
ឆ្មាំសមុទ្រទទួលបានការហ្វឹកហាត់ក្នុងការជួយសង្គ្រោះជនរងគ្រោះដោយលង់ទឹក។ រូបថត សហការី
ព្រះសីហនុៈ ឆ្មាំសមុទ្រកម្ពុជាចំនួន ៣០ នាក់ មកពីខេត្តជាប់សមុទ្រចំនួន ៤ កំពុងទទួលការបណ្ដុះបណ្ដាលបច្ចេកទេស និងវិធីសាស្ត្រជួយសង្គ្រោះជនរងគ្រោះពីការលង់ទឹកសមុទ្រ ពីគ្រូបង្វឹកនៅក្នុងវិស័យនេះមកពីប្រទេសថៃ។
លោក តាំង សុចិត្ត គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដើម្បីពង្រឹងគុណភាពដល់ឆ្នាំសមុទ្រទាំងអស់នៅក្នុងតំបន់ឆ្នេរ ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ កែប កំពត និង កោះកុង បានរួមសហការគ្នាបើកវគ្គបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេស ហែលទឹក មុជទឹក និង បច្ចេកទេសជួយសង្គ្រោះជនរងគ្រោះពីការលង់ទឹកសមុទ្រដល់ពួកគេ ដោយបានអញ្ជើញគ្រូបង្វឹកដ៏ស្ទាត់ជំនាញនៅក្នុងវិស័យនេះ មកពីខេត្តត្រាត និង ខេត្តសមុទ្រប្រាកាន ប្រទេសថៃ។
លោកមានប្រសាសន៍ថា៖ «តាមរយៈវគ្គបណ្ដុះបណ្ដាល លើមុខជំនាញបច្ចេកទេស ហែលទឹក មុជទឹកក្នុងជម្រៅជ្រៅ និងបច្ចេកទេសជួយសង្គ្រោះមនុស្សលង់ទឹកសមុទ្រជាដើមនេះ នឹងជួយឱ្យកងឆ្មាំសមុទ្រ យើង មានសមត្ថភាព និងទំនុកចិត្តកាន់តែខ្ពស់ក្នុងការជួយសង្គ្រោះមនុស្សពីការលង់ទឹកសមុទ្រ»។
បើតាមលោក គ្រឹស្នា ឆ្មាំសមុទ្រ ដែលបានមកចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល ៥ ថ្ងៃ [២៥-២៩ ខែតុលា ២០២២] នេះ ភាគច្រើនមកពីខេត្តព្រះសីហនុ ចំនួន ១៧ នាក់ មកពីខេត្តកោះកុង ៥ នាក់ ពីខេត្តកំពត៥ នាក់ និង ៣ នាក់ទៀតមកពីខេត្តកែប។
លោក កៅ ហួង អាយុ ៥២ ឆ្នាំ ជាជំនួយការគ្រូបង្វឹកនៅក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំសមុទ្រនេះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គាត់មានការភ្ញាក់ផ្អើរយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់កងឆ្មាំសមុទ្រកម្ពុជា ដែលក្នុងរយៈពេលខ្លីសោះ អាចមានសមត្ថភាពមុជទឹកក្នុងជម្រៅជ្រៅបានដល់ ២៥ ម៉ែត្រ ជាមួយឧបករណ៍បច្ចេកទេស ចាស់ៗ និងមិនគ្រប់គ្រាន់តាមតម្រូវការ។
លោកថ្លែងថា៖ «យើងពិតជារំភើបចិត្តណាស់ នៅពេលឃើញក្រុមឆ្មាំសមុទ្រកម្ពុជា មានសមត្ថភាពមុជទឹកក្នុងជម្រៅជ្រៅបានល្អបែបនេះ។ ពួកគេទើបតែរៀនបច្ចេកទេសមុជទឹកកបាន ៣ ថ្ងៃប៉ុណ្ណោះ តែអាចមុជទឹកក្នុងជម្រៅបានដល់ទៅ ២៥ ម៉ែត្រ ខណៈឧបករណ៍ជំនួយមុជទឹករបស់ពួកគេនៅមានកម្រិត»។
