ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​រៀបចំ​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​ជា​វេទិកា​ពិព័រណ៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើកដំបូង​នៅ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​នៅ​ខែក្រោយ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​។

អម​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍ រៀបចំ​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុជា ឆ្នាំ​ ២០២២ នា​ថ្ងៃទី ១១ ដល់​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​។ ក្នុងនោះ មាន​វេទិកា​ចំនួន​ ៤ ដែល​រួមបញ្ចូល​ទាំង​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច​នា​ថ្ងៃទី​ ២៨ ខែ​តុលា បញ្ជាក់​ថា​៖ «​វេទិកា​នេះ​មាន​គោលបំណង​គាំទ្រ និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដោយ​កៀរគរ​និយ័តករ វិស័យ​ឯកជន ក៏ដូចជា​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ពាក់ព័ន្ធ មកជួប​ជុំគ្នា យល់ដឹង​បន្ថែម និង​កាន់តែ​ច្បាស់​ពី​និន្នាការ​ និង​នវានុវត្តន៍​ឬ​ផលិតផល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​»​។

វេទិកា​នេះ​ក៏មាន​គោលបំណង​ពិភាក្សា​ពី​កាលានុវត្តភាព​និង​បញ្ហា​ប្រឈម​នានា ដើម្បី​ពង្រឹង​និង​ពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ក្ដោប​យក​ឱកាស​ជា​អតិបរមា​ពី​នវានុវត្តន៍​ទាំងនោះ ព្រមទាំង​សម្រប​និង​ត្រៀមខ្លួន​សម្រាប់​ការវិវឌ្ឍ​ដ៏​រហ័ស​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា គោលបំណង​សំខាន់​មួយទៀត​របស់​វេទិកា​នេះ​គឺ​ការបន្ត​ប្រមូល​ធាតុ​ចូល​ល្អៗ​ និង​ជាក់លាក់​បន្ថែម​ក្នុង​ដំណើរការ​រៀបចំ​សេចក្តី​ព្រាង​គោល​នយោបាយ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ដែល​មាន​លក្ខណៈ​មុត​ស្រួច និង​ងាយ​បត់បែន​។

វេទិកា​នេះ​នឹងមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គណៈកម្មាធិការ​សេដ្ឋកិច្ច​និង​ធុរកិច្ច​ឌីជីថល ធនាគារជាតិ​នៃ​កម្ពុជា មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី «​តេជោ​» សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​នៃ​កម្ពុជា គ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គ្រឹះស្ថាន​អប់រំ ស្ថាប័ន​ស្រាវជ្រាវ ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​សមាគម និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ក្នុង​វិស័យ​ឯកជន​។

វាគ្មិន​ជាតិ​និង​អន្តរជាតិ​នៃ​បណ្តា​និយ័តករ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក្រុមហ៊ុន​ធានារ៉ាប់រង និង​សមាគម​ជាច្រើន​នឹងធ្វើ​បទបង្ហាញ ក៏ដូចជា​ជជែក​ពិភាក្សាគ្នា​ស៊ីជម្រៅ​លើ​ប្រធានបទ​មួយ​ចំនួន ដែល​ទាក់ទង​នឹង​ធនាគារ​ឌីជីថល បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​ធានារ៉ាប់រង សន្តិសុខ​សាយប័រ ក្នុង Open Finance និង​ការដាក់ឱ្យ​ដំណើរការ​នៃ​ថ្នាល Cambodia Distributed Ledger ជាដើម​៕