ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​បើក​ជា​ផ្លូវការ​សន្និសីទ​អន្តរជាតិ​ស្ដីពី​បរិវត្តកម្ម​ឌីជីថល​នៅ​កម្ពុជា ឆ្នាំ​ ២០២២ ដើម្បី​លើកកម្ពស់​បរិវត្តកម្ម​ឌីជីថល​នៅ​កម្ពុជា​។

សន្និសីទ​មាន​គោលបំណង​ដើម្បី​ទទួលបាន​នូវ​ការយល់ដឹង ក៏ដូចជា​ពិភាក្សា​ប្រមូល​នូវ​ធាតុ​ចូល​សំខាន់ៗ​រួមគ្នា ដើម្បី​ចូលរួម​លើកកម្ពស់​បរិវត្តកម្ម​ឌីជីថល​នៅ​កម្ពុជា​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ការប្រកួតប្រជែង​នៅក្នុង​តំបន់ និង​សកលលោក​ដែល​នឹង​អាច​កើត​មាន​ឡើង​នៅក្នុង​បរិបទ​ឌីជីថល​នាពេល​បច្ចុប្បន្ន​។

លោក ហង់ជួន ណារ៉ុន ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​នេះ នា​ថ្ងៃទី​ ២៨ ខែ​តុលា នៅ​រាជធានី​ភ្នំពេញ តាមរយៈ​ប្រព័ន្ធ​វីដេអូ ថា សន្និសីទ​នេះ​ជាការ​ចាប់ផ្ដើម​ដ៏​ល្អ​ដោយ​បាន​ផ្តល់​ឱកាស​ជួបជុំ​ពី​សំណាក់​អ្នកពាក់ព័ន្ធ​ទាំងអស់​ទាំង​វិស័យ​សាធារណៈ និង​ឯកជន និង​ជា​ផ្នែក​មួយ​ចូលរួម​ចំណែក​ក្នុងការ​លើកកម្ពស់​បំណិន​សម្រាប់​ការធ្វើ​បរិវត្តកម្ម​ឌីជីថល ដើម្បី​គាំទ្រ​ដល់​គម្រោង​បរិវត្តកម្ម​ឌីជីថល​តំបន់​។

លោក​ថ្លែង​ថា​៖ «​វិបត្តិ​កូវីដ​ ១៩ បាន​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៃ​បរិបទ​ឌីជីថល​នៅ​កម្ពុជា រួមមាន​ការដាក់​ចេញ​នូវ​រដ្ឋាភិបាល​ឌីជីថល ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ជាពិសេស ការពង្រឹង និង​លើកកម្ពស់​ការអប់រំ​តាមបែប​ឌីជីថល ដែល​បាន​ផ្តល់​ឱកាស​មួយ​ដ៏​អស្ចារ្យ​សម្រាប់​កម្ពុជា​ទាញ​យក​ផលប្រយោជន៍​នៃ​ឌីជីថល​នីយកម្ម​»​។

បើតាម​ហ្វេសប៊ុក​ក្រសួង​អប់រំ សន្និសីទ​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការចូលរួម​ដោយ​ប្រតិភូ​តំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល វិស័យ​ឯកជន សមាគម​ពាណិជ្ជកម្ម ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល សរុប​ប្រមាណ​ ២៣០​ នាក់​៕