ភ្នំពេញៈ ក្រសួង​សុខា​ភិបាល និង​មជ្ឈ​មណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក រួមគ្នា​ប្រកាស​ដាក់ឱ្យអនុវត្ត​គោលការណ៍​ណែនាំ​អន្តរ​កាល ស្តី​ពី​ការតាម​ដាន និង​លើ​កកម្ពស់​ការលូតលាស់រ​បស់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​ជា​លើកដំបូង​នៅ​កម្ពុជា ដែល​គោល​ការណ៍​នេះ នឹង​ផ្តល់​ប្រសិទ្ធភាព​ក្នុងការ​តាម​ដាន​ការលូត​លាស់ និង​ការ​អភិវឌ្ឍ​របស់​កុមារ។

ការប្រកាស​ផ្សព្វផ្សាយ​និង​ដាក់ឱ្យអនុវត្ត​នូវ​គោលការណ៍​ណែនាំ​នេះ គឺ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី ២៧ តុលា ​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ ដែលមាន​អ្នកចូលរួម​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ​ន៍ជាតិ អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល នៅ​សណ្ឋា​គារ​សាន់វ៉េ។

អង្គការ Helen Keller បាន​ឱ្យ​ដឹង​ថា សិក្ខា​សាលា​នេះ គឺមាន​បំណង​ផ្តល់​ព័ត៌មាន ស្ដីពី​របៀប​ធ្វើការ​តាមដាន និង​លើក​កម្ពស់​ការលូតលាស់​របស់​កុមារ​ដែល​មាន​អាយុ​ក្រោម ៥ ឆ្នាំ ដោយ​ប្រើប្រាស់​វិធី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​មាន​ស្តង់​ដា ច្បាស់​លាស់។

អង្គការ​នេះ បាន​បន្តថា សិក្ខាសាលា​នេះ ក៏មាន​បំណង​ចង់​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ទៅកាន់​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព អន្តរ​ក្រសួង និង​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​ការអនុវត្ត ដើម្បី​រៀបចំ​ផែនការ​កែលម្អ​សម្រាប់​អនុវត្ត​ការតាមដាន និង​លើ​កកម្ពស់​ការ​លូត​លាស់រ​បស់​កុមារ​អាយុ​ក្រោម ​៥ ​ឆ្នាំ (GMP) នៅក្នុង​ប្រទេស​កម្ពុជា។

អង្គការ Helen Keller បាន​បញ្ជាក់​ថា៖ «វេទិកានេះ នឹង​បង្កើត​ការពិភាក្សា​ជា​ក្រុម​ជាមួយ​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព ក្រសួង​ពាក់​ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព ឈានទៅដល់​គោលបំណង​នៃ​ប្រតិបត្តិការ​ស្របតាម​សូចនាករសំខាន់ៗនៃ​គោលការណ៍​ណែនាំ​បណ្តោះអាសន្ន​ស្តីពី​ការតាមដាន និង​លើកកម្ពស់​ការលូតលាស់​របស់​កុមារ​អាយុ​ក្រោម៥ឆ្នាំ»។

លោក កែវ មួយ​ស្រូ​យ នាយករង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​និយាយថា នេះ​គឺជា​លើក​ទី១ ហើយ​ដែល​ក្រសួងសុខាភិបាល តាមរយៈ​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ ​បានធ្វើការ​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​ប្រើប្រាស់​គោលការណ៍​ណែនាំ​អន្តរ​កាល​ស្តីពី​ការ​តាម​ដាន និង​លើកកម្ពស់​ការ​លូត​លាស់​របស់​កុមារ​អាយុ​ក្រោម​ ៥ ​ឆ្នាំ​។

សិក្ខា​សាលា​នេះ បាន​ចូលរួម​ណែ​នាំ និង​សម្របសម្រួល​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នៃ​កម្មវិធី​ការតាមដាន និង​លើកកម្ពស់​ការលូតលាស់​របស់​កុមារ ខណៈ​គោល​ការណ៍​ណែនាំ​នេះ​មាន​គោលបំណង​ផ្តល់ព័ត៌មាន ស្ដីពី​របៀប​ធ្វើការ​តាម​ដាន និង​លើកកម្ពស់​ការលូតលាស់​របស់កុមារ​ដែលមាន​អាយុ​ក្រោម ៥ ឆ្នាំ​ដោយ​ប្រើប្រាស់​វិធី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​មាន​ស្តង់ដា ច្បាស់​លាស់។

