ភ្នំពេញៈ គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថដល់អង្គព្រះមហាក្សត្រ ព្រមទាំងបានច្រានចោលចំពោះការចោទប្រកាន់អំពីទំនាក់ទំនង រវាងបក្សនេះ ជាមួយលោកសមរង្ស៊ី ប្រធានស្តីទី នៃអតីតគណបក្សសង្គ្រោះជាតិ ដែលការថ្កោលទោសនេះត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គាំទ្រ។
ការចេញសេចក្តីថ្លែងការណ៍នេះធ្វើ ឡើង ១ ថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារចំៗស្នើទៅកាន់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ឱ្យចេញមុខបកស្រាយឮបំភ្លឺ ជុំវិញការលើកឡើងរបស់លោកសម រង្ស៊ី ពាក់ព័ន្ធនឹងអង្គព្រះមហាក្សត្រ ដែលលោកនាយករដ្ឋមន្ត្រីចោទសួរថា ជាការប្រមាថព្រះមហាក្សត្រ ឬយ៉ាងណា?
គណបក្សភ្លើងទៀនបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃទី ២៧ ខែតុលា ថា៖ «គណបក្សភ្លើងទៀន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។ គណបក្សភ្លើងទៀន ថ្កោលទោសចំពោះបុគ្គលទាំងឡាយណាដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
សេចក្តីថ្លែងការណ៍បន្តថា៖ «គណបក្សភ្លើងទៀន សូមប្រកាសបដិសេធ ចំពោះការចោទប្រកាន់នានា អំពីទំនាក់ទំនងរវាងគណបក្សភ្លើងទៀន និងលោក សម រង្ស៊ី»។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា គណបក្សភ្លើងទៀន គោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមាននានារបស់កម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។ គណបក្សភ្លើងទៀនបានដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានាដោយមានការទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ជាដោយផ្ទាល់ ឬប្រយោលពីបុគ្គល ឬគណបក្សនយោបាយណា ១ ឡើយ។
គណបក្សភ្លើងទៀន អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបដែលមិនទាន់មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ នៅតាមសាលាឃុំ-សង្កាត់សាមី ឬនៅតាមបណ្តាភូមិសាមី ដើម្បីមានសិទ្ធិបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះ។
កាលពីថ្ងៃទី ២៥ ខែតុលា លោក ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ និងព្រះសង្ឃ ងើបឈរប្រឆាំង «ជនក្បត់ជាតិ» ដែលលោកចង់សំដៅទៅលោកសមរង្ស៊ី ដោយលោកអះអាងថា លោក សម រង្ស៊ី បានប្រមាថព្រះមហាក្សត្រ ថា «គ្មានមនសិការជាតិ»។
លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន មិនអាចទាក់ទងបាន ដើម្បីសុំការបញ្ជាក់បន្ថែមបានទេ កាលពីថ្ងៃទី ២៧ ខែតុលា ប៉ុន្តែលោកធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៦ ខែតុលាថា គណបក្សភ្លើងទៀន បានទទួលការអនុញ្ញាតពីក្រសួងមហាផ្ទៃ ធ្វើសកម្មភាពក្នុងក្របខ័ណ្ឌជាគណបក្សនយោបាយ និងមានរចនាសម្ព័ន្ធត្រឹមត្រូវ ដោយមិនមានការពាក់ព័ន្ធ ឬទទួលការបង្គាប់បញ្ជាពីនរណានោះទេ។ គណបក្សនេះធ្វើសេចក្តីសម្រេច ដោយខ្លួនឯងតែម្តង។
ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់បក្សភ្លើងទៀន លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុក បន្ទាប់ពីគណបក្សភ្លើងទៀន ចេញសេចក្តីថ្លែងការណ៍នេះថា៖ «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអ្នកទាំងឡាយណា ដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើសុំរបស់ខ្ញុំ កាលពីម្សិលមិញ ថ្ងៃ ២៦ តុលា ២០២២ នៅខេត្តកំពង់ឆ្នាំង»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងដូច្នេះដែរថា៖ «ជីវិតនយោបាយរបស់ទណ្ឌិត សម រង្ស៊ី នៅក្រៅប្រទេសនេះកាន់តែឯកោទៅហើយ ព្រោះជនហ៊ានប្រមាថអង្គព្រះមហាក្សត្រដែលមិនត្រឹមតែពលរដ្ឋទូទាំងប្រទេសថ្កោសទោសទេ សូម្បីបក្ស ដែលខ្លួនឯងបានបង្កើត ក៏ថ្កោលទោសខ្លួនផងដែរ»។
ជុំវិញសំណុំរឿងនេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការចេញមុខបដិសេធជាផ្លូវការនូវទំនាក់ទំនង រវាងគណបក្សភ្លើងទៀន និងលោក សម រង្ស៊ី គឺជាយុទ្ធសាស្ត្រដោះបន្ទុកពីសម្ពាធផ្លូវច្បាប់ ព្រោះបើសិនជាគេរកឃើញថា គណបក្សនេះផ្សារភ្ជាប់ខ្លួនជាមួយលោក សម រង្ស៊ី នោះបក្សនេះអាចនឹងត្រូវបានរំលាយជាមិនខាន។
លោក យង់ ពៅ បញ្ជាក់ថា៖ «សេចក្តីថ្លែងការណ៍នេះ បង្ហាញពីភាពដាច់ដោយឡែក រវាងគណបក្សភ្លើងទៀន និងលោក សម រង្ស៊ី ដែលអាចថា ជាយុទ្ធសាស្ត្រដោះបន្ទុកភាពជាប់ពាក់ព័ន្ធជាមួយលោកសម រង្ស៊ី មួយបានដែរ ប៉ុន្តែសម្រាប់ខ្ញុំ ដោះបាន ឬមិនបាន វាអាស្រ័យលើការអនុវត្តតទៅមុខទៀត»។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាពបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អង្គព្រះមហាក្សត្រគង់នៅជាឯករាជ្យពីគណបក្សនយោបាយ អព្យាក្រឹត ជាអ្នកសម្របសម្រួលអ្នកនយោបាយ។ អ្នកនយោបាយទាំងប្រឆាំង និងស្រប សុទ្ធតែជាកូនចៅរបស់ព្រះអង្គ។ លោកបានលើកឡើងពីរដ្ឋធម្មនុញ្ញដែលចែងថា មិនឱ្យនរណាប៉ះពាល់ទៅដល់អង្គព្រះមហាក្សត្រ។
លោកថ្លែងថា៖ «អ្នកនយោបាយ ក៏អាចឈ្លោះគ្នានៅក្នុងចំណោមអ្នកនយោបាយទៅណា! អាចប្រើវោហារស័ព្ទនយោបាយតែក្នុងចំណោមអ្នកនយោបាយទៅ មិនគួរណាឱ្យមានការប៉ះពាល់ទៅដល់អង្គព្រះមហាក្សត្រនោះទេ។ ទុកព្រះអង្គជាបុគ្គលជាទីគោរព ហើយព្រះអង្គក៏ជាបុគ្គលដែលអាចសម្របសម្រួលអ្នកនយោបាយ អាចបង្រួបបង្រួមជាតិ ឯករាជភាពជាតិ ក៏ដូចជាធានាដល់បូរណភាពទឹកដីអីជាដើមអ៊ីចឹង។ ជារួមអ្នកនយោបាយ បើថា មានបញ្ហាដែលមិនអាចដោះស្រាយបាន គួរតែស្នើឱ្យព្រះមហាក្សត្រ លោកសម្របសម្រួលស្វែងរកដំណោះស្រាយអ៊ីចឹងទៅ»៕
វីដេអូ៖