ភ្នំពេញៈ ក្នុងរយៈ​ពេល​ ២៧​ ថ្ងៃ មានអ្នក​សារព័ត៌​មាន​ជាតិ និង​អន្តរ​ជាតិ​មក​ពី ​៣០​ ប្រទេស​ បាន​ចុះ​ឈ្មោះ​ចូល​រួម​យក​ព័ត៌​មាន​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ នៅ​រាជធានី​ភ្នំពេញ​ មាន​ចំនួន​​សរុបជាង​ ១ ៣០០​នាក់ ដែល​ក្នុង​នោះអ្នក​សារព័ត៌​មាន​បរទេស ​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​គឺប្រទេស​ជប៉ុន​ដែល​មាន​១៥៧ នាក់។

លោក​ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នាថ្ងៃទី​ ២៧ ខែ​តុលា ថា៖ «គិតត្រឹ​មថ្ងៃទី២​៧ ខែតុលា​ចំនួន ​អ្នក​ចុះ​ឈ្មោះចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​សរុប​ចំនួន​ ១ ៣៨៥​ រូប មកពី​ ៣០ ​ប្រទេស។ ក្នុង​ចំណោម ​៣០ ​ប្រទេស ចំនួន​អ្នក​សារ​ព័ត៌​មាន ដែល​ចុះ​ឈ្មោះច្រើ​នជាងគេ​​រួម​មាន​កម្ពុជា ៤៧៨ រូប​ជប៉ុន ១៥៧ រូប កូរ៉េខាង​ត្បូង ១៣៣ រូប​សហរដ្ឋ​អាមេរិក​ ១០០​ រូប»។

លោក​បន្តថា​ អ្នក​សារព័ត៌​មាន​ដែល​ចុះ​ឈ្មោះបាន​ជោគ​ជ័យ​សរុបមាន​ចំនួន​ ១ ២០៥ នាក់ដែល​ក្នុង​នោះ​បរទេស​មាន​ចំនួន​ ៧២៧​នាក់ ហើយ​មន្ត្រី​ក្រសួង​ព័ត៌មាន​ចំនួន​ ២២០​នាក់។

ចំពោះ​អ្នក​សារ​ព័ត៌មាន​ដែល​ត្រូវ​បាន​បដិសេធ​សរុប​មាន​ចំនួន ៧៩​នាក់ ដោយ​មិនបាន​បំពេញ​ឱ្យបា​នត្រឹម​ត្រូវ​តាម​លក្ខខ​ណ្ឌនៃ​ការចុះឈ្មោះ​។ រាល់​អ្នក​ដែល​ត្រូវ​បដិសេធ​នឹង​បាន​ទទួល​អ៊ីមែល​បញ្ជាក់​ពីកំហុស​ដើម្បី​ឱ្យកែ​តម្រូវ។​

លោក ផុស សុវណ្ណ ដែល​ក៏ជាអ្នក​នាំពាក្យ​ក្រសួងព័ត៌មាន​ផង​ដែរ​នោះ​ បាន​បញ្ជាក់​ថា​ អ្នក​សារព័ត៌​មាន ដែល ចុះឈ្មោះ​បាន​ដោយ​ជោគ​ជ័យ​ នឹង​ត្រូវ​បែង​ចែក​តាម​ក្រុម​ដែល​មាន​ដូច​ជា​អ្នក​សារព័ត៌​មាន​ដែល​ជាម្ចាស់​ផ្ទះ​អាច​ចល័ត​លើទីតាំង​អាទិភាព​មួយ​ចំនួន ​នៃកិច្ច​ប្រជុំ​ ខណៈ​អ្នក​សារព័ត៌​មាន​ផ្លូវ​ការ​តាម​គណៈប្រតិភូ​ អាច​ចល័ត​បាន​តាម​គណៈ​ប្រតិភូ​របស់​ប្រទេស​ខ្លួន​ផ្ទាល់ និង​ទីតាំង​នៃកិ​ច្ចប្រជុំមួ​យ​ចំនួន​។

