ព្រះសីហនុៈ អាជ្ញាធរខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​ ២៧ ខែ​តុលា បាន​ចុះ​រុះរើ​ក្យូស​នៅលើ​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ ដោយ​អាជ្ញាធរ​អះអាង​ថា​បាន​ការ​សាងសង់​ក្យូស​ទាំងនេះ គឺ​មិនមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ និង​បាន​បង្ក​ឱ្យ​មាន​ការប៉ះពាល់​លើ​ដី​ចំណី​ឆ្នេរ​សាធារណៈ​។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បញ្ជាក់​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ២៨ ខែ​តុលា ថា​៖ «​ចំពោះ​ការសាងសង់​ក្យូស​ទាំងនេះ គឺ​សង់​ដោយ​គ្មាន​ការអនុញ្ញាត ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឡើយ និង​បាន​បង្ក​ឱ្យ​មាន​ការប៉ះពាល់​លើ​ដី​ចំណី​ឆ្នេរ​សាធារណៈ​»​។

ហ្វេសប៊ុក​ដដែល​បន្ត​ថា បច្ចុប្បន្ន ទាំង​អាជ្ញាធរខេត្ត អាជ្ញាធរ​ក្រុង និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​បាន និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុងការ​រៀបចំ​ចំណី​ឆ្នេរ​ទាំងអស់ នៅក្នុង​ក្រុង​នៃ​ខេត្ត​ព្រះសីហនុ​ឱ្យបាន​ស្អាត​មាន​សោភ័ណភាព​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មកលេង​កម្សាន្ត ដោយ​មិន​អនុញ្ញាតឱ្យ​បុគ្គល ឬ​ក្រុមហ៊ុន​ណា​យក​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ឬ​សាងសង់​អ្វី​នោះឡើយ​។

ហ្វេសប៊ុក​ដដែល​បន្ត​ថា ក្នុង​ការចុះ​ពិនិត្យ និង​ណែនាំ​នេះ​ផងដែរ ម្ចាស់​ទីតាំង បាន​ទទួល​ស្គាល់​នូវ​កំហុសឆ្គង និង​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដោយ​យល់ព្រម​រុះរើ​ដោយ​ខ្លួនឯង​វិញ​៕