ដោយ​មើលឃើញថា ការវាយប្រហារ​តាម​អ៊ីនធឺណិត​គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​មិន​ថា​សម្រាប់​កម្ពុជា ឬ​ពិភពលោក សភាពាណិជ្ជកម្ម​របស់​ម៉ាឡេស៊ី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា (MBCC) បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​រៀបចំ​វេទិកា​មួយ​ស្តីអំពី «​សន្តិសុខ​តាម​អ៊ីនធឺណិត និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​»​។ វេទិកា​នេះ​បាន​ប្រព្រឹត្តទៅ​នា​រសៀល​ថ្ងៃ​ពុធ ទី​​ ២៦ តុលា ឆ្នាំ​ ២០២២ នៅឯ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។​

​កម្មវត្ថុ​សំខាន់​នៃ​វេទិកា​នេះ​ គឺ​កិច្ចពិភាក្សា​លើ​បញ្ហា​ប្រឈម និង​ធ្វើឱ្យ​ប្រសើរ​ឡើងលើ​លិខិតបទដ្ឋាន​គតិយុត្ត​ដែល​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា បាននិងកំពុង​រៀបចំ​ដើម្បី​ប្រមូលផ្តុំ​ធាតុ​ចូល​បន្ថែម​ភាគី​ពាក់ព័ន្ធ​។

​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ខាងលើ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​លោក ជា វ៉ាន់​ដេ​ត បាន​ថ្លែងថា​៖ «​ក្នុង​រយ​:​ពេល​ជាង ​២​ ឆ្នាំ​ចុង​ក្រោយនេះ សង្គម​របស់​យើង​បាន​បង្កើន​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​លើ​គ្រប់​វិស័យ​។ ការកើនឡើង​នេះ​បានធ្វើឱ្យ​គ្រប់គ្នា​អាច​ក្លាយជា​ជន​ងាយ​រងគ្រោះ​ពី​ការវាយប្រហារ​តាម​អ៊ីនធឺណិត ហើយ​ការរួមបញ្ចូល​គ្នា​នៃ​បច្ចេកវិទ្យា​ដូចជា AI, Big Data, និង Virtual Reality ពិត​ជាមាន​ផលវិបាក​ក្នុងការ​កំណត់​ពី​អត្តសញ្ញាណ​ក្រុម​ឧក្រិដ្ឋជន​»​។

​លោក ជា វ៉ាន់​ដេ​ត បានលើកឡើង​ដែរ​ថា​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​ក៏បាន​ក្លាយជា​គោលដៅ​សម្រាប់​ពួកឧក្រិដ្ឋជន​តាម​អ៊ីនធឺណិត​ផងដែរ​។ ស្ថាប័ន​ជាច្រើន ធ្លាប់​ត្រូវបាន​រង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ក្រោម​ទម្រង់​ជា Phishing, Malware, Ransomware, DDoS ជាដើម​។

​តាម​លោក​រដ្ឋមន្ត្រី សន្តិសុខ​តាម​អ៊ីនធឺណិត​គឺជា​ទំនួល​ខុសត្រូវ​របស់​គ្រប់គ្នា​។ ហើយ លោក​ក៏បាន​គូសបញ្ជាក់​ទៀតថា រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ការពារ និង​លើកកម្ពស់​សុវត្ថិភាព​តាម​អ៊ីនធឺណិត ដោយ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​សាយ​ប័​រ​ថ្នាក់ជាតិ និង​ការជ្រើសរើស​មន្ត្រី​ជំនាញ​ដើម្បី​តាមដាន​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ជាដើម​។​

​បន្ថែម​លើ​នេះ ក្រសួង​ប្រៃសណីយ​ន៍​និង​ទូរគមនាគមន៍ ក៏​កំពុងតែ​រៀបចំ​សេចក្ដីព្រាងច្បាប់​ស្ដីពី​សន្តិសុខ​តាម​អ៊ីនធឺណិត និង​ការការពារ​ទិន្នន័យ​ផងដែរ​។

​ទាក់ទង​រឿងនេះ លោក លីវ សុ​ផា​ណា​រិ​ទ្ធិ អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បានបញ្ជាក់​ប្រាប់​កាលពី​យប់​ថ្ងៃ​សុក្រ ទី​ ២៨ តុលា​ថា នេះ​ជា​លើក​ទី​១ ​ហើយ​ដែល​សភាពាណិជ្ជកម្ម​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា បាន​សហការគ្នាជាមួយ​ក្រសួង​ប្រៃសណីយ៍​រៀបចំ​វេទិកា​ស្តីពី​សន្តិសុខ​តាម​អ៊ីនធឺណិត និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​នេះ​ឡើង​។​

«​ប្រសិនបើ​មានការ​ចាំបាច់ ប្រហែលជា​នឹងមាន​ការរៀបចំ​វេទិកា​នេះ​នៅពេល​ក្រោយ​ទៀត​។ ប៉ុន្តែ ឥឡូវ​កម្មវិធី​ជាក់ស្តែង យើង​អត់​ទាន់​បានគ្រោង​ទុក​ថា​នឹង​កំណត់​នៅពេលណា​ទៀត​នោះទេ​»​។ លោក លីវ សុ​ផា​ណា​រិ​ទ្ធិ បាន​បន្ថែម​។

​គួរ​ជ្រាបថា ក្រៅពី​វត្តមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​កម្ពុជា វេទិកា​ស្តីពី​សន្តិសុខ​តាម​អ៊ីនធឺណិត និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត ដ៏​ទទួលបាន​ការចូលរួម​ពី​លោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​កម្ពុជា និង​លោក Tan Khee Meng ប្រធានសភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​។

​ក្រៅពីនេះ ក៏មាន​ការចូលរួម​ពី​ភ្ញៀវ​ដែល​មកពី​ស្ថាប័ន​រដ្ឋាភិបាល ក្រុមហ៊ុន​ទូរគមនាគមន៍​-​បច្ចេកវិទ្យា ក្រុមហ៊ុន​សន្តិសុខ​បច្ចេកវិទ្យា វាគ្មិន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា ព្រមទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចំនួន​ប្រមាណ ៣០០​ នាក់​៕​