លោកបាន​បញ្ជាក់​ថា៖ «កន្លង​មក​បុគ្គលិក​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ហើយ​សម្រេចបាន​លទ្ធផល​គួរឱ្យ​កោត​ស​រសើរ​ដោយ​គោរព​ប្រតិបត្តិ​គ្រប់​បទ​ប្ប​ញ្ញ​តិ្ត​គោលនយោបាយ​ជា​សកម្មភាព​ជួយ​ការពារ និង​លើកកម្ពស់ ដើម្បី​ដោះស្រាយ​បញ្ហា​អាហារូបត្ថម្ភ ដោយ​ផ្ដោត​សំខាន់​លើ​កុមារ​ចាប់ពី​ពេល​កើត​ដល់​អាយុ ២ ឆ្នាំ»។

លោក​បន្ថែម​ថា​៖ «រយៈពេល ​៥ ​ឆ្នាំ​ដំបូង​នៃ​ជីវិត គឺ​សំខាន់សម្រាប់​ការលូត​លាស់ និង​អភិវឌ្ឍ​របស់​កុមារ ជាពិសេស​ក្នុង​អំឡុង​ពេល​ ១ ០០០ ថ្ងៃ​ដំបូង (ចាប់តាំង​ពី​នៅក្នុង​ផ្ទៃ​ម្តាយ​រហូតដល់​កុមារ​អាយុ ២ ឆ្នាំ)។ កុមារ​ជា​តំណាងឱ្យ​ការអភិវឌ្ឍ សេដ្ឋ​កិច្ច និង​សង្គម​នៅពេល​អនាគត​របស់​ក​ម្ពុ​ជា ដូច​នេះ​យើង​ត្រូវ​ធានា​ឱ្យបាន​នូវ​សុខភាព និង​អាហារូបត្ថម្ភ​របស់​ពួក​គេ»។

ការស្រាវ​ជ្រាវ​មួយ​របស់ អង្គការ Helen Keller  ដែល​ទើប​ត្រូវបាន​ផ្សព្វ​ផ្សាយ បាន​បង្ហាញ​ថា កុមារ​តូចៗ​នៅ​ខេត្ត​កណ្តាល​ជាទូ​ទៅ​បរិភោគ​អាហារ​និង​ភេសជ្ជៈ​ដែល​មិនល្អ​ចំពោះ​សុខភាព​ក្នុង​អត្រា​កើនឡើង​ពី​ជាង ៤៥ ភាគរយ ក្នុង​ចំណោម​កុមារ​អាយុ​ចន្លោះ ១០ ដល់ ១៤ ខែ ដល់ ៧៩ ភាគរយ ក្នុងចំណោម​កុមារ​អាយុ​ចន្លោះ ១៥ ដល់ ១៩ ខែ ខណៈ​អាហារ​និង​ភេសជ្ជៈ​មិនល្អ​ចំពោះ​សុខភាព​ដែល​ត្រូវបាន​បរិភោគ​ច្រើនជាងគេ គឺមាន​ទឹកដោះគោ​ផ្អែម និង​នំ​ដែលមាន​រសជាតិ​ផ្អែម និង​ប្រៃ។

ជាមួយ​នឹង​ការរក​ឃើញ​នេះ តាម​លទ្ធផល​នៃ​ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ ២០២២​ បង្ហាញ​ថា កុមារ​កម្ពុជា អាយុ​ពី ៦-២៣ ខែ ប្រមាណ ២៨ ភាគរយ បាន​ប្រើប្រាស់​ភេសជ្ជៈ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ និង​កុមារ​កម្ពុជា​អាយុ​ពី ៦-២៣ ខែ​ប្រមាណ ២១ ភាគរយ បាន​ប្រើ​ប្រាស់​អាហារ​មិនល្អ​ចំពោះ​សុខ​ភាព​នាពេល​កន្លង​មក៕