ភ្នំពេញៈ នៅក្នុង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ក្នុង​ទីក្រុង​ហ្សាការតា នៃ​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពីថ្ងៃ​ទី ២៧ ខែ​តុលា បាន​ឯកភាព​ថា អាស៊ាន​មិនគួរ​បាក់​ទឹកចិត្ត ហើយ​គួរតែ​បង្កើន​ការ​ប្ដេជ្ញាចិត្ត​បន្ថែម​ទៀត​ដើម្បី​ជួយ​មីយ៉ាន់ម៉ា ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី​ឱ្យបាន​ឆាប់​បំផុត​។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន កិច្ច​ប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ពីថ្ងៃ​ទី ២៧ ខែ​តុលា នៅ​ទីក្រុង​ហ្សាការតា។​

​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​លេខាធិ​ការដ្ឋាន​អាស៊ាន ដើម្បី​ពិភាក្សា អំពី​វិធីសាស្ត្រ​ក្នុងការ​អនុវត្ត​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​កិច្ច​ព្រមព្រៀង​ឯកច្ឆន្ទ ៥ ចំណុច ( 5PC) ដែល​បាន​អនុម័ត​នៅក្នុង​កិច្ច​ប្រជុំ​ប្រមុខ​ដឹកនាំ​អាស៊ាន កាលពី​ឆ្នាំ ២០២១ ដែល​ពុំមាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ពី​មីយ៉ាន់ម៉ា។​

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ ថា​៖ «​ទោះបី​ជាមាន​បញ្ហា​ប្រឈម​ចម្បង​ទាំងនេះ យ៉ាងណា​ក្តី ក៏​អង្គ​ប្រជុំ​បាន​ឯកភាព​ថា អាស៊ាន​មិនគួរ​បាក់​ទឹកចិត្ត ហើយ​គួរតែ​បង្កើន​ការ​ប្តេជ្ញាចិត្ត​បន្ថែម​ទៀត​ដើម្បី​ជួយ​មីយ៉ាន់ម៉ា ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី ឱ្យ​បាន​ឆាប់​បំផុត»។​

​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​នេះ​បាន​បញ្ជាក់ថា​៖ «​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់​ថា គួរតែ​ដល់​ពេល​ដែល​យើង​ត្រូវធ្វើ​សកម្មភាព​ជាក់ស្តែង ហើយ​អាស៊ាន​ត្រូវ​ចាប់ផ្តើម​សកម្មភាព​រួមគ្នា​ដោយ​គោរព​អធិបតេយ្យ បូរណភាព​ទឹកដី និង​ផល​ប្រយោជន៍​របស់​ប្រជាជន​មីយ៉ាន់ម៉ា​ជា​ស្នូល​។ កិច្ចប្រជុំ​បាន​ទទួល​ស្គាល់​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​មីយ៉ាន់ម៉ា សុទ្ធ​តែមាន​ចំណែក​ក្នុងការ​បញ្ចប់ ឬ​ធ្វើឱ្យ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​កាន់តែ​ធ្ងន់ធ្ងរ ដែល​បាន​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​ជាច្រើន​នាក់ បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រទេស​មីយ៉ាន់ម៉ា និង​បង្ក​ផល​ប៉ះពាល់ យូរអង្វែង​ដល់​សេដ្ឋកិច្ច ហើយ​វា​មាន​ភាព​ចាំបាច់ និង​បន្ទាន់​ដែល​ដំណើរការ​នៃ​ការសន្ទនា​ត្រូវតែ​ចាប់ផ្តើម​ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន»។​

​លោក​ថ្លែងថា កិច្ចប្រជុំ​ពិសេស​នេះ​មាន​ការជជែក​គ្នា​អំពី​វិធី​ក្នុង​ការពង្រឹង​ការអនុវត្ត 5PC ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​តម្រូវការ​ក្នុងការ​ចាប់ផ្តើម​ឡើងវិញ​នូវ​ទំនាក់ទំនង​យ៉ាង​ពេញលេញ និង​ជា​ប្រក្រតី​របស់​មីយ៉ាន់ម៉ា​ជាមួយ​អាស៊ាន សារៈសំខាន់​នៃ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន​ដោយ​ពុំមាន​ការរំខាន និង​មធ្យោបាយ​សម្របសម្រួល​និង​ពន្លឿន​ការផ្តល់​ជំនួយ​មនុស្សធម៌​ជូន​ដល់​ប្រជាជន​មីយ៉ាន់ម៉ា និង​ការ​បញ្ចប់​ឱ្យបាន​ឆាប់​នៃ​ការ​វាយ​តម្លៃ​តម្រូវ​ការរួម។​

