កំពង់ស្ពឺៈ ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​ ២៧ តុលា បាន​សម្ពោធ​បើក​ជា​ផ្លូវការ​ទារកដ្ឋាន​ប្រចាំ​សហគមន៍​ចំនួន​ ៤ ​សម្រាប់​កូន​កម្មករ​-​កម្មការិនី​រោងចក្រ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែលជា​មណ្ឌល​មើលថែទាំ​កុមារ​តូច​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ដំបូង​គេ​នៅ​កម្ពុជា​។

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ ដែល​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ទារកដ្ឋាន​ទាំង​ ៤ ​នេះ បាន​ថ្លែង​ថា ការ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ និង​មិន​អាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដោយ​ផ្តើមចេញ​ពី​ការគាំទ្រ​ការអនុវត្ត​តាមបែប​ពហុវិស័យ​បញ្ចូល​គ្នា​។

លោកស្រី​បាន​លើកឡើង​ពី​ការស្រាវជ្រាវ​ជាច្រើន​ដែល​បាន​រកឃើញ​ថា កុមារ​ដែល​បាន​ទទួល​សេវា​ថែទាំ​គាំពារ​ប្រកបដោយ​វិជ្ជមាន និង​ឆ្លងកាត់​ថ្នាក់​មត្តេយ្យ​សិក្សា តែងតែ​បាន​ចូលរៀន​នៅ​សាលា​បឋមសិក្សា​ដោយ​ជោគជ័យ ដោយ​ពុំមាន​ការត្រួត​ថ្នាក់ និង​បោះបង់​ការសិក្សា​ឡើយ​។

លោកស្រី គឹម សេដ្ឋានី ថ្លែង​ថា​៖ «​ជាពិសេស​ចាប់ពី​កំណើត​រហូតដល់​អាយុ​ក្រោម​ ៣ ​ឆ្នាំ គឺជា​អំឡុង​ពេល​ដែល​មាតាបិតា​និង​អ្នក​មើលថែ​កុមារ​តូច ត្រូវ​ផ្តល់​អាហារូបត្ថម្ភ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បីឱ្យ​កោសិកា​ខួរក្បាល​មានការ​លូតលាស់​បាន​ល្អ ពីព្រោះ​ក្នុង​ដំណាក់កាល​ដំបូង​នេះ​កោសិកា​ខួរក្បាល​កុមារ​មាន​ការ​លូតលាស់​យ៉ាង​ឆាប់រហ័ស​រហូតដល់​ ៧០ ​ភាគរយ​»។

លោកស្រី​បាន​លើកឡើង​ពី​ការស្រាវជ្រាវ​ជាច្រើន​ថា កុមារ​អាយុ​ ៣​ ឆ្នាំ​អាច​អភិវឌ្ឍ​រហូតដល់​ ៨០ ​ភាគរយ​នៃ​ខួរក្បាល​របស់​មនុស្ស​ធំ និង​រហូតដល់​ ៩០ ​ភាគរយ​នៅ​អាយុ​ ៥ ​ឆ្នាំ ដែល​ជា​កត្តា​កំណត់​សម្រាប់​ការអភិវឌ្ឍ​ពុទ្ធិ​បញ្ញា និង​ការបណ្តុះ​បំណិន​ផ្សេងទៀត ដូចជា​បំណិន​សង្គម ភាព​ក្លាហាន ភាព​អំណត់ បំណិន​ទំនាក់ទំនង​ជាដើម​។

បើតាម​លោកស្រី រដ្ឋលេខាធិការ ការស្រាវជ្រាវ​ផ្សេងទៀត​ក៏បាន​រកឃើញ​ថា ជំនាញ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ដំបូង​ដល់​កុមារ​នៅ​វ័យ​ជា​ទារក និង​វ័យ​ចូល​មត្តេយ្យ​សិក្សា គឺជា​កត្តា​កំណត់​នូវ​ភាព​ជោគជ័យ ឬ​បរាជ័យ​ក្នុងការ​សិក្សា​នៅ​សាលារៀន និង​ការសិក្សា​នៅ​កម្រិត​បន្តបន្ទាប់​៕