ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បញ្ជាក់ថា ប្រសិន​បើ​ពុំមាន​ការ​ប្រែប្រួល លោក​គ្រោង​ជួប​ជាមួយ​ប្រធានា​ធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy តាម​ទូរស័ព្ទ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ ដោយ​មាន​ការ​សម្រប​សម្រួល​ពេលវេលា​តាមផ្លូវ​ការទូត។​

​ការបញ្ជាក់​របស់លោក​ធ្វើឡើង​បន្ទាប់ពី​លោក​បាន​បិទ​បញ្ចប់​បេសកកម្ម​ចុះ​ចែក​ពូជស្រូវ និង​ចែក​អំណាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​វគ្គ​ទី១ ទៅ​កាន់​ខេត្ត​ចំនួន ៤ រួម​មាន ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង ចាប់ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៦ ខែ​តុលា។

​លោក​ហ៊ុន សែន បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី ២៧ ខែ​តុលាថា​៖ «​បេសកកម្ម​ជួយ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​វគ្គ​ទី១ ត្រូវបាន​បញ្ចប់​ពី​ម្សិលមិញ​។ មកដល់​ផ្ទះ​វិញ​បំណុល​ត្រូវ​សង​មាន​យ៉ាងច្រើន​ដោយ​ឯកសារ​ត្រូវ​ពិនិត្យ​សម្រេច​និង​ចុះ​ហត្ថលេខា​នៅ​រង់ចាំ»។

​លោក​បន្តថា ការងារ​ទាក់ទង​នឹង​កិច្ចប្រជុំ​អាស៊ាន ក្នុងឋានៈ​ជា​ប្រធាន​ប្តូរ​វេន​ឆ្នាំ ២០២២ នៅ​រាជធានី​ភ្នំពេញ​នៅ​ខែក្រោយ​នេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បូក​ជាមួយ​នឹង​ការ​ចូលរួម​កិច្ច​ប្រជុំ​ក្រុម​ប្រទេស​អភិវឌ្ឍន៍​ទាំង ២០ (G20) នៅ​ឥណ្ឌូនេស៊ី និង​ការចូលរួម​កិច្ចប្រជុំ​កំពូល​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ប្រទេស​ថៃ នាពេល​ខាងមុខ ត្រូវបាន​ដោះស្រាយ ១ ភាគធំ។

​លោក​បន្ថែមថា​៖ «​ប្រសិន​គ្មាន​ការ​ប្រែ​ប្រួល និង​ការសម្របសម្រួល​ពេលវេលា​តាមផ្លូវ​ការទូត​ដែល​កំពុង​ធ្វើ​នោះ​ទេ​ខ្ញុំ​នឹង​ជួប​ប្រធានាធិបតី​អ៊ុយក្រែន តាម​ទូរស័ព្ទ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ​។ សូម​ជូនពរ​បងប្អូន​ជន​រួមជាតិ​ជួបតែ​សេចក្តីសុខ​សេចក្តី​ចម្រើន»។​

​ភ្នំពេញ​ប៉ុស្តិ៍​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​លោក​ជុំ ស​ន្ទ​រី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​បោះពុម្ព​ផ្សាយ​កាសែត​នាយប់​ថ្ងៃទី ២៧ ខែតុលា។

​កាលពីដើម​ខែតុលា លោក ហ៊ុន សែន បានប្រកាស​ជំហរ​មិន​គាំទ្រ​ការធ្វើ​ប្រជាមតិ​របស់​រុស្ស៊ី ដើម្បី​កាត់​យក​ទឹកដី​អ៊ុយក្រែន​បញ្ចូល​ទៅ​ប្រទេស​រុស្ស៊ី ដោយ​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ធ្លាប់​បាន​ប្រកាស​ហើយ​ថា យើង​អត់​គាំទ្រ​ទេ ហើយ​យើង​ប្រឆាំង​ជាមួយ​នឹង​ការបង្កើត​រដ្ឋ ផ្តាច់​រដ្ឋ ផ្តាច់​ទឹកដី ហើយ​នឹង​ការ​ប្រើប្រាស់​កម្លាំង​ឬ​គំរាម​ប្រើប្រាស់​កម្លាំង»។​