នៅក្នុង​កិច្ចប្រជុំ​នេះ លោក ប្រាក់ សុខុន នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ជំរុញ​អាទិភាព​ទាំង ៣ ដែល​កម្ពុជា​បាន​ដាក់​ចេញ​តាំងពី​ការ​ចាប់ផ្តើម​តួនាទី​ជា​ប្រធាន​អាស៊ាន​គឺ​បញ្ឈប់ ឬ​កាត់​បន្ថយ​អំពើហិង្សា​សម្របសម្រួល​ផ្តល់​ជំនួយ​មនុស្សធម៌ និង​បង្កើត​បរិយាកាស​អំណោយ​ផល សម្រាប់​កិច្ចសន្ទនា​នយោបាយ​រវាង​ភាគី​ពាក់ព័ន្ធ។​

​កិច្ច​ប្រជុំបាន​ឯកភាព​ជា​ឯកច្ឆន្ទ​ថា ការសម្រេចចិត្ត​ក្នុង​អាស៊ាន​ត្រូវ​ផ្អែកលើ​ការ​ពិគ្រោះ​យោបល់ និង​កុង​សង់ស៊ីស និង​បាន​បញ្ជាក់ថា គោលការណ៍​ជា​មូលដ្ឋាន​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន​ត្រូវតែ​ជា​វិធីសាស្ត្រ​នាំ​ផ្លូវ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​អាស៊ាន​ក្នុងការ​ដោះស្រាយ​ស្ថានការណ៍​នៅ​មីយ៉ាន់ម៉ា។

​រដ្ឋមន្ត្រីការបរទេស និង​អ្នក​តំណាង​ដែលមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​នេះ ក៏បាន​អះអាង​សា​ជាថ្មី​អំពី​សារៈសំខាន់ និង​ភាព​ចាំបាច់​នៃ 5PC ហើយ​បាន​គូស​បញ្ជាក់​ពី​តម្រូវការ​ក្នុងការ​ពង្រឹង​ការអនុវត្ត 5PC បន្ថែម​ទៀត តាមរយៈ​សកម្មភាព​ដែល​មាន​កំណត់​ពេលវេលា​ជាក់លាក់ មាន​ភាព​ជាក់​សែ្ត​ង និង​អនុវត្តបាន។​

​ដើម្បី​ធានាបាន​នូវ​ការអនុវត្ត 5PC ឱ្យបាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​បញ្ចប់​ឱ្យបាន​ឆាប់​នូវ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​ក្នុងប្រទេស​មីយ៉ាន់ម៉ា អង្គប្រជុំ​ក៏បាន​ពិភាក្សា​អំពី​អនុសាសន៍​គន្លឹះ​ដែល​ត្រូវ​ដាក់ជូន​ប្រមុខ​ដឹកនាំ​អាស៊ាន​ពិចារណា នៅក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង ៤១ នា​ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជបណិ្ឌត្យ​សភា​កម្ពុជា បាន​ឯកភាព​ចំពោះ​ជំហរ​របស់​អាស៊ាន​ដែល​មិនគួរ​បាក់​ទឹកចិត្ត​នោះ​ដោយ​លោក​គូស​បញ្ជាក់ថា អាស៊ាន​ក៏​មិនគួរ​ប្រញាប់​បញ្ឈប់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​នោះទេ ពីព្រោះ​បញ្ហា​មីយ៉ាន់ម៉ា​នេះ​គឺជា​បញ្ហា​ដែល​ចាក់​ស្រែះ​ចូល​ជ្រៅ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ការ​គ្រប់គ្រង និង​ការដឹកនាំ ហើយ​វា​ទាមទារ​នូវ​ពេលវេលា​រយៈពេល​យូរ​តទៅ​ទៀត។​

​លោក​ថ្លែងថា​៖ «​អាស៊ាន​ទាំងមូល​ត្រូវតែ​បន្ត​កិច្ចខិតខំ​ប្រឹង​ ប្រែង​របស់ខ្លួន​បន្តទៅ​ទៀត​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ ហើយក៏​ដូចជា​ជំរុញ​លើក​ទឹកចិត្ត​ឱ្យ​ភាគី​ពាក់ព័ន្ធ​នឹង​មីយ៉ាន់ម៉ា​ទាំង​អស់ហ្នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​វិបត្តិ​ទាំងអស់​គ្នា​ហ្នឹង​ដោយ​មាន​លក្ខណៈ​បរិយាប័ន្ន​ហើយ​មាន​ការ​គិតគូរ​ខ្ពស់​អំពី​បំណង​ប្រាថ្នា​របស់​ប្រជាជន​មីយ៉ាន់ម៉ា»៕