ភ្នំពេញៈ កំណែ​ទម្រង់​អនុវិស័យ​ឧត្តម​សិក្សា​នៅ​កម្ពុជា ​មិន​ត្រឹម​តែផ្តោត​លើ​ការពង្រឹង​អភិបាលកិច្ច​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏បាន​ផ្តោត​ទៅ​លើ​ការកែលម្អ​គុណវុឌ្ឍិ​សាស្ត្រាចារ្យ ​ការកែលម្អ​កម្មវិធី​សិក្សា ​និង​ធនធាន​សិក្សា ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវការ​របស់​ទីផ្សារ​ការងារ ​និង​ការប្រើប្រាស់​បច្ចេកវិទ្យា ​ដោយ​ត្រូវធ្វើ​យ៉ាង​ណា​ផ្សារភ្ជាប់​ទ្រឹស្តី​ជាមួយ​នឹង​ទីផ្សារ​ការងារ​ដោយ​ផ្ទាល់។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​លោក​ហង់ជួន ​ណារ៉ុន ​បានបញ្ជាក់​បែបនេះ ​ក្នុង​ពេល​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អប់រំ​ កម្ពុជា ​ចូលរួម​សន្និសីទ​ស្ដីពី​សកល​នៃ​ហ្វ្រង់កូហ្វូនី​វិទ្យាសាស្ត្រ ​ចាប់ពី​ថ្ងៃ​ទី ២៦ ​ដល់​ថ្ងៃទី ២៨ ​ខែតុលា ​ឆ្នាំ ២០២២ ​នៅ​ទីក្រុងគែរ ​ប្រទេស​អេហ្ស៊ីប។

បើ​តាម​ក្រសួង​អប់រំ ​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ ​ក្រោម​អធិបតីភាព ​លោក ​Abdel Fattah al-SISSI ​ប្រធានា​ធិបតី​នៃ​សាធារណរដ្ឋ​អារ៉ាប់​អេហ្ស៊ីប ​និង​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ឧត្តមសិក្សា ​សាកល​វិទ្យាធិការ​ ដែល​ជា​សមាជិក​របស់​ទីភ្នាក់ងារ​សាកលវិទ្យាល័យ ​នៃ​ក្រុមប្រទេស​ប្រើប្រាស់​ភាសា​បារាំង ​និង​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

លោក​ ហង់ជួន ​ណារ៉ុន ​បានថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​នេះ​ តំណាងឱ្យ​ប្រទេស​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ដែល​ជា​សមាជិក​របស់​ទីភ្នាក់ងារ​ឧត្តមសិក្សា​នៃ​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង។ លោក​បានលើកឡើង​ទៀតថា​ ការអប់រំ​ ដែល​ឆ្លើយ​តប ​គឺជា​ការអប់រំ​ ដែល​ធ្វើ​ឱ្យ​អ្នក​សិក្សា​អាច​ផ្សារភ្ជាប់​ខ្លួន​ទៅ​នឹង​បរិបទ​វប្បធម៌ ​និង​តម្រូវការ​របស់​មូលដ្ឋាន។

លោក​បញ្ជាក់ថា​៖ «កំណែ​ទម្រង់​អនុវិស័យ​ឧត្តម​សិក្សា​នៅ​កម្ពុជា ​មិន​ត្រឹម​តែ​ផ្តោត​លើ​ការពង្រឹង​អភិបាលកិច្ច​ប៉ុណ្ណោះ​ទេ ​តែ​ក៏​បាន​ផ្តោត​ទៅ​លើ​ការកែលម្អ​គុណវុឌ្ឍិ​សាស្ត្រាចារ្យ ​ការកែលម្អ​កម្មវិធី​សិក្សា ​និង​ធនធាន​សិក្សា ​ដើម្បី​ឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវការ​របស់​ទីផ្សារ​ការងារ​ និង​ការប្រើប្រាស់​បច្ចេកវិទ្យា ​វិធីសាស្ត្រ​បង្រៀន ​ដោយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ផ្សារភ្ជាប់​ទ្រឹស្តី​ជាមួយ​នឹង​ទីផ្សារ​ការងារ​ដោយ​ផ្ទាល់»។

លោក​រដ្ឋមន្រ្ដី​ ក៏បាន​កោតសរសើរ​ចំពោះ​ទីភ្នាក់ងារ​សាកល​វិទ្យា​ល័យ​ នៃ​ក្រុម​ប្រទេស​ប្រើ​ប្រាស់​ភាសា​បារាំង​ ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម ​ក្នុង​ការសម្រេច​បាន ​នូវ​គោលដៅ​សហស្សវត្សរ៍ ​ដែល​ក្នុង​នោះ​បាន​ចូល​រួម​ចំណែក​ក្នុង​ការពង្រឹង​គុណភាព​ឧត្តមសិក្សា។ ​

អនុវិស័យ​នេះ​ដើរ​តួនា​ទី​យ៉ាង​សំខាន់​ក្នុង​ការឆ្លើយ​តប​ចំពោះ​តម្រូវការ​សង្គម ​ដូចជា​ ការអប់រំ ​សុខា​ភិបាល ​ការការពារ​សង្គម ​ការងារ​ កំណើន ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាស​ធាតុ ​និង​ការការពារ​បរិស្ថាន​ជាដើម។

លោក​ ណារ៉ុន ​បាន​ប្រាប់​អង្គពិធី​ថា ​ការធ្វើ​កំណែ​ទម្រង់​អនុវិស័យ​ឧត្តមសិក្សា​នៅ​កម្ពុជា ​កំពុង​តែ​ផ្តោត​ធ្វើ​យ៉ាង​ណា​ឱ្យ​គ្រឹះ​ស្ថាន​ឧត្តមសិក្សា​ពង្រឹង​ស្វ័យភាព ​ដើម្បី​ក្លាយ​ខ្លួន​ជាគ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ​រដ្ឋបាល។

លោក​បញ្ជាក់ថា ​អាទិភាព​ទាំង ៣​ នោះ ​មាន​អភិបាលកិច្ច ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ ​និង​កំណែ​ទម្រង់​ហិរញ្ញ​វត្ថុ​សាធារណៈ ​ដែល​ជា​ចំណុច​យុទ្ធសាស្ត្រ​ សម្រាប់​ការប្រែ​ក្លាយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ទៅ​ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​ឆ្លើយ​តប​បាន​ទៅនឹង​ចក្ខុវិស័យ ​ឆ្នាំ ២០៣០ ​និង​ ២០៥០ ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

លោក​រដ្ឋមន្ត្រី ​ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​ទីភ្នាក់ងារ​ឧត្តម​សិក្សា​ នៃ​ក្រុម​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ​ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ ដើម្បី​អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​សាកលវិទ្យាធិការ ​និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ​អាច​មាន​លទ្ធភាព​ផ្លាស់ប្តូរ​មតិ ​យោបល់ ​និង​ដាក់ចេញ​ជាអនុសាសន៍​ល្អៗ ​ដើម្បី​ពង្រឹង​គុណភាព​ឧត្តម​សិក្សា ​ដែល​អាច​ចូល​រួម​បាន​យ៉ាង​សកម្ម​ក្នុង​ការកសាង​មូលធន​មនុស្ស​ឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវការ​សង្គម ​និង​សេដ្ឋកិច្ច៕