ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) បាន​ចុះហត្ថលេខា​លើ «​គម្រោង​អភិវឌ្ឍ​សមត្ថភាព​ ដើម្បី​ជួយ​ដល់​ជន​ដែល​រួច​ពី​ការជួញដូរ​មនុស្ស​» ដែល​ជា​គម្រោង​សហប្រតិបត្តិការ​បច្ចេកទេស​ថ្មី​របស់ JICA​។

ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​នា​ថ្ងៃទី​ ២៨ ខែតុលា នៅ​ទីស្តីការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។

JICA បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ២៨ ខែតុលា ថា គម្រោង​នេះ​នឹង​ចាប់ផ្តើម​ពី​ដើមឆ្នាំ​ ២០២៣ ដល់​ឆ្នាំ​ ២០២៦ ក្នុង​គោលបំណង​ ដើម្បី​អភិវឌ្ឍ​គំរូ​ដែល​អនុវត្ត​ក្នុងការ​កំណត់​អត្តសញ្ញាណ​ការការពារ និង​ការ​ស្តារ​ឡើងវិញ​ដល់​ជន​ដែល​រួច​ពី​ការជួញដូរ​មនុស្ស​ជាមួយ​អភិក្រម​ផ្តោត​ចំពោះ​ជន​រស់រាន​មាន​ជីវិត​។

JICA បញ្ជាក់ថា​៖ «​គំរូ​ទាំងនោះ​នឹង​ត្រូវ​បាន​អនុវត្ត​ដោយ​ភាគី​ពាក់ព័ន្ធ​នៅក្នុង​វិស័យនេះ​ផងដែរ​។ ពិធី​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ និង​ឯកភាព​រួម​»៕