់គ្រង​ព័ត៌មាន​ស្តីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅ​កម្ពុជា បង្កើត​ប្រព័ន្ធ​ប្រុង​ប្រយ័ត្ន និង​ដាក់ចេញ​វិធានការ​ឆ្លើយ​តប ដោះ​ស្រា​យ​ឱ្យចំ​គោល​ដៅ និង​ទាន់​ពេល​វេលា។

លោក​បញ្ជាក់ថា៖ «ដើម្បី​គាំទ្រ​ដល់​ក្រុមការងារ​ដឹកនាំ​សម្រប​សម្រួល​វិស័​យ​​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​រាជ​ធា​នី​ខេត្ត អនុវត្ត​តួនាទី​និង​ភារកិច្ច​ឱ្យ​មាន​​ប្រសិទ្ធភាព​ខ្ពស់ ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​បា​ន​សហការ​ជាមួយ​អង្គការ GIZ តាមរយៈ​គម្រោង ​MUSEFO ប្រគល់​ Tablets​ជូន​ដល់​ក្រុមការងារ​ដឹកនាំ​សម្រប​សម្រួ​ល​វិស័យ​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ រាជធានី ខេត្ត​មន្ត្រី​បង្គោល​ថ្នាក់​ស្រុក និង​ឃុំ​គោល​ដៅ​ទូទាំង​ប្រទេស សរុប​ទាំង​អស់ ​៥១៥ ​គ្រឿង»។

បើតាម​លោក សុខ ស៊ីឡូ Tablets ទាំងនេះ ត្រូវបាន​បែង​ចែក​ទៅតាម​ស្ថានភាព​ត្រូវការ​ជាក់​​ស្តែង​របស់​ខេត្តនីមួយៗ ដែល​ក្រុមការ​ងារ​ថ្នាក់​ខេត្ត (PWG-FSN) ទទួល​បា​ន ​​៧៥ គ្រឿង ហើយ Tablets ចំនួន ១២៩ ​គ្រឿង ត្រូវ​បាន​បែង​ចែក​ទៅដល់​អាជ្ញាធរ​ស្រុក​ក្នុង​រាជធានី​ខេត្ត​ទាំង ២៥ ព្រមទាំង Tablets ចំនួន ៣១១ គ្រឿង ត្រូវបាន​បែង​ចែក​ទៅកាន់​អាជ្ញាធរ​ឃុំ​មួយចំនួន​​នៅក្នុង​រាជធានី ខេត្ត​ទាំង ២៥។

លោក ​យឹម ឆៃលី ប្រធាន​ក្រុម​ប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនប​ទ ​ថ្លែង​​ថា ជាទូទៅ​ព័ត៌មាន​សន្តិសុខ​ស្បៀ​ង​ដែល​ប្រមូលបាន​ពី​រាជ​ធានី​ខេត្ត នឹងត្រូវ​យកទៅ​ធ្វើការ​វិភាគ រួច​រៀបចំ​ជា​របាយ​ការណ៍​សម្រាប់​ផ្តល់​ជា​ទិន្នន័យ​ជាក់​លាក់​មួយ​ជួយ​ដល់​ការធ្វើ​សេចក្តី​សម្រេ​ច​ចិត្ត និង​ការ​ឆ្លើយ​តប​ឱ្យមាន​ប្រសិទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀ​ង​​។

គម្រោង​ MUSEFO បានរួម​ចំណែក​យ៉ាង​សំខាន់ ក្នុងការ​កាត់បន្ថយ​ភាព​ក្រី​ក្រ និង​ភាពអត់ឃ្លាន​នៅ​កម្ពុជា ជាពិសេស​ផ្តោត​ការយក​ចិត្តទុក​ដាក់​ទៅលើ​ការ​លើកកម្ពស់​សន្តិសុខ​ស្បៀង និង​អាហា​​​រូបត្ថម្ភ​របស់​កុមារ និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ។ គម្រោង​នេះ ក៏ផ្តល់​ការ​បណ្តុះ​បណ្តាល​តាម​ស្រុក​នានា​​ទូទាំ​ង​ប្រទេ​​ស ដើម្បី​បញ្ជ្រាប​ការងារ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ទៅក្នុង​ដំណើរ​ការ​កសា​ង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​ឃុំ សង្កាត់ ការអនុវត្ត​ផែនការ​សកម្មភាព​នានា នៅក្នុង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សន្តិសុខ​ស្បៀង និង​អាហា​រូបត្ថម្ភ ឱ្យស្រប​តាម​ផែនទី​បង្ហាញផ្លូវ​ស្តីពី​សន្តិសុខ​ស្បៀង និង​អាហា​រូបត្ថម្ភ​ប្រកប​ដោយ​វីរភាព​ឆ្នាំ​ ២០៣០​ ផង​ដែរ​។

