កំពង់ស្ពឺៈ ប្រតិភូ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) នា​ថ្ងៃទី ២៧ ខែ​តុលា បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វិទ្យាល័យ​ឧដុង្គ ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែលជា​វិទ្យាល័យ​ធនធាន​មួយ​ក្នុង​ចំណោម​វិទ្យាល័យ​ធនធាន​នានា ដែល​ត្រូវបាន​ចាត់ទុក​ថា បាន​ដំណើរ​ការល្អ​លើ​ផ្នែក​ការងារ​គ្រប់គ្រង ដឹកនាំ រដ្ឋបាល ការងារ​បង្រៀន រៀន ការងារ​ចូលរួម​ពី​សហគមន៍ និង​ការ​គ្រប់គ្រង​ថវិកា។

​ដំណើរ​ទស្សនកិច្ច​នេះ ដឹកនាំ​ដោយ លោក អ៊ុម រម្យ​ណី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រតិភូ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​រួម​ដំណើរ​ដោយ លោក Winfried F. Wicklein អគ្គនាយករង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​អាស៊ី​អាគ្នេយ៍ លោក Anthony Gill ជំនាញការ​ជាន់ខ្ពស់​ផ្នែក​ប្រតិបត្តិការ​គម្រោង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោកស្រី Jyotsana Varma នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា និង​មន្ត្រី​ដទៃ​ទៀត​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា។​

​ក្រសួង​អប់រំ​បញ្ជាក់​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី ២៨ ខែ​តុលា ថា គណៈប្រតិភូ​បាន​ទស្សនកិច្ច ការធ្វើ​ពិសោធន៍​មុខវិជ្ជា​គីមី រូបវិទ្យា បន្ទប់​កុំព្យូទ័រ បណ្ណាល័យ ការ​ប្រើប្រាស់​កុំព្យូទ័រ​បន្ទះ​ជំនួយ​ក្នុង​ការរៀន​វិទ្យាសាស្ត្រ និង​សម្ភាសន៍​អតីត​សិស្ស​ដែល​ធ្លាប់​ទទួល​អាហារូបករណ៍ សិស្ស​ក្រីក្រ​រៀន​ពូកែ​មុខវិជ្ជា​វិទ្យាសាស្ត្រ។

​ទស្សនកិច្ច​នេះ​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ទស្សនកិច្ច​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នា​ថ្ងៃទី ១១ ខែវិច្ឆិកា ខាងមុខ៕​