​កាលពី​ខែមីនា កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ដែល​ទាមទារ​ឱ្យ​រុស្ស៊ី បញ្ចប់​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ជាបន្ទាន់ នៅ​ប្រទេស​អ៊ុយក្រែន ខណៈ​កម្ពុជា​ក៏បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​សង្គ្រាម​នៅ​ប្រទេស​នេះ។​

​លោក យង់ ពៅ អគ្គលេខា​​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ជួបគ្នា​រវាង​មេដឹកនាំ​ទាំង ២ នេះ​គឺជា​ការល្អ​ព្រោះ​កម្ពុជា បាន​ប្រកាន់​ជំហរ​មិន​ប្រែប្រួល​ចំពោះ​ការ​មិនគាំទ្រ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន។ កម្ពុជា​នៅក្នុង​ធម្មនុញ្ញ​របស់​ខ្លួន គឺ​ប្រកាន់​ជំហរ​អព្យាក្រឹត​។ ការចូលរួម​ស្វែងរក​ដំណោះស្រាយ​ស្វែងរក​សន្តិភាព គឺជា​រឿង​ចាំបាច់​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់​លើ​សកលលោក ដែល​កម្ពុជា​អាច​មាន​លទ្ធភាព​ចូលរួម។

​លោក​ថា​៖ «​នៅពេល​ខាងមុខ កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​សំខាន់ៗ ផ្សេង​ទៀត​ដែល​ក្នុង​នោះ​លោក Zelenskyy ដែលជា​ប្រធានាធិបតី​អ៊ុយក្រែន តាម​ដំណឹង​ផ្លូវការ​ថា នឹង​ចូលរួម​ដែរ។ អ៊ីចឹង​ការជជែក​វែកញែក​គ្នា​មុន នៅ​លើ​របៀបវារៈ​មួយ​ចំនួន គឺជា​ការ​ចាំបាច់​។ ក្នុងឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន សម្តេច​នឹង​ចូលរួម និង​ដឹកនាំ​កិច្ចប្រជុំ​សំខាន់ៗ​មួយ​ចំនួន នៅ​ក្នុង​តំបន់ អង្គការ​តំបន់ សកលលោក​ផងដែរ ក្នុង​នោះ​មាន​ប្រជុំ​អាស៊ាន អាស៊ាន Plus ប្រជុំ​អាស៊ាន​ជាមួយ​ដៃគូ APEC ប្រជុំ G20 អី​ជាដើម»។

​លោក យង់ ពៅ បន្តថា កម្ពុជា​នឹងមាន​ភាសា​ការទូត​របស់​កម្ពុជា និង​បានជា​ចំណែក​ចូលរួម​នៅ​ក្នុង​ដំណោះស្រាយ​នយោបាយ​ពិភពលោក​។ ការជជែក​វែកញែក​គ្នា​មុន​តាម​ទូរស័ព្ទ​នេះ ពិត​ជាមាន​សារៈសំខាន់​។ ការ​ជជែក​គ្នា​តាម​ទូរស័ព្ទ​នេះ ប្រសិនបើ​អាច​ដំណើរការ​ទៅ​មែន​នោះ បើ​ទោះ​ជា​មិនអាច​ដោះស្រាយ​បញ្ចប់​សង្គ្រាម​នោះបាន​ដោយ​ភ្លាមៗ​ក៏ដោយ ក៏​វា​ជា​ចំណែក​ដ៏​សំខាន់​មួយ​នៅក្នុង​នយោបាយ​ការទូត​របស់​កម្ពុជា និង​អ៊ុយក្រែន។​

​លោក​ថ្លែងថា​៖ «​កម្ពុជា​ជា​សំឡេង ១ បើទោះជា​កម្ពុជា​តែឯង ក៏ប៉ុន្តែ​កម្ពុជា​នៅ​ក្នុង​អាស៊ាន​កម្ពុជា​ក្នុង​អង្គការ​តំបន់​ផ្សេងៗ​ទៀត​កម្ពុជា​នឹង​លើក​នៅក្នុង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​។ អ៊ីចឹង​សំឡេង​កម្ពុជា​មិនមែន​ជា​សំឡេង​តែឯង​ដូច​ពីមុន​ទេ​។ កម្ពុជា​គឺ​តំណាងឱ្យ​សំឡេង​ផ្សេងៗ​ជាច្រើន​ទៀត​តំណាង​ឱ្យ​សំឡេង​តំបន់ តំណាង​ឱ្យ​សំឡេង​សកល»៕​

វីដេអូ៖