លោកបញ្ជាក់ថា៖ «ឈរលើ​ស្មារតី​នេះ ខ្ញុំ​ស្នើ​សុំឱ្យ​ឯកឧត្តម លោកជំទាវ ដែល​ជា​តំណាង​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ សូម​ខិតខំ​យក​អនុសាសន៍​ទាំង​នេះ ទៅ​អនុវត្ត​ឱ្យបាន​ជោគជ័យ​ដោយ​សហការ​ឱ្យបាន​ជិតស្និទ្ធ ជាមួ​យ​នឹង​អគ្គលេ​ខាធិការ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​ន៍វិស័យ​កសិ​កម្ម និង​ជនបទ»។

ចាប់​តាំងពី​ឆ្នាំ ២០២០ មក ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​និង​ដៃគូ​អភិវឌ្ឍន៍​រួមមានអង្គការ​ GIZ, WFP, UNICEF និង​បណ្តាញ​ស​ម្ព័​ន្ឋ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​អាហារូបត្ថម្ភ​នៅ​កម្ពុជា ដែល​ដឹកនាំ​ដោយ​អង្គការ​ H​K​I បាន​បង្កើត​ក្រុមការងារ​ដឹកនាំ​សម្រ​​ប​​សម្រួល​វិស័យ​សន្តិសុខ​ស្បៀង​និង​អា​ហា​រូបត្ថម្ភ បាន​ស្ទើរ​គ្រប់​រាជធានី​ខេត្ត។

លោក Stefan Messerer អគ្គរដ្ឋ​ទូត​សាធារ​ណរដ្ឋ​សហ​ព័ន្ធ​អាល្លឺម៉​ង់​ប្រចាំ​កម្ពុជា សង្ឃឹម​ថា ក្រោយ​ឆ្នាំ​ ២០​-​៣០ បន្ទា​​ប់​ពី​កម្ពុជា​ឈាន​ទៅ​ដល់​គោល​ដៅ SDGs នោះ​អាហារូប​ត្ថម្ភ​ នឹង​នៅតែ​ជា​សសរស្តម្ភ​សំខាន់​សម្រាប់​គ្រប់​គ្រង​សង្គម​ ដែល​ប្រទេស​កម្ពុជា ក្នុង​ពេល​នេះ កំពុង​ប្រឈម​មុខ​ទៅ​នឹង​កង្វះ​អាហារូបត្ថម្ភ​ស្រាប់។​

ស្រប​ពេល​ដែល​បញ្ហា​ប្រឈម​ និង​និន្នាការ​កង្វះ​អាហារូប​ត្ថម្ភ​នៅតែ​បន្តកើត​មាន ​ជាពិ​សេ​​ស​ក្នុងចំ​ណោម​កុមារ លោក Stefan Messerer បាន​ចាត់​ទុក​ថា គំនិត​នៃ​បញ្ហា​ប្រឈម​នេះ អាចនឹ​ង​មានការ​ផ្លាស់​ប្តូរ ដើម្បី​ធានា​បាន​នូវ​របប​​អាហា​រ​គ្រប់​គ្រាន់ ចម្រុះ និង​មាន​សុខ​ភាព​ល្អសម្រាប់​ទាំង​អស់​គ្នា។

លោក​​ថា៖«ការ​បន្តវិ​និយោគ និ​ង​​ការ​កែ​ស​ម្រួលពន្ធ​អាករ អាច​នឹង​ចាំបា​ច់ ដើម្បី​ធានាសុវត្ថិភា​ពចំណីអា​ហារ និង​លើក​កម្ពស់​បន្ថែម​ទៀត​នូវអាហារ​ដែល​មាន​សុខ​ភាពល្អ សុវត្ថិ​ភាព និង​ជីវជាតិ​​»​៕