ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) សន្យា​នឹង​កៀរគរ​ឱ្យមាន​ការចូល​រួមការ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​បណ្តា​ក្រុមហ៊ុន​ប្រមាណ ៧០០ ដែលជា​សមាជិក​របស់​ខ្លួន​សម្រាប់​ការងារ​បោស​សម្អាត​មីន​នៅ​កម្ពុជា ខណៈ​កម្មវិធី​ប្រមូល​ថវិកា​សប្បុរស​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១៧ ខែ​វិច្ឆិកា ខាងមុខ។

​ការសន្យា​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង លោក លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី ១ អាជ្ញាធរ​មីន លោក អាល់​បឺត តាន់ អនុប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) និង​លោក Andrew Tey នាយក​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា (CGTI-GMAC) កាលពី​ថ្ងៃទី​២៧ ខែ​តុលា នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន រាជធានី​ភ្នំពេញ។

​ភាគី​ទាំង ៣ បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​សកម្មភាព​មីន ក្នុង​គោលបំណង​ចូលរួម​សម្រេច​នូវ​ទស្សនវិស័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ដោះស្រាយ​បញ្ហា​គ្រាប់មីន​នៅ​កម្ពុជា។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​អាជ្ញាធរ​មីន​នា​ថ្ងៃទី​២៧ ខែតុលា លោក អាល់​បឺត តាន់ លើក​ឡើង​ថា GMAC ពេញចិត្ត​ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការងារ​បោស​សម្អាត​មីន មាន​គោល​បំណង​ជួយ​ជន​រងគ្រោះ​ដោយសារ​មីន និង​ឱ្យ​កម្ពុជា​ទទួល​បាន​ជោគជ័យ​បន្ថែមទៀត​សម្រាប់​កិច្ចការ​សកម្មភាព​មីន​នាពេល​អនាគត ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ ២០២៥ អស់​គ្រាប់មីន​ពីលើ​ទឹកដី​កម្ពុជា។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន លោក អាល់​បឺត តាន់ ថ្លែងថា​៖ «​សមាគម GMAC នឹង​ចលនា​កៀរគរ​ឱ្យមាន​ការចូល​រួមការ​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្តា​ក្រុមហ៊ុន​ប្រមាណ ៧០០ ដែលជា​សមាជិក​របស់​សមាគម​សម្រាប់​ការងារ​បោស​សម្អាត​មីន​នៅ​កម្ពុជា»។​

​លោក លី ធុជ បាន​កោតសរសើរ​ចំពោះ «​ទឹកចិត្ត​សប្បុរស​» របស់ GMAC ដែលមាន​បំណង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការងារ​បោស​សម្អាត​មីន​មនុស្សធម៌ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​សម្រេច​គោលដៅ «​កម្ពុជា​គ្មាន​មីន​ឆ្នាំ ២០២៥» ស្របតាម​ចក្ខុវិស័យ​របស់​លោក ហ៊ុន សែន។

​លោក​អរគុណ​ដល់​កិច្ចសហការ​របស់ GMAC ជាមួយ​អាជ្ញាធរ​មីន ដែល​បាន​ផ្តួចផ្តើម​រៀបចំ​ឱ្យមាន​កម្មវិធី​ប្រមូល​ថវិកា​សប្បុរស នា​ថ្ងៃទី ១៧ ខែ​វិច្ឆិកា ខាងមុខ ក្រោម​អធិបតីភាព​លោក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើង។

​លោក លី ធុជ បញ្ជាក់ថា អាជ្ញាធរ​មីន​នឹង​យក​ថវិកា​ប្រមូលបាន​នេះ​ទៅប្រើ​ប្រាស់​ឱ្យចំ​គោលដៅ និង​ធ្វើការ​បោស​សម្អាត​មីន​នៅតាម​តំបន់​អាទិភាព ឱ្យស្រប​តាម​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា។

កន្លងមក អាជ្ញាធរ​មីន និង​វិទ្យាស្ថាន CGTI-GMAC បាន​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ស្តីពី​ការ​បង្កើត​កិច្ចសហ​ប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​នូវការ​អភិវឌ្ឍ​សមត្ថភាព។​

​វិទ្យាស្ថាន​នេះ​ក៏​ធ្លាប់បាន​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក​របស់​អាជ្ញាធរ​មីន​លើ​ការពង្រឹង​សមត្ថភាព​ភាព​អ្នកដឹកនាំ និង​ឥរិយាបថ​របស់​បុគ្គល​ដែល​មាន​ប្រសិទ្ធភាព និង​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​ការ​ផ្សព្វផ្សាយ​អប់រំ​យល់ដឹង​អំពី​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ផងដែរ៕​