ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​បាន​ដាក់​ចេញ​នូវ​វិធានការ​ ដើម្បី​ធានា​ដល់​ការអនុវត្ត​សិទ្ធិ និង​ផលប្រយោជន៍​ក្នុង​ការប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ក្នុង​គោលដៅ​ធានា​ដល់​ការអនុវត្ត​សិទ្ធិ និង​ផលប្រយោជន៍​នានា​ជូន​ប្រជាពលរដ្ឋ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដែល​ផុត​សុពលភាព សូម​ទៅ​បំពេញ​បែបបទ​ដើម្បី​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​ថ្មី​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ ចេញ​ថ្ងៃទី​ ២៧ ​តុលា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បានដាក់​ចេញ​នូវ​វិធានការ​ សម្រាប់​អនុវត្ត​ចំនួន​ ៤ ​ចំណុច ក្នុងនោះ​ទី ១. ផ្អែកលើ​ទិន្នន័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​រក្សាទុក​ក្នុង​ប្រព័ន្ធ​ម៉ាស៊ីន​មេ​គ្រប់គ្រង​ទិន្នន័យ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ត្រូវ​រៀបចំ​ចងក្រង និង​បោះពុម្ព​បញ្ជី​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ ដែល​ផុត​សុពលភាព និង​បញ្ជី​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញណ ប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​នឹង​ផុត​សុពលភាព រយៈពេល ៩០ ​ថ្ងៃ​ខាងមុខ តាម​ឃុំ សង្កាត់ ទូទាំង​ប្រទេស​។

ទី ២. ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​បាត់ ឬ​ខូច​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សាមីខ្លួន​ត្រូវ​ធ្វើ​សេចក្តី​រាយការណ៍​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​បំពេញ​បែបបទ​ទទួល​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថ្មី​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្តថា ចំណែក​ចំណុច​ទី ៣. ​ប្រជាពលរដ្ឋ​ដល់​អាយុ ​១៨ ​ឆ្នាំ គិត​ត្រឹម​ថ្ងៃ​បោះឆ្នោត​ជាតិ នា​ថ្ងៃទី ​២៣ ខែកក្កដា ឆ្នាំ​ ២០២៣ ខាងមុខ ហើយ​ដែល​មិនទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សូម​សាមីខ្លួន​ទំនាក់​ទំនង​ទៅ​អាជ្ញាធរ​ឃុំ សង្កាត់​សាមី ដើម្បី​បំពេញ​បែបបទ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។

រីឯ​ចំណុច​ទី ៤. បង្កើត​យន្តការ​អន្តរ​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួងម​ហាផ្ទៃ រួមមាន អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ដើម្បី​ដឹកនាំ​គណៈកម្មការ​ជំរុញ​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ រាជធានី ខេត្ត ក្នុង​ការអនុវត្ត​យុទ្ធនាការ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ចាប់ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​ ២០២២ រហូតដល់​ដំណាច់​ខែ​តុលា ឆ្នាំ​ ២០២៣ ​។

ដើម្បី​ធានាការ​ដល់​ការអនុវត្ត​ការងារ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ ក្រសួង​មហាផ្ទៃ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ផុត​សុពលភាព ឬ​មុន​ផុត​សុពលភាព​រយៈពេល ៩០​ ថ្ងៃ ប្រជាពលរដ្ឋ​បាន​បាត់ ឬ​ខូច​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​ ១៨ ​ឆ្នាំ​នៅ​ថ្ងៃ​បោះឆ្នោត​ជាតិ នា​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ ខាងមុខ សូម​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ទៅ​បំពេញ​បែបបទ ប្តូរ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា និង​បំពេញ​បែបបទ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​នៅ​ជិត​បំផុត​៕