លោក ហួង បានបន្តថា តាមសមត្ថភាពរបស់ពួកគេ គឺអាចមុជទឹកក្នុងជម្រៅដល់ទៅ ៥០ ម៉ែត្រ ប្រសិនបើមានឧបករណ៍បច្ចេកទេសទំនើបៗ ដូចជា ឈុតបំពង់ខ្យល់អុកស៊ីហ្ស៊ែន វ៉ែនតាហែលទឹក ឈុតសម្លៀកបំពាក់ហែលទឹក និងឧបករណ៍វាស់សម្ពាធទឹក ជាជំនួយបន្ថែមដល់ពួកគេទៀតនោះ។
យ៉ាងណាក៏ដោយ គ្រូបង្វឹកជនជាតិថៃ ដែលមានបទពិសោធនិងបច្ចេកទេសក្នុងការបង្វឹក កងទ័ពជើងទឹកប្រចាំខេត្តសាមុទ្រប្រាកានប្រទេសថៃ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ថ្វីបើសិក្ខាកាមមានសមត្ថភាពក្នុងការហែលទឹក និងមុជទឹកបានជ្រៅ ប៉ុន្តែការខ្វះឧបករណ៍សម្ភារជាជំនួយសម្រាប់ជួយសង្គ្រោះជនរងគ្រោះក្នុងករណីលង់ទឹកសមុទ្រ ជាពិសេសក្នុងតំបន់ទឹកជ្រៅ និងមានរលកធំៗ គឺជាបញ្ហាប្រឈមបំផុត សម្រាប់ឆ្មាំសមុទ្រ និងកងសង្គ្រោះនៅក្នុងវិស័យនេះ។
លោកបានបញ្ជាក់ថា៖ «មានសមត្ថភាព តែខ្វះឧបករណ៍ជំនួយ មិនអាចធ្វើឱ្យឆ្មាំសមុទ្រ និងកងសង្គ្រោះក្នុងវិស័យនេះ អាចបំពេញការងារក្នុងការជួយសង្គ្រោះជនរងគ្រោះពីការលង់ទឹកសមុទ្រ បានល្អពេញលេញ និងប្រកបដោយសុវត្ថិភាពនោះឡើយ»។
លោក ផាន ផានិត អាយុ ៣១ ឆ្នាំ ជាមន្ត្រីឆ្មាំសមុទ្រមកពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលកំពុងហ្វឹកហ្វឺន នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅក្នុងការហ្វឹកហាត់នេះ ពួកគាត់មិនមានឧបករណ៍គ្រប់គ្រាន់នោះទេ ជាពិសេសបំពង់ខ្យល់អុកស៊ីហ្ស៊ែន ហើយគ្រូបង្ហឹកបានឱ្យពួកគាត់មុជចុះទៅក្នុងទឹកជ្រៅរហូតដល់ ២៥ ម៉ែត្រ ដោយប្រាប់ថា វាជាបច្ចេកទេសនៅក្នុងការសង្គ្រោះមនុស្សលង់ទឹក នៅក្នុងបាតសមុទ្រ។
លោកបានបញ្ជាក់ថា៖ «វាជាមេរៀនដ៏ល្អមួយ នោះគឺជាវិធីចែករំលែកខ្យល់អុកស៊ីហ្ស៊ែន ទៅដល់ជនរងគ្រោះ និងការសម្រួលខ្យល់ដង្ហើមនៅក្នុងទឹក ពេលជួបឧបស័គ្គក្នុងបាតសមុទ្រ»។
បើតាមលោក ផានិត នៅក្នុងមេរៀននេះ គឺគ្រូបង្វឹកបានមុជទឹកចុះទៅបង្រៀនពួកគាត់នៅក្នុងបាតសមុទ្រដោយផ្ទាល់។ ទោះយ៉ាងណា ការមុជទឹកក្នុងជម្រៅជ្រៅ គឺមានបញ្ហាប្រឈម ចំពោះសុវត្ថិភាពខ្លាំងណាស់ ប្រសិនបើគ្មានឧបករណ៍អុកស៊ីហ្ស៊ែន ជាជំនួយគ្រប់គ្រាន់ទេនោះ។
លោកបានបន្ថែមថា៖ «មុជទឹកកាន់តែជ្រៅ សម្ពាធទឹកកាន់តែខ្ពស់[ធ្ងន់] បើគ្មានបំពង់ខ្យល់អុកស៊ីហ្ស៊ែនជាជំនួយ វានឹងធ្វើឱ្យយើង បែកក្រដាស់ត្រចៀង ឬគាំងបេះដូងស្លាប់បាន »។
ជាមួយគ្នានេះ លោកបានអំពាវនាវ សុំឱ្យក្រសួងទេសចរណ៍ និងស្ថានប័នពាក់ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍ខេត្តនៃតំបន់ឆ្នេរ ជួយផ្ដល់នូវឧបករណ៍សម្ភារបច្ចេកទេសទំនើបៗសម្រាប់ឆ្មាំសមុទ្រ ដើម្បីពង្រឹងនិងសម្រួលដល់សមត្ថភាពនៃការសង្គ្រោះជនរងគ្រោះពីការលង់ទឹកសមុទ្រ៕