នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន មាន​អគ្គិសនី​គ្របដណ្តប់​ដល់​ភូមិ​ចំនួន ៩៨,៥ ​ភាគរយ ដោយ​នៅ​សល់​តែ​ខ្នង​ផ្ទះ​ដែល​នៅ​រាយប៉ាយ​ដាច់ៗ​ឆ្ងាយៗ​ខ្លះ​តែប៉ុណ្ណោះ​។ នេះ​គឺជា​ការគូសបញ្ជាក់​របស់​លោក ស៊ុយ សែម រដ្ឋមន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី​នៃ​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៧ ខែតុលា ឆ្នាំ ​២០២២ ​។

លោក​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល រំឭក​ថា ប្រទេស​កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ខ្វះ​ថាមពល​អគ្គិសនី​មក​ជា​ប្រទេស​សល់​អគ្គិសនី ពោលគឺ កម្ពុជា​ផលិត​និង​នាំចូល​ថាមពល​អគ្គិសនី​បាន​ជាង ៤០០០ មេហ្កាវ៉ាត់ ខណៈ​ការប្រើប្រាស់​នាបច្ចុប្បន្ន​នេះ​មាន​បរិមាណ​តែ​ជាង ២០០០ មេហ្កាវ៉ាត់​។ ទោះយ៉ាងណា បើតាម​ការពន្យល់​របស់​លោក ស៊ុយ សែម បរិមាណ​សល់​នេះ គឺ​ដោយសារ​កម្ពុជា​នៅ​បន្ត​រង​ឥទ្ធិពល​ពី​វិបត្តិ​កូវីដ​ ១៩ ដែល​ដំណើរការ​វិនិយោគ​មួយ​ចំនួន កំពុង​ស្ថិតនៅ​ទ្រឹង ឬ​មិនទាន់​ដំណើរការ​ឡើងវិញ ហេតុនេះ​សេចក្តី​ត្រូវការ​អគ្គិសនី​ក៏​មិនទាន់​មាន​ច្រើន​ដែរ​។

នៅក្នុង​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នេះ លោក អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​គូស​បញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​សហការ​ជាមួយ​អគ្គិសនី​កម្ពុជា​ និង​សេវាករ បាន​ខិតខំ​ពង្រីក​បណ្ដាញ​របស់​ខ្លួន ស្ទើរ​គ្រប់​ភូមិ​ឃុំ​សង្កាត់ ស្រុក ក្រុង ខណៈ​ភូមិ​ចំនួន​ ៦ ​ទៀត​កំពុង​តែ​ស្ថិត​នៅក្នុង​ដំណាក់កាល​តបណ្ដាញ​។

នៅក្នុង​វិស័យ​រ៉ែ លោក​រដ្ឋមន្ត្រី ស៊ុយ សែម មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​បាន​ដំណើរការ​យ៉ាង​សកម្ម ទាំង​អាជីវកម្ម​រ៉ែ សម្ភារ​សំណង់ ទាំង​រ៉ែ​លោហៈ​។ ចំពោះ​រ៉ែ​ប្រភេទ​សម្ភារ​សំណង់ ដូចជា​ថ្ម ខ្សាច់ ដី ។​ល​។ ក្រសួង​បាន​ឱ្យ​បង្កើត​មូលនិធិ​រ៉ែ នៅ​តាម​មូលដ្ឋាន ដែល​មាន​ការដ្ឋាន​អាជីវកម្ម​រ៉ែ​។ ក្នុងនោះ បើ​អាជ្ញាធរ​ឃុំ​សង្កាត់​ណា​មួយ​ចង់​បាន​ថវិកា​យក​ទៅ​អភិវឌ្ឍន៍​មូលដ្ឋាន គឺ​លោក​មេឃុំ ចៅសង្កាត់ អាច​សរសេរ​លិខិត​ត្រង់​ទៅ​ក្រសួង​រ៉ែ និង​ថាមពល​តែម្តង​។ ហើយ​ក្រសួង​នឹង​ចាត់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ វាយតម្លៃ ហើយ​នឹង​ផ្តល់​ថវិកា​ជូន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្នែក​សាធារណៈ​នៅ​មូលដ្ឋាន​។ ប៉ុន្តែ ការអភិវឌ្ឍ​នោះ​ត្រូវ​ដាក់​ឱ្យ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ម៉ៅការ​សាងសង់ ឬ​អនុវត្ត​គម្រោង​ដេញថ្លៃ​ជា​សាធារណៈ​។

ទន្ទឹមគ្នា​នោះ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល លោក ស៊ុយ សែម ក៏​បាន​ក្រើនរំឭក​ដល់​ថ្នាក់​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ត្រូវ​បន្ត​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ឱ្យបាន​ល្អប្រសើរ​ថែមទៀត​លើ​វិស័យ​រ៉ែ​ និង​ថាមពល ដូចជា​ការគ្រប់គ្រង​ធ្វើ​អាជីវកម្ម​រ៉ែ​ និង​ថាមពល ជំរុញ​ការបន្ត​អាជ្ញាប័ណ្ណ​ការដ្ឋាន​អស់​សុពលភាព បន្ត​ចុះ​ពិនិត្យ​ការធ្វើ​អាជីវកម្ម​សិប្បកម្ម​ធនធាន​រ៉ែ និង​ចុះ​ពិនិត្យ​ទីតាំង​ការដ្ឋាន​ថ្ម​សំណង់​ជាដើម​៕