អ្នកសា​រព័ត៌​មាន​ចល័ត ​អាចយកព័ត៌មាន​បាន​​តែពី​មណ្ឌល​ព័ត៌មាន​ទៅកាន់​បន្ទប់​ប្រជុំ ដោយ​មាន​មន្ត្រី​សម្រប​សម្រួល​​របស់​មណ្ឌល​ព័ត៌មាន​ជូន​ទៅ។ ក្រុម​នេះ​នឹង​ត្រូវ​ចុះឈ្មោះ​ចូលរួម​កិច្ចប្រជុំ​នីមួយៗ​ ដែល​ខ្លួន​ចាប់​អារម្មណ៍ ដើម្បី​ទទួលបា​នប័ណ្ណ​ដែល​ហៅថា P​ool Pass ដើម្បី​ចូល​រួម​។ ក្នុង​១​អង្គភាព​ត្រូវបាន​អនុញ្ញាត​បាន​ត្រឹម​២នា​ក់ គឺអ្នក​ថត​រូប និងអ្នក​ថត​វីដេ​អូ។​

លោកថ្លែង​ថា៖ «អ្នក​សារព័ត៌​មាន​ ដែល​ត្រូវ​បាន​អនុញ្ញាត​ចូលយក​ព័ត៌មាន ក្នុង​កិច្ចប្រជុំ​នីមួយៗ ​គឺត្រូវ​ចាក​ចេញ​ពីបន្ទ​ប់​ប្រជុំវិញ​ក្រោយ​ពេល​ប្រធាន ឬស​ហប្រធាន​ថ្លែង​ចំណាប់​អារម្ម​ណ៍ច​ប់​»។​

សម្រាប់​ទីតាំង​ព័ត៌មា​ន គឺអាច​ផ្ទុក​អ្នកសារ​ព័ត៌​មានបាន​​ចំនួន​ចន្លោះពី​ ១ ២០០ ទៅ ​១ ៤០០ នាក់ និង​មាន​សម្ភារ​មួយ​ចំនួន ​ដែល​អាច​ផ្តល់​ជារូប​ភាព​ និង​សំឡេង​ពីបន្ទប់​ប្រជុំមក​ដល់បន្ទប់​ព័ត៌មាន​ (Media Center) ដែល​អ្នក​សារព័ត៌​មាន​មិន​អាច​មាន​ឱកាស​ឡើង​ទៅកាន់​បន្ទប់​ប្រជុំ តែអា​ចតា​មដា​ននៅ​ក្នុ​ងប​ន្ទប់​ព័ត៌មាន​នេះ​បាន​។

ក្រសួង​ព័ត៌មាន​បាន​បើក​ឱ្យដំណើរ​ការ​ ការ​ចុះ​ឈ្មោះអ្ន​កសារព័​ត៌មា​នដែលមាន​បំណង​ចូលរួ​មយ​ក​​ព័ត៌​មាន​នៅ​ក្នុងកិច្ច​ប្រជុំកំ​ពូល​អាស៊ាន​និង​កិច្ចប្រ​ជុំពាក់​ព័ន្ធ​នៅរាជ​ធានី​ភ្នំពេញ​នៅខែ​ក្រោយ ​ចាប់​ផ្តើមពីថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៣១ ខែតុ​លា តាម​លក្ខខណ្ឌមួ​យចំ​នួន​។

​អ្នក​សារព័ត៌​មាន​ត្រូវ​មកពីអង្គ​ភាព​ដែល​បាន​ចុះបញ្ជី ឬទទួល​ស្គាល់​ដោយ​ក្រសួង​ព័ត៌មា​ន ឬអាជ្ញា​ធរពា​ក់ព័​ន្ធ។​ សម្រាប់​អង្គភាព​បរទេស​ជាអ​ង្គភា​ព ដែល​ចេញ​ផ្សាយជា​ប្រចាំ ​តែក្រសួ​ងក៏​ត្រូវ​ពិចា​រណាលើអា​ទិភា​ពផង​ដែ​រ ដោ​យសារ​អ្នក​សារព័ត៌​មាន​ដែល​ចង់​ចូល​រួម​មាន​ចំនួន​ច្រើន ប៉ុន្តែទី​តាំងមិនស​មស្រប​ជាដើម​។

​ចំពោះ​លក្ខខណ្ឌ​ចុះ​ឈ្មោះរួម​មាន រូបថត​ផ្ទៃស អត្តសញ្ញាណ​ប័ណ្ណ ឬលិខិ​តឆ្លង​ដែនមាន​សុព​លភា​ព បណ្ណព័ត៌​មាន​មាន​សុពល​ភាព ដែល​ចេញ​ដោយ​ក្រសួង ឬអាជ្ញាធរ​មាន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​លិខិត​បញ្ជា​បេសកកម្ម​ និង​បណ្ណ​ចាក់​វ៉ាក់​សាំង​ជំងឺកូវី​ដ ១​៩៕