បើ​គ្មាន​ការប្រែប្រួល​ណាមួយ​ទេ «​បណ្ដាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប ឬ Tonlesap Eco-Tourism Network» នឹងត្រូវ​បង្កើតឡើង​នាឱកាស​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​ ៣ នា​ថ្ងៃទី ​២១-២២ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ​។ នេះ​បើតាម​ការគូស​បញ្ជាក់​ពី​លោក​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ ថោង ខុន នៅ​ថ្ងៃទី​ ២៧ ខែតុលា ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្ដីពី «​ការបង្កើត​បណ្ដាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប​» ដែល​រៀបចំ​ធ្វើ​នៅ​ទីស្ដីការ​ក្រសួង​។

សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង ស្ថាប័ន ជា​អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ លោក​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត រដ្ឋបាល​ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​នៃ​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ទាំង​ ៦, លោកស្រី Jane Wilding នាយក​ប្រតិបត្តិ​សភាពាណិជ្ជកម្ម​អង់គ្លេស​, លោក យក់ សេងឡុង នាយក​ប្រតិបត្តិ​អង្គការ FACT រួមទាំង​អ្នក​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។

បើតាម​ការគូស​បញ្ជាក់​ពី​លោក​រដ្ឋមន្ដ្រី ថោង ខុន បឹងទន្លេសាប គឺជា​បឹង​ទឹកសាប​ធំជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មាន​បណ្ដោយ​ប្រមាណ ១១៦ គ.ម ទទឹង​ប្រមាណ​ពី ៣ គ.ម ទៅ ៣៣ គ.ម និង​មាន​ឆ្នេរ​ប្រវែង​ប្រមាណ ៤៨២ គ.ម នៅ​រដូវប្រាំង​។ បឹង​ទន្លេសាប​គឺជា​បេះដូង​នៃ​ប្រទេស​កម្ពុជា ដែល​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ទាំង​លើ​ផ្នែក​សង្គម សេដ្ឋកិច្ច វប្បធម៌ និង​បរិស្ថាន​។ លក្ខណពិសេស​ទោល​របស់​បឹង​ទន្លេសាប គឺ​ការ​ស្រូបយក​ទឹក​ពី​ទន្លេមេគង្គ​នា​រដូវវស្សា និង​ការបញ្ចេញ​ទឹក​ទៅឱ្យ​ទន្លេមេគង្គ​វិញ​នា​រដូវប្រាំង ដែល​បាន​ក្លាយ​ទៅ​ជា​បាតុភូត​ជលសាស្ដ្រ​ធម្មជាតិ​មួយ​ដែល​គេ​កម្រ​នឹង​ជួបប្រទះ​។

លោក ថោង ខុន បាន​បន្ថែម​ទៀត​ថា​៖ «​បាតុភូត​នេះ​បាន​បង្កើត​ឡើង​នូវ​តំបន់​ដីសើម និង​ព្រៃ​លិច​ទឹក​ដ៏ធំ​ល្វឹងល្វើយ ដែល​ផ្ដល់​ជា​ជម្រក​ដល់​ជីវចម្រុះ​យ៉ាង​សម្បូរបែប​ដូចជា មច្ឆជាតិ បក្សី ល្មូន ថនិកសត្វ និង​រុក្ខជាតិ​ជាច្រើន​ប្រភេទ​។ កត្តា​សត្យានុម័ត​ទាំងនេះ​បាន​បង្កើត​ជា​កាលានុវត្តភាព​ជាច្រើន​ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន លើកស្ទួយ​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ ក៏ដូចជា​ការធ្វើ​សុខដុម​នីយកម្ម​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​»​។

តាមរយៈ​សក្ដានុពល​នេះ និង​ដើម្បី​ឈាន​ទៅ​បង្កើត​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប​ឱ្យ​បាន​សម្រេច លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​បាន​បន្ត​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​បន្ថែម​ចំនួន ៥ ​ចំណុច​បន្ថែមទៀត​ដល់​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ និង​ដៃគូ​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ សម្រាប់​ការងារ​ចំពោះមុខ និង​ទៅ​អនាគត សំដៅ​ធ្វើយ៉ាងណា​ជំរុញ​ការបង្កើត​ឱ្យ​បាន​ចេញ​ជា​រូបរាង​នូវ​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប​។

ការងារ​បន្ថែម​ទាំង​ ៥ ​ចំណុច​នោះ​រួមមាន​៖ ទី​ ១ គាំទ្រ​ចំពោះ​ការបង្កើត​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប ដែល​នឹង​ក្លាយ​ជា​យន្តការ​ស្ថាប័ន​មួយ​ចំណុះ​ឱ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ហើយ​ដែល​កិច្ចប្រតិបត្តិការ​របស់​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប ដែល​ហៅ​កាត់​ថា​បណ្តាញ TEN នេះ នឹង​ស្ថិតក្រោម​ការដឹកនាំ​របស់​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​, ទី ​២ លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ ត្រូវ​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​រៀបចំ​អនុស្សរណៈ​យោគយល់ (MoU) សម្រាប់​ចុះហត្ថលេខា​បង្កើត​បណ្តាញ TEN នេះ​ជា​ផ្លូវការ នាឱកាស​វេទិកា​ជាតិ​អេកូទេសចរណ៍​លើក​ទី​ ៣ នា​ថ្ងៃទី​ ២១-២២ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៣ ក្រោម​អធិបតីភាព​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ទី​ ៣ លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ ត្រូវ​រៀបចំ​យន្តការ​ការងារ​ឱ្យបាន​របស់​បណ្តាញ​នេះ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ធានា​ប្រសិទ្ធភាព និង​និរន្តរភាព ពិសេស​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ការងារ​គ្រប់​ជ្រុងជ្រោយ និង​ប្រទាក់​ក្រឡា យន្តការ​អនុវត្ត និង​ការតាមដាន​សម្មទិកម្ម​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ជា​មូលដ្ឋាន​កែតម្រូវ និង​តម្រង់ទិស​សម្រាប់​ការអនុវត្ត​ជំហាន​បន្ទាប់​។ ចំណែក​ការងារ​ទី​ ៤ លោក​រដ្ឋមន្ដ្រី​ស្នើឱ្យ​ស្ថាប័ន​ដៃគូ​អភិវឌ្ឍ​ដែលមាន​មកពី​អង្គការ​ជាតិ និង​អន្តរជាតិ​នានា ដែល​នឹង​ជា​ស្ថាបនិក ឬ​សមាជិក​បណ្តាញ​នេះ សូម​ផ្តល់​ការគាំទ្រ​ដល់​កិច្ចប្រតិបត្តិការ​បណ្តាញ​នេះ ទាំង​លើ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ពិសេស​ការអនុវត្ត​ផែនការ​សកម្មភាព ដែល​នឹងត្រូវ​ដាក់ចេញ​នាពេល​បន្ទាប់ និង​ទី​ ៥ អំពាវនាវ​ឱ្យ​បណ្តា​ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ និង​អន្តរជាតិ​នានា​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​នានា​ដល់​ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​លើ​ការអនុវត្ត​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​អេកូ​ទេសចរណ៍ និង​សហគមន៍​។

ចំណែក​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែង​ប្រកាស​ថា លោក​នឹង​ផ្តល់​ការគាំទ្រ និង​សម្របសម្រួល​ពេញ​ទំហឹង​លើ​ការអនុវត្ត​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​អេកូ​ទេសចរណ៍ និង​សហគមន៍ ហើយ​នឹង​ផ្តល់​ឱ្យ​លោក ជុក ជំនោរ ដែល​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ជួយ​សម្របសម្រួល​លើ​គ្រប់​ដំណើរការ​បច្ចេកទេស​ក្នុង​ការរៀបចំ​គម្រោង​សកម្មភាព​នានា​។

សម្រាប់​លោក ថោង ខុន រដ្ឋមន្ដ្រី​នៃ​ក្រសួង​ទេសចរណ៍ ការបង្កើត «​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប ឬ TEN» នឹង​ក្លាយ​ជា​យន្តការ​ស្ថាប័ន​ដ៏មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការកៀរគរ​គ្រប់ភាគី​ពាក់ព័ន្ធ​មកពី​ស្ថាប័ន​សាធារណៈ អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ និង​ដៃគូ​ពាក់ព័ន្ធ វិស័យ​ឯកជន ដើម្បី​ចែករំលែក​ព័ត៌មាន​បច្ចុប្បន្នភាព​នៃ​វិស័យ​អេកូ​ទេសចរណ៍ និង​សហគមន៍ បញ្ហា​ប្រឈម ចែករំលែក​មេរៀន​នៃ​ការអនុវត្ត​ល្អៗ ការកសាង​សមត្ថភាព ការជំរុញ​សហគ្រិនភាព ឆ្ពោះ​ទៅ​ពង្រីក​វិសាលភាព​នៃ​វិស័យ​អេកូ​ទេសចរណ៍ ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​សហគមន៍​នេសាទ​ក្នុង​មូលដ្ឋាន និង​អភិរក្ស​ធនធាន​ជលផល​ប្រកប​ដោយ​និរន្តរភាព នៅ​តំបន់​បឹង​ទន្លេសាប​ផងដែរ​៕